លោក រ៉ុង ឈុន ថា គ.ជ.ប មិន​ឱ្យ​លោក​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ ជា​រឿង​មិន​ត្រឹមត្រូវ

0:00 / 0:00

លោក រ៉ុង ឈុន អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លើក​ឡើង​ថា ករណី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. មិន​អនុញ្ញាត​ឲ្យ​លោក​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ គឺ​បង្ហាញ​ថា គ.ជ.ប. ធ្វើការ​គ្មាន​តម្លាភាព និង​ជា​រូបភាព​គំរាម​កំហែង​ដល់​ស្មារតី​សមាជិក​គណបក្ស​ភ្លើង​ទៀន​ផ្សេង​ទៀត មិន​ឱ្យ​ចូល​រួម​ឈរ​ឈ្មោះ​បោះ​ឆ្នោត។ រីឯ​មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ គ.ជ.ប ធ្វើ​ការ​ដោយ​ឯករាជ្យ ដើម្បី​រៀបចំ​ការ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ​ប្រកប​ដោយ​យុត្តិធម៌ និង​ត្រឹមត្រូវ។

លោក រ៉ុង ឈុន បញ្ចេញ​ប្រតិកម្ម​ថា គ.ជ.ប គួរតែ​ធ្វើការ​ឈរ​លើ​គោល​ការណ៍​ប្រជាធិបតេយ្យ​ភាព​ត្រឹមត្រូវ ដើម្បី​បើក​លំហ​សិទ្ធិ​ចូលរួម​ផ្នែក​នយោបាយ​ដោយ​សេរី និង​គ្មាន​ការ​រើសអើង​និន្នាការ​នយោបាយ។

លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៩ ឧសភា​ថា ក្រសួង​មហាផ្ទៃ​បាន​ទទួល​ស្គាល់​លោក​ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន កាល​ពី​ខែកុម្ភៈ រួចហើយ។ លោក​បន្ត​ថា ដូច្នេះ​ករណី គ.ជ.ប. ចេញ​លិខិត​បដិសេធ​លោក​មិន​ឱ្យ​លោក ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ គឺ​ហាក់​ប្រាសចាក​ពី​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត ។ លោក​បញ្ជាក់​ថា គណបក្ស​ភ្លើង​ទៀន​នឹង​ដាក់​ឯកសារ​ពាក់ព័ន្ធ​នានា ដែល គ.ជ.ប. ទាមទារ នៅ​ថ្ងៃ​ទី១០ ឧសភា​នេះ។

លោក រ៉ង ឈុន៖ «សូម​ឱ្យ​ជន​រួម​ជាតិ​រឹងមាំ​ឡើង​កុំ​តក់​ស្លុត កុំ​រា​ថយ​ទោះ​បី​ឃើញ​ឧបសគ្គ​បន្តិច​បន្តួច​ឃើញ​គេ​បដិសេធ​មិន​ឱ្យ​ខ្ញុំ​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​ប្រកួត​ប្រជែង​នៅ​ខាង​មុខ​នេះ ក៏​ដោយ​យើង​ត្រូវ​ចូលរួម​ទាំង​អស់​គ្នា​ឱ្យ​ខ្លាំងក្លា ដើម្បី​ផល​ប្រយោជន៍​ខ្លួន​យើង ក៏​ដូច​ជា ផល​ប្រយោជន៍​ជាតិ ជាពិសេស យើង​ចង់​បាន​សង្គម​មួយ​មាន​ប្រជាធិបតេយ្យ​ឱ្យ​ពិត​ប្រាកដ។ អ៊ីចឹង ត្រូវ​ចូលរួម​ឱ្យ​បាន​សកម្ម​ទាំង​អស់​គ្នា»។

ប្រតិកម្ម​របស់​លោក រ៉ុង ឈុន បែប នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​អគ្គលេខាធិការ គ.ជ.ប. លោក ទេព នីថា ចេញ​លិខិត​ជូន​ដំណឹង​ដល់​គណបក្ស​ភ្លើង​ទៀន នៅ​ថ្ងៃ​ទី៩ ឧសភា​ថា ការ​ស្នើសុំ​ចុះ​ឈ្មោះ​បេក្ខជន​តំណាង​រាស្ត្រ​របស់​គណបក្ស​ភ្លើង​ទៀន នៅ​ពុំ​ទាន់​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​ច្បាប់​ស្ដីពី​ការ​ចុះ​ឈ្មោះ​ជ្រើសតាំង​តំណាងរាស្ត្រ។ ក្នុង​លិខិត​នោះ លោក ទេព នីថា បាន​បដិសេធ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន មិន​ឱ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​ក្រោម​ហេតុផល​ថា លោក រ៉ុង ឈុន ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ពី​បទ​មជ្ឈិម ហើយ​មិន​ទាន់​មាន​នីតិសម្បទា​ឡើង​វិញ។ គ.ជ.ប. តម្រូវ​ឱ្យ​ប្ដូរ​បេក្ខភាព​ថ្មី​ជំនួស​លោក រ៉ុង ឈុន និង​ទាមទារ​ឯកសារ​ដើម​បញ្ជាក់​ពី​ក្រសួង​មហាផ្ទៃ ព្រមទាំង​តម្រូវ​ឱ្យ​មាន​បង្កាន់ដៃ​បង់​ប្រាក់​ចំនួន ១៥លាន​រៀល (១៥.០០០.០០០) ចេញ​ពី​អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ​ជា​ដើម។

