គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានបិទបញ្ចប់ទទួលពាក្យប្ដឹងហើយ ក្រោយពេលពលរដ្ឋ និងគណបក្សនយោបាយខ្លះ មិនសូវចាប់អារម្មណ៍ទៅឃ្លាំមើលដំណើរការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត។
នាយកប្រតិបត្តិអង្គការនិចហ្វិក (NICFEC) លោក សំ គន្ធាមី ឲ្យដឹងថា ពលរដ្ឋខ្លះ និយាយជាចំហថា ពួកគាត់មិនខ្វល់នឹងមានឈ្មោះ ឬគ្មានទេ ព្រោះពួកគាត់ជាប់រវល់រកស៊ី ហើយគ្មានពេលទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតទេ ម្យ៉ាងទៀតគឺដោយសារគាត់ដឹងថា គណបក្សណានឹងត្រូវឈ្នះឆ្នោតរួចទៅហើយ។ ដូច្នេះពលរដ្ឋថា ពួកគាត់មិនចាំបាច់ទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោតក៏បានដែរ។
ទោះយ៉ាងណា លោក សំ គន្ធាមី ថា គជប គួររកយន្តការបន្ថែមទៀត ដើម្បីជំរុញពលរដ្ឋឲ្យមានភាពសកម្មក្នុងការទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោត។ លោកបន្តថា ជម្លោះនយោបាយនៅតែជាកត្តាសំខាន់ដែលធ្វើពលរដ្ឋ មិនចង់ទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោត។

គ.ជ.ប បានបិទបញ្ចប់ការទទួល និងការដោះស្រាយពាក្យប្ដឹងក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលត្រូវលុបឈ្មោះ កាលពីថ្ងៃទី១៤ មករា ក្រោយពេលទទួលបានបណ្ដឹងសរុបចំនួន ៣៦បណ្តឹង ដែលសុទ្ធសឹងតែជាបណ្ដឹងតវ៉ា។ ដោយឡែកនៅថ្នាក់ គ.ជ.ប វិញ ទទួលបណ្ដឹងតែ ១ករណីគត់ គឺសំណុំរឿងពលរដ្ឋចំនួន ៥នាក់ ប្ដឹងសុំរក្សាទុកឈ្មោះបោះឆ្នោតនៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញដដែល ក្រោយពួកគេប្ដូរទីលំនៅទៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ គ.ជ.ប បានបើកសវនាការនេះរួចហើយ កាលពីថ្ងៃទី១៨ មករា ដោយសម្រេចរក្សាតម្កល់ការសម្រេចរបស់ក្រុមប្រឹក្សាសង្កាត់ផ្សារចាស់ ក្នុងការលុបឈ្មោះពលរដ្ឋទាំង ៥នាក់ ដដែល ដោយសំអាងថា ពួកគេបានប្ដូរទីលំនៅថ្មី។
ចំណែកនៅថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញវិញ ពុំទាន់ទទួលបានពាក្យបណ្ដឹងទាក់ទងនឹងការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២១ នេះទេ។ ពាក់ព័ន្ធនឹងបណ្ដឹងនេះដែរ គ.ជ.ប ចាត់ទុកថា តួលេខ ៣៦បណ្ដឹង បង្ហាញពីប្រសិទ្ធភាពរបស់ក្រុមការងារចុះឈ្មោះបោះឆ្នោត ដែលបានយកចិត្តទុកដាក់លើការងារនេះ ទើបពុំសូវមានកំហុសឆ្គង។ ប៉ុន្តែផ្ទុយពីការអះអាងនេះ ក្រុមអ្នកឃ្លាំមើលសង្កេតឃើញ ថា ពលរដ្ឋមិនសូវចូលរួម និងមិនចាប់អារម្មណ៍នឹងដំណើរការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។