គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រសួងមហាផ្ទៃរួមគ្នា ណែនាំដល់អាជ្ញាធរមូលដ្ឋាន ដែលរួមមាន មេឃុំ ចៅសង្កាត់ ជំទប់ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្មៀន និងមេភូមិ នៅក្នុងតំណែង ថាមិនឱ្យយកតួនាទី ឬប្រើឥទ្ធិពលនៃតួនាទី ធនធានថវិកា និងពេលវេលាការងារទៅប្រើប្រាស់បម្រើការងារគណបក្សនយោបាយនៅក្នុងពេលឃោសនាបោះឆ្នោត។ អ្នកឃ្លាំមើលការបោះឆ្នោតសាទរនឹងការណែនាំនេះ ប៉ុន្តែជំរុញអាជ្ញាធរពាក់ព័ន្ធតាមដានការអនុវត្តឱ្យមានប្រសិទ្ធភាព ព្រោះនាពេលកន្លងទៅមានអាជ្ញាធរមូលដ្ឋាន រួមទាំងមន្រ្តីសាធារណៈរបស់រដ្ឋប្រើប្រាស់ធនធានរដ្ឋ តួនាទី និងឥទ្ធិពលធ្វើទុក្ខបុកម្នេញគណបក្សនយោបាយមួយចំនួន និងគំរាមកំហែងពលរដ្ឋ មិនឱ្យចូលរួមគណបក្សនយោបាយទាំងនោះ។
អ្នកឃ្លាំមើលការបោះឆ្នោតបារម្ភថា រឿងរ៉ាវដែលអាជ្ញាធរមូលដ្ឋានប្រើប្រាស់តួនាទី ឥទ្ធិពល ថវិកា និងពេលវេលារដ្ឋទៅបម្រើនយោបាយឱ្យគណបក្សកាន់អំណាចនៅតែកើតមាននៅក្នុងដំណាក់កាលឃោសនាបោះឆ្នោតនៅពេលខាងមុខនេះទៀត ប្រសិនបើ គ.ជ.ប និងក្រសួងមហាផ្ទៃមិនបានតាមដានការអនុវត្តរបស់អាជ្ញាធរមូលដ្ឋានឱ្យបានត្រឹមត្រូវទេ។
អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការ ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស ប្រាប់វិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី៦ ខែមីនាថា តាមបទពិសោធន៍ដែលជួបប្រទះនាពេលកន្លងទៅអាជ្ញាធរមូលដ្ឋាន ដែលកំពុងកាន់តំណែង ហើយជាបេក្ខជនចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិថ្មីតែងតែប្រើឥទ្ធិពលរបស់ខ្លួន កៀបសង្កត់ទៅលើគណបក្សដទៃពិសេសគណបក្សប្រឆាំង បើទោះបីជាមានការណែនាំពីថ្នាក់លើជាច្រើនលើកច្រើនសារក្ដី។ លោកថាបញ្ហានេះបណ្ដាលមកពីពុំមានការអនុវត្តច្បាប់ដាក់ទោសទណ្ឌទៅលើអ្នកប្រព្រឹត្តល្មើស។
លោកថាករណីអំពាវនាវរបស់ គ.ជ.ប និងក្រសួងមហាផ្ទៃនេះក៏មិនខុសគ្នាដែរ ប្រសិនបើមិនអនុវត្តឱ្យបានតឹងរ៉ឹងទេនឹងមិនមានប្រសិទ្ធភាព៖ « ប៉ុន្តែទោះបីយ៉ាងណាក៏ដោយខ្ញុំសង្ឃឹមថា នៅក្នុងដំណើរការតទៅខាងមុខទៀតនេះ គួរតែអ្នកដែលអ្នកបានទទួលប្រយោជមន៍ អ្នកដែលនៅក្នុងតួនាទីគួរតែកែប្រែឥរិយាបថ អនុវត្តឱ្យបានល្អ ខិតខំយកចិត្ត ខិរខំបម្រើសេវាពលេដ្ឋ ជាជាការលម្អៀងក្នុងតួនាទី ពីព្រោះប្រជាពលរដ្ឋឥឡូវនេះគាត់លើកឡើងមកគឺគាត់បានយល់ដឹងច្រើនហើយ អីចឹងខ្ញុំគិតថាវាខាតបង់ទៅវិញទេ គួរតែពិនិត្យមើលការអនវត្តតួនាទីរបស់ខ្លួននៅមូលដ្ឋាន»។
ការលើកឡើងនេះបន្ទាប់ពី គ.ជ.ប និងក្រសួងមហាផ្ទៃបានចេញ សេចក្ដីណែនាំរួមមួយផ្សព្វផ្សាយកាលពីថ្ងៃទី៦ ខែមីនាបញ្ជាក់ថា ចាប់តាំងពីថ្ងៃឃោសនាបន្តរហូតដល់ថ្ងៃប្រកាសលទ្ធផលឆ្នោតនៅចុងខែមិថុនា ឆ្នាំ២០២២ ខាងមុខ មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្មៀន និងមេភូមិ ដែលកំពុងកាន់តំណែង ដែលមានសិទ្ធិឃោសនាបោះឆ្នោត ត្រូវបំពេញការងារឱ្យបានត្រឹមត្រូវតាមច្បាប់ និងត្រូវប្រកាន់ជំហរអព្យាក្រឹត្យ មិនលម្អៀង។ ក្នុងនោះត្រូវធានាបែងចែកការងាររវាងអ្នកត្រូវទទួលបន្ទុកបម្រើពលរដ្ឋ ដោយមិនឱ្យអាក់ខានការផ្ដល់សេវាជូនពលរដ្ឋ ពិសេសគឺហាមប្រាមមិនឱ្យប្រើតួនាទី ឥទ្ធិពល មធ្យោបាយ សម្ភារៈ ថវិការដ្ឋទៅបម្រើគណបក្សនយោបាយ ឬសកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សណាមួយឡើយ។ លើសពីនេះក៏មិនអាចប្រើប្រាស់ពេលវេលាការងារទៅធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដែរ។
តែទោះជាយ៉ាងណា តាំងពីចាប់ផ្ដើមការងារត្រៀមសម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីពាក់កណ្ដាលឆ្នាំ២០២១ មកគណបក្សនយោបាយមួយចំនួនបានរិះគន់អាជ្ញាធរមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជាជាញឹកញយ និងស្ទើរគ្រប់ទីកន្លែងថាបានរារាំងសកម្មភាពចុះមូលដ្ឋាន ការលើកស្លាករបស់ពួកគេជាហូរហែ។ នៅពេលដាក់បេក្ខភាពឈរឈ្មោះបោះឆ្នោតនេះទៀតសោតគណបក្សនយោបាយមួយចំនួនបានរាយការណ៍ថាអាជ្ញាធរមូលដ្ឋានមានមេភូមិ មេឃុំ ចៅសង្កាត់ជាដើម បានព្យាយាមបញ្ចុះបញ្ចូល និងគំរាមកំហែងអ្នកមានបំណងឈរឈ្មោះឱ្យគណបក្សផ្សេងពិសេសគណបក្សភ្លើងទៀន ថានឹងមិនចេញប័ណ្ណក្រីក្រឱ្យ ឬមិនដោះស្រាយបញ្ហាផ្សេងៗរួមទាំងបញ្ហាដីធ្លី និងការមិនចុះហត្ថលេខាលើឯកសារផ្សេងៗជាដើម។
ជាមួយគ្នានេះមន្ត្រីសង្គមស៊ីវិល និងគណបក្សនយោបាយនៅតែរកឃើញថា បក្សកាន់អំណាចរំលោភលើច្បាប់ទាក់ទងនឹងការប្រើប្រាស់ស្ថាប័ននិងធនធានរដ្ឋបម្រើប្រយោជន៍នយោបាយរបស់ខ្លួន ដែលរំលោភបំពានលើការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ពួកគេរកឃើញថាមន្ត្រីរាជការស៊ីវិលមួយចំនួនបានយកម៉ោងការងារ ឈ្មោះស្ថាប័ន និងធនធានរដ្ឋ ទៅបម្រើផលប្រយោជន៍គណបក្សកាន់អំណាចដែលផ្ទុយទៅនឹងគោលការណ៍ច្បាប់ ដែលតម្រូវមន្ត្រីរាជការត្រូវមានអព្យាក្រិត្យភាពក្នុងសកម្មភាពបំពេញការងាររបស់ខ្លួន ស្របតាមច្បាប់បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនាខាងមុខ។
គ.ជ.ប ចេញរបាយការណ៍កាលពីល្ងាចថ្ងៃទី៦ ខែមីនា ដែលជាថ្ងៃចុងក្រោយនៃការដាក់បញ្ជីបេក្ខជនបញ្ជាក់ថា គណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតនេះ។ ក្នុងចំណោមនោះ មាន៤គណបក្ស ដែលមានបេក្ខជនឈរឈ្មោះនៅគ្រប់ ២៥ ខេត្តក្រុង។ ក្នុង៤គណបក្សនោះមានគណបក្សតែ២ ប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ដែលដាក់បេក្ខជនបាន គ្រប់ ១០០% គឺទាំង ១ ៦៥២ ឃុំ-សង្កាត់ និងគណបក្សភ្លើងទៀន បានដាក់បេក្ខជនជិតគ្រប់ ១០០% ដែរគឺបាន១ ៦៤៩ ឃុំ-សង្កាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។