រដ្ឋសភា​ឯក​បក្ស អនុម័ត​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ២០២០ ដោយ​គ្រោង​ខ្ចី​​លុយ​​បរទេស​ជិត ២ពាន់​លាន​ដុល្លារ​ថែម​​ទៀត​

0:00 / 0:00

រដ្ឋសភា​ឯក​បក្ស បាន​​អនុម័ត​ទាំង​ស្រុង​លើ​សេចក្ដី​ព្រាង​​ច្បាប់​ថវិកា​ជាតិ​ ​ឆ្នាំ​២០២០ ​​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ វិច្ឆិកា ដោយ​​បាន​បង្កើន​ទំហំ​​ចំណាយ​ និង​​​អនុញ្ញាត​ឲ្យ​របប​ក្រុង​ភ្នំពេញ ​​បង្កើន​ការ​ខ្ចី​លុយ​បរទេស ដើម្បី​បំពេញ​ក្នុង​ទំហំ​ចំណាយ​នោះ​​​។ សមាជិក​រដ្ឋសភា​​នៃ​គណបក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​សង្គម ព្រួយ​បារម្ភ​ ការ​បង្កើន​ការ​​ចំណាយ​​ មិន​ចំ​គោលដៅ​​​ប្រយោជន៍​​ជាតិ​ ​គឺជា​​​​គ្រោះ​ថ្នាក់​សម្រាប់​កូន​​ខ្មែរ​ជំនាន់​ក្រោយ ក្នុង​ការ​ជំពាក់​បំណុល​បរទេស​វ័ណ្ឌក​។

រដ្ឋសភា​ឯក​បក្ស​របប​ក្រុង​ភ្នំពេញបាន​​ប្រើ​ពេល​​មិន​ដល់​មួយ​ព្រឹក​ផង​ ដើម្បី​អនុម័តសេចក្តី​ព្រាង​​ច្បាប់​ថវិកាជាតិ​​ឆ្នាំ២០២០ និង​ច្បាប់​​មួយ​ចំនួន​ទៀត។ អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់​អាស៊ី​សេរីថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ថវិកា​ជាតិ ឆ្នាំ​២០២០​ ត្រូវ​បាន​សមាជិក​រដ្ឋសភា​យល់​ព្រម​អនុម័ត​ទាំង​ស្រុង​តាម​សំណើ​របស់​រដ្ឋាភិបាល​ ដោយ​គ្មាន​ការ​កែប្រែ​​ការ​ចំណាយ និង​ខ្ទង់​កម្ចី​បរទេស​ឡើយ ក្រោយ​ពេល​រដ្ឋសភា បាន​ស្ដាប់​សេចក្ដី​ថ្លែង​ហេតុ​​ របស់​គណៈកម្មការ​ ជំនាញ​ហិរញ្ញវត្ថុ ​និង​ការ​បក​ស្រាយ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរត្ន។ អ្នក​នាំ​ពាក្យ​រូប​នេះ ឲ្យ​ដឹង​​ថា ​រដ្ឋសភា នឹង​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​នេះ ទៅ​ព្រឹទ្ធសភា បន្ត​ទៀត៖ «​ បាទ ជា​ផ្លូវការ​ហើយ។ រដ្ឋ​សភា​អនុម័ត​ជា​ផ្លូវ​ការ​ហើយ នៅ​តែ​ព្រឹទ្ធ​សភា។ ព្រឹទ្ធសភា​រួច ទើប​បាន​ស្នើសុំ​ទៅ​ព្រះ​ករុណា ប្រកាស​ឲ្យ​ប្រើ​តែ​ម្ដង។ មិន​មាន​សំណួរ​ច្រើន​ទេ មាន​អ្នក​ធ្វើ​អន្តរាគមន៍​៣​រូប ប៉ុន្តែ​ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​បាន​ធ្វើ​បទ​បង្ហាញ​ហ្នឹង​វា​លំអិត​ហើយ។ មាន​សេចក្ដី​ថ្លែង​ហេតុ ធ្វើ​មក​ជាង​៤០​ទំព័រ​ឯ​ណោះ។ អ៊ីចឹង​ហើយ​តំណាង​រាស្ត្រ​គាត់​ពិនិត្យ​មើល ហើយ​មាន​សេចក្ដី​សព្វ​គ្រប់​ហើយ។ អ៊ីចឹង​ហើយ មិន​សូវ​មាន​អ្នក​មាន​យោបល់។ បាទ​ ! អត់​មាន​កែប្រែ​ទេ​បាទ។ អត់​មាន​កែប្រែ​ទេ ដាក់​ប៉ិន​ណា យើង​អនុម័ត​ហ្មង»

