គ.ជ.ប​ សម្រេច​លុប​ការ​ផាក​ពិន័យ​លោក គង់ រ៉ៃយ៉ា​ និង​រក្សា​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខជនបក្ស​ភ្លើងទៀន​ទាំង ១៥នាក់​ដដែល

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប​ សម្រេច​លុប​ចោល​ការ​ផាក​ពិន័យ លោក គង់ រ៉ៃយ៉ា​ ចំនួន​៥លានរៀន​ និង​រក្សា​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខជនបក្ស​ភ្លើងទៀន​ទាំង ១៥នាក់​ដដែល។ ការ​សម្រេច​នេះ បន្ទាប់​ពី គ.ជ.ប​ បាន​បើក​សវនាការ​ជំនុំ​ជម្រះ កំបាំង​មុខ​រវាង​ដើម​បណ្តឹង​នៃ​តំណាង​បក្ស​កាន់​អំណាច​ និង​បេក្ខជនបក្ស​ភ្លើងទៀន ដែល​តំណាង​ដោយ​មេធាវី​ និង​បាន​ធ្វើ​ការ​សម្រេច​បិទ​ការ​តវ៉ា​នៅ​ថ្ងៃ​ទី២​ មិថុនា។

បេក្ខជន​មេឃុំ​ស្តៅ​របស់​គណបក្ស​ភ្លើងទៀន លោក គង់ រ៉ៃយ៉ា​ត្រេក​អរ​ចំពោះ​ការ​សម្រេច​របស់ គ.ជ.ប​ ដោយ​ឱ្យ​លោក​ និង​បេក្ខជន១៥នាក់​ ទទួល​បាន​យុត្តិធម៌​ ក្រោយ​ពី​រង​បណ្ដឹង​ពី​តំណាង​គណបក្ស​កាន់​អំណាច​ ដោយ​ចោទ​សកម្មជន​បក្ស​ភ្លើងទៀន​ ទាំង​ខ្វះ​មូល​ដ្ឋាន។ ទោះ​យ៉ាង​ណា លោក​អំពាវនាវ​ ស្នើ​ឱ្យ​ គ.ជ.ប​ បន្ត​ប្រកាន់​ជំហរ​អព្យាក្រឹក្យ​ ឯករាជ្យ​ ដើម្បី​ធានា​តម្លាភាព​នៃ​លំហ​សិទ្ធិ​នៃ​គណបក្ស​នយោបាយ​ក្នុងការ​ប្រកួត​ប្រជែង​ដោយ​ភាព​ត្រឹមត្រូវ និង​គ្មាន​ការ​គំរាម​កំហែង។

លោក គង់ រ៉ៃយ៉ា​ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២​ មិថុនា​ ថា​ករណី​ដើម​បណ្ដឹង​របស់​គណបក្ស​កាន់​អំណាច​ ចោទ​ប្រកាន់​​លោក​ និង​សកម្មជន​បក្សភ្លើង​ទៀន​ដទៃ​ទៀត​មិន​គួរ​កើត​ឡើង​តាំង​ពី​ដំបូង​មក​ម្ល៉េះ។ លោក​បញ្ជាក់​ថា​ ការ​ចែក​ថវិកា​សម្រាប់​សកម្មជន​បក្ស​ខ្លួន​កន្លង​មក​នេះ គឺ​ធ្វើ​ឡើង​ត្រឹមត្រូវ​តាម​ច្បាប់។ លោក​ចាត់​ទុក​ ការ​ចោទប្រកាន់​ពី​គណបក្សកាន់អំណាច​នោះ​ថា ធ្វើ​ឡើង​ក្នុង​ការ​បំភិតបំភ័យ​សកម្មជន​បក្ស​ភ្លើង​ទៀន និង​ព្រួយបារម្ភ​ពី​ការ​ចាញ់​ឆ្នោត​នៅ​ថ្នាក់​ក្រោម​ជាតិ​ក្នុង​អាណត្តិ​ទី៥​ នេះ៖ « បណ្ដឹង​របស់​គណបក្ស​ប្រជាជន​ [ កម្ពុជា ] វា​ជា​បណ្ដឹង​ដែរ​ អត់​សម​ហេតុ​ផល ហើយ​ធ្វើ​ឡើង​ក្នុង​ចេតនា​ នយោបាយ​ច្រើន​ជាង​ ផ្លូវ​ច្បាប់។ សម្រាប់​ខ្ញុំ​តាំង​ចិត្ត​ថា ការ​ធ្វើ​នយោបាយ គឺ​មិន​ចង់​ចាញ់​ឈ្នះ​ខ្មែរ​ទេ ខ្មែរ​ដូច​គ្នា​ យើង​ចង់​ឱ្យ​ឈ្នះ​ទាំងអស់​គ្នា។ បើ​ពួកគាត់​មិន​យល់ យើង​យល់ យើង​អត់​ឆ្លើយតប​ ខ្ញុំ​ក៏​អត់​ចង់​ឈ្នះ​គាត់​វិញ​ដែរ។ ខ្ញុំ​អាច​ទទួល​យក​បាន​ចំពោះ​ការ​សម្រេច​ របស់​ គ . . ប​ ហ្នឹង​ ដោយ​សារ​តែ​ឱ្យ​តែ​មិន​ផាក​ពិន័យ ​ក៏​ដូច​ជា​លុប​ឈ្មោះ ​រូបខ្ញុំ​ក៏​ដូចជា​បេក្ខជន​ដទៃ​ទៀត​ អាហ្នឹង​គឺ​ជា​យុត្តិធម៌​សម្រាប់​ខ្ញុំ​ហើយ »

កាល​ពី​ថ្ងៃទី​២៨ ខែ​ឧសភា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត ខេត្ត​កំពង់ចាម លោក យឹម សុធានី បាន​សម្រេច​រក្សា​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខជន​មេឃុំ​គណបក្ស​ភ្លើងទៀន​ទាំង​ ១៥​នាក់​នៅ​ស្រុក​កងមាស​ដដែល ប៉ុន្តែ​សម្រេច​ផាក​ពិន័យ​តែ​លោក គង់ រ៉ៃយ៉ា ម្នាក់ឯង ចំនួន ៥លាន​រៀន​។ សេចក្តី​សម្រេច​នេះ ក្រោយពី​ដោះស្រាយ​បណ្តឹង​របស់​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ស្នើសុំ​​ឱ្យគណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្តកំពង់ចាម​ដក​បេក្ខជន​មេឃុំ​គណបក្ស​ភ្លើងទៀន​ចំនួន ១៥នាក់ រួមមាន​ទាំង​លោក គង់ រ៉ៃយ៉ា។ ក្រៅ​ពី​នេះ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ទាមទារ​ឱ្យផាកពិន័យ​ម្នាក់ៗ​ ជា​ប្រាក់ ២០លាន​រៀល និង​ផាកពិន័យ​គណបក្ស​ភ្លើងទៀន​ចំនួន ៣០លាន​រៀល ពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា លោក គង់ រ៉ៃ​យ៉ា ចែក​លុយ​ជា​សាធារណៈ ជូន​សកម្មជន​របស់​ខ្លួន។ ​ការដាក់បណ្តឹង​ពី​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​បែប​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ លោក គង់ រ៉ៃយ៉ា​ បាន​ផ្តល់​ថវិកា​និង​សម្ភារៈ​ដល់​បេក្ខជន​មេឃុំ​គណបក្ស​ខ្លួន​ ដើម្បី​យក​ទៅ​ប្រើប្រាស់​សម្រាប់​ឃោសនា​រក​សំឡេងឆ្នោត។

ទោះ​ជា​យ៉ាង​ណា ទាំង​មេធាវី​ការពារ​ក្ដី លោក គង់ រ៉ៃយ៉ា ​និង​ប្រធាន​ជំនុំ​ជំម្រះ​ គ.ជ.ប​ មើល​ឃើញ​ថា ការ​ចោទ​ប្រកាន់​ពី​សំណាក់​បក្ស​កាន់​អំណច​ ថា​លោក គង់ រ៉ៃយ៉ា​ ចែក​អំណោយ​ជា​ថវិកា ដើម្បី​ទិញ​សន្លឹក​ឆ្នោត​ក្នុង​អំពេល​ឃោសនា​បោះឆ្នោត​នោះ​ គ្មាន​មូលដ្ឋាន​ត្រឹម​ត្រូវ។

មេធាវី​ការពារ​ក្ដី លោក គង់ រ៉ៃយ៉ា គឺ​មេធាវី​ កែត​ ឃី​ ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា មូល​ហេតុ​ដែល គ.ជ.ប សម្រេច​លុប​ចោល​ការ​ផាក​ពិន័យ​កូន​ក្ដី​លោក ដោយសារ​តែ គ.ជ.ប លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​ពី​គណបក្ស​កាន់​អំណាច​គ្មាន​មូលដ្ឋាន​ច្បាប់​ត្រឹម​ត្រូវ។ មេធាវី​ កែត ឃី​ បន្ត​ថា ការ​លើក​យក​ភស្តុតាង​មក​ដាក់​បន្ទុក​ពី​ តំណាង​បក្ស​កាន់​អំណាច​ទៀត​សោត ក៏​មិន​ត្រឹម​តាម​មាត្រ​ដ្ឋាន​នៃ​អង្គ​ហេតុ​ដែរ។ លោក​ឱ្យ​ដឹង​ទៀត​ ថា​តំណាង​នៃ​បក្ស​កាន់​អំណាច ​បាន​យក​វិដេអូ​ កូន​ក្ដី​របស់​លោក​ក្នុង​សកម្មភាព​ផ្តល់​ថវិកា​ជូន​សកម្មជន​បក្ស​ខ្លួន​នោះ យក​ទៅ​កាត់​ត ដោយ​ដុំៗ ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ ដើម្បី​មាន​លេស​ចោទ​ប្រកាន់​លោក គង់ រ៉ៃយ៉ា តែ​ប៉ុណ្ណោះ៖ « ខាង​គេ [ តំណាង​បក្ស​ប្រជាជន​កម្ពុជា ] ក៏​មិន​សុខ​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​គណកម្មា​ធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហ្នឹង​ដែរ។ តែ​យើង​ លើក​ទឡ្ហីករណ៍​សម្រាប់​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​គណកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ហ្នឹង​ គឺ​ រឿង​អង្គហេតុ​ គឺ​អត់​ពាក់ព័ន្ធ​ដូច​ការ​ចោទ​ប្រកាន់ ពី​ភាគី​ដើម​បណ្ដឹង​ទេ។ គេ​ចោទ​ថា យើង​ហ្នឹង​ចែក​លុយ ​ដើម្បី​ ទិញ​សន្លឹក​ឆ្នោត។ ប៉ុន្តែ ​ក្នុង​ពេល​នេះ ជា​យុទ្ធនាការ​បោះឆ្នោត​ ដោយ​ គង់ រ៉ៃយ៉ា​ គាត់​ជា​ប្រធាន​ក្រុម​ការងារ​ស្រុក​កង​មាស គាត់​ក៏​ជា​បេក្ខជន​លេខ១​នៅ​ឃុំ​ស្ដៅ​ គាត់​ក៏​បាន​ហៅ​បេក្ខជន​លេខរៀង​ទី១​ តាម​ឃុំ ​ទាំង១១​ក្នុង​ស្រុកកង​មាស​នេះ មក​ទទួល​ថវិកា ​ដើម្បី​ចែក​ ចាក់​មេក្រូ »

ជុំវិញ​រឿង​នេះ ប្រធាន​គណៈកម្មាធិការ​អព្យាក្រិត​និង​យុត្តិធម៌​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ហៅ​កាត់​ថា និចហ្វិច​ លោក សំ គន្ធាមី​ សាទរ​ចំពោះ​ការ​សម្រេច​របស់​ គ.ជ.ប​ ដែល​ឱ្យ​ចុង​ចោទ​អាច​ទទួល​យក​បាន​។ ទោះ​យ៉ាង​ណា​ លោក​យល់​ថា ការ​ដាក់​ពាក្យ​បណ្ដឹង​ក្នុង​ករណី​ចោទ​ប្រកាន់​ លោក គង់ រ៉ៃយ៉ា ពី​សំណាក់​បក្ស​កាន់អំណាច​កន្លង​មក​នេះ​ អាច​ជា​ការ​គំរាមកំហែង​ដល់​ដៃ​គូ​ប្រកួត​ប្រជែង៖ « ការ​ចោទ​ប្រកាន់​កន្លង​មក មិន​អត់​សម​ហេតុផល​ អ៊ីចឹង​ហើយ​បាន​បន្ត​ដល់ គណកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (NEC) រក​អត់​​ឃើញ​បទល្មើស​ អត់​មាន​កំហុស។ NEC ហ្នឹង​សេចក្ដី​សម្រេច​ចុង​ក្រោយ​ហើយ នៃ​នីតិ​វិធី​ គេ​លុប​ចោល​ទាំង​អស់​ ការ​ផាក​ពិន័យ​អ៊ីចឹង​ទៅ​ វា​សមស្រប​មួយ​ដែរ​ទទួល​យក​បាន។ យើង​ក៏​បន្ត​រង​ចាំ​មើល​ដែរ​ កុំ​ឱ្យ​មាន​ការ​ដាក់​សម្ពាធ »

លោក គង់ រ៉ៃយ៉ា​ អះអាង​ថា ក្រោយ​ពី​ការ​សម្រេច​ជា​ស្ថាពរ​ពី​សំណាក់​ គ.ជ.ប​ ដោយ​លទ្ធផល​ជា​វិជ្ជមាន​លោក និង​សកម្មជន​ ផ្សេង​ទៀត​ នឹង​មិន​ចង​គំនុំ ឬ​ធ្វើ​ការ​ប្ដឹង​បក​ទៅ​គណបក្សកាន់​អំណាច​វិញ​ឡើយ។ លោក​យល់​ថា ការ​ប្រព្រឹត្ត​ទង្វើ​បែប​សងសឹក​គ្នា​នេះ វា​កាន់​តែ​នាំ​ឱ្យ​ខាតបង់​ផល​ប្រយោជន៍​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។