ម្ដាយ​របស់​យុវជន​ កាក់ សុវណ្ណច្ឆ័យ ថា សាលា​ឧទ្ធរណ៍​បន្ត​ឃុំ​កូន​ជា​រឿង​អយុត្តិធម៌

0:00 / 0:00

សាលា​ឧទ្ធរណ៍​ភ្នំពេញ បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​កូន​ប្រុស​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ គឺ​យុវជន​ កាក់ សុវណ្ណច្ឆ័យ ដោយ​សំអាង​ថា ខ្លាច​ជន​ជាប់​ឃុំ ទៅ​ប្រព្រឹត្តិ​បទ​ល្មើស​ផ្សេង​ទៀត នៅ​ពេល​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ សាច់​ញាតិ និង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស ហៅ​ការ​សម្រេច​របស់​តុលាការ​ជាន់ខ្ពស់​មួយ​នេះ​ថា ជា​រឿង​អយុត្តិធម៌។

មេធាវី​ការពារ​ក្ដី និង​សាច់ញាតិ​របស់​ជន​ជាប់​យល់​ថា តុលាការ​ឧទ្ធរណ៍​ភ្នំពេញ​គួរ​តែ​ដោះ​លែង​យុវជន កាត់ សុវណ្ណឆ័យ ឱ្យ​បាន​សេរីភាព ពីព្រោះ​លោក​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​ឡើយ។ ក្នុង​សវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន នៅ​ព្រឹក​ថ្ងៃ​ទី៣ សីហា ឆ្មាំ​ពន្ធនាគារ​មិន​បាន​ដឹក​ក្មេង​ប្រុស កាក់ សុវណ្ណច្ឆ័យ មក​ចូលរួម​ទេ ដោយ​សារ​បារម្ភ​ឆ្លង​ជំងឺ​កូវីដ១៩ (Covid-19)។ សវនាការ​នេះ​​ក៏​មិន​អនុញ្ញាត​ឲ្យ​ម្ដាយ​របស់​ក្មេង​ប្រុស កាក់ សុវណ្ណ​ច្ឆ័យ បាន​ចូលរួម​ស្ដាប់​ដោយ​ផ្ទាល់​ដែរ គឺ​មាន​តែ​មេធាវី​ជន​ជាប់​ឃុំ​ម្នាក់​គត់។

មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​ជាប់​ឃុំ គឺ​លោក សំ សុគង់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៣ សីហា​ថា លោក​បាន​ទាញ​ហេតុផល​ច្បាប់ និង​ស្ថានភាព​ជាក់ស្ដែង ទាំង​ការ​មាន​លំនៅឋាន​ច្បាស់លាស់ តម្រូវ​ការ​រៀន​សូត្រ​របស់​កុមារ និង​ប្រវត្តិ​នៃ​ជំងឺ​អូទីស្សឹម (Autism) ​របស់​យុវជន កាក់ សុវណ្ណច្ឆ័យ ដើម្បី​​​ស្នើសុំ​ឲ្យ​មាន​ការ​ដោះ​លែង​កូន​ក្ដី។ ប៉ុន្តែ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ គឺ​លោក ឌុច សុខសារិន មិន​យល់​ព្រម ហើយ​សម្រេច​បន្ត​ឃុំ​ខ្លួន​កូន​ក្ដី​ដដែល ដោយ​លើក​ហេតុផល​ថា ខ្លាច​យុវជន កាក់ សុវណ្ណច្ឆ័យ ប្រព្រឹត្តិ​បទ​ល្មើស​ផ្សេង​ទៀត​នៅ​ពេល​នៅ​ក្រៅ​ឃុំ។ លោក​មេធាវី​យល់​ថា ការ​សម្រេច​ក្ដី​នេះ មិន​ផ្ដល់​យុត្តិធម៌​សម្រាប់​កូន​ក្ដី​របស់​លោក​នោះ​ទេ៖ « ខ្ញុំ​យល់​ថា​ហេតុផល​នេះ មិន​ទាន់​មាន​លក្ខណៈ​សម​ហេតុផល​ទេ ហើយ​ការ​ពិភាក្សា​ជាមួយ​ម្ដាយ​របស់​កុមារ កាក់ សុវណ្ណច្ឆ័យ ហ្នឹង គឺ​ម្ដាយ​របស់​កុមារា​ហ្នឹង គាត់​យល់​ឃើញ​ថា​ការ​សាលដីកា​​មិន​ទាន់​បាន​ផ្ដល់​យុត្តិធម៌​ឲ្យ​គាត់​ទេ ហើយ​គាត់​ស្នើសុំ​ឲ្យ​មេធាវី​ការពារ​ឲ្យ​កូន​គាត់​ហ្នឹង រៀបចំ​បណ្ដឹង​សាទុក្ខ»

