ភ្នាក់​ងារ​​សង្កេត​ការ​ជាង៧ម៉ឺននាក់ នឹង​​ចូលរួម​សង្កេត​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី៥

ភ្នាក់​ងារ​សង្កេត​ការ​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​ចំនួន​ជាង៧ម៉ឺន៨ពាន់​នាក់( ៧៨. ៤៥៧) នឹង​ចូលរួម​សង្កេត​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី៥។ គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​សម្រេច​ចុះ​បញ្ជី​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប ពី​លទ្ធផល​បណ្ដោះអាសន្ន​ចំនួន​ភ្នាក់ងារ​គណបក្ស​នយោបាយ​ឱ្យ​ដឹង​ថា​ គណបក្ស​នយោបាយ​ទាំង​១៧ ដែល​បាន​ដាក់​បេក្ខជន​ចូលរួម​ការបោះឆ្នោត​ក្រុមប្រឹក្សា ឃុំ សង្កាត់ បាន​ស្នើ​សុំ​ចុះ​បញ្ជី​ភ្នាក់ងារ​របស់​ខ្លួន។

ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ភ្នាក់ងារ​សង្កេតការណ៍​ច្រើន​ជាង​គេ គឺ​មាន​ចំនួន​ជាង៤ម៉ឺន៤ពាន់​នាក់ (៤៤.១៣៣) បន្ទាប់​មក​គឺ​គណបក្ស​ភ្លើងទៀន ដែល​មាន​អ្នកសងេ្កតការណ៍​សរុប​ជាង​២ម៉ឺន៥ពាន់​នាក់ (២៥.៨៤៥)។ ជាមួយ​គ្នា​នេះ​ មាន​គណបក្ស​ចំនួន​២ ដែល​មាន​អ្នកសង្កេតការណ៍​ជាង​២ពាន់​នាក់​គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច (២.៥១៩) និង​គណបក្ស​ខ្មែរ​រួបរួមជាតិ (២.៩២០) ស្របពេល​ដែល​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ដាក់​អ្នកសង្កេតការណ៍​បាន​ចំនួន ជាង​១ពាន់​៧រយនាក់​ (១.៧៦៣)។

ក្នុង​នោះ​ដែរ​គណបក្ស​ចំនួន​៥​បាន​ដាក់​អ្នកសង្កេតការណ៍​របស់​ខ្លួន​ចន្លោះ​ពី១០០ ទៅ​ជាង២រយនាក់។ ក្រៅ​ពី​នេះ​គណបក្ស​ចំនួន​៦​ដែល​ដាក់​អ្នកសង្កេតការណ៍​ក្រោម​១រយនាក់ ក្នុង​នោះ​គណបក្ស​ចំនួន៣​បាន​ដាក់​អ្នកសង្កេតការណ៍​ចន្លោះ​ពី៤ ទៅ​៩​នាក់។

ចំនួន​ភ្នាក់ងារ​សង្កេត​មើល​ដំណើរការ​បោះឆ្នោត​មក​ពី​គណបក្ស​នយោបាយ​នេះ​មាន​ចំនួន​ថយចុះ បើ​ប្រៀបធៀប​នឹង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណិត្តិ​ទី៤ កាល​ពីឆ្នាំ២០១៧ ដែល​កាលណោះ​មាន​ចំនួន​សរុប ជាង១សែន៥ពាន់​នាក់ (១០៥.០៧៦) មកពី​គណបក្ស​នយោបាយ​ចំនួន​១២ ដែល​ចូលរួម​ការបោះឆ្នោត។

ក្នុង​នោះ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ជាង៤ម៉ឺន៤ពាន់នាក់ (៤៤.៦១៤) និង​ពី​គណបក្ស​សង្រ្គោះជាតិ​ចំនួន​ជាង៤ម៉ឺន៣ពាន់នាក់ (៤៣.៥៩៦)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។