មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី២ មានដំណើរការល្អ និងមានបណ្ដឹងចំនួន ៤ករណី គិតត្រឹមថ្ងៃទី១២ ខែឧសភា។ សម្រាប់មន្ត្រីអង្គការឃ្លាំមើលការបោះឆ្នោត រកឃើញថា យុទ្ធនាការឃោសនានេះ មានការរារាំងពីសមត្ថកិច្ចទៅលើក្បួនឃោសនារបស់គណបក្សប្រឆាំង។
បណ្ដឹងចំនួន ៤ករណី ដែលកើតមានក្នុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត និងក្រុងស្រុកខណ្ឌអាណត្តិទី២នេះ មាននៅទីក្រុងភ្នំពេញមួយករណី កំពង់ឆ្នាំង ២ករណី និងខេត្តបាត់ដំបង ១ករណី។
ទាក់ទងបញ្ហានេះ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ឲ្យដឹងថា បណ្ដឹងនៅខេត្តបាត់ដំបង និងកំពង់ឆ្នាំង បានដោះស្រាយរួចរាល់អស់ហើយ និងបណ្ដឹងនៅភ្នំពេញ នឹងដោះស្រាយក្នុងពេលឆាប់ៗ។ លោកបន្តថា ក្នុងចំណោមបណ្ដឹងទាំង ៤ករណី គឺប្ដឹងដោយតំណាងគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងប្ដឹងដោយអាជ្ញាធរមូលដ្ឋាន៖ «បណ្ដឹងនេះនៅខេត្តបាត់ដំបង ប្ដឹងដោយគណបក្សប្រជាជនកម្ពុជា គឺប្ដឹងគណបក្សសង្គ្រោះជាតិ ពីការធ្វើការផ្សព្វផ្សាយ ឬឃោសនាហ្នឹងខុសទីកន្លែងដែលបានកំណត់។ ហើយទី២ បណ្ដឹងនៅខេត្តកំពង់ឆ្នាំង បណ្ដឹងមួយប្ដឹងដោយគណបក្សសង្គ្រោះជាតិ ដែលប្ដឹងលោកអភិបាលក្រុងកំពង់ឆ្នាំង ថាបានផ្សព្វផ្សាយមិនឲ្យប្រជាពលរដ្ឋចូលរួមឃោសនារបស់គណបក្ស។ ហើយបណ្ដឹងមួយទៀតនៅខត្តកំពង់ឆ្នាំង ដែរ គឺប្ដឹងដោយតំណាងអាជ្ញាធរក្រុងកំពង់ឆ្នាំង ប្ដឹងគណបក្សសង្គ្រោះជាតិ ថាបានឃោសនាបំផ្លើសការពិត។ បណ្ដឹងទាំងពីរនេះ ត្រូវបានបដិសេធដោយគណៈកម្មការបោះឆ្នោតខេត្ត»។
ទោះយ៉ាងណា លោក ទេព នីថា ថ្លែងថា សភាពការណ៍រួមក្នុងពេលឃោសនាបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី២នេះ មានដំណើរការល្អ ហើយគ្រប់គណបក្សនយោបាយបានអនុវត្តទៅតាមបទបញ្ជានីតិវិធី និងច្បាប់ស្ដីពីការឃោសនាបានត្រឹមត្រូវ៖ «ហើយយើងកត់សម្គាល់ថា គណបក្សប្រជាជនកម្ពុជា ជាទូទៅបានធ្វើការប្រជុំជាអ្នកបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹង នៅតាមទីស្នាក់ការរបស់ខ្លួនទាំងនៅថ្នាក់ខេត្ត ក្រុងស្រុកខណ្ឌ ឬតាមឃុំ។ ហើយគណបក្សហ៊្វុនស៊ិនប៉ិច បានជួបជុំអ្នកបោះឆ្នោតរបស់ខ្លួននៅតាមផ្ទះ ហើយដោយឡែកគណបក្សសង្គ្រោះជាតិ ក្រៅពីការប្រជុំ គឺមានការហែក្បួន។ រីឯគណបក្សផ្សេងៗទៀត មិនមានការហែក្បួនទេ។ គណបក្សសង្គ្រោះជាតិ បានធ្វើការហែក្បួនហ្នឹងនៅតាមមណ្ឌលតាមរាជធានីខេត្តជាច្រើន។ ហើយជាទូទៅ បញ្ហាសុវត្ថិភាពសន្តិសុខបានល្អទេបាទ»។
លោកបណ្ឌិត ហង្ស ពុទ្ធា ជានាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច (NICFEC)។ លោកថ្លែងថា យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី២ បានប្រព្រឹត្តទៅតាមការគ្រោងទុក។ ប៉ុន្តែ ទន្ទឹមគ្នានេះ ឃើញមានសកម្មភាពរបស់សមត្ថកិច្ចតាមមូលដ្ឋាន បានរារាំង និងរំខានក្បួនឃោសនារបស់គណបក្សសង្គ្រោះជាតិ៖ «គណបក្សសង្គ្រោះជាតិ ជាមួយអាជ្ញាធរហ្នឹង គឺមានការចោទប្រកាន់គ្នាទៅវិញទៅមក។ ដោយខាងអាជ្ញាធរថា ខាងគណបក្សសង្គ្រោះជាតិ ហ្នឹងបានប្រើពាក្យអសុរោះ និងមានការញុះញង់ឲ្យប្រជាពលរដ្ឋស្អប់អាជ្ញាធរ។ ចំណែកឯគណបក្សសង្គ្រោះជាតិ ហ្នឹងក៏បានលើកឡើងដែរថា អាជ្ញាធរហ្នឹងបានជួលមនុស្ស និងប្រើប្រាស់យានយន្តផ្សេងៗហ្នឹង ដើម្បីចាក់មេក្រូរំខានដល់ការឃោសនារបស់ខ្លួន»។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាអាណត្តិទី២ មានគណបក្សនយោបាយចំនួន៥ បានចុះឈ្មោះចូលរួមប្រកួតប្រជែង រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ ដែលត្រូវបោះឆ្នោតជ្រើសរើសក្នុងអាណត្តិទី២នេះ សរុបមានចំនួនជាង ៣.៣០០នាក់ (៣.៣២៤នាក់) ក្នុងនោះ សមាជិកក្រុមប្រឹក្សារាជធានីខេត្តមានជិត ៤០០នាក់ (៣៩៣នាក់) និងក្រុមប្រឹក្សាក្រុងស្រុកខណ្ឌមានជិត ៣ពាន់នាក់ (២.៩៣១នាក់)។
ការបោះឆ្នោតនេះ នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០១៤ ហើយធ្វើឡើងជាលក្ខណៈអសកល ដោយមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងសរុបចំនួនជាង ១១.៤០០នាក់ទេ ទើបមានសិទ្ធិបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។