គ្រួសាររបស់លោក អ៊ុំ សំអាន តំណាងរាស្ត្របក្សប្រឆាំងដែលសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃអាទិត្យ ទី១០ ខែមេសា ទាមទារឲ្យសមត្ថកិច្ចដោះលែងរូបលោកឲ្យមានសេរីភាពឡើងវិញ។ លោក អ៊ុំ សំអាន កំពុងស្ថិតក្នុងការឃុំខ្លួននៅក្រសួងមហាផ្ទៃ ក្រោយពីតុលាការក្រុងភ្នំពេញ បានសាកសួរលោកអស់រយៈពេលជាច្រើនម៉ោងកាលពីថ្ងៃច័ន្ទ ទី១១ មេសា ហើយបន្តនីតិវិធីសាកសួរនៅថ្ងៃអង្គារ នេះទៀត។ មន្ត្រីក្រសួងមហាផ្ទៃ អះអាងថា លោក អ៊ុំ សំអាន បានប្រព្រឹត្តបទល្មើសជាក់ស្តែងដែលត្រូវរង់ចាំការផ្ដន្ទាទោសពីតុលាការ។
ភរិយារបស់លោក អ៊ុំ សំអាន ចាត់ទុកការចាប់ខ្លួនប្ដីរបស់លោកស្រី ថាធ្វើឡើងដោយអយុត្តិធម៌ និងរំលោភសិទ្ធិក្នុងការបញ្ចេញមតិយ៉ាងធ្ងន់ធ្ងរ។
លោកស្រី ណារ៉ា សុភ័ក្ត្រា មានប្រសាសន៍ថា ប្តីរបស់លោកស្រីជាអ្នកស្នេហាជាតិមួយរូបដែលមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយខិតខំធ្វើយ៉ាងណាដើម្បីឲ្យប្រាកដថា ព្រំដែនរបស់ខ្មែរមិនត្រូវបាត់បង់ទៅប្រទេសជិតខាង៖ «វាជាអំពើអយុត្តិធម៌ណាស់! ពីព្រោះអីបង អាន មិនមែនមិនដឹងថា ទៅហ្នឹងនឹងមានការចាប់ខ្លួនទេ គឺគាត់ដឹង គាត់ដឹងខ្លួន។ ប៉ុន្តែគាត់ថា អំពើដែលគាត់ធ្វើហ្នឹងគឺរដ្ឋាភិបាលប្រាកដជាយល់ថា អំពើដែលគាត់ធ្វើជាអំពើស្នេហាជាតិ។ យើងទាំងអស់គ្នាក៏សុទ្ធតែដឹងដែរ ហើយចោទប្រកាន់គាត់ពីបទប្រើប្រាស់ផែនទីក្លែងក្លាយ ពីបទញុះញង់។ វាគ្រាន់តែជាការចោទប្រកាន់មិនមែនជាការពិត។ ផែនទីដែលយើងទទួលបានហ្នឹង គឺយើងដឹងហើយថា បានមកពីប្រភពច្បាស់លាស់»។
លោក អ៊ុំ សំអាន បានត្រឡប់ពីសហរដ្ឋអាមេរិក ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃទី១០ ខែមេសា ហើយមិនបានមួយថ្ងៃផង លោកត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួននៅវេលាម៉ោង ១២ និង ៣៨នាទី រំលងអធ្រាត្រចូលថ្ងៃទី១១ ខែមេសា ខណៈលោកកំពុងចុះដកលុយពីម៉ាស៊ីន អេ.ធី.អឹម (ATM)។ លោកត្រូវបានសមត្ថកិច្ចចោទប្រកាន់ពីបទប្រើប្រាស់ផែនទីក្លែងក្លាយ និងបទញុះញង់ឲ្យមានការរើសអើងជាតិសាសន៍។
