មន្ត្រី​រដ្ឋាភិបាល៖ ដំណើរ​ទស្សនកិច្ច​របស់​ស្ត្រី​ទី​១​អាមេរិក​គឺ​ជា​ក្ដី​សង្ឃឹម​សម្រាប់​កុមារ

0:00 / 0:00

ភរិយា​ប្រធានាធិបតី​សហរដ្ឋអាមេរិក អ្នកស្រី មីស្ហ៊ែល អូបាម៉ា (Michelle Obama) បាន​ចាក​ចេញ​ពី​ខេត្ត​សៀមរាប វិល​ត្រឡប់​ទៅ​កាន់​មាតុភូមិ​វិញ​ហើយ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២២ ខែ​មីនា។

​មន្ត្រី​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា បាន​ពិពណ៌នា​ថា ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី មីស្ហ៊ែល អូបាម៉ា រយៈពេល ៣​ថ្ងៃ នៅ​កម្ពុជា​នេះ ធ្វើ​ឱ្យ​អ្នកស្រី​បាន​ឃើញ និង​យល់​ច្បាស់​អំពី​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ និង​ឃើញ​ច្បាស់​អំពី​ការ​រៀន​សូត្រ​របស់​ក្មេង​ស្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា។

មន្ត្រី​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា រំពឹង​ទុក​ប្រហាក់ប្រហែល​គ្នា​ថា ថ្វី​ត្បិតតែ​ស្ត្រី​ទី​១​របស់​សហរដ្ឋអាមេរិក អ្នកស្រី មីស្ហ៊ែល អូបាម៉ា បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច និង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ហើយ​ក៏ដោយ ក៏ប៉ុន្តែ​ទស្សនកិច្ច​នេះ​បាន​ផ្តល់​ជា​គំរូ​មួយ​ក្នុង​ការ​ប្រឹងប្រែង​សាប​ព្រោះ​ចំណេះ​ដឹង​ទៅ​លើ​ក្មេង​ស្រី​ឱ្យ​មាន​សមត្ថភាព​រឹងមាំ នឹង​ដុះដាល​ឡើង​យ៉ាង​ត្រចះត្រចង់​នៅ​ក្នុង​សង្គម​ខ្មែរ​សម្រាប់​ពេល​អនាគត។

​អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា គឺ​លោក ជេ រ៉ាមែន (Jay Raman)។ លោក​បាន​ថ្លែង​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប បន្ទាប់ពី​ការ​ចាក​ចេញ​របស់​អ្នកស្រី មីស្ហ៊ែល អូបាម៉ា ថា ដំណើរ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ​នៅ​កម្ពុជា​នេះ បាន​ធ្វើ​ឱ្យ​ស្ត្រី​ទី​១​នៃ​សហរដ្ឋអាមេរិក បាន​ឃើញ​អំពី​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធ្វើ​ឱ្យ​អ្នកស្រី​សំដែង​ចេញ​នូវ​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ និង​ចងចាំ​យូរ​អង្វែង​ចំពោះ​ប្រជាពលរដ្ឋ ព្រម​ទាំង​រដ្ឋាភិបាល​កម្ពុជា ផង។ ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី មីស្ហ៊ែល អូបាម៉ា នេះ គឺ​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​របស់​សហរដ្ឋអាមេរិក ដើម្បី​ជំរុញ​ក្មេង​ស្រី​នៅ​ទូទាំង​ពិភពលោក​ឱ្យ​បាន​ចូលរៀន​ខ្ពង់ខ្ពស់​គ្រប់​គ្នា។

លោក ជេ រ៉ាមែន៖ «ហើយ​កម្ពុជា គឺ​ជា​ប្រទេស​ដែល​អង្គការ​អាមេរិក​ឈ្មោះ ភីស ខរ (Peace Corps) មាន​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ចុះ​ធ្វើការ បាន​ចុះ​ធ្វើការ​នៅ​តាម​តំបន់ ដោយ​អនុវត្តន៍​កម្មវិធី​ឱ្យ​ក្មេង​ស្រី​បាន​ចូល​រៀន។ ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី មីស្ហ៊ែល ពេល​នេះ បាន​ជួប​ជាមួយ​ក្មេង​ស្រី​មួយ​ចំនួន​ដែល​ក្រីក្រ​ហើយ​ទទួល​បាន​អាហារូបករណ៍​ពី​អង្គការ រូម ធូ រិដ (Room To Read) ដើម្បី​បន្ត​ការ​សិក្សា​នៅ​ក្នុង​វិទ្យាល័យ ហ៊ុន សែន ប្រាសាទ​បាគង។ ស្ថានភាព​ពួកគេ​ទាំង​នោះ​ធ្វើ​ឲ្យ​អ្នកស្រី​កាន់តែ​យល់​ច្បាស់ និង​កាន់​តែ​ជំរុញ​លទ្ធភាព​ឱ្យ​ក្មេង​ស្រី​បាន​ចូល​រៀន»

​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​ថា ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី មីស្ហែល អូបាម៉ា ដែល​ទើបតែ​បញ្ចប់​ទៅ​នេះ គឺ​មាន​សារសំខាន់​ណាស់ ដោយ​បាន​លើក​ស្ទួយ​ការ​សិក្សា​សម្រាប់​កុមារី​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូចជា​នៅ​ទូទាំង​ពិភពលោក។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា លោក ហង់ ជួនណារ៉ុន មាន​ប្រសាសន៍​ថា ជា​ច្រើន​ជំនាន់​មក​ហើយ នៅ​ប្រទេស​កម្ពុជា គឺ​មាន​ទម្លាប់​តែង​ទុក​កូនស្រី​ឱ្យ​នៅ​ក្បែរ​ខ្លួន​មិន​សូវ​បាន​រៀន​សូត្រ​ខ្ពង់ខ្ពស់​ទេ។ លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ទៀត​ថា ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី មីស្ហ៊ែល អូបាម៉ា ពេល​នេះ គឺ​បាន​លើក​កម្ពស់​ការ​អប់រំ​ដល់​កុមារី​ឱ្យ​ពួកគេ​ទទួល​បាន​ឱកាស​ស្មើ​ភាព​គ្នា​ជាមួយ​ក្មេង​ប្រុស។ តាម​រយៈ​គំនិត​ផ្ដួចផ្ដើម​នេះ រដ្ឋាភិបាល​កម្ពុជា ក៏​មាន​គោលនយោបាយ​សាងសង់​សាលា​បឋម​សិក្សា​ឱ្យ​មាន​ក្នុង​ភូមិ សាលា​អនុវិទ្យាល័យ​មាន​នៅ​តាម​ឃុំ ដើម្បី​ឲ្យ​ក្មេង​អាច​ទៅ​រៀន​បាន​កាន់តែ​ច្រើន​ឡើងៗ ក៏ប៉ុន្តែ​ទោះ​យ៉ាង​ណា ក៏​នៅ​តែ​អាច​ជួប​បញ្ហា​ដោយសារ​ស្ថានភាព​គ្រួសារ​ក្រីក្រ៖ «ពីព្រោះ​ថា នៅ​ពេល​ដែល​មាន​បញ្ហា​ផ្សេងៗ គឺ​គ្រួសារ​ច្រើនតែ​សុំ​ឱ្យ​ក្មេង​ស្រី​ហ្នឹង​ឈប់​រៀន​អី​ជា​ដើម»

លោក ហង់ ជួនណារ៉ុន បញ្ជាក់​ថា ស្ត្រី​ទី​១​របស់​សហរដ្ឋអាមេរិក និង​ស្ត្រី​ទី​១​របស់​ប្រទេស​ជប៉ុន គឺ​អ្នកស្រី អាគិ អាបិ (Akie Abe) នឹង​ធ្វើ​ជា​ដៃគូ​ក្នុង​ការ​លើក​ស្ទួយ​ការ​សិក្សា​របស់​ក្មេង​ស្រី​នៅ​កម្ពុជា ក៏​ដូច​ជា​នៅ​ទូទាំង​ពិភពលោក។

ក្នុង​ពេល​អ្នកស្រី មីស្ហ៊ែល អូបាម៉ា ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សាលា​វិទ្យាល័យ ហ៊ុន សែន ប្រាសាទ​បាគង កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា កន្លង​ទៅ ក្មេង​ស្រី​ចំនួន ១០​នាក់ ដែល​រ៉ាយរ៉ាប់​រឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់​គេ​ឱ្យ​អ្នកស្រី​ស្ដាប់ បាន​ផ្ញើ​ក្ដី​សង្ឃឹម​ថា រដ្ឋាភិបាល​អាមេរិក និង​រដ្ឋាភិបាល​កម្ពុជា ប្រាកដ​ជា​អាច​ជួយ​ឱ្យ​ក្តី​ប្រាថ្នា​ចង់​រៀន​សូត្រ​ខ្ពង់ខ្ពស់​របស់​ពួកគេ​បាន​សម្រេច។

