សកម្មជនគណបក្សប្រឆាំងជាច្រើននាក់បន្តភៀសខ្លួននៅប្រទេសថៃ ដើម្បីរង់ចាំទទួលប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី វិលចូលស្រុកវិញ។ អ្នកវិភាគនយោបាយ លើកឡើងថា សកម្មជនបក្សប្រឆាំងស្នាក់នៅក្រៅប្រទេសចំណេញនយោបាយជាងការវិលចូលស្រុក ដោយសារបានធ្វើសកម្មជននយោបាយប្រសើរជាងនៅក្នុងស្រុក។
សកម្មជនគណបក្សប្រឆាំងដែលភៀសខ្លួននៅប្រទេសថៃលើកឡើងថា ប្រសិនបើពួកគេវិលត្រឡប់ទៅស្រុកកំណើតនៅពេលនេះ គឺប្រៀបដូចទៅជួយឱ្យរបបក្រុងភ្នំពេញបានបន្តគ្រប់គ្រងអំណាចទៅមុខទៀត។
អនុប្រធានយុវជនគណបក្សសង្គ្រោះជាតិខេត្តកំពង់ចាម លោក ស៊ុម សីហា ថ្លែងនៅថ្ងៃទី២៥ វិច្ឆិកាថា រហូតមកទល់ពេលនេះយ៉ាងហោចណាស់មានសកម្មជនគណបក្សប្រឆាំងជិត ១០០នាក់ បន្តភៀសនៅប្រទេសថៃ។ លោកបន្ថែមថា ពួកគេតែងជួបប្រជុំគ្នាពិភាក្សារឿងនយោបាយ ហើយបានប្ដេជ្ញាចិត្តដោយស្មោះស្ម័គ្រជាមួយគណបក្សសង្គ្រោះជាតិ ដោយមានលោក កឹម សុខា និងលោក សម រង្ស៊ី ធ្វើជាមេដឹកនាំដដែល។ លោកបញ្ជាក់ថា ថ្វីត្បិតតែកាលពីថ្ងៃទី៩ វិច្ឆិកា ថ្នាក់ដឹកនាំគណបក្សនេះមិនបានចូលទៅដល់កម្ពុជា ដោយសារតែអាជ្ញាធរបានដាក់ប៉ូលិសរាំងខ្ទប់គ្រប់ច្រកល្ហកក្ដី ក៏ពួកគាត់នៅតែបន្តរង់ចាំទទួលលោក សម រង្ស៊ី វិលចូលស្រុកវិញដដែល៖ «ខ្ញុំជឿគាត់លើសមត្ថភាពលោក សម រង្ស៊ី គាត់ជាអ្នកចេះដឹងមួយដែលធ្វើការទូតបានល្អ។ អីចឹងខ្ញុំរង់ចាំគាត់យូរបន្តិចមិនអីទេ។ព្រោះការជួយរំដោះជាតិមិនមែនមួយថ្ងៃ ធ្វើបានទេ យើងរង់ចាំរាប់សិបឆ្នាំហើយ។ ដូច្នេះពេលវេលានេះវាដល់ទឹកចុងក្រោយហើយ ព្រោះសហភាពអឺរ៉ុបដាក់បន្ទុកខ្លាំងទៅរបបក្រុងភ្នំពេញ។ មួយវិញទៀតរបបលោក ហ៊ុន សែន ជាអំណាចផ្ដាច់ការ ដូច្នេះពួកខ្ញុំមិនអាចឱ្យរបបនេះនៅយូរទៅមុខទៀតបានទេ » ។
លោកបន្តថា សកម្មជនគណបក្សប្រឆាំងនៅក្នុងស្រុកនៅតែសាមគ្គីគ្នាជាធ្លុងមួយដោយមិនមានថ្ងៃងាករេឡើយ ហើយពួកគាត់តែងតែទាក់ទងមកពួកលោកនៅក្រៅប្រទេសជាប្រចាំ ដើម្បីសាកសួរអំពីដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ជាថ្មីទៀតនេះ។
រីឯប្រធានគណបក្សសង្គ្រោះជាតិស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ លោក សៅ ពល័ក្ខ ថ្លែងថា សកម្មជននៅខេត្តរបស់លោកប្រមាណ១០នាក់កំពុង ភៀសខ្លួននៅក្រៅប្រទេស មិនទាន់ត្រឡប់ទៅផ្ទះវិញនៅឡើយទេ។លោកបន្តថា ពួកគេមិនអាចវិលចូលស្រុកនៅពេលនេះបានទេ ពីព្រោះលោក ហ៊ុន សែន មិនទាន់ដោះលែងអ្នកទោសនយោបាយឱ្យមានសេរីភាពពេញលេញនៅឡើយ ដូច្នេះពួកគេត្រូវតែនៅបន្តដើម្បីបានធ្វើសកម្មភាពនយោបាយដាក់សម្ពាធដល់របបក្រុងភ្នំពេញស្ដារប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់ឡើងវិញ៖ «ពួកខ្ញុំមិនចង់បែកផ្ទះនិងបែកពីប្រពន្ធកូនទេ តែមកដល់ដំណាក់កាលនេះហើយបើយើងចូលវិញ ក្នុងពេលមិនទាន់មានដំណោះស្រាយប្រើដូចចូលទៅឱ្យគេចាប់បង្ខំឱ្យចូលសារភាពវាផ្ទុយពីឆន្ទៈរបស់យើង ដូច្នេះទាល់តែមានដំណោះស្រាយ ទើបយើងចូលទៅក្នុងនាមអ្នកនយោបាយដែលអាចធ្វើសកម្មភាពនយោបាយស្របច្បាប់បាន » ។
