អ្នក​ឃ្លាំមើល​៖ ​ចម្លើយ​​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បំភ្លឺ​រឿង​​លោក ​កឹម សុខា ពិបាក​ឱ្យ​ជឿ​ថា ​ពិត

0:00 / 0:00

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រើ​ពេល​ពេញ​មួយ​ថ្ងៃ ដើម្បី​សាកសួរ​សាក្សី​មួយ​ចំនួន​ក្នុង​សំណុំរឿង​ក្បត់ជាតិ​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា។ សវនាការ​ ថ្ងៃ​ទី១២ ខែ​តុលាការ ​តុលាការ​ក៏​បាន​សាកសួរ​សាក្សី​មួយ​ចំនួន​រួម​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​ផង​ដែរ​។ អ្នក​ឃ្លាំមើល​សវនាការ​រិះគន់​ថា សាក្សី​ដែល​ជា​អ្នក​នាំ​ពាក្យ​កាន់​អំណាច​ដែល​ធ្លាប់​មាន​ទំនាស់​ផល​ប្រយោជន៍​បុគ្គល​ផង និង​ទំនាស់​នយោបាយ​ផង​នោះ​ មិន​អាច​ជឿជាក់​ថា​សាក្សី​នោះ ​អាច​ផ្ដល់​ចម្លើយ​ពិត​បាន​ឡើយ។

សវនាការ​លើកទី៦០ នៃ​សំណុំរឿង​សន្ទិដ្ឋភាព​ជាមួយ​រដ្ឋ​បរទេស ​តុលាការ​បាន​ចែក​ចេញ​ជា​ពីរ​ពេល​ដើម្បី​សាកសួរ​សាក្សី គឺ​ពេល​ព្រឹក និង​ពេល​រសៀល។ នៅ​ពេល​ព្រឹក​តុលាការ​បាន​សាក្សី ដែល​​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​ជា​អតីត​សហការី​របស់​លោក កឹម សុខា គឺ​លោក ឈឹម ផលវរុណ និង​យុវជន​ធ្វើ​ការងារ​សង្គម​ម្នាក់​ផង​ដែរ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ក្រោយ​បញ្ចប់​សវនាការ​ថា​ លោក​បំភ្លឺ​ជូន​តុលាការ​ទាក់ទង​ហេតុ​កាល​ពី​លោក​បំពេញ​ការងារ​នៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​ពេល​នោះ​លោក កឹម សុខា ធ្វើ​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។ លោក​ឱ្យ​ដឹង​ទៀត​ថា តុលាការ​បាន​សួរ​លោក​ពី​ការងារ​ផ្ទៃ​ក្នុង​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ​ឈ្មោះ​អន្តរជាតិ​អង្គការ​ផ្ដល់​ជំនួយ​ឱ្យ​ស្ថាប័ន​ធ្វើ​ការងារ​ផ្នែក​សិទ្ធិមនុស្ស​មួយ​នេះ​ និង​ចរិត​លក្ខណៈ​រវាង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ជាមួយ​ម្ចាស់​ជំនួយ។ លោក ឈឹម ផលវរុណ អះអាង​ទៀត​ថា លោក​មិន​បាន​ឆ្លើយ​សំណួរ​ដាក់​លើ​លោក កឹម សុខា ប៉ុន្តែ​លោក​ថា ជួន​កាល​ពាក្យ​ពិត​ខ្លះ​មិន​អាច​ធ្វើ​ឱ្យ​គ្រប់​ភាគី​ពេញ​ចិត្ត​ទាំង​អស់​គ្នា​នោះ​ទេ៖ « គឺ​យើង​ដើរ​តួ​ជា​អ្នក​និយាយ​ការពិត​ទេ​ហើយ​យើង​អត់​និយាយ​ដោយ​សន្និដ្ឋាន ឬ​ប្រហែលៗ ទេ តែ​ប៉ុណ្ណឹង​ទេ​ បើ​យើង​អាល័យ​គិត​ថា និយាយ​ឱ្យ​គេ​ពេញ​ចិត្ត​យើង​អស់​និយាយ​ការពិត​បាន​ហើយ​ព្រោះ​ការពិត​ខ្លះ​រែង​ស្លែង​ការពិត​ខ្លះ​អាច​ល្អ ការពិត​ខ្លះ​ជូរចត់​រឿង​តែ​ប៉ុណ្ណឹង​ទេ»