ចំណែក​ម្ដាយ​របស់​យុវជន កាក់ សុវណ្ណច្ឆ័យ គឺ​លោកស្រី ព្រុំ ចាន់ថា ដែល​រង់ចាំ​ស្ដាប់​លទ្ធផល​សវនាការ​ពី​មេធាវី នៅ​ខាង​ក្រៅ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​​ចាត់​ទុក​​ការ​សម្រេច​​នេះ​ថា ជា​រឿង​អយុត្តិធម៌​មិន​អាច​ទទួល​យក​បាន​ឡើយ។ បន្ថែម​ពី​នេះ​លោកស្រី​​ក៏​សោកស្ដាយ​ចំពោះ​មន្ត្រី​ពន្ធនាគារ​​ដែល​​មិន​​បាន​​ដឹក​កូន​ប្រុស​របស់​គាត់​មក​ឡើង​សវនាការ៖ « កាត់​ក្ដី​ដែល​អយុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​ពួក​ខ្ញុំ​ និង​កូន​ប្រុស​ខ្ញុំ​អ៊ីចឹង​វា​អត់​ត្រឹមត្រូវ​ទេ អា​នេះ​គេ​ហៅ​ថា​មិន​ដឹង​ក្រម​សីលធម៌​ទៅ​ណា​ទេ​អា​ហ្នឹង​ណា។ រៀន​មក យក​អា​ការណ៍​រៀន​សូត្រ​ហ្នឹង​មក​បំពាន​ច្បាប់​ទាំង​ស្រុង​តែ​ម្ដង»

រយៈ​ពេល​ជាង​មួយ​ខែ នៃ​ការ​ឃុំ​ខ្លួន កាក់ សុវណ្ណច្ឆ័យ មក​នេះ លោកស្រី ព្រុំ ចាន់ថា មិន​ដែល​បាន​ទទួល​ដំណឹង​សុខ​ទុក្ខ​កូន​ប្រុស​នៅ​ក្នុង​ពន្ធនាគារ "ម២" នោះ​ទេ។ លោក​ស្រី​បាត់​ដំណឹង​កូន​ ចាប់​តាំង​ពី​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ ចាប់​ខ្លួន​កូន​គាត់​ពី​ក្នុង​លំនៅឋាន​កាល​ពី​យប់​ថ្ងៃ​ទី២៥ មិថុនា​រហូត​មក។

ដើម​ហេតុ​នៃ​ការ​ចាប់​ខ្លួន​ ក្មេង​ប្រុស​ កាក់ សុវណ្ណ​ច្ឆ័យ គឺ​នគរបាល​បាន​ចោទ​ជន​ជាប់​រូប​នេះ​ថា ញុះញង់ នឹង​ជេរ​ប្រមាថ​រដ្ឋាភិបាល​ក្នុង​ក្រុម (Group) ជជែក​គ្នា​មួយ នៃ​បណ្ដាញ​សង្គម (Telegram)។ ​លោកស្រី ព្រុំ ចាន់ថា អះអាង​ថា កូន​របស់​លោក​ស្រី​ចាញ់​បោក​ការ​បញ្ឆោត​របស់​មនុស្ស​មួយ​ក្រុម​ក្នុង​បណ្ដាញ​សង្គម​នោះ ដោយ​ពួកគេ​នាំ​គ្នា​ជេរ​ប្រមាថ​ឪពុក​ម្ដាយ​របស់​យុវជន កាក់ សុវណ្ណច្ឆ័យ ថា ជា​ក្រុម​ក្បត់​ជាតិ ទើប​កូន​របស់​គាត់​ខឹង​ច្រឡោត ហើយ​ជេរ​តប​ត​វិញ​តែ​ម្ដង។

