ពលរដ្ឋទៅចុះឈ្មោះថ្មី មានជាង ៤២ម៉ឺននាក់
2021.11.27

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យដឹងថា ពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង ៤២ម៉ឺននាក់ (៤២០.០៤៦) សម្រាប់រយៈពេល ៤៣ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា។
សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២៧ ខែវិច្ឆិកា ឱ្យដឹងថា ក្នុងរយៈពេល ៤៣ថ្ងៃនេះ គ.ជ.ប ក៏បានលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីបោះឆ្នោតសរុប មានចំនួនជាង ២០ម៉ឺននាក់ (២០១.៧១៥) អ្នកដែលបានកែតម្រូវទិន្នន័យ មានជាង ១៧ម៉ឺននាក់ (១៧២.៧៣៣) និងអ្នកដែលបានផ្ទេរទីលំនៅ មានជាង ១៣ម៉ឺននាក់ (១៣២.២៤១) ។
គ.ជ.ប ក៏បានអំពាវនាវដល់ពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ដែលបច្ចុប្បន្នមានទីតាំងនៅតាមសាលាឃុំ សង្កាត់ ក្នុងបញ្ជីបោះឆ្នោតចុងក្រោយ។ ប្រសិនបើមានកំហុសឆ្គង សាមីខ្លួនត្រូវស្នើសុំកែតម្រូវ តាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលនឹងត្រូវប្រើក្នុងពេលបោះឆ្នោត។
គ.ជ.ប ប៉ាន់ប្រមាណថា អ្នកចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ឆ្នាំ២០២១ មានចំនួនជាង ១លាន ៦សែននាក់ (១.៦៣៥.៩៩០) ក៏ប៉ុន្តែ ពលរដ្ឋដែលគ្រប់អាយុ និងមានសិទ្ធិបោះឆ្នោត បានមកចុះឈ្មោះបោះឆ្នោតចំនួនជាង ៤២ម៉ឺននាក់។ ចំណែកការិយាល័យបោះឆ្នោតវិញមានចំនួនជាង ២ម៉ឺន ៣ពាន់ការិយាល័យ (២៣.៦១១)។
ក្រុមអង្គការសង្គមស៊ីវិល អំពាវនាវឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗ គ្នា បើទោះបីជាមិនទាន់មានគណបក្សនយោបាយ ដែលខ្លួនពេញចិត្តក៏ដោយ ពីព្រោះការចុះឈ្មោះនេះ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។