ទោះ​មន្ត្រី​បក្ស​កាន់​អំណាច​លោក ឈឹម ផលវរុណ អះអាង​ថា ចម្លើយ​របស់​លោក​ជា​ពាក្យ​ពិត​ក្ដី មន្ត្រី​សិទ្ធិ​សង្គម​ស៊ីវិល និង​គាំទ្រ​លោក កឹម សុខា យល់ថា ចម្លើយ​របស់​សាក្សី​ដែល​ជា​មន្ត្រី​បក្ស​កាន់​អំណាច​រូប​នេះ ជា​ចម្លើយ​ដាក់​បន្ទុក ឬ​ចម្លើយ ដែល​មាន​ភាព​លំអៀង។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យី សុខសាន្ត ដែល​តាម​ដាន​ដំណើរការ​សវនាការ​នេះ​យល់​ថា សាក្សី​ដែល​ភាគី​ក្ដី​នៃ​គណបក្ស នយោបាយ​ដែល​ពាក់ព័ន្ធ​សំណុំរឿង​នេះ​ពិបាក​ឱ្យ​គេ​ជឿ​ថា ការ​ផ្ដល់​ចម្លើយ​របស់​លោក ឈឹម ផលរុណ គឺ​ជា​ពាក្យ​ការពិត​ណាស់។ លោក​ថា សាក្សី ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ទំនាស់​ផល​ប្រយោជន៍​រួម​ទាំង​និន្នាការ​នយោបាយ​ដូច្នេះ នៅ​ក្នុង​សំណុំរឿង​ខ្លះ​ភាគី​ជម្លោះ​គេ​ប្ដឹង​ទៅ​តុលាការ​ស្នើ​​មិន​ឱ្យ​ទទួល​យក​មក​ធ្វើជា​សាក្សី​ទេ៖ « នៅ​ពេល​គាត់​ជា​ភាគី​នយោបាយ​ ហើយ​គាត់​នៅ​កាន់​បក្ស​នយោបាយ​មួយ​ ហើយ​ធ្វើ​ជា​សាក្សី​ឱ្យ​រឿង​នយោបាយ​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឯករាជ្យ​ភាព​ ឬ​មួយ​ក៏​សាក្សី​ការ​និយាយ​របស់​គាត់​ហ្នឹង​មិន​ពិត​ទេ»

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​គាំទ្រ​លោក កឹម សុខា ម្នាក់​គឺ​លោក យឹម ស៊ីណន សង្កេត​ឃើញ​ថា ​ ចម្លើយ​ភាគ​ច្រើន​របស់​លោក ឈឹម ផលវរុណ និយាយ​ពី​ទំនាក់ទំនង​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ ជាមួយ​ជន​បរទេស។ លោក​យល់​ថា ចម្លើយ​របស់​លោក ឈឹម ផលរុណ ដែល​ជា​សាក្សី​ធ្លាប់​មាន​ទំនាស់​ផល​ប្រយោជន៍​ជាមួយ​លោក​កឹម សុខា បែប​នេះ​មិន​បាន​ផ្ដល់​ផល​ល្អ​ដល់ កឹម សុខា នោះ​ទេ៖ « ជា​ការ​សម្គាល់​របស់​ខ្ញុំ​ខ្ញុំ​គិត​ថា សាក្សី​ដែល​ធ្លាប់​មាន​ទំនាស់​ផល​ប្រយោជន៍​ជាមួយ​គ្នា​ហើយ​គាត់​មក​បង្ហាញ​ខ្លឹមសារ​ជា​សាក្សី​ក្នុង​អង្គហេតុ​នេះ​ខ្ញុំ​គិត​ថា មិន​បាន​ផ្ដល់​ភាព​ពិត​ប្រាកដ​ឬ​ជំនួយ​ណាមួយ​ជួយ​ដល់​ជន​ជាប់ចោទ​នោះ​ទេ​បាទ»

លោក ឈឹម ផលវរុណ ក្រៅ​ពី​មាន​តួនាទី​ជា​មន្ត្រី​បក្ស​កាន់​អំណាច​លោក ក៏​ធ្លាប់​មាន​ជម្លោះ​ការងារ​ជាមួយ​លោក កឹម សុខា កាល​ពី​លោក កឹម សុខា ធ្វើ​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា រហូត​លោក កឹម សុខា បាន​បញ្ឈប់​លោក ឈឹម ផលវរុណ ពី​ការងារ​មុន​ពេល​បញ្ចប់​កុងត្រា​ការងារ​ទៀត​ផង។

