មន្ត្រីជាន់ខ្ពស់យោធាប្រកាសថា កម្ពុជាមិនមែនស្វាគមន៍តែប្រទេសចិនក្នុងការធ្វើសមយុទ្ធយោធានោះទេ ពោលគឺកម្ពុជាស្វាគមន៍បណ្ដាប្រទេសនានាដែលមានបំណងធ្វើសមយុទ្ធយោធាជាមួយកម្ពុជាក្នុងក្របខ័ណ្ឌផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក និងគ្មានការគំរាមកំហែងដល់ប្រទេសទីបី។ អ្នកឃ្លាំមើលថា មូលហេតុដែលបណ្ដាប្រទេសមហាអំណាចលោកសេរីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមិនអាចបន្តធ្វើសមយុទ្ធយោធាជាមួយកម្ពុជា ដោយសារតែលោក ហ៊ុន សែន ដឹកនាំប្រទេសប្រាសចាកពីគន្លងប្រជាធិបតេយ្យ និងលម្អៀងទៅរកប្រទេសចិនកុម្មុយនិស្តខ្លាំង។
កងយោធពលខេមរភូមិន្ទប្រកាសថា បណ្ដាប្រទេសនានាដែលមានបំណងចង់ធ្វើសមយុទ្ធយោធាជាមួយកម្ពុជា ត្រូវតែគោរពតាមសំណើរបស់កម្ពុជា។
អ្នកនាំពាក្យអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ លោក ថោង សូលីម៉ូ ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២១ ខែមីនាថា បណ្ដាប្រទេសនានាដែលចង់ធ្វើសមយុទ្ធយោធាជាមួយកម្ពុជាត្រូវលើកយកប្រធានបទស្របតាមគោលនយោបាយរបស់កម្ពុជា និងស្របតាមច្បាប់អន្តរជាតិ រួមទាំងធានាថា គ្មានការគំរាមកំហែងដល់ប្រទេសណាមួយឡើយ។
លោក ថោង សូលីម៉ូ៖«ការធ្វើសមយុទ្ធនេះ គឺត្រូវតែផ្ដល់ និងឆ្លើយតបផលប្រយោជន៍របស់កម្ពុជា។ ពេលវេលា និងទីកន្លែងគឺអាស្រ័យភាគីកម្ពុជាជាអ្នកកំណត់។ រាល់ការចំណាយនូវការធ្វើសមយុទ្ធទាំងមូល គឺសាមីប្រទេសដែលបានដាក់ពាក្យសុំនោះ ត្រូវតែជួយចំណាយលើការធ្វើសមយុទ្ធនេះ»។
ការប្រកាសរបស់យោធាកម្ពុជាបែបនេះ គឺនៅមុនពេលកម្ពុជា និងចិន គ្រោងធ្វើសមយុទ្ធយោធា «នាគមាសឆ្នាំ២០២៣» ចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ដើមខែមេសា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថភ្នំជុំរីករាយ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សមយុទ្ធយោធា នាគមាសលើកទី៥ នេះ ចិនបានបញ្ជូនកងទ័ពរបស់ខ្លួនជាង ២រយនាក់ (២៥៧) រថយន្ត ៤៣គ្រឿង អាវុធថ្មើរជើង សម្ភារៈស៊ើបការ សម្ភារៈបោសសម្អាតជាតិផ្ទុះ និងឧបករណ៍បន្សាបជាតិគីមី។ ចំណែកភាគីកម្ពុជាវិញ កងទ័ពដែលចូលរួមធ្វើសមយុទ្ធយោធានេះមានជិត ៦រយនាក់ (៥៨៣) រួមទាំងឧបករណ៍ដោះមីន និងសម្ភារៈបន្សាបជាតិគីមី។ លោក ថោង សូលីម៉ូ បញ្ជាក់ថា សមយុទ្ធយោធាជាមួយកងទ័ពចិនលើកនេះ ពុំមានការបាញ់អាវុធធុនធ្ងន់ដូចការធ្វើសមយុទ្ធយោធាគ្រាមុនៗនោះទេ គឺផ្ដោតសំខាន់លើការដោះមីន និងបង្ការជំងឺឆ្លងដោយគ្មានមូលហេតុ។