របប​ក្រុង​ភ្នំពេញ បាន​ដាក់​ខ្ទង់​ចំណាយ​សម្រាប់​​ការ​គ្រប់គ្រង​រដ្ឋ​នៅ​ឆ្នាំ​២០២០​​ ចំនួន​ជាង ៨ពាន់ (៨.២២៣) លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ចំណែក​គម្រោង​ខ្ចី​បុល​បរទេស​បន្ថែម ដើម្បី​បំពេញ​គម្រោង​​ចំណាយ​នេះ គឺ​ ១ពាន់ ៤រយ ​​(​១.៤០០)លានSDR ឬ​ប្រមាណ ​ជិត​២​ពាន់​(១.៩២៤)លាន​ដុល្លារ​​អាមេរិក។ គម្រោង​ចំណាយ​សម្រាប់​ឆ្នាំ២០២០ ​កើន​ឡើង​​ជាង ២ពាន់​លាន​ដុល្លារ​អាមេរិក ឬ​ជាង ២២ភាគ​រយ (២២,៧%) បើ​ធៀប​នឹង​គម្រោង​ចំណាយ​ឆ្នាំ២០១៩ កន្លង​ទៅ។ គម្រោង​ថវិកា​ជាតិ​ឆ្នាំ​២០២០​​នេះ នឹង​ធ្វើ​ឲ្យ​កញ្ចប់​ថវិកា​នៅ​​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ ទទួល​បាន​ថវិកា​កើន​ឡើង​ជាង​មុន​​។ ​​​នៅ​ថ្នាក់​ក្រោម​ជាតិ របប​ក្រុង​ភ្នំពេញ បាន​សម្រេច​បង្កើន​​កញ្ចប់​ថវិកា​ជាតិ​​ទ្វេដង​​ពី​ជាង ៣ម៉ឺន ៥ពាន់ (៣៥.០០០) ដុល្លារ​ ទៅ​ជាង​ ៧ម៉ឺន​ (៧០.០០០)​ ដុល្លារ​អាមេរិក​ សម្រាប់​ចំណាយ​ក្នុង​មួយ​ឃុំ ​សង្កាត់ នៅ​ឆ្នាំ​២០២០។ ​​

របប​ក្រុង​ភ្នំពេញ អះអាង​ថា ទំហំ​ចំណាយ​​​​ជាង​៨​ពាន់​លាន​ដុល្លារ សម្រាប់​ការ​គ្រប់គ្រង​រដ្ឋ​នៅ​​ឆ្នាំ​២០២០ ​ជា​ការ​ធានា ​ទ្រទ្រង់​ដល់​និរន្តរភាព​ នៃ​ប្រតិបត្តិការ​របស់​​ប្រទេស និង​​សម្រាប់​ធ្វើ​ការ​កែ​ទម្រង់​ស៊ី​ជម្រៅ ​​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ផ្ទៃ​ក្នុង​​ប្រទេស​កម្ពុជា សំដៅ​ពង្រឹង​ភាព ជា​ម្ចាស់​ទៅ​ថ្ងៃ​អនាគត។ របបក្រុង​ភ្នំពេញ​​រំពឹងថា ពង្រាង​ច្បាប់​នេះ នឹង​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​គោលដៅ​យុទ្ធ​សាស្ត្រ​​​ចតុកោណ ដំណាក់​កាល​ទី​៤ ​ដែល​ដាក់​ចេញ​ដោយ​មេដឹកនាំ​របប​ឯក​បក្ស​ផង​ដែរ។