ទាក់ទង​ចំណុច​នេះ​ដែរ​លោក ឈឹម លផវរុណ ឱ្យ​ដឹង​ថា តុលាការ​ក៏​បាន​សួរ​ពី​មូលហេតុ​នៃ​ការ​បណ្ដេញ​លោក​ចេញ​ពី​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​មុន​កិច្ចសន្យា​នេះ​ដែរ។

សាក្សី​ម្នាក់​ទៀត​គឺ សកម្មជន​ធ្វើ​ការងារ​សង្គម លោកស្រី កែវ ស្រីនាង ឱ្យ​ដឹង​ថា តុលាការ​បាន​សាកសួរ​លោកស្រី​ទាក់ទង​អង្គហេតុ​ដែល​លោកស្រី​បាន​ទៅ​រៀន​សិក្សា​វគ្គ​ខ្លី​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​(Indonesia) ជា​ច្រើន​ឆ្នាំ​មក​ហើយ។ លោកស្រី​បាន​ប្រាប់​ថា ការ​ចូលរួម​វគ្គ​សិក្សា​នោះ​គឺ រៀន​ពី​តួនាទី​យុវជន​ក្នុង​កិច្ច​ការងារ​បោះ​ឆ្នោត មិនមែន​សិក្សា​ពី​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ដូច​ការ​ចោទ​ប្រកាន់​តុលាការ​នោះ​ទេ។ សាក្សី​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា តុលាការ​តម្រូវ​ឱ្យ​លោក​ស្រី​​ត្រូវ​ចូល​បំភ្លឺ​នៅ​តុលាការ​ម្ដង​ទៀត​នា​ថ្ងៃ​ទី១៣ ខែ​តុលា​ខាង​មុខ៖ « ទាក់ទង​ជាមួយ​រឿង​ហ្នឹង​ក្នុង​នាម​ខ្ញុំ​ជា​យុវជន​ដែល​ខ្ញុំ​ទៅ​រៀន​ហ្នឹង​គឺ ខ្ញុំ​ទៅ​រៀន​ក្នុង​ជា​យុវជន​ទេ គេ ( អង្គការ ខាន់វ៉ាស ) ទាក់ទង​ជាមួយ​នឹង​ការ​បោះ​ឆ្នោត ក្នុង​នាម​យើង​ជា​យុវជន​ម្នាក់ តើ​យើង​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត មុន​បោះ​ឆ្នោត ក្រោយ​បោះ​ឆ្នោត​ហ្នឹង យើង​ត្រូវ​ចូលរួម​ធ្វើ​អី​ខ្លះ សង្កេតការណ៍​តាមដាន​រឿង​អី​ខ្លះ តែ​ប៉ុណ្ណឹង​ទេ»

ទាក់ទង​អង្គហេតុ​នេះ​ដែរ កាល​ពី​សវនាការ​លើក​ទី៥៨ តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ថា សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ចេញ​ទៅ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នៅ​ប្រទេស​ឥណ្ឌូនេស៊ី (Indonesia) ដែល​រៀបចំ​ដោយ​អង្គការ​មួយ​ឈ្មោះ ខាន់វ៉ាស (CANVAS) ជា​គម្រោង​ធ្វើ​បដិវត្ត​ពណ៌។ ទោះ​យ៉ាង​ណា​ក្ដី លោក កឹម សុខា ប្រាប់​តុលាការ​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ ហើយ​វគ្គ​សិក្សា​នោះ​ក៏​មិនមែន​ជា​ការ​រៀបចំ​របស់​គណបក្ស​នោះ​ដែរ។