ជុំវិញ​​ការ​សម្រេច​ក្ដី​របស់​សាលា​ឧទ្ធរណ៍​នេះ ប្រធាន​សមាគម​​សិទ្ធិ​មនុស្ស​អាដហុក លោក នី​ សុខា យល់​ថា​យុវជន កាក់ សុវណ្ណច្ឆ័យ មិន​មាន​លទ្ធភាព​ប្រព្រឹត្តិ​បទ​ល្មើស​​ណា​មួយ ដែល​បង្ក​​ឲ្យ​កើត​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម​នោះ​ទេ។ អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ ជំរុញ​ឲ្យ​​ចៅក្រម​គ្រប់​ជាន់​ថ្នាក់​ពិចារណា​​ដោះ​លែង​​​យុវជន កាក់ សុវណ្ណច្ឆ័យ ឲ្យ​មាន​សេរីភាព​វិញ៖ « ក្រម​ព្រហ្មទណ្ឌ​គឺ​ថា​ការ​ឃុំ​ខ្លួន វា​ទាល់​តែ​នៅ​ក្នុង​លក្ខខណ្ឌ​ចាំបាច់​បំផុត​ដែល​តុលាការ​ត្រូវ​ធ្វើការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន។ ប៉ុន្តែ​យើង​មើល​ឃើញ​ជាក់ស្ដែង​សម្រាប់​សកម្មជន​សង្គម សកម្មជន​សិទ្ធិ​មនុស្ស សកម្មជន​បរិស្ថាន សកម្មជន​នយោបាយ​អ្វី ភាគច្រើន​គឺ​តុលាការ​គាត់​យក​​ជម្រើស​ការ​ឃុំ​ខ្លួន​ហ្នឹង ជា​ជម្រើស​ចម្បង​ទៅ​វិញ ដែល​វា​ជា​រឿង​មួយ ដែល​វា​ជា​ការ​សម្រេច​ផ្ទុយ​ពី​ស្មារតី​នៃ​ច្បាប់»

កាល​ពី​ខែ​តុលា ឆ្នាំ២០២០ មន្ត្រី​នគរបាល​ប៉ុស្តិ៍​ចាក់​អង្រែ​លើ​ ខណ្ឌ​មាន​ជ័យ បាន​ចាប់​ឃុំ​ខ្លួន​យុវជន​នេះ ២យប់ ២ថ្ងៃ​ម្ដង​ហើយ ដោយ​ចោទ​ថា យុវជន​រូប​នេះ​ចូល​ក្នុង​​​បរិវេណ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ទីតាំង​ហាម​ឃាត់។ យុវជន​រូប​នេះ​អះអាង​ថា ក្នុង​ពេល​ឃុំ​ខ្លួន​នោះ ប៉ូលិស​បាន​វាយ និង​ដាល់​ផ្ទៃ​មុខ​គាត់​ច្រើន​ដៃ ទើប​បង្គាប់​ឲ្យ​គាត់​ធ្វើ​កិច្ច​សន្យា​ទទួល​ស្គាល់​កំហុស ដើម្បី​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ឱ្យ​មាន​សេរីភាព។ ក្រោយ​មក​នៅ​ចុង​ខែ​មេសា ជន​មិន​ស្គាល់​មុខ ២នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​គប់​យុវជន​កាក់ សុវណ្ណច្ឆ័យ នឹង​ដុំ​ឥដ្ឋ​ត្រូវ​ចំ​ក្បាល​ខាង​ឆ្វេង​បណ្ដាល​ឲ្យ​របួស​ធ្ងន់​ ហើយ​រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​មិន​ទាន់​រក​ឃើញ​ជន​ដៃ​ដល់​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។