ក្រុមយុវជនមួយចំនួន បានចាក់សាក់រូបផែនទី បញ្ជាក់ពីផ្ទៃដីប្រទេសកម្ពុជាមានទំហំ ចំនួន ១៨១.០៣៥ គីឡូម៉ែត្រការ៉េនៅលើដងខ្លួន ដោយសារពួកគេមិនទុកចិត្តរដ្ឋាភិបាលបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម សម្រេចបាន ៨៤ភាគរយនាពេលកន្លងទៅ។ ពួកគេថា រដ្ឋាភិបាលបោះបង្គោលព្រំដែន ផ្អែកតាមសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥។
យុវជនរស់នៅខេត្តសៀមរាប លោក ប៉ក់ ថូរ ឱ្យដឹងនៅថ្ងៃទី២០ វិច្ឆិកាថា មូលហេតុដែលលោកចាក់សាក់នេះ ដើម្បីឆ្លុះបញ្ចាំងពីការស្រឡាញ់ប្រទេសកម្ពុជា និងចង់ឱ្យរដ្ឋាភិបាលប្រុងប្រយ័ត្នខ្ពស់ ក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។ លោកថា រូបផែនទីដែលលោក និងយុវជនមួយចំនួនទៀតសាក់ នៅលើស្នា ខ្នង និងដៃ នោះ គឺបញ្ជាក់ពីទំហំផ្ទៃដីប្រទេសកម្ពុជា ខ្នាត ១/១០០ពាន់ ធ្វើនៅចន្លោះឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៥៣ ដែលទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៩៖ «គោលបំណងនៃការចាក់សាក់ហ្នឹង ផ្តោតទៅលើការស្រឡាញ់ទឹកដីប្រទេសកម្ពុជារបស់យើង ព្រោះថ្មីៗ នេះ ព្រឹទ្ធសភា និងរដ្ឋសភាបានអនុម័តច្បាប់ស្តីពីស្តីពីការបោះបង្គោលព្រំដែន ដែលយោងទៅតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ១៩៨៥ និងឆ្នាំ២០០៥ ជាមួយ និងប្រទេសវៀតណាម បង្គោលបោះប្រហែល ៨០ភាគរយហ្នឹងគឺ សម្រាប់ពួកខ្ញុំជាយុវជនខ្ញុំភ័យខ្លាច ការបាត់បង់បូរណភាពទឹកដីទៅ។ ខ្ញុំចាក់សាក់ហ្នឹង ដើម្បីចូលរួមការពារ » ។
បុរសដដែលបន្ថែមថា ការចាក់សាក់នេះ ក៏ដើម្បីចូលរួមការពារបូរណភាពទឹកដីប្រទេសកម្ពុជា និងពញ្ញាក់ស្មារតីកូនខ្មែរទូទាំងប្រទេស ឱ្យជ្រាបច្បាស់ពីទំហំផ្ទៃដី និងផែនទីប្រទេសកម្ពុជា និងចូលរួមការពារទាំងអស់គ្នា។ លោកមិនដឹងប្រាកដទេថា តើមានយុវជនប៉ុន្មាននាក់ដែលបានចាក់សាក់រូបផែនទីប្រទេសកម្ពុជា ក៏ប៉ុន្តែលោកជឿថា អាចមានយុវជនរាប់សិបនាក់៖ «គោលជំហររបស់ខ្ញុំអំពាវនាវឱ្យ រដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ការបោះបង្គោលព្រំដែនមិនអាចធ្វើឡើងដោយស្ងប់ស្ងាត់ មិនមានការចូលរួមពីពលរដ្ឋ អង្គការសង្គមស៊ីវិល អ្នកជំនាញកិច្ចការព្រំដែន និងសហគមន៍អន្តរជាតិ ជាពិសេសប្រទេសដែលនៅជិតខាងហ្នឹង។ យើងគួរតែធ្វើពហុភាគី មិនគួរធ្វើទ្វេភាគីរវាងប្រទេសកម្ពុជា និងវៀតណាមហើយក៏អត់មានការចួលរួមអន្តរជាតិគេអត់ទទួលស្គាល់ប្រទេសកម្ពុជា » ។
ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែន លោក វ៉ា គឹមហុង បដិសេធមិនអធិប្បាយ ការចាក់សាក់រូបផែនទី របស់ក្រុមយុវជននោះទេ ដោយលោកថា នេះជាសិទ្ធិរបស់យុវជន។ លោកថា រដ្ឋាភិបាល មានកាពត្វកិច្ចទទួលខុសត្រូវ ចំពោះមុខប្រវត្តិសាស្ដ្រ និងប្រទេសជាតិ ទាក់ទិនការកំណត់ខណ្ឌសីមាព្រំដែនជាមួយប្រទេសវៀតណាម៖ «រដ្ឋាភិបាលមានតួនាទីភារកិច្ចទទួលខុសត្រូវមុខប្រវត្តិសាស្ត្រ និងប្រទេសជាតិ។ ដូច្នេះក្រុមយុវជនគាត់ទទួលខុសត្រូវលើមុខនរណា ? អ្វីស្រេចតែគាត់ ខ្ញុំមិនហ៊ានអធិប្បាយអីទេបាទ » ។
