បញ្ជី​បោះឆ្នោត​អាច​កើន​ឡើង​ដល់​ជាង ៩លាន ៥សែន​នាក់

លទ្ធផល​បណ្ដោះអាសន្ន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បង្ហាញ​ថា ចំនួន​ពលរដ្ឋ​មាន​ឈ្មោះ​ទៅ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០២៣​ ខាងមុខនេះ អាច​នឹង​កើន​ឡើង​ដល់​ជាង ៩លាន​ ៥សែន​នាក់ លើស​ពី​បញ្ជី​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លង​ទៅ ដែល​មាន​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ជាង ៩លាន​២សែននាក់។

គិត​ត្រឹម​ថ្ងៃ​ទី៧ ខែធ្នូ ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី មាន​ជាង ៥៧ម៉ឺននាក់។ រីឯ​អ្នក​ដែល​នឹង​ត្រូវ​លុបឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត មាន​ជាង ២៥ម៉ឺននាក់។

គ.ជ.ប បាន​បិទ​បញ្ចប់​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ឃុំ-សង្កាត់ រយៈ​ពេល ៥០ថ្ងៃ ចាប់ពី​ថ្ងៃ​ទី២០ ខែតុលា ដល់​ថ្ងៃ​ទី៨ ខែធ្នូ ដោយ​វាយតម្លៃ​អះអាង​ថា ដំណើរ​ការ​នេះ​ប្រព្រឹត្តទៅ «រលូន​ល្អ» និង «មាន​សណ្ដាប់ធ្នាប់» បើ​ទោះ​បី​ជា​មាន​បញ្ហា​អាកាសធាតុ និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ក៏​ដោយ។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ពន្យល់​នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​ដំណើរ​ការ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត កាលពី​ថ្ងៃទី៨ ខែធ្នូ ថា ប្រព័ន្ធ​រៀបចំ​បញ្ជី​បោះឆ្នោត​នៅ​កម្ពុជា គឺជា​ប្រព័ន្ធ​ស្ម័គ្រ​ចិត្ត ហើយ​ការបោះឆ្នោត​ក៏​ជា​ការ​ស្ម័គ្រ​ចិត្ត​ដែរ។ លោក​ថា ដូច្នេះ ពលរដ្ឋ​មិន​ទៅ​ចុះ​ឈ្មោះ ឬ​មិន​ទៅ​បោះ​ឆ្នោត គឺ​ជា​សិទ្ធិ​របស់​ពួកគាត់។ ដោយឡែក​ចំពោះ​ការ​លុប​ឈ្មោះ​ពី​បញ្ជី​បោះ​ឆ្នោត​ដែល​មាន​ចំនួន​ជាង ២៥ម៉ឺន​នាក់​វិញ លោក​ពន្យល់​ថា ដោយសារ​តែ​មាន​អ្នក​ស្លាប់ អ្នក​ផ្លាស់ប្ដូរ​ទីលំនៅ​ចេញ​ទៅ​ឃុំ-សង្កាត់​ផ្សេង និង​អ្នក​ដែល​ត្រូវ​បាន​ដក​សិទ្ធិ​បោះ​ឆ្នោត​ជា​បណ្ដោះអាសន្ន។

គ.ជ.ប នឹង​ប្រកាស​ផ្តល់​សុពលភាព​លើ​បញ្ជី​បោះ​ឆ្នោត​ផ្លូវការ នៅ​ថ្ងៃ​ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ខាង​មុខ។ ការ​បោះ​ឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី៧ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។

គ.ជ.ប រង​ការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ថា ជា​ស្ថាប័ន​ពុំ​ឯករាជ្យ មិន​អព្យាក្រឹត្យ និង​មាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់​អំណាច ខណៈ​ក្បាល​ម៉ាស៊ីន ថ្នាក់ដឹកនាំ និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​ស្ថាប័ន​ជាតិ​មួយ​នេះ ភាគ​ច្រើន​សុទ្ធតែ​ត្រូវ​បាន​តែងតាំង និង​ជា​មនុស្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។