អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក នុត សុខុម ជំរុញឱ្យភាគីពាក់ព័ន្ធរៀបចំការបោះឆ្នោត ជាពិសេស គណៈកម្មការរៀបចំការបោះឆ្នោតរាជធានី-ខេត្ត (PEC) ទាំងអស់រៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ នេះ ឱ្យបានល្អតាមនីតិវិធី និងក្របខ័ណ្ឌច្បាប់ ដើម្បីជាមុខមាត់ គ.ជ.ប និងជាគំរូសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ ខាងមុខ៖ « ការបោះឆ្នោតឃុំ - សង្កាត់ នេះខំប្រឹងធ្វើយ៉ាងម៉េចឱ្យរលូនជោគជ័យ មែនទែនទៅយើងខិតខំធ្វើទៅតាមច្បាប់ ទាំងអ្វីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ហើយអ្វីដែលធំគឺ បទបញ្ជានីតិវិធី សម្រាប់ការបោះឆ្នោត ទាំងការចុះឈ្មោះទាំងអស់នេះ ។ ពិសេសការបោះឆ្នោតឃុំ - សង្កាត់ ព្រោះយើងនឹងឈានទៅបោះឆ្នោតតំណាងរាស្ត្រអាណត្តិក្រោយ នៅឆ្នាំក្រោយ។ ដូច្នោះហើយតោងខិតខំឱ្យឃុំ - សង្កាត់នេះ កុំឱ្យមានបាតុភាព ផ្ដល់ជំនឿ ដើម្បីឈានទៅការបោះឆ្នោត២០២៣ នេះ » ។
អនុប្រធាន គ.ជ.ប បញ្ជាក់បែបនេះនៅចំពោះមុខ មន្ត្រី បុគ្គលិកនៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី១៩ កុម្ភៈ។
ការលើកឡើងរបស់លោក នុត សុខុម នេះទៀតសោតគឺភ្លាមៗបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ការបោះឆ្នោតនាពេលកន្លងមកនេះ មានភាពស្ងប់ស្ងាត់ច្រើន មិនមានអំពើហិង្សាកើតឡើងធ្ងន់ធ្ងរនោះទេ ដោយគណបក្សនីមួយៗមានភាពចាស់ទុំ និងណែនាំឱ្យអាជ្ញាធរមូលដ្ឋានបង្កលក្ខណៈសម្បត្តិសម្រាប់បណ្ដាគណបក្សនយោបាយនានា ធ្វើសកម្មភាពនៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ -សង្កាត់។
អ្នកឃ្លាំមើលការបោះឆ្នោតសាទរចំពោះការណែនាំនេះ ប៉ុន្តែមិនមែនមានន័យថា រាល់ការអនុវត្តតាមច្បាប់បង្ហាញថា ជាការអនុវត្តល្អ ត្រឹមត្រូវទេ ព្រោះច្បាប់ខ្លះនៅមានចំណុចខ្វះខាតនៅឡើយ។
មន្ត្រីនៃអង្គការឃ្លាំមើលការបោះឆ្នោតលោក កន សាវាង្ស មើលឃើញថា គ.ជ.ប ត្រូវពិនិត្យឡើងវិញនូវក្របខ័ណ្ឌច្បាប់ ដែលធ្វើឱ្យការបោះឆ្នោតមិនបានធានានូវឆន្ទៈពិតប្រាកដរបស់ពលរដ្ឋ។ លោក កន សាវាង្ស រំឭកពីការអនុវត្តច្បាប់បោះឆ្នោតនៅក្នុងឆ្នាំ២០១៧ ដែលអាចចាត់ទុកថា ជាការអនុវត្តមិនត្រឹមត្រូវ ដោយបានរម្លាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងទទួលបានសំឡេងឆ្នោតពីពលរដ្ឋច្រើនសន្ធឹកសន្ធាប់ជាដើម។
បើតាម គ.ជ.ប ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនាខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។