បេក្ខជនជាង ៦ពាន់នាក់បានដាក់ពាក្យប្រឡងជ្រើសរើសនាយទាហានជំនាន់ថ្មី នៃក្រសួងការពារជាតិ។ មន្ត្រីសង្គមស៊ីវិលថា ក្រសួងការពារជាតិគួរតែមានអង្គភាពប្រឆាំងអំពើពុករលួយចូលរួមសង្កេតការប្រឡងនេះ ដើម្បីកាន់តែមានតម្លាភាពនៅក្នុងការប្រឡង។
ក្រសួងការពារជាតិរៀបចំការប្រឡងជ្រើសរើសនាយទាហានជំនាន់ថ្មីចំនួន ៤វគ្គ គឺវគ្គនាយទាហានសកម្មជំនាន់ទី២៥ វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី១៣ វគ្គនាយទាហានបន្តវេនជំនាន់ទី១៤ និងវគ្គនាយទាហានបច្ចេកទេសយោធា។
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ ថ្លែងក្នុងឱកាសបើកកម្មវិធីប្រឡងជ្រើសរើសនាយទាហានជំនាន់ថ្មី នៅថ្ងៃទី៥ មីនាថា បេក្ខជនចូលរួមប្រឡងជ្រើសរើសនាយទាហាននៅឆ្នាំនេះមានការកើនឡើងច្រើន គឺរហូតដល់ជាង ៦ពាន់នាក់ (៦.៣៩៩)។ លោកមានមោទនភាព ដែលយុវជន យុវនារី មានចំណាប់អារម្មណ៍ និងមានមនសិការស្នេហាជាតិ ហើយបានស្ម័គ្រចិត្តមកដាក់ពាក្យប្រលងចូលជានាយទាហាននៃកងយោធពលខេមរភូមិន្ទ។
លោក ឥត សារ៉ាត់ បានណែនាំដល់អនុគណៈកម្មការប្រឡងជ្រើសរើសនាយទាហាន និងគណៈកម្មការជ្រើសរើស ត្រូវរក្សាដំណើរការប្រឡងឱ្យប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ សុក្រឹត តម្លាភាព និងមានភាពយុត្តិធម៌ ពោលគឺអ្នកចេះគឺជាប់។
ការប្រឡងជ្រើសរើសនាយទាហានជំនាន់ថ្មីនេះ មានការត្រួតពិនិត្យដោយគណៈកម្មការប្រឡងនៃក្រសួងការពារជាតិ និងក្រសួងអប់រំយុវជន និងកីឡា។
លោក ឥត សារ៉ាត់ បញ្ជាក់ថា មូលហេតុដែលមិនមានអង្គភាពប្រឆាំងអំពើពុករលួយចូលរួមសង្កេតការណ៍ប្រឡងជ្រើសរើសនាយទាហានជំនាន់ថ្មី នោះគឺដោយ ក្រសួងការពារជាតិមានក្រុមអ្នកសង្កេតការណ៍ និងក្រុមគណៈកម្មការមកពីអគ្គបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោក។
អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត និយាយថា ការប្រឡងនេះគឺជ្រើសរើសលំដាប់ពិន្ទុ ១០០នាក់ដំបូងប៉ុណ្ណោះ។ លោក លើកទឹកចិត្តឲ្យបេក្ខជនប្រឡងអស់ពីសមត្ថភាព ត្រូវពឹងលើសមត្ថភាពខ្លួនឯង កុំរំពឹងលើវប្បធម៌អន្តរាគមន៍ ។
