រដ្ឋសភា​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​គណៈកម្មការ​ទាំង​៩

រដ្ឋសភា​ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បើក​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៥ រួច​ហើយ នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៣ ដើម្បី​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​គណៈកម្មការ​ជំនាញ​ទាំង​៩​នៃ​រដ្ឋសភា។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​បន្ត​ចោទ​ប្រកាន់​រដ្ឋសភា​ថា​ខុស​ច្បាប់ និង​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ។
ដោយ យាង សុជាមេត្តា
2013-10-10
Share
បោះ​ឆ្នោត​សមាជិក​ជំនាញ​សភា ៦១០ សកម្មភាព​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​គណៈកម្មការ​ជំនាញ​ទាំង​៩ នៃ​រដ្ឋសភា នៅ​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១៣។
Photo: RFA

ដូច​ការ​គ្រោង​ទុក រដ្ឋសភា​ដែល​មាន​សុទ្ធតែ​សមាជិក​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​គណៈកម្មការ​ទាំង​៩ របស់​ខ្លួន ប្រកប​ដោយ​ជោគជ័យ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ ៦៥ លើ ៦៥ នៃ​ចំនួន​សមាជិក​ដែល​បាន​ចូល​រួម។ លោក ហ៊ុន សែន លោក សុខ អាន និង លោក ហោ ណាំហុង មិន​បាន​ចូល​រួម​ក្នុង​សម័យ​ប្រជុំ​នេះ​ទេ ដោយ​លោក​ទាំង​បី​ជាប់​រវល់​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ច្រាន​ចោល​លទ្ធផល​បោះ​ឆ្នោត ហើយ​នៅ​តែ​ប្រកាន់​ជំហរ​មិន​ចូល​រួម​ប្រជុំ​សភា ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​ជា​មុន។ គណបក្ស​ប្រឆាំង​ក៏​បាន​ចោទ​ប្រកាន់​រដ្ឋសភា និង​រដ្ឋាភិបាល ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​សភា និង​រដ្ឋាភិបាល​ខុស​ច្បាប់​ទៀត​ផង។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​ថា អ្វី​ដែល​ជា​រឿង​អាទិភាព​នៅ​ពេល​នេះ គឺ​បន្ត​ស្វែង​រក​ការ​ពិត និង​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត និង​ជំរុញ​អោយ​មាន​កំណែ​ទម្រង់​ពិត​ប្រាកដ ដើម្បី​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ទទួល​បាន​លទ្ធផល​ពី​កំណែ​ទម្រង់​ទាំង​នេះ។

លោក យឹម សុវណ្ណ៖ «ជំរុញ​អោយ​មាន​ការ​កែ​ទម្រង់​ពិត​ប្រាកដ កុំ​អោយ​ដូច​ប៉ុន្មាន​អាណត្តិ​មុនៗ កែ​ទម្រង់​មាន​តែ​នៅ​លើ​ក្រដាស ហើយ​នៅ​ទី​បំផុត អត់​មាន​បាន​កែ​ទម្រង់​អ្វី ហើយ​ពលរដ្ឋ​នៅ​តែ​មាន​ការ​ឈឺ​ចាប់​រងគ្រោះ​នូវ​អំពើ​អយុត្តិធម៌។ ដូច្នេះ ដើម្បី​អោយ​ស្ថានការណ៍​នេះ​បាន​ប្រសើរ​ឡើង ទាល់​តែ​យើង​ធ្វើ​យ៉ាង​ម៉េច​អោយ​មាន​ការ​ធានា​ថា ការ​កែ​ទម្រង់​ទទួល​បាន​លទ្ធផល​ពិត​ប្រាកដ ប៉ុន្តែ​ដូច​នឹង​អ្វី​ដែល​យើង​បាន​ជជែក​គ្នា​ជាមួយ​បក្ស​កាន់​អំណាច យើង​ពុំ​មាន​សង្ឃឹម​ថា​នឹង​អាច​កែ​ទម្រង់​បាន​ទេ ហើយ​ហេតុ​ដូច្នេះ​ហើយ យើង​ក៏​គ្មាន​ន័យ​អ្វី​ចូល​ទៅ​អង្គុយ​ក្នុង​រដ្ឋសភា​មួយ​ដែល​គ្រាន់​តែ​ធ្វើ​ការ​បម្រើ​អោយ​គណបក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ»

អ្នក​វិភាគ​ខ្លះ​យល់​ឃើញ​ថា អ្វី​ដែល​គណបក្ស​ប្រជាជន កំពុង​តែ​ធ្វើ គឺ​ដើម្បី​បង្ហាញ​ថា ពួក​គេ​មិន​ខ្វាយ​ខ្វល់​ចំពោះ​ការ​ទាមទារ​របស់​គណបក្ស​ប្រឆាំង ពិសេស​ដើម្បី​ព្យាយាម​បង្អាក់​ដំណើរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ឃោសនា​លើ​ឆាក​អន្តរជាតិ មិន​អោយ​គាំទ្រ​គណបក្ស​កាន់​អំណាច។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​យល់​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​សហគមន៍​អន្តរជាតិ។

លោក ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នា​រដ្ឋសភា នៅ​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១៣។
លោក ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នា​រដ្ឋសភា នៅ​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១៣។