ចំណែក​សាក្សី​ដែល​ត្រូវ​បំភ្លឺ​នៅ​តុលាការ​រសៀល​ក្នុង​ថ្ងៃ​ដដែល​នោះ រួម​មាន ពលរដ្ឋ​មក​ពី​ខេត្ត​មួយ​ចំនួន និង​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា គឺ​អ្នកស្រី ចក់ សុភាព ជាដើម។ អ្នកស្រី​ចក់ សុភាព​ ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី១២ ខែ​តុលា​ថា តុលាការ​បាន​ឆ្កឹះ​សួរ​អ្នក​ស្រី​ពី​ប្រភព​ថវិកា​ដែល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​ទទួល​ពី​ម្ចាស់​ជំនួយ ​ដើម្បី​ធ្វើ​សកម្មភាព​ការងារ​របស់​ខ្លួន។ អ្នកស្រី​លើកឡើង​ថា ​តំណាង​អយ្យកា​បាន​សាកសួរ​សំនួន​មួយ​ចំនួន​មិន​ពាក់ព័ន្ធ​នឹង​អង្គហេតុ ប៉ុន្តែ​អ្នកស្រី​មិន​បាន​ឆ្លើយ​បំភ្លឺ​ឡើយ។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​នៅតែ​រិះគន់​ការ​កាត់​ក្ដី​លោក កឹម សុខា ជា​រឿង​នយោបាយ និង​មិន​គួរ​កើតឡើង​នោះ​ទេ៖ « យើង​មើល​ឃើញ​ទាំង​អស់​គ្នា​ថា អាច​មាន​ចេតនា​នយោបាយ​នៅ​ពី​ក្រោយ​ខ្នង​ហ្នឹង។ អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថា ធ្វើ​យ៉ាង​ម៉េច​ក្នុង​ការ​ដោះ​ស្រាយ​នយោបាយ បិទ​បញ្ចប់​នូវ​ការ​ចោទ​ប្រកាន់​គ្នា ហើយ​មែនទែន ការ​ចោទ​ប្រកាន់​លោក កឹម សុខា គឺ​ធ្ងន់ធ្ងរ​មែនទែន​គ្រាន់តែ​មាន​និន្នាការ​ខុស​គ្នា​នៅ​ផ្នែក​នយោបាយ​ឬ​ដោយសារ​ភាព​សកម្ម​ផ្នែក​នយោបាយ​មិន​គួរ​ក្លាយ​ជា​បទ​ល្មើស​ទេ»

ចំណែក​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា លោក​មេធាវី ចាន់ ចេន ថ្លែង​ក្រោយ​សវនាការ​នេះ​ដែរ​ថា លោក​សុំ​មិន​ទាន់​ផ្ដល់​សម្ភាស​ទេ ព្រោះ​សវនាការ​នេះ​កំពុង​ស្ថិត​ក្នុង​ការ​សួរ​ដេញដោល​សាក្សី។

សវនាការ​លើក​ទី៦០ នេះ ក៏​ស្ថិត​ក្នុង​ការ​តាម​ដាន​ពី​តំណាង​អង្គទូត មន្ត្រី​អង្គការ​សហប្រជាជាតិ និង​មន្ត្រី​សង្គម​ស៊ីវិល បន្ត​ចូល​ឃ្លាំមើល​ក្នុង​បន្ទប់​តុលាការ​ដូច​សព្វដង​ដែរ។ ចំណែក​នៅ​ក្រៅ​របង​តុលាការ ក៏​មាន​អ្នក​គាំទ្រ​លោក ប្រមាណ ៤០នាក់ បន្ត​មក​ឃ្លាំមើល​នៅ​មុខ​តុលាការ ដោយ​ស្ថិត​ការ​យាមកាម​យ៉ាង​តឹងរ៉ឹង​ពី​ក្រុម​សមត្ថកិច្ច។

ទើប​តែ​នៅ​សប្ដាហ៍​នេះ​ទេ ដែល​តុលាការ​បាន​ប្រើ​ពេល​វេលា​ជំនុំជម្រះ​ក្ដី​ពេញ​មួយ​ថ្ងៃ ហើយ​តុលាការ ក៏​នឹង​បើក​សវនាការ​បន្ថែម​មួយ​ទៀត​ក្នុង​សប្ដាហ៍​នា​ថ្ងៃ​ទី១៣ ខែ​តុលា។ តុលាការ​គ្រោង​សាកសួរ​សាក្សី​មួយ​ចំនួន​បន្ថែម​ទៀត ទាក់ទង​អង្គហេតុ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ យុទ្ធការ​កាន់​ផ្កាឈូក និង​ការ​ចូលរួម​វគ្គ​សិក្សា​ខ្លី​របស់​ក្រុម​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​ជា​ដើម សាក្សី​ទាំង​នោះ រួម​មាន សកម្មជន​ដីធ្លី អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​យុវជន​ធ្វើ​ការងារ​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។