ម្ដាយក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ រំពឹងថា តុលាការក្រុងភ្នំពេញនឹងទម្លាក់ចោលការចោទប្រកាន់ និងដោះលែងកូនប្រុសឱ្យមានសេរីភាពឡើងវិញ នៅថ្ងៃប្រកាសសាលក្រម ថ្ងៃទី១៣ ខែតុលា ខាងមុខនេះ ដើម្បីឲ្យទាន់ដង្ហើមយាយដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ព្រោះនឹកចៅជាពន់ពេក។ មន្ត្រីសង្គមស៊ីវិល ស្នើឱ្យតុលាការពិចារណាករណីនេះ ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មតិសហគមន៍ជាតិ និងអន្តរជាតិ ព្រមទាំងបន្ធូរបន្ថយភាពតានតឹងផ្នែកនយោបាយផងដែរ។
ម្ដាយរបស់ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ គឺលោកស្រី ព្រុំ ចាន់ថា នឹងចូលស្ដាប់ការប្រកាសសាលក្រមរបស់តុលាការក្រុងភ្នំពេញជុំវិញសំណុំរឿងកូនប្រុសនៅថ្ងៃទី១៣ ខែតុលា ខាងមុខនេះ។
តំណាងស្ត្រីថ្ងៃសុក្រដែលតែងតែចេញមុខតវ៉ាទាមទារឱ្យដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិកំពុងជាប់ឃុំ គឺលោកស្រី ព្រុំ ចន្ថា ថ្លែងប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១១ ខែតុលាថា អស់រយៈពេលជាង ៣ខែមកហើយ ដែលកូនប្រុសលោកស្រីបានជាប់ពន្ធនាគារដោយអយុត្តិធម៌។ លោកស្រីព្រួយបារម្ភកូនប្រុសជាខ្លាំង ពេលឃើញរាងកាយស្គមស្គាំង កើតជំងឺកន្ទួលរមាស់ពេញខ្លួន ហើយលើសពីនេះស្ថានភាពជំងឺខ្សោយសតិស្មារតី ឬជំងឺអូទីហ្សឹម (Autism) មានអាការៈធ្ងន់ធ្ងរ ដោយត្រូវការពិនិត្យពីគ្រូពេទ្យ និងថែទាំពីគ្រួសារឱ្យបានឆាប់។
លោកស្រី ព្រំ ចន្ថា ឱ្យដឹងទៀតថា អំឡុងពេលកូនប្រុសជាប់ពន្ធនាគារម្ដាយលោកស្រី ដែលជាយាយបង្កើត កាក់ សុវណ្ណច្ឆ័យ បានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់រហូតដល់ដាច់បាយ និងទឹកជាងពីរសប្ដាហ៍មកនេះ ព្រោះគាត់តក់ស្លុត អាណិត និងនឹករលឹកចៅជាខ្លាំង ហើយម្ដាយលោកស្រីចង់ជួបមុខចៅប្រុសជាខ្លាំងមុនពេលគាត់ស្លាប់។ លោកស្រីសង្ឃឹមថា តុលាការក្រុងភ្នំពេញនឹងទម្លាក់ចោលការចោទប្រកាន់ និងដោះលែងកូនប្រុសឱ្យមានសេរីភាពឡើងវិញ ដើម្បីឱ្យ សុវណ្ណច្ឆ័យ មកទាន់ដង្ហើមយាយជាចុងក្រោយ និងទទួលការយកចិត្តទុកដាក់ថែទាំងពីសំណាក់គ្រួសារ៖ «គាត់យំនឹកយាយ។ គាត់មិនធ្លាប់បែកពីយាយ និងខ្ញុំ។ គាត់សង្ឃឹមថា គាត់នៅថ្ងៃទី១៣ ហ្នឹង បានចេញជួបជុំក្រុមគ្រួសារ និងបានទាន់ដង្ហើមយាយជាលើកចុងក្រោយផង ឱ្យគាត់ទៅឱ្យអស់ចិត្ត រឿងនេះដែរ សូមឱ្យតុលាការប្រកាសសាលក្រមនៅថ្ងៃទី១៣ តុលា សូមឱ្យគាត់ដោះលែងទម្លាក់ចោលការចោទ ឬក៏ឱ្យគាត់នៅក្រៅឃុំ ឬក៏កាត់តម្រឹមហ្នឹងចុះ»។
តុលាការ បានបើកសវនាការលើកូនប្រុសរបស់សកម្មជនបក្សប្រឆាំងរូបនេះ កាលពីថ្ងៃទី២៩ ខែកញ្ញា ហើយគ្រោងនឹងប្រកាសសាលក្រមនៅថ្ងៃទី១៣ ខែតុលា។

ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ក្រោមបទចោទញុះញង់ និងប្រមាថមន្ត្រីសាធារណៈពាក់ព័ន្ធនឹងការបញ្ចេញមតិតាមអនឡាញ។ នៅមុនពេលចាប់ខ្លួន ក្មេងប្រុសរូបនេះ ក៏ធ្លាប់ទទួលរងការវាយដំពីសំណាក់ជនមិនស្គាល់មុខពីរនាក់បណ្ដាលឱ្យស្រាំឆ្អឹងលលាដ៍ក្បាល។ ឪពុករបស់កុមាររូបនេះ គឺលោក កាក់ កុម្ភារ ជាសមាជិកគណបក្សសង្គ្រោះជាតិ បច្ចុប្បន្នក៏កំពុងជាប់ពន្ធនាគារតាំងពីខែមិថុនា ឆ្នាំ២០២០ មក ដោយរងការចោទប្រកាន់ពីបទផ្ដើមគំនិតក្នុង អំពើប្រមាថ និងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ។ រីឯម្ដាយរបស់កុមាររូបនេះ ជាសកម្មជនក្រុមស្ត្រីថ្ងៃសុក្រ គឺលោកស្រី ព្រុំ ចន្ថា ក៏តែងទទួលរងនូវការវាយដំពីកងសន្តិសុខ ក្នុងអំឡុងពេលដែលលោកស្រីតវ៉ាដោយសន្តិវិធីតាមទារ ឱ្យដោះលែងប្ដី និងកូន រួមទាំងសកម្មជនជាប់ឃុំដទៃទៀត។ កុមារ កាក់ សុវណ្ណច្ឆ័យ មានជំងឺខ្សោយបញ្ញាស្មារតី ឬអូទីហ្សឹម ពីកំណើត។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យតុលាការក្រុងភ្នំពេញលោក អ៊ី រិន្ទ ដើម្បីសុំការឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី១១ តុលា ដោយទូរស័ព្ទចូលតែពុំមានអ្នកទទួល។
កម្ពុជាបានផ្តល់សច្ចាប័នកាលពីឆ្នាំ១៩៩២ លើអនុសញ្ញាស្ដីពីសិទ្ធិកុមារដែលចែងថា ការចាប់ខ្លួន និងការឃុំខ្លួនកុមារ គួរតែត្រូវបានប្រើជាជម្រើសចុងក្រោយ និងសម្រាប់រយៈពេលខ្លីបំផុត។

ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា កន្លងមក សង្គមស៊ីវិលសោកស្ដាយចំពោះអាជ្ញាធរ ដែលបានចាប់ និងឃុំខ្លួនកុមារ កាក់ សុវណ្ណច្ឆ័យ ដាក់ពន្ធនាគារទាំងក្មេងប្រុសរូបនេះជាអនីតិជនមានជំងឺអូទីហ្សឹមពីកំណើត។ សង្គមស៊ីវិលរូបនេះមិនសង្ឃឹមថា តុលាការទម្លាក់ចោលការចោទប្រកាន់ ឬដោះលែងកូនប្រុសសកម្មជនបក្សប្រឆាំងរូបនេះទេ ប្រសិនស្ថានការណ៍នយោបាយមិនទាន់ប្រសើរឡើងវិញនោះ។ ទោះជាយ៉ាងណាលោកស្នើឱ្យតុលាការពិចារណាករណីនេះ ដើម្បីឆ្លើយតបទៅនឹងក្ដីកង្វល់របស់អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ៖ «ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍អ្នករាយការណ៍ពិសេសបានលើកឡើង ក៏ដូចឆ្លើយតបទៅនឹងអ្វីដែលជាការស្នើសុំរបស់អង្គការសង្គមស៊ីវិលកន្លងមក និងអង្គការអន្តរជាតិ អ្នកការទូតផ្សេងៗ ខ្ញុំគិតថាគួរតែពិចារណាក្នុងការដោះលែងកុមារ កាក់ សុវណ្ណច្ឆ័យ យើងគិតថាឱ្យក្លាយជាសេចក្តីផ្ដើមមួយនៃការចាប់ផ្ដើមបន្ធូរបន្ថយបរិយាកាសនយោបាយ នៅពេលដែលតុលាការសម្រេចខាងមុខហ្នឹង»។
កាលពីពេលថ្មីៗ នេះ ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិចំនួន ៤រូប ក្នុងនោះរួមមានអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត ម៉ុនតារប៊ន (Vitit Muntarbhorn) និងអ្នករាយការណ៍ពិសេសស្ដីពីការលើកកម្ពស់ និងការការពារសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងទស្សនៈ អ្នកស្រី អ៊ាយរ៊ីន ខាន់ (Irene Khan) បានអំពាវនាវឱ្យដោះលែងកុមារ កាក់ សុវណ្ណច្ឆ័យ។ ក្រុមអ្នកជំនាញសិទ្ធិមនុស្សទាំងនេះ ព្រួយបារម្ភជាខ្លាំងចំពោះការឃុំខ្លួនក្មេងប្រុសរូបនេះដែលជាអនីតិជនអាយុ ១៧ឆ្នាំ និងកើតជំងឺអូទីហ្សឹម ហើយពួកគេក៏មានការព្រួយបារម្ភជាខ្លាំងផងដែរ ដែលកុមាររូបនេះ ត្រូវបានអាជ្ញាធរចាប់ខ្លួនដោយគ្មានដីកា សួរចម្លើយដោយគ្មានវត្តមានមេធាវី ឬអាណាព្យាបាលរបស់គាត់។ ពួកគេថា ការប្រព្រឹត្តដោយអាជ្ញាធរកម្ពុជាមកលើកុមាររូបនេះ គឺជាការរំលោភច្បាប់ស្ដីពីយុត្តិធម៌អនីតិជនកម្ពុជា និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។
លើសពីនេះក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក៏អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាធានាថា សិទ្ធិមនុស្សរបស់កុមាររូបនេះ ត្រូវបានការពារស្របតាមគោលការណ៍ឧត្ដមផលប្រយោជន៍របស់កុមារ ដោយអនុលោមតាមអនុសញ្ញាស្ដីពីសិទ្ធិកុមារ អនុសញ្ញាស្ដីពីសិទ្ធិជនពិការ និងច្បាប់កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។