មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ប្រតិកម្មថា ការចាត់ចំណាត់ថ្នាក់នីតិរដ្ឋនៅកម្ពុជា ទាបនៅបាតតារាង របស់អង្គការគម្រោងយុត្តិធម៌ពិភពលោក (WJP) គឺជារឿងមិនសមហេតុផល។
អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project-WJP) ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៤ ខែតុលា បានចេញផ្សាយរបាយការណ៍ស្តីពីសន្ទស្សន៍នីតិរដ្ឋប្រចាំឆ្នាំ ២០២១ ដោយចាត់ចំណាត់ថ្នាក់នីតិរដ្ឋនៅកម្ពុជា ទាបជាងគេបំផុតនៅបាតតារាង គឺលេខរៀង ១៣៨ ក្នុងចំណោមប្រទេស ចំនួន ១៣៩។
ទាំង ១៣៩ ប្រទេស គឺមានប្រទេសចំនួន ៣ ដែលមានពិន្ទុទាបជាងគេបំផុត នៅបាតតារាង រួមមាន កម្ពុជាទទួលបានលេខរៀង១៣៨ល្អជាង ប្រទេសវ៉េណេស៊ុយអេឡា (Venezuela) ដែលកំពុងមានវិបត្តិនយោបាយនិងសេដ្ឋកិច្ច ប៉ុន្តែអន់ជាង ប្រទេសមីយ៉ាន់ម៉ា (Myanmar) ឬភូមា ដែលទទួលបានលេខ១២៨ ទោះបីប្រទេសនេះ កំពុងមានសង្គ្រាមស៊ីវិលក៏ដោយចុះ។ ចំណែកប្រទេសចំនួន ៣ ដែលអនុវត្តនីតិរដ្ឋបានល្អជាងគេ នៅឆ្នាំនេះគឺ ប្រទេសដាណឺម៉ាក (Denmark) ជាប់លំដាប់លេខរៀងទី ១ បន្ទាប់មក គឺប្រទេស ន័រវែស (Norway) លេខរៀងទី២ និងលេខរៀងទី៣ គឺប្រទេសហ្វាំងឡង់ (Finland)។
លោក ជិន ម៉ាលីន សរសេរក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីយប់ថ្ងៃទី១៦ ខែតុលាថា សប្តាហ៍ក្រោយ លោកនឹងណាត់ជួបនិងជជែកគ្នា ជាមួយនាយកថ្នាក់តំបន់ និងក្រុមការងាររបស់អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project-WJP) អំពីវិធីសាស្ត្រស្រាវជ្រាវនិងការវាយតម្លៃរបស់ពួកគេ។ លោកសរសេរបន្តថា ពិតជាចំឡែកមែន ពិន្ទុនីតិរដ្ឋរបស់កម្ពុជា បែរជាទៅនៅក្រោមប្រទេសមួយចំនួនដែលប្រកាន់របបកុម្មុយនីស្ត ប្រទេសខ្លះដឹកនាំដោយរបបយោធា និងប្រទេសខ្លះទៀតកំពុងតែច្បាំងគ្នានិងឡើងកាន់អំណាចដោយកម្លាំងយោធា និងរដ្ឋប្រហារទៅវិញ។
ទោះបីជាយ៉ាងណា ការផ្ដល់ចំណាត់ថ្នាក់នីតិរដ្ឋនេះ គឺធ្វើឡើងតាមរយៈការសិក្សា និងវាយតម្លៃដោយផ្អែកលើសូចនាករ៨ចំណុច រួមមាន ដែនកំណត់អំណាចរដ្ឋាភិបាល ការលុបបំបាត់អំពើពុករលួយ រដ្ឋាភិបាលបើកទូលាយសិទ្ធិជាមូលដ្ឋាន សណ្ដាប់ធ្នាប់និងសន្តិសុខសង្គម ការអនុវត្តបទប្បញ្ញត្តិ យុត្តិធម៌ស៊ីវិល និងយុត្តិធម៌ព្រហ្មទណ្ឌ។
សន្ទស្សន៍នីតិរដ្ឋរបស់អង្គការគម្រោងយុត្តិធម៌ពិភពលោក (WJP) គឺផ្អែកលើទិន្នន័យប្រចាំឆ្នាំ ដោយការស្ទង់មតិថ្នាក់ជាតិលើក្រុមគ្រួសារជិត ១៤ម៉ឺនគ្រួសារ (១៣៨.០០០) និងអ្នកអនុវត្តច្បាប់ ព្រមទាំងអ្នកជំនាញចំនួន ៤.២០០នាក់ នៅជុំវិញពិភពលោក។
កាលពីឆ្នាំ ២០២០ អង្គការនេះបានចាត់ចំណាត់ថ្នាក់នីតិរដ្ឋនៅកម្ពុជានៅលេខរៀងទី ១២៧ ដែលជាចំណាត់ថ្នាក់ទាបជាងគេបំផុត ក្នុងចំណោមប្រទេសចំនួន ១២៨៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។