សមាជិក​រដ្ឋសភា​ជាប់​ឆ្នោត​មណ្ឌល​ខេត្ត​ពោធិ៍សាត់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ងឹម ញ៉េង មិន​គាំទ្រ​លើ​ការ​អនុម័ត​​ច្បាប់​ថវិកា​ជាតិ​​ឆ្នាំ​២០២០ របស់​រដ្ឋសភា​ឯក​បក្ស​នេះ​ឡើយ ព្រោះ​លោក​​ថា ការ​អនុម័តនេះ​មិន​ចំ​គោលដៅ មិន​បម្រើ​ប្រយោជន៍​ជាតិ តែ​ជា​ការ​ធ្វើ​តាម​បញ្ជា​នៃ​របប​ ​លោក ហ៊ុន សែន។ ថ្លែង​ប្រាប់​អាស៊ី​សេរី ពី​ប្រទេស​អូស្ត្រាលី លោក ងឹម ញ៉េង ថា ​ការ​អនុម័ត​ច្បាប់​ថវិកា​ជាតិ ​គ្មាន​​តម្លាភាព​បែប​នេះ នឹង​ក្លាយ​ជា​​គ្រោះ​ថ្នាក់​សម្រាប់​ជាតិ ហើយ​​បន្ទុក​សម្រាប់​ការ​​សង​បំណុល​​បរទេស​វ័ណ្ឌក​ ត្រូវ​ធ្លាក់​លើ​អ្នក​ជំនាន់​ក្រោយ។

លោក សង្កេត​ឃើញ​​ថា ទំហំ​ថវិកា​ជាតិ​ ដែល​កើន​ការ​ចំណាយ​​រាល់​ឆ្នាំ មិន​សមមូល​ និង​​​​មិន​​​បម្រើ​ប្រយោជន៍​ជាតិ និង​​ពលរដ្ឋ ចំ​គោលដៅ​​ទេ។ លោក​ អះអាង​ថា ប្រយោជន៍​នៃ​ការ​បង្កើន​ថវិកា​ជាតិ​​ ឬ​ប្រយោជន៍​នៃ​កម្ចី​បរទេស គឺ​ធ្លាក់​តែ​លើ​​​បក្ខ​ពួក​របប​ក្រុង​ភ្នំពេញ​ប៉ុណ្ណោះ​ តាម​រយៈ​​ការ​យក​ឈ្មោះ​ពលរដ្ឋ​ទៅ​ខ្ចី​​ ការ​ចាយ​លុយ​ខ្ជះខ្ជាយ និង​អំពើ​ពុក​រលួយ​លួច​លុយ​ជាតិ។ លោក​ថា រដ្ឋសភា​ ដែល​បម្រើ​​ប្រយោជន៍​ឲ្យ​ពលរដ្ឋ​ និង​ប្រយោជន៍​ជាតិ ត្រូវ​សួរ​ដេញដោល​ និង​មិន​ត្រូវ​អនុម័ត​ ដោយ​​ខ្វះ​ការ​ពិចារណា តាម​បញ្ជា​របប​ក្រុង​ភ្នំពេញ​ឡើយ៖ « ការ​បង្កើន​ថវិកា​ជាតិ​សម្រាប់​ចំណាយ​ក្នុង​ឆ្នាំ​នីមួយៗ ​ហ្នឹង គ្រាន់​តែ​បង្កើន​តួលេខ​ ដើម្បី​ផ្ដល់​ឱកាស​​ឲ្យ​ជន​ពុក​រលួយ​ លួច​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​ហ្នឹង រួច​ដល់​ពេល​ចំណូល​ជាតិ​អត់​គ្រប់គ្រាន់ មាន​តែ​ឲ្យ​ខ្ចី​គេ។ រួច​ខ្ចី​គេ យក​មក​លួច​ចែក​គ្នា​ដដែល​ហ្នឹង។ អ៊ីចឹង​ សម្រាប់​ជាតិ​ខ្មែរ នៅ​តែ​ពិបាក នៅ​តែ​វេទនា ប្រជារាស្ត្រ​ជំនាន់​ក្រោយ​អ្នក​សង​ លុយ​ហ្នឹង។ សម្រាប់​ខ្ញុំ ខ្ញុំ​​គឺ​អត់​គាំទ្រ​ទេ។ ខ្ញុំ​យល់​ថា រដ្ឋ​សភា​មិន​គួរ​បណ្ដោយ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​អ៊ីចឹង​ទេ។ រដ្ឋ​សភា​ត្រូវ​តែ​មាន​ភាព​ម្ចាស់​ការ មាន​ភាព​ឯករាជ្យ ហើយ​គិត​អំពី​ផល​ប្រយោជន៍​ជាតិ​ជា​ធំ។ បើ​យើង​បណ្ដោយ​ឲ្យ​រដ្ឋាភិបាល​ ចេះ​តែ​ខ្ចី​លុយ​គេ យក​មក​អ៊ីចឹង ហើយ​កូន​ចៅ​​ខ្មែរ​ជំនាន់​ក្រោយ​អ្នក​សង អត់​គិត​អំពី​ជោគ​វាសនា​គ្នា​មនុស្ស​ជំនាន់​ក្រោយ​របស់​យើង»

