ស្ថានទូត​ជប៉ុន​ផ្ញើ​សារ​រំលែក​ទុក្ខ​គ្រួសារ​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​ជនជាតិ​ជប៉ុន​សម្លាប់

ឯកអគ្គរដ្ឋទូត​ជប៉ុន​កាលពី​ថ្ងៃទី២០ ខែ​មីនា បាន​ចេញ​សារ​រំលែក​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​របស់​លោក ហ៊ឹម ចាន់ ជា​អ្នក​បើកបរ​រថយន្តឈ្នួល​ដែល​ត្រូវ​បាន​ជនជាតិ​ជប៉ុន​ពីរ​នាក់​អារ​ក​សម្លាប់ កាលពី​ថ្ងៃ​ទី ១៧ ខែ​មីនា នៅ​ក្នុង​ស្រុក​ពួក ខេត្ត​សៀមរាប។ ទន្ទឹម​គ្នា​នេះ ជនជាតិ​ជប៉ុន និង​ខ្លះ​ជា​កីឡាករ​បាល់ទាត់​ជនជាតិ​ជប៉ុន ក្នុង​ក្លឹប​បាល់ទាត់​អង្គរ​ថៃហ្គ័រ (Angkor Tiger) សៀមរាប ក៏បាន​រួមគ្នា​បរិច្ចាគ​ថវិកា​ជាង ៤​ពាន់​ដុល្លារ​ដល់​ក្រុម​គ្រួសារ​សព​ផង​ដែរ។

សារ​រំលែក​ទុក្ខ​របស់​ស្ថានទូត​ជប៉ុន​ដែល​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដោយ​ភ្ជាប់​ជាមួយ​នឹង​រូបភាព​បូ​ពណ៌​ខ្មៅ​បាន​ថ្លែង​អំពី​ការចូលរួម​កាន់ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​នៃ​សព និង​ឧទ្ទិស​ទៅដល់​អ្នក​ដែល​ស្លាប់​ទៅ​ឱ្យបាន​ទៅកាន់​សុគតិភព​។ ទោះ​យ៉ាងណា ស្ថានទូត​ជប៉ុន​មិនបាន​សម្ដែង​សារ​ណាមួយ ដែល​ទាក់ទង​នឹង​ជនជាតិ​ជប៉ុន​ទាំងពីរ​នាក់​ដែល​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ ដែល​ជា​អ្នក​បើក​រថយន្ត​ឈ្នួល​នេះ​ថា យ៉ាងណា​នោះ​ទេ។

ជនរងគ្រោះ​វ័យ ៤០​ឆ្នាំ លោក ហ៊ឹម ចាន់ ដែល​បាន​ស្លាប់​ទៅ បាន​បន្សល់ទុក​នូវ​ភរិយា និង​កូនៗ​ចំនួន ៤​នាក់។

អំពើ​ឃាតកម្ម កាលពី​ថ្ងៃទី១៧ ខែ​មីនា នោះ បាន​កើត​ឡើង នៅ​ពេល​ដែល​ជនជាតិ​ជប៉ុន​វ័យ​ប្រមាណ ២០​ឆ្នាំ ពីរ​នាក់​បាន​ជិះ​រថយន្ត​របស់​សព​ឈ្មោះ ហ៊ឹម ចាន់ ចេញ​ដំណើរ​ពី​ខេត្ត​បន្ទាយមានជ័យ ឆ្ពោះ​ទៅ​កាន់​ខេត្ត​សៀមរាប។ ជនជាតិ​ជប៉ុន​ទាំងពីរ​នេះ បាន​ប្រើ​ល្បិច ដើម្បី​អារ​ក​ជនរងគ្រោះ និង​បាន​រុញ​ជនរងគ្រោះ​ចេញពី​រថយន្ត ដើម្បី​ប្លន់​យក​រថយន្ត​ម៉ាក​ហាយឡែនឌើ (Highlander) របស់​ជនរងគ្រោះ។

ទោះ​យ៉ាង​ណា​ជនល្មើស​ទាំងពីរ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់ពី​ជនជាតិ​ជប៉ុន​ទាំងពីរ​នាក់​នេះ​បាន​បើក​រថយន្ត​ទៅ​បុក​ជាមួយ​នឹង​គោយន្ត​កន្ត្រៃ ដែល​កំពុង​ដឹក​ស្រូវ​លើ​ផ្លូវ​ស្របគ្នា និង​រ៉េ​ទៅ​បុក​ផ្ទះ​របស់​ពលរដ្ឋ។

សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ជនល្មើស​ទាំង​ពីរ​នេះ​បញ្ជូន​ទៅ​តុលាការ​ខេត្ត​សៀមរាប និង​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​សៀមរាប លោក ជូ លឹមហ៊ាង បាន​សម្រេច​បង្គាប់​ឱ្យ​ឃុំខ្លួន ជនជាតិ​ជប៉ុន​ទាំងពីរ​នាក់​បណ្ដោះអាសន្ន​ដោយ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការពិនិត្យ​នៃ​បទល្មើស ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា ២០០​នៃ​ក្រមព្រហ្មទណ្ឌ កាលពី​ថ្ងៃទី១៩ ខែ​មីនា។

សារព័ត៌មាន​ក្នុងស្រុក​បាន​ដកស្រង់​សម្ដី​របស់​ជនជាតិ​ជប៉ុន​ទាំងពីរ​នាក់​ថា ពួកគេ​តាំងចិត្ត​ប្លន់​រថយន្ត​នេះ ដើម្បី​យក​ប្រាក់​ទៅ​ដោះ​បំណុល​ដែល​បាន​ជំពាក់​គេ​ប្រមាណ ៤​លាន​យេន ដែល​ស្មើ​ជាង ៣​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។ ពួកគេ​ក៏បាន​សារភាព​ប្រាប់​មន្ត្រី​ប៉ូលិស​បន្ថែម​ថា បន្ទាប់ពី​សកម្មភាព​ប្លន់​រថយន្ត​នេះ​ពួកគេ​ក៏​គ្រោង​នឹង​ប្រើប្រាស់​រថយន្ត​ដែល​ប្លន់​បាន​នេះ​ដើម្បី​ធ្វើ​សកម្មភាព​ឧក្រិដ្ឋ​ផ្សេងទៀត​ផង​ដែរ។

មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ​ចែងថា ជន​ដែល​ត្រូវ​ផ្ដន្ទាទោស ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។