លោក ម៉ៅ មុនីវណ្ណ ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​លោក សម រង្ស៊ី ថា​លោក​ក្បត់​បក្ស

ដោយ ទីន ហ្សាការីយ៉ា
2017.10.30
ម៉ៅ មុនីវណ្ណ ២០១៧ ៦២២ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ ចូលរួម​ពិធី នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​២០១៧។
RFA

លោក ម៉ៅ មុនីវណ្ណ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ប្រកាស​បដិសេធ​ការ​ចោទប្រកាន់របស់​លោក សម រង្ស៊ី ដែល​ថា លោក​ជា​មនុស្ស​ក្បត់​បក្ស​ធ្វើការ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុនប៉ង​ធ្វើ​បក្ស​ប្រហារ​នោះ​ថា ជាការ​ចោទប្រកាន់​គ្មាន​ការពិត និង​គ្មាន​ភស្ដុតាង។

ទោះបីជា​យ៉ាងនេះ​ក្ដី លោក សម រង្ស៊ី ប្រកាស​នៅ​ក្នុង​ហ្វេសប៊ុក (Facebook) របស់​លោក ដោយ​បង្ហោះ​វីដេអូ​ឃ្លីប នៅ​ថ្ងៃទី​៣០ តុលា អះអាង​ថា លោក ហ៊ុន សែន បាន​ទិញ​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ប៉ុន​ប៉ុង​រំលាយ​គណបក្ស​សង្គ្រោះជាតិ ដោយ​មិនចាំបាច់​បក្ស​កាន់​អំណាច​ធ្វើ​ដោយ​ខ្លួនឯង។

លោក ម៉ៅ មុនីវណ្ណ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ និង​លោក សុខ ឥសាន បដិសេធ​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ទិញ​លោក ម៉ៅ មុនីវណ្ណ ដើម្បី​ធ្វើ​បក្ស​ប្រហារ​គណបក្ស​ប្រឆាំង​ឡើយ។

លោក ម៉ៅ មុនីវណ្ណ ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ខែត្រ​ត្បូងឃ្មុំ ផង​នោះ បញ្ចេញ​ប្រតិកម្ម​នឹង​សម្ដី​លោក សម រង្ស៊ី ភ្លាមៗ កាលពី​ថ្ងៃទី​៣០ តុលា ថា លោក​ជា​អ្នក​នយោបាយ​មាន​ភាពស្មោះត្រង់ ស្នេហា​ជាតិ មិន​លក់​ឧត្ដមគតិ ដូច​លោក សម រង្ស៊ី ចោទ​ប្រកាន់​នោះទេ។ លោក​ថ្លែង​ទាំង​ក្ដី​ក្ដុកក្ដួល​ក្នុង​ចិត្ត​ថា លោក​មានការ​ឈឺចាប់​ណាស់ នៅ​ពេលមាន​ការចោទ​ប្រកាន់​លោក​ដូច្នេះ

ការ​ប្រកាស​បកស្រាយ និង​បដិសេធ​របស់លោក មៅ់ មុនីវណ្ណ នេះ ធ្វើ​ឡើង ក្រោយ​ពេល លោក សម រង្ស៊ី បាន​ថត​ជា​វីដេអូ​ឃ្លីប បង្ហោះ​នៅ​ក្នុង​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​លោក កាលពី​ថ្ងៃទី​៣០ តុលា។ នៅក្នុង​វីដេអូ​ឃ្លីប​នោះ លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា គណបក្ស​កាន់​អំណាច​មិនអាច​រំលាយ​គណបក្ស​សង្គ្រោះជាតិ​បាន​ទេ ដូច្នេះ គណបក្ស​នេះ ប្រើ​វិធី​មួយ​ទៀត គឺ​ទិញ​មន្ត្រី​បក្សប្រឆាំង​មួយចំនួន​នៅក្នុង​ជូរ​គណកម្មការ​នាយក ប៉ុន្តែ​ក្នុងចំណោម​នេះ លោក សម រង្ស៊ី អះអាងថា លោក ម៉ៅ មុន្នីវណ្ណ គឺជា​ជនបង្កប់​របស់​គណបក្ស​កាន់អំណាច​ក្នុង​ការ​រំលាយ​បក្សប្រឆាំង។

ការប្រកាស​របស់លោក សម រង្ស៊ី នេះ នៅ​ក្រោយ​ពេល​លោក ម៉ៅ មុនីវណ្ណ បាន​ផ្ដល់​បទសម្ភាសន៍​ឲ្យ​សារព័ត៌មាន​ក្នុងស្រុក​ដែល​ស្និទ្ធ​និង​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២៨ តុលា បដិសេធ​សម្ដី របស់​លោក សម រង្ស៊ី ដែល​ប្រកាស​ថា ការ​ចុះ​ហត្ថលេខា​របស់​លោក កឹម សុខា លើ​ការ​ចេញ​លិខិតមួយ​ចំនួនជា​ការ​បង្ខិតបង្ខំ ដូចជា​លិខិត​ដាក់​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​ជាដើម លោក ម៉ៅ មុនីវណ្ណអះអាង​ថា ជា​ការ​ធ្វើ​ត្រឹមត្រូវ​តាមច្បាប់ ខណៈ​លោក សម រង្ស៊ី ទាមទារ​ឲ្យ​មានការ​ព្រមព្រៀងគ្នា​រវាង លោក កឹម សុខា និង​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ពីររូប​ទៀត លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ និង​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​នោះ