ភរិយារបស់លោក អ៊ុំ សំអាន លោស្រី ណារ៉ា សុភ័ក្ត្រា ទាមទារឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញ ដោះលែងប្តីរបស់លោកស្រីជាបន្ទាន់ ពីព្រោះអ្វីដែលប្តីរបស់លោកស្រីតែងតវ៉ាអំពីបញ្ហាបូរណភាពទឹកដីនោះ វាគឺជាសិទ្ធិក្នុងការបញ្ចេញមតិ និងជាកាតព្វកិច្ចរបស់អ្នកតំណាងរាស្ត្រក្នុងការស្រាវជ្រាវរកភស្តុតាងពិតប្រាកដដើម្បីបុព្វហេតុការពារជាតិមាតុភូមិប៉ុណ្ណោះ៖ «បើជាតំណាងរាស្ត្រអត់បញ្ចេញយោបល់ តើគាត់ធ្វើជាតំណាងរាស្ត្រធ្វើអី? អ៊ីចឹងគាត់បញ្ចេញយោបល់ឲ្យអ្នកទាំងអស់គ្នាសើរើឡើង។ នេះជាបញ្ហានៃការបាត់បង់ទឹកដី ដែលប្រជារាស្ត្រទាំងអស់គួរតែស្វែងយល់ទាំងអស់គ្នា។ ដល់ពេលគាត់បញ្ចេញយោបល់ថាគាត់ញុះញង់។ តំណាងរាស្ត្រធ្វើម៉េចបញ្ចេញយោបល់បាន បើបញ្ចេញយោបល់ទៅខុសៗ? មិនគួរធ្វើបាបគាត់អ៊ីចឹងទេ គួរតែយកយោបល់គាត់ទៅ ពិភាក្សាក្នុងអង្គប្រជុំ។ ក្នុងនាមជាអ្នកតំណាងរាស្ត្រយកយោបល់របស់ប្រជារាស្ត្រទៅបញ្ចេញមតិ គួណាស់តែយកយោបល់គាត់ទៅដោះស្រាយ មិនមែនបែរជាចោទប្រកាន់គាត់ទៅវិញទេ ហើយការចោទប្រកាន់ទាំងអស់ហ្នឹងគឺខុសទាំងស្រុង»។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តសៀមរាប លោក អ៊ុំ សំអាន ជាអតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៤។ លោកតែងតែជាសកម្មជនការពារព្រំដែនខ្មែរយ៉ាងស្វិតស្វាញពីការឈ្លានពានទឹកដីពីប្រទេសជិតខាង និងជាអ្នករិះគន់ការដឹកនាំរបស់លោក ហ៊ុន សែន យ៉ាងឥតសំចៃមាត់ផងដែរ។
លោកបានទទួលសញ្ជាតិអាមេរិកាំង នៅឆ្នាំ២០១២ ហើយក្រោយមកលោកបានរៀនចប់ថ្នាក់បណ្ឌិតខាងផ្នែករដ្ឋបាលសាធារណៈនៃសកលវិទ្យាល័យ ណ័រស៍ ស៊ែនត្រល (North Central University) ក្នុងរដ្ឋអារីហ្សូណា (Arizona) ខណៈលោកកំពុងរស់នៅក្នុងទីក្រុងឡូរែល (Lowell) រដ្ឋម៉ាស្សាឈូសេត (Massachusetts)។
លោក អ៊ុំ សំអាន មានកូនប្រុសម្នាក់ ឈ្មោះ អ៊ុំ បណ្ឌិត ភីតធឺ (Bandit Peter Um) អាយុ ៨ឆ្នាំ រៀនថ្នាក់ទីមួយ។ គ្រួសាររបស់លោក អ៊ុំ សំអាន បានផ្លាស់ទីលំនៅទៅរដ្ឋអារីហ្សូណា កាលពីខែមីនា ឆ្នាំ២០១៦។
លោកស្រី សុភ័ក្ត្រា ថ្លែងថា ការចាប់ខ្លួនប្តីរបស់លោកស្រីធ្វើឲ្យគ្រួសាររបស់លោកស្រីជួបប្រទះវិបត្តិធ្ងន់ធ្ងរ ហើយជាពិសេសនឹងប៉ះទង្គិចដល់ការសិក្សារបស់កូន។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។