របប​ក្រុង​ភ្នំពេញ ​បាន​បង្កើន​​កញ្ចប់​ថវិកា​សម្រាប់​គ្រប់គ្រង​រដ្ឋ​រាល់​ឆ្នាំ តែ​​មិន​បាន​បង្ហាញ​ថា កម្ពុជា​មាន​ថវិកា​នៅ​ក្នុង​​ដៃ​​ចំនួន​ប៉ុន្មាន​ឡើយ។ មេ​ដឹក​នាំ​របប​នេះ គឺ លោក ហ៊ុន សែន អះអាង​​ថា របប​លោក​មាន​សមត្ថភាព​គ្រប់គ្រង និង​​សល់​​ថវិកា​​នៅ​ក្នុងដៃ​ ព្រោះ​ចំណូល​ពន្ធ​គយ​ និង​ពន្ធដារ​ ទទួល​​លើស​ផែន​ការ ហើយ​លោកថា កម្ពុជា​​មាន​មាស​ចំនួន​៣០​តោន ដោយ​ទុក​នៅ​ប្រទេស​ស្វីស​ ១២​តោន ចក្រ​ភព​អង់គ្លេស​១៥​តោន និង​នៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា ចំនួន​៣​តោន។ ទោះ​ជា​យ៉ាង​ណា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បង្ហាញ​នៅ​ក្នុង​​របាយការណ៍​​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០២០​ថា បច្ចុប្បន្ន​ កម្ពុជា​កំពុង​ជំពាក់​បំណុល​បរទេស​​សរុប​ជាង​ ៧ពាន់​លាន​ដុល្លារ​​អាមេរិក។

អ្នក​តាម​ដាន​ឃ្លាំមើល​សង្គម និង​នយោបាយ អ្នក​ស្រី ធីតា​ ឃឹះ សង្កេត​ឃើញ​ថា រដ្ឋសភា​​​ គ្មាន​លទ្ធភាព​ជជែក​ពី​​ទំហំ​ថវិកា​ជាតិ​ឡើយ ទើប​អនុម័ត​ភ្លាមៗ​ ដោយ​យក​តួលេខ​តាម​រដ្ឋាភិបាល​ទាំង​ស្រុង និង​​មិន​ខ្វាយ​ខ្វល់​ពី​វិបត្តិ​ នៅ​ពេល​ក្រោយ។ អ្នក​ស្រី យល់​ថា ការ​ខ្វះ​ប្រសិទ្ធិ​ភាព ​នៃ​​តួនាទី​រដ្ឋសភា ក្នុង​ការ​សួរ​ដេញ​ដោល​ថវិកា​ជាតិ​ ជា​ក្ដី​ព្រួយ​បារម្ភ ថា កម្ពុជា នឹង​ជំពាក់​បំណុល​បរទេស​កាន់​តែ​ច្រើន ហើយ​ការ​ចំណាយ​​ថវិកា​ជាតិ នឹង​ធ្វើ​ឡើង​មិន​ចំ​គោល​ដៅ។

