ព្រះសង្ឃ​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​ដែលគេ​បណ្ដេញចេញពី​វត្តនៅ​ខេត្ត​សៀមរាប ​ភៀស​ព្រះ​កាយ​ទៅ​ក្រៅ​ប្រទេស​ក្រោយ​គេ​គំរាម

ព្រះសង្ឃ ហេង គឹមឡាយ ដែល​ត្រូវ​បាន​មន្ត្រី​សង្ឃ​ខេត្តសៀមរាប​បណ្ដេញ​ចេញ​មិន​ឱ្យ​គង់នៅ​ក្នុង​វត្ត​ប្រាសាទ​រង្ស៊ី​ទាំង​កណ្ដាល​យប់​ដោយសារ​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​នោះ​មាន​ថេរ​ដីកា​ថា ពេល​នេះ​ព្រះអង្គ​បាន​ភៀស​ព្រះ​កាយ​ពី​ចេញ​ពី​កម្ពុជា​ដោយ​សុវត្ថិភាព​ហើយ កាល​ពី​យប់​ថ្ងៃ​ទី១ មិថុនា។

ព្រះតេជព្រះគុណ​ធ្លាប់​តាំង​ចិត្ត​មិន​ភៀស​ព្រះ​កាយ​ទៅ​ណា​ក្រៅ​ពី​ស្រុក​កំណើត​ឡើយ ប៉ុន្តែ​ព្រះអង្គ​ថា ដោយសារ​ការ​គំរាម​កំហែង​មាន​គ្រប់​រូបភាព និង​ធ្ងន់ធ្ងរ​ជា​បន្ត​បន្ទាប់ ប៉ះពាល់​ដល់​សុវត្ថិភាព និង​អាយុ​ជីវិត​សមាជិក​ក្រុម​គ្រួសារ បើ​ទោះ​បី​ជា​មន្ត្រី​សង្ឃ​ខេត្ត​សៀមរាប​បណ្ដេញ​ព្រះតេជព្រះគុណ​ចេញ​ពី​វត្ត​ហើយ​ក្ដី។

បញ្ហា​នេះ​ហើយ ដែល​បង្ខំ​ឲ្យ​ព្រះតេជព្រះគុណ​ភៀស​ព្រះ​កាយ​ចេញ​ទៅ​ក្រៅ​ប្រទេស​បណ្ដោះអាសន្ន​ទាំង​លំបាក ដើម្បី​ស្វែងរក​យុត្តិធម៌​ជុំវិញ​រឿង​នេះ៖ « មាន​គេ​ចិត្ត​ល្អ ជា​សមត្ថកិច្ច​គេ​លួច​ប្រាប់​ថា សូម​ព្រះអង្គ​និមន្ត​ចេញ​ឲ្យ​ផុត ទៅ​ថៃ​ទៅ​អី​ទៅ កុំ​ឲ្យ​នៅ​ទីនេះ ទី​នេះ​គ្មាន​សុវត្ថិភាព​សម្រាប់​ព្រះអង្គ​ទេ ហើយ​បើ​មាន​វត្ត​ណា​និមន្ត​ព្រះអង្គ​កុំ​ទៅ ប្រយ័ត្ន​ទៅ​មិន​ដល់​វត្ត មាន​ប៉ូលិស​ទៅ​ដល់​ញោម​ស្រី​អាត្មា​ទៀត​នោះ »

ព្រះអង្គ​មាន​ថេរ​ដីកា​ថា ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​មក​លើ​ព្រះអង្គ​នេះ គឺ​ដោយសារ​តែ​ព្រះអង្គ​គាំទ្រ​គណបក្ស​ភ្លើង​ទៀន និង​តែងតែ​ឈឺឆ្អាល​ក្នុង​បញ្ហា​សង្គម ជា​ពិសេស រឿងរ៉ាវ​ដីធ្លី​របស់​អ្នកស្រុក​ដែល​រង​នូវ​ការ​ច្បាម​យក​ទាំង​អយុត្តិធម៌​ពី​សំណាក់​អាជ្ញាធរ​របស់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ព្រះអង្គ​អំពាវនាវ​ដល់​ព្រះសង្ឃ​នៅ​ទូទាំង​ប្រទេស គួរតែ​ហ៊ាន​ក្រោក​ឈរ​ឡើង បញ្ចេញ​មតិ និង​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​ឃុំ​សង្កាត់​មក​ពី​គណបក្ស​ប្រឆាំង ដើម្បី​ឱ្យ​ពួកគេ​ជួយ​ការពារ​ផល​ប្រយោជន៍​ជូន​ពលរដ្ឋ កុំ​ឱ្យ​គណបក្ស​កាន់​អំណាច​អាច​ធ្វើ​អ្វី​បាន​ស្រេច​តែ​អំពើ​ចិត្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។