កម្ពុជាមានព្រំដែនជាប់នឹងប្រទេសវៀតណាមចំនួន ១.២៤៥គីឡូម៉ែត្រ ដែលត្រូវបោះបង្គោលព្រំដែនសរុបចំនួន ៣៧១បង្គោល។ បច្ចុប្បន្នប្រទេសទាំងពីរបានបោះបង្គោលរួចរាល់ចំនួន ៣១៥បង្គោល ឬស្មើនិង ៨៤ភាគរយហើយ នៅសល់បង្គោលចំនួន ៥៦ទៀត ឋិតនៅខេត្តរតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ស្វាយរៀង ខេត្តកណ្ដាល និងខេត្តតាកែវ។
តំណាងរាស្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ឃើញថា ទង្វើរបស់យុវជនបែបនេះ មានន័យថា ពួកគេចាប់អារម្មណ៍រឿងនយោបាយ និងបញ្ហាប្រទេសជាតិ។ លោកថា ស្នាមសាក់រូបផែនទី និងផ្ទៃដី ជាសញ្ញាបញ្ជាក់ថា ក្រុមយុវជនព្រួយបារម្ភ ខ្លាចកម្ពុជារបូតទឹកដីទៅវៀតណាមគ្រប់គ្រងបន្តទៀត ខណៈដែលការបោះបង្គោលព្រំដែនកន្លងទៅមានភាពមិនប្រក្រតីច្រើន នៅតំបន់កន្ទុយនាគក្នុងខេត្តរតនគិរី ទល់និងខេត្តមណ្ឌលគិរី។ លោកកោតសរសើរ ចំពោះស្មារតីក្រុមយុវជនដែលឈឺឆ្អាលពីបញ្ហាប្រទេសជាតិ និងចូលរួមការពារទឹកដីទាំងអស់គ្នា៖ «ការចាក់សាក់របស់យុវជនបង្ហាញពីការឈឺឆ្អាលរបស់យុវជន ចំពោះប្រទេសជាតិ និងបញ្ហាព្រំដែនកុំឱ្យរដ្ឋាភិបាលខ្មែរយើងហ្នឹង ចេះធ្វើអីផ្តេសផ្តាស់ចង់កាត់ដីឱ្យយួន ក៏កាត់ទៅ។ អ៊ីចឹងគេបង្ហាញពីការជំទាស់របស់គេ ក្នុងនាមជាពលរដ្ឋខ្មែរ។ យុវជនចូលរួមជំទាស់អ៊ីចឹងឯង។ ដូច្នេះមានន័យថា វាជាការចូលរួមចំណែក ដើម្បីការពារទឹកដី កុំឱ្យបាត់បង់ » ។
កាលពីពេលថ្មីៗ នេះ រដ្ឋសភា និងព្រឹទ្ធសភាក្រុងភ្នំពេញបានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ ដែលច្របាច់បញ្ចូលគ្នារវាងសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងវៀតណាម ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។ សេចក្ដីព្រាងច្បាប់នេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលវៀតណាមនៅទីក្រុងហាណូយ លើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ ស្តីពីការទទួលបង្គោលព្រំដែន ៨៤% ដែលបានបោះរួចរាល់ជាមួយភាគីវៀតណាម។ ក្រុមយុវជន និងអ្នកឃ្លាំមើលបញ្ហាព្រំដែនរិះគន់ថា ការផ្តល់សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ គឺជាការកាត់ទឹកដីខ្មែរឱ្យវៀតណាម ព្រោះសន្ធិសញ្ញាថ្មីនេះធ្វើឡើងដោយយោងលើសន្ធិសញ្ញាឆ្នាំ១៩៨៥ ពេលដែលវៀតណាមគ្រប់គ្រងកម្ពុជា និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលរបបលោក ហ៊ុន សែន បានព្រមព្រៀងគ្នាជាមួយវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។