អ្នក​​​ឃ្លាំមើល​សង្គម​រូប​នេះ បន្ត​ទៀត​ថា រដ្ឋាភិបាល និង​រដ្ឋសភា ខ្វះ​តម្លាភាព ក្នុង​ការ​ឲ្យ​ភាគី​ពាក់ព័ន្ធ ចូលរួម​ ឬ​ទទួល​បាន​ព័ត៌មាន​ស្តីពី​​សវនកម្ម​​​ថវិកា​​ជាតិ ដូច្នេះ​ ​​ពលរដ្ឋ​ពិបាក​នឹង​ជឿជាក់​លើ​ប្រសិទ្ធិ​ភាព​ នៃ​ការ​ចំណាយ​ថវិកា​ជាតិ ចំ​គោលដៅ​ខ្លាំង​ណាស់។ ​អ្នកស្រី ធីតា ឃឹះ ថា ទោះ​ជា រដ្ឋ​សភា​ បាន​បង្កើន​​ទំហំ​ចំណាយ​សម្រាប់​ ថវិកា​ជាតិ​រាល់​ឆ្នាំ តែ ​​ផល​ប្រយោជន៍​ ដែល​​ត្រូវ​​ពលរដ្ឋ​ នៅ​តែ​មាន​ស្ថានភាព​លំបាក៖ « មាន​កម្រិត​ណា ខ្ញុំ​ថា​មើល​ទៅ​ពិបាក​ហ្នឹង​និយាយ​ណាស់ ពីព្រោះ​នៅ​ពេល​ដែល​ធ្វើ​សវនកម្ម​ជាតិ​កន្លង​មក ក្រសួង​ ឬ​ក៏​អង្គការ​សង្គម​ស៊ីវិល​ពិបាក​ទទួល​បាន​ព័ត៌មាន​អស់​ហ្នឹង​ណាស់។ អ៊ីចឹង ការ​វាយ​តម្លៃ​មាន​ការ​លំបាក។ ប៉ុន្តែ​ពី​រឿង​ថវិកា​ធ្លាក់​ទៅ​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​នៅ​ក្នុង​ករណី​សុខាភិបាល​ យើង​ឃើញ​មាន​ករណី​លំបាក​ច្រើន»

ថវិកា​ជាតិ ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ​ បង្កើន និង​គ្រប់​គ្រង​ទាំង​ស្រុង​ ដោយ​គ្មាន​ការ​សួរ​​ដេញ​ដោល​ ចាប់​តាំង​ពី​​ចុង​ឆ្នាំ​២០១៧ ​មក។ កាល​ឆ្នាំ​២០១៥ ​តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​គណបក្ស​​សង្គ្រោះ​ជាតិ រក​ឃើញ​ថា ការ​ចំណាយ​ថវិកា​ជាតិ​​ក្នុង​ឆ្នាំ​២០១៤ មាន​បញ្ហា​​សង្ស័យ​ក្នុង​ទំហំ​ចំណាយ​ជាង ១១​លាន​ដុល្លារ ក្នុង​នោះ​ គ្រាន់​តែ​បង្គោល​​​ដង​ទង់​ជាតិ​ក្នុង​រដ្ឋ​សភា​ មួយ​​បង្គោល​ មាន​​តម្លៃ​ ៣ម៉ឺន ៥​ពាន់ ( ៣៥.០០០)​ដុល្លារ​​។ ក្រៅ​ពី​នេះ កញ្ចប់​ថវិកា​ជាតិ បាន​ចំណាយ​​ខុស​គោលដៅ ដោយ​សារ​បក្ខ​ពួក គ្រួសារ​​និយម ក្នុង​ស្ថាប័ន​រដ្ឋ និង​ការ​ចំណាយ​ខុស​ទៅ​លើ​មន្ត្រី​មាន​តែ​ឈ្មោះ មិន​ទៅ​ធ្វើការ​ងារ​ជា​ដើម៕​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។