កម្ពុជាបានរៀបចំសមយុទ្ធយោធាជាមួយកងទ័ពចិនចំនួន ៤លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១៦ ប៉ុន្តែរដ្ឋាភិបាលលោក ហ៊ុន សែន បានលុបចោលសមយុទ្ធយោធារួមគ្នាហៅថា «ឆ្មាំអង្គរ» ជាមួយសហរដ្ឋអាមេរិក និង «ដនគោព្រៃ» ជាមួយអូស្ត្រាលី កាលពីឆ្នាំ២០១៧។ អ្នកឃ្លាំមើល លើកឡើងថា ប្រទេសចិនកុម្មុយនិស្តហាក់កំពុងព្យាយាមពង្រីកឥទ្ធិពលយោធារបស់ខ្លួនលើទឹកដីខ្មែរ តាមរយៈការផ្ដល់ជំនួយផ្នែកយោធាដល់កម្ពុជា និងស្ថិតក្រោមរូបភាពការធ្វើសមយុទ្ធយោធា ដើម្បីជាថ្នូរអាចសាងសង់មូលដ្ឋានទ័ពនៅកំពង់ផែសមុទ្ររាម។
ទោះជាយ៉ាងណាក្ដី លោក ហ៊ុន សែន ថ្មីៗនេះ បានចេញមុខបដិសេធជាថ្មីទៀតថា កម្ពុជាគ្មានវត្តមានកងទ័ពចិន ឬក៏អនុញ្ញាតឱ្យចិនសាងសង់មូលដ្ឋានទ័ពរបស់ខ្លួនលើទឹកដីរបស់ខ្មែរនោះទេ។
ជុំវិញរឿងនេះ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ប្រសិនបើកម្ពុជាចង់រក្សាជំហរអព្យាក្រឹត្យ ឬចង់បង្ហាញទៅកាន់អន្តរជាតិថា ខ្លួនមានជំហរឯករាជ្យមិនលម្អៀងទៅមហាអំណាចណាមួយនោះ កម្ពុជាត្រូវស្ដារទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក និងមិនត្រូវបដិសេធការធ្វើសមយុទ្ធយោធាជាមួយអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកឡើយ ខណៈដែលកម្ពុជាកំពុងបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយចិនកុម្មុយនិស្តលើវិស័យយោធា។
លោក ឯម សុវណ្ណារ៉ា៖«កិច្ចការនេះ គឺទាមទារឱ្យកម្ពុជាជំរុញ ឬពង្រីកសមយុទ្ធយោធាជាមួយលោកខាងលិចផង ដើម្បីឱ្យមើលឃើញឥរិយាបថ ឬជំហររបស់កម្ពុជាមកនៅកណ្ដាល វាអាចជួយកាត់បន្ថយជំហរងាកទៅរកចិនបានច្រើនហើយ»។
ជាមួយគ្នានេះ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ បណ្ឌិត សេង សារី លើកឡើងថា ការដែលកម្ពុជាមានការធ្វើសមយុទ្ធយោធាជាមួយចិន គឺកងទ័ពកម្ពុជាទទួលបានបទពិសោធន៍តាមរយៈការហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលជំនាញនានាក្នុងក្របខ័ណ្ឌយោធា។ ប៉ុន្តែ លោកព្រួយបារម្ភថា ការដែលកម្ពុជាធ្វើសមយុទ្ធយោធាជាមួយតែប្រទេសចិន ដោយគ្មានការធ្វើសមយុទ្ធយោធាជាមួយអាមេរិក ឬប្រទេសដែលនិយមប្រជាធិបតេយ្យផ្សេងទៀតនោះ កម្ពុជាទំនងចៀសមិនផុតពីការរិះគន់ថា ពុំបានរក្សានយោបាយអព្យាក្រឹត្យរបស់ខ្លួន និងលម្អៀងទៅរកចិនតែម្ខាង។
បណ្ឌិត សេង សារី៖«ដើម្បីថែរក្សាតុល្យភាពនយោបាយការបរទេស តាមរយៈការធ្វើសមយុទ្ធយោធានេះកម្ពុជាគ្មានជម្រើសអ្វីក្រៅពីពន្យល់បកស្រាយឱ្យភាគីទាំងបណ្ដាប្រទេសសេរី និងបណ្ដាប្រទេសកុម្មុយនិស្តដៃគូហ្នឹង បានយល់ដឹងឱ្យបានច្បាស់ពីជំហរកម្ពុជា ការថែរក្សាតុល្យភាពទំនាក់ទំនងការបរទេសរបស់ខ្លួន»។
ទំនាក់ទំនងកម្ពុជាចិន ក្រោមរបបដឹកនាំរបស់លោក ហ៊ុន សែន ជិត ៤០ឆ្នាំមកនេះ បានឈានដល់កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពោលគឺរដ្ឋាភិបាលលោក ហ៊ុន សែន បានពង្រឹងកិច្ចសហប្រតិបត្តិការស្ទើរគ្រប់វិស័យជាមួយចិន រាប់ទាំងវិស័យពាណិជ្ជកម្ម ការទូត វិស័យអប់រំ និងវិស័យយោធា ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។