កាលពីពេលថ្មីៗ នេះ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានបញ្ជាឱ្យក្រសួងយុត្តិធម៌ដោះលែងអ្នកទោសនយោបាយទាំងឡាយ ដែលពាក់ព័ន្ធនឹងគម្រោងធ្វើមាតុភូមិនិវត្តន៍របស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីថ្ងៃទី៩ វិច្ឆិកាកន្លងទៅ។ ក្រោយពីការប្រកាសរបស់លោក ហ៊ុន សែន មិនបានប៉ុន្មានម៉ោងផង តុលាការបានដោះលែងមនុស្សជាច្រើននាក់ចេញពីពន្ធនាគារជាបន្តបន្ទាប់ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកលោក ហ៊ុន សែន បានព្រមានចាប់អ្នកទាំងនោះដាក់គុកវិញប្រសិនបើពួកគេនិយាយថាការដោះលែងនេះដោយសារមានសម្ពាធពីសហភាពអឺរ៉ុប ។លោកហ៊ុន សែន បញ្ជាក់ថា ការដោះលែងនេះ ជាសកម្មភាពមនុស្សធម៌របស់លោក ដោយសារលោកយល់ថា សកម្មជនបក្សប្រឆាំងបានចាញ់បោកការអំពាវនាវរបស់ លោក សម រង្ស៊ី រួមគំនិតគ្នា ផ្ដួលរំលំរបបលោក។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ស្ថានការណ៍នយោបាយនៅក្នុងស្រុកមិនមានអ្វីគួរឱ្យព្រួយបារម្ភដូចការលើកឡើងរបស់សកម្មជនគណបក្សប្រឆាំងនោះឡើយ។ លោកបន្តថា ពលរដ្ឋទាំងឡាយដែលកំពុងរង់ចាំទទួលលោក សម រង្ស៊ី នៅប្រទេសថៃ នឹងខាតបង់ពេលវេលា និងប្រាក់កាសដោយឥតប្រយោជន៍ ព្រោះលោកមានជំនឿថាប្រធានស្ដីទីគណបក្សប្រឆាំងរូបនេះនឹងមិនត្រឡប់ទៅកម្ពុជាវិញឡើយ៖ «រហូតដល់ពេលនេះខ្ញុំលោក សម រង្ស៊ី ជាមនុស្សមហាកំសាក បានតែភូតភរបងប្អូនពីក្រៅប្រទេស ដូចយុវជនមកពីកូរ៉េ ពីជប៉ុនអីមកដេកចាំចាយលុយខ្លួនឯងទៅ មានតែត្រឡប់ទៅវិញខំធ្វើការខ្មឺតរកប្រាក់ » ។
ផ្ទុយពីការលើកឡើងរបស់អ្នកលោក សុខ ឥសាននេះ អ្នកវិភាគនយោបាយជើងចាស់ លោក បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា ថ្វីត្បិតតែថ្មីៗនេះតុលាការបានដោះលែង និងបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យដល់លោក កឹម សុខា និងសកម្មជនគណបក្សសង្គ្រោះជាតិក្ដី ក៏ស្ថានការណ៍នយោបាយនៅកម្ពុជាមិនទាន់ប្រសើរនៅឡើយទេ។ លោក បន្តថា ស្ថានការណ៍នយោបាយបែបនេះ ប្រសិនបើសកម្មជនគណបក្សប្រឆាំងបន្តស្នាក់នៅក្រៅប្រទេសល្អជាងការវិលចូលមកក្នុងស្រុក ពីព្រោះពួកគេនៅទៅនោះបានជួបប្រជុំគ្នាធ្វើសកម្មភាពនយោបាយបានច្រើនជាងអ្នកនៅក្នុងប្រទេស។ លោកបញ្ជាក់ថា សកម្មជនបក្សប្រឆាំងធ្វើសកម្មភាពច្រើនបានផលចំណេញដល់គណបក្សនេះ គឺធ្វើឱ្យអន្តរជាតិដាក់សម្ពាធកាន់តែខ្លាំងមកលើមកលើរដ្ឋាភិបាលកម្ពុជា៖ «ហើយធម្មតាអ្នកនៅក្រៅមិនអត់ប្រយោជន៍ទេ ជាពិសេសមេដឹកនាំ ក្នុងប្រវត្តិសាស្ត្រ » ដែលខ្ញុំចាំមានមេដឹកនាំ២រូបសំខាន់ៗ មានដូចជាលោក ឡេ នីន (Lenin) បានដឹកនាំធ្វើបដិវត្តនៅប្រទេសរុស្ស៊ី ឆ្នាំ១៩១៧ គាត់នៅក្រៅប្រទេស និងអ្នកដឹកនាំធ្វើបដិវត្តខាងសាសនាម្នាក់នៅប្រទេសអ៊ីរ៉ង់ នៅឆ្នាំ១៩៧៩ធ្វើមានការផ្លាស់ប្ដូរនៅក្នុងប្រទេសនេះជាដើម » ។
អ្នកគាំទ្រគណបក្សប្រឆាំងនៅប្រទេសថៃសង្ឃឹមថា លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សនេះ និងអាចរកច្រកចូលទៅកម្ពុជាបាននៅចុងឆ្នាំ២០១៩ នេះ ពីព្រោះលោក សម រង្ស៊ី កំពុងធ្វើការទូតជាមួយបណ្ដាប្រទេសអាស៊ាន និងសហភាពអឺរ៉ុប ដើម្បីឱ្យដាក់សម្ពាធទៅរបបក្រុងភ្នំពេញឱ្យងាកមកស្ដារប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់ឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។