លោក ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ថា ការ​ដែល​គណបក្ស​ប្រឆាំង​និយាយ​ថា សភា​មិន​គ្រប់​ទឹក និង​រដ្ឋាភិបាល​មិន​គ្រប់​ទឹក វា​ជា​សិទ្ធិ​របស់​ពួក​គេ តែ​លោក​ថា អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ គឺ​គោរព​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ ហើយ​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី ចេះ​តែ​បន្ត​ដំណើរ​ទៅ​មុខ​គ្មាន​អ្វី​ដែល​ត្រូវ​រង់ចាំ​ទៀត​ឡើយ។

ទាក់ទង​នឹង​ការ​ប្រឈម​ជាមួយ​សហគមន៍​អន្តរជាតិ ជា​ពិសេស​ជាមួយ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប លោក ជាម យៀប បាន​និយាយ​ថា រដ្ឋាភិបាល​របស់​លោក​ក៏​ព្រួយ​បារម្ភ​ខ្លះ​ដែរ ចំពោះ​បញ្ហា​នេះ តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ រដ្ឋាភិបាល​ក៏​មិន​មែន​ពឹង​ពាក់​ទាំង​ស្រុង​លើ​ប្រទេស​ទាំង​នេះ​ដែរ។ លោក​ថា នៅ​មាន​ប្រទេស​ជា​មិត្ត​ផ្សេង​ទៀត ដែល​កម្ពុជា អាច​ពឹង​ពាក់​ស្វែង​រក​ទីផ្សារ​សម្រាប់​ផលិតផល​ខ្មែរ ប្រសិន​បើ​សហរដ្ឋ​អាមេរិក ឬ​សហភាព​អឺរ៉ុប ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា។ លោក​ថា រដ្ឋាភិបាល​របស់​លោក​ក៏​ធ្លាប់​ឆ្លង​កាត់​ការ​លំបាក​ពី​មុន​មក​ដែរ ប៉ុន្តែ​នៅ​តែ​អាច​រស់​បាន​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។

លោក ជាម យៀប៖ «កាល​ពី​មុន​គេ​បិទ ហៅ​ថា​ទណ្ឌកម្ម​សេដ្ឋកិច្ច (Economic Embargo) អត់​មាន​ស្អី យើង​ដក​ដង្ហើម​ជាមួយ​វៀតណាម ដក​ដង្ហើម​ជាមួយ​លាវ ហើយ​វៀតណាម និង​លាវ ពេល​ហ្នឹង​ក៏​គេ​រក​ផ្លូវ​រស់​ដែរ ហើយ​ជាមួយ​អតីត​សហភាព​សូវៀត ទេ អត់​មាន​ស្អី​ទៀត​ទេ អត់​មាន​ណា​ជួយ​ទេ គឺ​ទណ្ឌកម្ម (Embargo) ទាំងអស់​នៅ​ពេល​នោះ យើង​រស់​បាន។ សព្វថ្ងៃ​នេះ យើង​ក៏​បាន​ពឹង​ពាក់​ទៅ​លើ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​និង​បណ្ដា​ប្រទេស​មួយ​ចំនួន ដូច​ជា​វៀតណាម អាស៊ី​ភាគ​អាគ្នេយ៍ ប្រសិន​ជា​គេ​ផ្តាច់ យើង​មិន​អាច​បង្ខំ​គេ​ទេ ប៉ុន្តែ​យើង​បាន​រក​ទីផ្សារ​ផ្សេង​ពី​ហ្នឹង​ខ្លះ​ដែរ ដូច​ជា​រក​ទីផ្សារ​នៅ​ជប៉ុន ទីផ្សារ​នៅ​កូរ៉េ​ខាង​ត្បូង។ ខ្ញុំ​ប្រាប់​ទៅ កូរ៉េ​ខាង​ត្បូង និង​ជប៉ុន គេ​មិន​ចោល​កម្ពុជា ប៉ុន្មាន​ដែរ​ទេ»

សមាជ​មហាជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​៦ តុលា ឆ្នាំ​២០១៣ បាន​សម្រេច​ទាមទារ​អោយ​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ស្វែង​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត តាម​រយៈ​ការ​ធ្វើ​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ទូទាំង​ប្រទេស ធ្វើ​នយោបាយ​ការទូត​អោយ​ទូលំទូលាយ លើក​ទឹក​ចិត្ត​អោយ​កម្មករ មន្ត្រី​រាជការ និង​ក្រុម​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស លើក​ទឹក​ចិត្ត​អោយ​ពលរដ្ឋ​ធ្វើ​ញត្តិ​ស្នាម​មេ​ដៃ​ជូន​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ព្រម​ទាំង​ទាមទារ​អោយ​មាន​ការ​ផ្លាស់​ប្ដូរ​តាម​រយៈ​ការ​កែ​ទម្រង់​នូវ​គោល​នយោបាយ និង​ស្ថាប័ន​ជាតិ​សំខាន់ៗ ដូច​ជា ការ​បោះ​ឆ្នោត​រដ្ឋសភា និង​ស្ថាប័ន​ឯករាជ្យ​នានា ដើម្បី​ធានា​ការពារ​ផល​ប្រយោជន៍​ជាតិ និង​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល