គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានលុបឈ្មោះបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀនចំនួន ២០រូប (៧រូបជាស្ត្រី) ចេញពីបញ្ជីបេក្ខជនដំបូងរបស់បក្សនេះ ដោយអះអាងនូវបញ្ហាមួយចំនួន មានជាអាទិ៍ ភាគច្រើនបេក្ខជនឲ្យគេបំពេញប្រវត្តិរូបជំនួស ដោយខ្លួនមិនចេះអាន និងសរសេរអក្សរខ្មែរ និងបេក្ខជនមិនបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់ដែលខ្លួនមានបំណងឈរឈ្មោះបោះឆ្នោត។ ក្នុងនោះក៏មានបេក្ខជនពីររូបសុំប្ដឹង គ.ជ.ប. ឲ្យលុបឈ្មោះរបស់ខ្លួនចេញពីបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន។ ក្នុងចំណោមបេក្ខជនទាំង ២០រូប ដែលត្រូវបានលុបឈ្មោះចេញពីបញ្ជីនេះ គឺសុទ្ធតែឈរឈ្មោះនៅភ្នំពេញ លើកលែងបេក្ខជនម្នាក់នៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។
សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប កាលពីថ្ងៃទី១៨ ខែមីនានោះ គឺជាសេចក្ដីសម្រេចស្ថាពរ បិទផ្លូវតវ៉ា។
យោងតាមច្បាប់ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រង់មាត្រា ៣៥ និងប្រការ ៦.១ តម្រូវឲ្យពលរដ្ឋខ្មែរ ដែលមានបំណងឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវចេះអាន និងសរសេរអក្សរខ្មែរ និងបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលខ្លួនមានបំណងឈរឈ្មោះបោះឆ្នោត។
ប្រធានស្ដីទីគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ថា លោកព្រមទទួលយកតាមការសម្រេចរបស់ គ.ជ.ប. ព្រោះបេក្ខជនទាំងនោះ ពិតជាចង់ចូលរួមឈរឈ្មោះឲ្យគណបក្សភ្លើងទៀន ទើបពឹងឲ្យសកម្មជនបក្សនេះជួយសរសេរប្រវត្តិរូប ទាំងខ្លួនមិនដឹងអំពីលក្ខខណ្ឌទាំងនេះ។
ទោះជាយ៉ាងនេះក្ដី លោកថាការលុបឈ្មោះខ្លះនេះ មិនប៉ះពាល់ដល់បញ្ជីឈ្មោះបេក្ខជននៅទូទាំងប្រទេសនោះឡើយ ដោយសារតែគណបក្សភ្លើងទៀន បានដាក់បេក្ខជនបម្រុងគ្រប់គ្រាន់ ដើម្បីជំនួស។
បើតាមលទ្ធផលបណ្ដោះអាសន្ននៃការចុះ បញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ គ.ជ.ប. ទទួលស្គាល់បេក្ខជនគណបក្សភ្លើងទៀន ១.៦៤៩ឃុំសង្កាត់ ក្នុងចំណោម ១.៦៥២ឃុំសង្កាត់ ពោលគឺនៅខ្វះតែ ៣ឃុំសង្កាត់ប៉ុណ្ណោះ នៅទូទាំងប្រទេស។ គណបក្សនេះ ឈរលេខរៀងទី២ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ដែលរៀបចំបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ បានទាំង ១.៦៥២ឃុំសង្កាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។