លោក ហ៊ុន ម៉ាណែត៖«កុំរំពឹងលើអ្នកជិតខាងចែករំលែក កុំរំពឹងទៅលើយកព្រុយយ៉ុងចូលគេឆែកហើយ កុំរំពឹងលើអ្នកដទៃឪពុកម្ដាយអុំពូមីងបងប្អូនទៅអន្តរាគមន៍ទៅរកជួបគេ កុំរំពឹងទៅលើថវិកាទៅសូកគេ ទុកចិត្តលើខ្លួនឯងខ្លះទៅ រៀនទុកចិត្តខ្លួនឯង រៀនទុកចិត្តលើសមត្ថភាពខ្លួនឯង ពេលដែលប្អូនជាប់ ជាប់ដោយមោទន បើប្អូនមិនជាប់ទេប្អូនបានអស់ចិត្តថា ប្អូនបានខិតខំអស់ហើយ មិត្តយើងខំប្រឹង គាត់ក៏មិនមែនបានយើងទេ អាហ្នឹងប្អូនដឹងពិត រួមគ្នាដើម្បីធ្វើមិចយុវជនទាំងអស់ សុទ្ធតែម្នាក់ៗ ចង់បានហើយ ការប្រកួតប្រជែងស្មើភាព យុត្តិធម៌ តម្លាភាព»។
បេក្ខជនចូលរួមប្រឡងជ្រើសរើសនាយទាហានជំនាន់ថ្មីពីខេត្តបាត់ដំបង លោក វៃ ដាវីន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៥ មីនានេះថា លោកមានសង្ឃឹមត្រឹម ៦០ភាគរយប៉ុណ្ណោះលើការប្រឡងនេះ ព្រោះការប្រឡងមានភាពតឹងរឹងដូចការប្រឡងបាក់ឌុបដែរ។ លោកបន្តថា បេក្ខជនអាចយកត្រឹមតែប៊ិចមួយដើមប៉ុណ្ណោះ ដើម្បីចូលប្រឡង ហើយមុននិងចូលបន្ទប់ប្រឡងបេក្ខជនត្រូវគេឆែកខ្លួន ដើម្បីរកសំណៅឯកសារផ្សេងៗ។ លោកបន្ថែមថា មុននិងចែកវិញ្ញាសាប្រឡង អនុរក្សត្រូវឲ្យបេក្ខជនចុះហត្ថលេខាលើកញ្ចប់វិញ្ញាសាប្រឡង មុននឹងបើកវិញ្ញាសា។
ជុំវិញការប្រឡងជ្រើសរើសនាយទាហាននេះ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ មានប្រសាសន៍ថា ក្រសួងការពារជាតិគួរតែមានការចូលរួមសង្កេតការណ៍ប្រឡងពីអង្គភាពប្រឆាំងអំពើពុករលួយ ឬខាងភាគីមន្ត្រីអង្គការសង្គមស៊ីវិល ដើម្បីឲ្យការប្រឡងកាន់តែមានតម្លាភាពអាចឲ្យប្រជាពលរដ្ឋជឿទុកចិត្តបាន។លោក កើត សារ៉ាយ៖«បើសិនជាមានការចូលរួមពីសង្គមស៊ីវិល នៅផ្នែកណាមួយនៃការចូលរួមធានាការមិនប្រព្រឹត្តអំពើពុករលួយក្នុងវិស័យយោធា ហើយនិងមានការចូលរួមដោយខាងអេស៊ីយូ(ACU-អង្គភាពប្រឆាំងអំពើពុករលួយ)ដែលជាមន្ត្រីស្អាតស្អំក្នុងការចូលរួមទៅ អាហ្នឹងខ្ញុំក៏គិតថាវាក៏ ជួយឲ្យល្អប្រសើរខ្លះដែរ»។
ការប្រឡងជ្រើសរើសនាយទាហានជំនាន់ថ្មីឆ្នាំ២០២៣ នេះ មានមណ្ឌលសរុបចំនួន៤ រួមមាន មណ្ឌលប្រឡងចំណេះដឹងទូទៅ និងភាសាបរទេស និងមួយមណ្ឌលសម្រាប់ការប្រឡងកីឡា កាយសម្បទា នៅក្នុងរាជធានីភ្នំពេញ។ ការប្រឡងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែមីនា។ បេក្ខជន ៦.៣៩៩នាក់ ដែលដាក់ពាក្យប្រឡង នឹងត្រូវជ្រើសរើសត្រឹមតែ ៣៨០នាក់ប៉ុណ្ណោះ ក្នុងនោះ វគ្គនាយទាហានសកម្មចំនួន ១០០នាក់ វគ្គនាយទាហានកងទ័ពជើងគោកចំនួន ១០០នាក់ វគ្គនាយទាហានបន្តវេនចំនួន ១៥០នាក់ និងវគ្គនាយទាហានបច្ចេកទេសយោធាចំនួន ៣០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។