អ្នកស្រី មីស្ហ៊ែល អូបាម៉ា បាន​ថ្លែង​នៅ​ក្នុង​វេទិកា​ដែល​រៀបចំ​ដោយ​អង្គការ ភីស ខរ នៅ​ក្នុង​សណ្ឋាគារ សូហ្វីតែល អង្គរ (Sofitel Angkor) នៅ​ថ្ងៃ​ដដែល​នោះ​ថា ជា​រៀងរាល់​ថ្ងៃ​នៅ​ពេល​ដែល​អ្នកស្រី​ទៅ​ធ្វើ​ការ គឺ​តែង​តែ​មាន​អារម្មណ៍​រំភើប ពីព្រោះ​បាន​ឃើញ​មុខ​ក្មេង​ជំនាន់​ក្រោយ​ជា​ច្រើន​ដែល​ធ្វើ​ការ​ជាមួយ​អ្នកស្រី។ អ្នកស្រី​បាន​ឃើញ​មោទនភាព​របស់​ក្មេងៗ​ទាំង​នោះ​តាម​រយៈ​ការ​រៀន​សូត្រ និង​ជំនាញ​ផ្សេងៗ ហើយ​ចំណេះដឹង​របស់​ពួកគេ​ក្រៅ​តែ​ពី​ជួយ​ខ្លួន ក៏​អាច​កែប្រែ​សហគមន៍​ឱ្យ​ប្រសើរ​ឡើង​ទៀត​ផង៖ «សារ​របស់​ខ្ញុំ​ដែល​ចង់​ឱ្យ​ក្មេង​ស្រីៗ​ស្ដាប់​ថ្ងៃ​នេះ គឺ​សូម​ឱ្យ​ក្មេង​ស្រី​ទាំង​អស់​គ្នា ក៏​ដូចជា​អ្នក​នៅ​ទី​នេះ​ក្តី បាន​ចូល​រៀន​ដើម្បី​មាន​សមត្ថភាព​អាច​ជួយ​សហគមន៍ និង​ប្រទេស​របស់​អ្នក។ មូលហេតុ​ដែល​ខ្ញុំ​មក​កាន់​ទី​នេះ ពីព្រោះ​ខ្ញុំ​ចង់​ឱ្យ​ក្មេង​ស្រី​បាន​ចូល​រៀន​គ្រប់​គ្នា បើ​ទោះ​បី​ជា​ខ្ញុំ​ដឹង​ថា មិន​មែន​ជា​ការ​ងាយ​ស្រួល​ក៏ដោយ ប៉ុន្តែ​ការងារ​គឺ​ត្រូវ​ការ​ចំណេះ​ដែល​អាច​ធ្វើ​ទៅ​បាន»

​អ្នកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ដែល​ជា​អ្នក​បាន​ចូល​រួម​ពិភាក្សា​តុ​មូល​ជាមួយ​អ្នកស្រី មីស្ហ៊ែល ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នោះ មាន​ប្រសាសន៍​ថា ទាំង​អស់​គ្នា គឺ​មាន​ការ​ពេញ​ចិត្ត​ចំពោះ​អ្នកស្រី មីស្ហ៊ែល អូបាម៉ា ដែល​ជំរុញ​ឱ្យ​ក្មេង​ស្រី​បាន​ចូល​រៀន​នៅ​ថ្នាក់​ខ្ពស់​នោះ។ អ្នកស្រី ពុង ឈីវកេក ឱ្យ​ដឹង​ថា សហរដ្ឋអាមេរិក​នឹង​ចំណាយ​ប្រាក់​ចំនួន ១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​១​ឆ្នាំៗ ទៅ​លើ​គម្រោង​ជំរុញ​ក្មេង​ស្រី​ទូទាំង​ពិភពលោក​បាន​ចូល​រៀន ហើយ​អ្នកស្រី​ក៏​បាន​រំឭក​ឱ្យ​សហរដ្ឋអាមេរិក កុំ​ភ្លេច​ផ្ដល់​ជំនួយ​នេះ​មក​ឱ្យ​កម្ពុជា ផង​ដែរ៖ «ព្រោះ​យើង​ត្រូវ​ការ​គ្រប់​មុខ​ពី​រឿង​ការ​រៀនសូត្រ​ហ្នឹង មិន​មែន​តែ​កន្លែង​អគារ​សម្រាប់​រៀន និង​កន្លែង​ឱ្យ​សិស្ស​ក្រីក្រ​ស្នាក់នៅ​ប៉ុណ្ណោះ​ទេ»

​អ្នកស្រី ពុង ឈីវកេក ពន្យល់​ថា បើ​ក្មេង​ស្រី​កម្ពុជា ភាគ​ច្រើន​បាន​រៀន​សូត្រ​ខ្ពង់ខ្ពស់ គឺ​មិន​ត្រឹមតែ​ស្ត្រី​អាច​ជៀស​ផុត​ពី​ការ​ជួញដូរ និង​គេច​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​ឱ្យ​ស្ត្រី​អាច​ក្លាយ​ទៅ​ជា​អ្នកដឹកនាំ ព្រមទាំង​ជួយ​ដល់​ប្រទេស​ជាតិ​បាន​ផង។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ឱ្យ​ដឹង​ថា ប្រទេស​កម្ពុជា បច្ចុប្បន្ន នៅ​ក្នុង​ថ្នាក់​បឋម​សិក្សា​គឺ​មាន​ក្មេង​ស្រី​ចូល​រៀន ៥០% ស្មើ​គ្នា​ជាមួយ​ក្មេង​ប្រុស ក៏ប៉ុន្តែ​នៅ​ពេល​ចូល​ទៅ​ថ្នាក់​មហាវិទ្យាល័យ គឺ​ចំនួន​ស្ត្រី​បាន​ថយ​ចុះ​មក​ត្រឹម ៤២% ហើយ​នៅ​ឯ​ថ្នាក់​អនុបណ្ឌិត ឬ​ក៏​បណ្ឌិត​ជាដើម គឺ​មាន​ស្ត្រី​តែ ៥% ដែល​នៅ​បន្ត​ការ​សិក្សា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។