ស្ថាបនិកគណបក្សបេះដូងជាតិ ថ្កោលទោសចំពោះដីកាកោះហៅរបស់តុលាការក្រុងភ្នំពេញលើសមាជិកគាំទ្រពីរនាក់ឱ្យចូលបំភ្លឺពីរឿងក្លែងបន្លំស្នាមមេដៃជុំវិញដំណើរការស្នើចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែធ្នូខាងមុខនេះ។ តំណាងបក្សមួយនេះ ចាត់ទុកករណីនេះថា ជារឿងមិនត្រឹមត្រូវតាមផ្លូវច្បាប់ និងគំរាមកំហែង បំបាក់ស្មារតីលើអ្នកដែលមាននិន្នាការនយោបាយផ្ទុយពីរដ្ឋាភិបាល។
ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក យល់ថា ចំណាត់ការរបស់ក្រសួងមហាផ្ទៃដែលប្ដឹងសមាជិកគាំទ្រគណបក្សនេះ គឺមិនត្រឹមត្រូវ និងមិនផ្តល់ផលប្រយោជន៍សង្គម ដោយបង្កើតរូបភាពកាន់តែអាក្រក់លើស្ថានភាពនយោបាយព្រមទាំងបំបាក់ស្មារតីពលរដ្ឋបន្ថែមទៀត។
លោក សៀម ភ្លុក ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី១៣ ខែធ្នូថា រដ្ឋធម្មនុញ្ញបានធានាការពារសិទ្ធិសេរីភាពពលរដ្ឋក្នុងការសម្ដែងមតិ ឬការចូលរួមបង្កើតអង្គការ សមាគម និងគណបក្សនយោបាយតាមឆន្ទៈខ្លួន ដោយគ្មានការគំរាមកំហែង និងការបំភិតបំភ័យ។ លោកនៅតែខកចិត្តចំពោះក្រសួងមហាផ្ទៃមិន ចុះបញ្ជីឱ្យគណបក្សបេះដូងជាតិ ហើយថែមទាំងប្ដឹងសមាជិកគណបក្សទៅតុលាការទាក់ទងទៅនឹងរឿងស្នាមមេដៃស្នើទៅវិញ។ លោកចាត់ទុកចំពោះទង្វើបែបនេះ គឺជាការធ្វើទុក្ខបុកម្នេញ និងបំភិតបំភ័យ បំបាក់ស្មារតីប្រជាពលរដ្ឋក្នុងបរិយាកាសនយោបាយគួរឱ្យព្រួយបារម្ភទៅលើអ្នកដែលមាននិន្នាការផ្ទុយ៖ « ប្រសិនបើគាត់ផ្ដិតមេដៃហ្នឹងមិនមែនសម្ដែងមតិ គាត់ផ្ដិតមេដៃក្នុងបំណងចេតនាទៅធ្វើកិច្ចសន្យាទិញដូរលក់ធ្វើឱ្យប្រយោជន៍សង្គម និងអ្នកដទៃ អាហ្នឹងជារឿងមានទណ្ឌព្រហ្មទណ្ឌ តែការផ្ដិតមេដៃសម្ដែងមតិ ដើម្បីបង្កើតគណបក្ស គាំទ្រគណបក្សនយោបាយវាអត់ខុសទេ ហើយប្រសិនណាគាត់ផ្ដិតមេដៃខុសក្លែង អាហ្នឹងយើងមោឃភាពស្នាមមេដៃចាត់ទុកជារឿងមិនបានការ ជារឿងចប់ទៅហើយ ប៉ុន្តែការធ្វើនេះ គឺជាការបំភិតបំភ័យស្មារតីដល់អ្នកដែលមាននិន្នាការផ្ទុយដទៃទៀត » ។
ប្រតិកម្មនេះ គឺបន្ទាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក សេង ហៀង បានចេញដីកាកោះហៅសមាជិកគាំទ្រគណបក្សបេះដូងជាតិចំនួនពីរនាក់ គឺលោក ស៊ីម ធាំ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប និងលោក ជា អ៊ាន នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង ឱ្យចូលបំភ្លឺពីរឿងក្លែងបន្លំស្នាមមេដៃ ទាក់ទងនឹងគណបក្សបេះដូងជាតិ នៅថ្ងៃទី១៦ ខែធ្នូខាងមុខនេះ។
ជុំវិញរឿងនេះអ្នកនាំពាក្យតុលាការក្រុងភ្នំពេញលោក ប្លង់ សុផល ប្រាប់ថា លោកមិនបានដឹងជុំវិញករណីកោះហៅសមាជិកគាំទ្របក្សបេះដូងជាតិនោះទេ ហើយលោកបានផ្ដាច់ទូរស័ព្ទ។ វិទ្យុអាស៊ីសេរី ក៏មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័ក្រ ដើម្បីបកស្រាយជុំវិញរឿងនេះបានទេនៅថ្ងៃទី១៣ ខែធ្នូ។ ប៉ុន្តែលោក ខៀវ សុភ័ក្រ ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា ក្រសួងមហាផ្ទៃមិនចុះបញ្ជីឱ្យគណបក្សបេះដូងជាតិ ដោយសារស្ថាបនិកគណបក្សនេះមិនបានអនុវត្តតាមការណែនាំរបស់ក្រសួង ហើយលោកចោទប្រកាន់សមាជិកគណបក្ស ដែលក្លែងបន្លំស្នាមមេដៃនោះ គឺមានចេតនាទុច្ចរិត ដែលត្រូវចាត់វិធានការតាមផ្លូវច្បាប់។
កាលពីខែវិច្ឆិកា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានផ្ញើរបាយការណ៍ពាក់ព័ន្ធការចុះបញ្ជីរបស់គណបក្សបេះដូងជាតិទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយចោទថា ស្នាមមេដៃបុគ្គល ២០នាក់ខុសពីស្នាមមេដៃក្នុងអត្តសញ្ញាណប័ណ្ណ និង ២០នាក់ទៀតផ្ដិតលើឈ្មោះបុគ្គល ៥៤នាក់ ហើយបុគ្គល ៧៤នាក់ មានភាពមិនប្រក្រតី ឬក្លែងស្នាមមេដៃ។ ក្រសួងមហាផ្ទៃចោទប្រកាន់ទៀតថា ស្នាមមេដៃបុគ្គលជិត ៣រយ (២៨៧) នាក់ខូចគុណភាព មិនអាចធ្វើកោសលវិច័យបាន រួមទាំងស្នាមមេដៃមិនប្រក្រតីធ្ងន់ធ្ងរចំនួន ៥នាក់ផ្ដិតលើឈ្មោះបុគ្គលចំនួន ២១នាក់ទៀត។ បន្ថែមពីនេះក្រសួងមហាផ្ទៃក៏ប្រកាសប្ដឹងស្ថាបនិកគណបក្សបេះដូងជាតិទៅតុលាការពាក់ព័ន្ធរឿងស្នាមមេដៃនេះដែរ។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា សង្កេតឃើញថារយៈពេលចុងក្រោយនេះ គណបក្សនយោបាយជាច្រើនបានស្នើចុះបញ្ជីនៅក្រសួងមហាផ្ទៃជាបន្តបន្ទាប់ ដោយក្រសួងបានឆ្លើយតប និងសម្រេចចុះបញ្ជីឱ្យគណបក្សទាំងនោះបានឆាប់រហ័ស។ លោកបន្តថាគណបក្សបេះដូងជាតិវិញ អាជ្ញាធរហាក់រឹតត្បិតជាងបក្សផ្សេងទៀត ជាពិសេសការលេចឡើងនូវរូបភាពត្រួតពិនិត្យស្នាមដៃអ្នកគាំទ្រជាដើម។ លោកយល់ថា កន្លងមកគណបក្សបេះដូងជាតិពិបាកក្នុងការចុះបញ្ជីទំនងមកពីបក្សកាន់អំណាចមើលឃើញថា មានលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងនៅពីក្រោយគណបក្សនេះ។ លោកបញ្ជាក់ថាអាជ្ញាធរគួរធ្វើកោសលវិច័យ ឈរលើគោលការណ៍យុត្តិធម៌ និងស្មើភាពគ្រាប់និន្នាការនយោបាយផងដែរ៖« គណបក្សបេះដូងជាតិនេះ វាមានលេចឮព័ត៌មានថា អ្នកនយោបាយនៅក្រៅប្រទេសនៅពីក្រោយ អ្នកដែលជាប់ចោទ ជាពិសេស លោក សម រង្ស៊ី។ អ៊ីចឹងបានយើងឃើញមានការត្រួតពិនិត្យរហូតដល់ចេញស្នាមមេដៃហ្នឹង ហាក់បីដូចជាគណបក្សបេះដូងជាតិហ្នឹងមានការត្រួតពិនិត្យរឹតត្បិត ចង្អៀតចង្អល់ជាងគណបក្សដទៃទៀត » ។
កន្លងមកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចោទប្រកាន់ថា គណបក្សនេះមានលោក សម រង្ស៊ី នៅពីក្រោយ និងទទួលបានលុយពីលោក សម រង្ស៊ី ក្នុងការធ្វើសកម្មភាពនយោបាយ។
ចំណោមគណបក្សនយោបាយទាំង៧ ដែលកើតចេញពីអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ គឺគណបក្សបេះដូងជាតិត្រូវបានមេដឹកនាំគណបក្សកាន់អំណាច ចាប់អារម្មណ៍ខ្លាំងក្នុងនោះលោក ហ៊ុន សែន ធ្លាប់ប្រាប់ទៅលោក ស ខេង កុំឲ្យចុះបញ្ជីឲ្យគណបក្សនេះបើគណបក្សមិនបំពេញបែបបទតាមលក្ខខណ្ឌរបស់ក្រសួងមហាផ្ទៃ។ អ្នកវិភាគនយោបាយធ្លាប់លើកឡើងថា ការសម្រេចឱ្យគណបក្សបេះដូងជាតិអាចចុះបញ្ជី និងធ្វើសកម្មភាពបាន គឺស្ថិតក្នុងដៃរបស់លោក ហ៊ុន សែន។
លោក សៀម ភ្លុក អះអាងថាគណបក្សបេះដូងជាតិតែងតែកែតម្រូវតាមតាមច្បាប់។ លោកបញ្ជាក់ថាចាប់តាំងពីដាក់ពាក្យស្នើសុំចុះបញ្ជីគណបក្សលោកមិន ដែលទទួលបានសេចក្ដីជូនដំណឹងណាមួយពីក្រសួងពាក់ព័ន្ធ ដើម្បីឲ្យធ្វើការកែតម្រូវលើករណីស្នាមដៃឡើយ។ លោកយល់ថា ក្រសួងមហាផ្ទៃគួរផ្ដល់ព័ត៌មានជាក់លាក់ឲ្យគណបក្សនេះក្នុងដំណាក់កាលស្នើចុះបញ្ជី ដើម្បីអាចឲ្យគណបក្សបេះដូងជាតិមានលទ្ធភាពកែតម្រូវ ឬបំពេញបន្ថែមនូវអ្វីដែលខ្វះខាត ដោយមិនគួរប្ដឹងទៅតុលាការនោះទេ ព្រោះករណីនេះស្ថិតក្នុងដំណើរការស្នើសុំចុះបញ្ជីគណបក្សនយោបាយនៅឡើយ។
លោកអំពាវនាវដល់រដ្ឋាភិបាលបញ្ឈប់រូបភាពគំរាមកំហែង បំភិតបំភ័យ លើសមាជិកគាំទ្រគណបក្សបេះដូងជាតិដែលមានទស្សនៈផ្ទុយពីគណបក្សកាន់អំណាចបន្តទៀត ដើម្បីផលប្រយោជន៍ជាតិ លទ្ធប្រជាធិបតេយ្យ និងបង្កបរិយាកាសនយោបាយប្រសើរឡើងវិញ៕