ឆ្លើយតប​និង​ការចោទប្រកាន់​នេះ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​វិញ លោក សុខ ឥសាន មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ទិញ​មន្ត្រី​បក្សប្រឆាំង​ណា​ម្នាក់​ដើម្បី​ធ្វើការ​ឲ្យ​នោះទេ ពី​ព្រោះ​ថា គណបក្ស​កាន់​អំណាច​មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់​ហើយ

ទោះបីជា​យ៉ាងនេះ​ក្ដី លោក ហ៊ុន សែន កន្លង​មក​ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​ដោយ​ទម្លាយ​ឈ្មោះ​ថា នៅ​ក្នុងគណបក្ស​ប្រឆាំង​គឺមាន​មនុស្ស​របស់លោក ហើយ​តែងតែ​បញ្ជូន​សារ​សម្ងាត់​ឲ្យ​លោក​បានដឹង ពី​ផែនការ​របស់​បក្សប្រឆាំង នៅ​ក្រោយ​ពួកគេ​បាន​បើក​កិច្ចប្រជុំ​នោះ។ បន្ថែម​ពីនេះ លោក ហ៊ុន សែន ពេល​ខ្លះ​អួតអាង​ថា លោក​ក៏​ធ្លាប់​ធ្វើ​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ទន់ខ្សោយ​រហូតដល់​បច្ចុប្បន្ន ដែល​គ្មាន​អាសនៈ​នៅក្នុង​សភា។ ម្យ៉ាងវិញទៀត​មន្ត្រី​កំពូលៗ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​រត់​ចុះ​ចូល​ជាមួយ​បក្ស​កាន់អំណាច ជា​បន្តបន្ទាប់​គ្នា រហូត​ដល់​បច្ចុប្បន្ន ព្រះអង្គម្ចាស់ ក្រុមព្រះ នរោត្តម រណឫទ្ធិ ខ្លួនឯង ដែលជា​គួរ​បដិបក្ស​ដ៏​ខ្លាំងក្លា​នោះ ក៏​ក្លាយទៅជា​អាយ៉ង​របស់លោក ហ៊ុន សែន ក្នុងការ​ដាក់ពាក្យ​ប្ដឹង​រំលាយ​គណបក្ស សង្គ្រោះជាតិ​ដែរ។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍ​សង្គម លោក បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ផែនការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នេះ ហាក់​បី​ដូច​ជា​ពន្យា​ពេល ដោយ​លោក​មើល​ឃើញ​ថា រដ្ឋាភិបាល​ហាក់​បី​ដូច​ជា​ទុក​ឲ្យ​គណបក្សប្រឆាំង​បែកបាក់​ផ្ទៃក្នុង ឬ​អាចរំលាយ​ដោយ​ខ្លួនឯង បើសិនជា​គណបក្ស​នេះ​មិន​រឹងមាំ​ទេ​នោះ។ លោក បណ្ឌិត មាស នី បញ្ជាក់ថា លោក ហ៊ុន សែន ក៏​គិតពី​ប្រជាប្រិយភាព​របស់​បក្ស​កាន់​អំណាច​ដែរ ដែល​លោក​មិនអាច​ដឹកនាំ​ប្រទេស​ឆ្ពោះទៅកាន់​របប​ផ្ដាច់ការ​បានទេ

លោក ម៉ៅ មុនីវណ្ណ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​មន្ត្រី​សកម្ម​ក្នុង​ការចុះពង្រឹង​គណបក្ស​មូលដ្ឋាន​នៅ​ស្របពេល​មន្ត្រីជាន់ខ្ពស់​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស ដើម្បី​សិទ្ធិសេរីភាព។ នៅ​មុនពេល​គណបក្ស​សង្គ្រោះជាតិ​រួមគ្នា​រវាង គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​នោះ គឺ​លោក​បាន​រត់​ចេញពី​គណបក្ស​សម រង្ស៊ី មក​ចុះចូល​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស។ ម្យ៉ាងវិញទៀត គេ​នៅ​ចាំបាន​ថា អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក កែវ រ៉េមី ក្រោយពី​គណបក្ស​នេះ​ចុះខ្សោយ លោក​បាន​រត់​មក​ចុះចោល​ជាមួយ​គណបក្ស សម រង្ស៊ី។

ក្រោយ​មក​ទៀត​លោក​បានរ​ត់ទៅ​ចុះចូល​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស ដែល​មាន​តួនាទី​ជា​អនុប្រធាន​គណបក្ស។ នៅ​មុន​ពេល​គណបក្ស​សិទ្ធិមនុស្ស​រួបរួម​ជាមួយ​គណបក្ស​សម រង្ស៊ី លោក កែវ រ៉េមី ក៏​ផ្ដាច់ខ្លួន​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា។ នៅ​ទីបំផុត លោក ហ៊ុន សែន បាន​ប្រកាស​ថា លោក កែវ រ៉េមី ដែល​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន ក៏​ជា​មនុស្ស​របស់​លោក​រៀបចំ​ឲ្យ​នៅ​ជាមួយ​គណបក្សប្រឆាំង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។