បើទោះបីជា គ.ជ.ប. មិន​ទទួល​ស្គាល់​លោក រ៉ុង ឈុន ជា​បេក្ខជន​តំណាង​រាស្ត្រ យ៉ាង​ក៏​ដោយ ក៏​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ ជំពូកទី៥ មាត្រា២៣ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ និង​មាន​បំណង​ឈរ​ឈ្មោះ​ជា​បេក្ខជន​ជ្រើសតាំង​តំណាង​រាស្ត្រ ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត មានអាយុ២៥ឆ្នាំ ឡើង​គិត​ដល់​ថ្ងៃ​បោះ​ឆ្នោត មាន​សិទ្ធិ​បោះ​ឆ្នោត និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត មាន​លំនៅឋាន​នៅ​កម្ពុជា និង​មាន​ការ​តែងតាំង​ពី​គណបក្ស​នយោបាយ ដែល​បាន​ចុះ​បញ្ជី​ឈរ​ឈ្មោះ​បោះ​ឆ្នោត។

បន្ថែម​ពី​នេះ លោក រ៉ុង ឈុន បាន​លើក​ពី​ហេតុផល​ចំនួន ២ទៀត ដែល​លោក​អះអាង​ថា លោក​មាន​សិទ្ធិ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ត្រឹមត្រូវ​តាម​ច្បាប់។ ទី១ ក្រសួងមហាផ្ទៃ បាន​ទទួល​ស្គាល់​លោក​ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន។ ទី២ លោក​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​របស់ គ.ជ.ប. និង​ធ្លាប់​បាន​បោះ​ឆ្នោត​ឃុំ សង្កាត់​កាល​ពី​ខែមិថុនា ឆ្នាំ២០២២ម្ ដង​រួច​ហើយ។ លោក​បញ្ជាក់​ថា លោក​មាន​សិទ្ធិ​បោះ​ឆ្នោត គឺ​លោក ក៏​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​វិញ​ដែរ នេះ​បើ​យោង​តាម​រដ្ឋធម្មនុញ្ញ។

រដ្ឋធម្មនុញ្ញ​មាត្រា ៣៤ថ្មី ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​បោះ​ឆ្នោត និង​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត។

ទាក់ទង​នឹង​រឿង​នេះ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក ថា លោក រ៉ុង ឈុន ជា​មនុស្ស​មាន​ប្រជាប្រិយភាព ហើយ​លោក​អាច​ជា​បេក្ខជន​នាយក​មន្ត្រី តំណាង​ឲ្យ​កម្លាំង​ប្រជាធិបតេយ្យ ដែល​ប្រឆាំង​នឹង​របប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន។

លោក សម រង្ស៊ី បាន​សរសេរ​កាល​ពី​ថ្ងៃ​ទី៧ ឧសភា​ថា ដោយ​យោង​លើ​ប្រជាប្រិយភាព​របស់​លោក រ៉ុង ឈុន ហើយ​លោក​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្រ្ត​នៅ​ខែត្រ​កណ្ដាល​លេខ​រៀង​ទី១ ដូច​លោក ហ៊ុន សែន ដែរ​នោះ លោក ហ៊ុន សែន នឹង​បង្គាប់​បញ្ជា​ឲ្យ គ.ជ.ប. ដក​លោក រ៉ុង ឈុង ចេញ​ពី​បញ្ជី​បេក្ខជន​តំណាង​រាស្ត្រ​ថែម​ទៀត​ផង។

លោក សម រង្ស៊ី អះអាង​ថា គ.ជ.ប. មិន​ឲ្យ​លោក រ៉ុង ឈុន ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្រ្ត​នេះ ជា​រឿង​នយោបាយ។

ជុំវិញ​រឿង​នេះ មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ ខុមហ្រ្វែល (COMFREL) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា គ.ជ.ប. គួរតែ​ជួយ​សម្រួល​ដល់​គណបក្ស​នយោបាយ ដែល​ចុះ​ឈ្មោះ​បេក្ខភាព​តំណាង​រាស្ត្រ ដើម្បី​ឱ្យ​មាន​ការ​ចូលរួម​ប្រកួត​ប្រជែង​ដោយសេរី និង​យុត្តិធម៌។ លោក​បារម្ភ​ថា បរិយាកាស​នៃ​ការ​បោះ​ឆ្នោត​ខាង​មុខ​នឹង​កាន់តែ​រឹតត្បិត បើ​សិន​ជា​រដ្ឋាភិបាល​មិន​បើក​លំហ​សិទ្ធិ​សេរីភាព​ឱ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​គណបក្ស​នយោបាយ។

លោក កន សាវាង្ស៖ «

លោក រ៉ុង ឈុន ធ្លាប់​ធ្វើ​ជា​សមាជិក គ.ជ.ប. និង​ជា​ប្រធាន​សហព័ន្ធសហជីពកម្ពុជា ហើយ​បាន​ចេញ​មុខ​ការពារ​បូរណភាព​ទឹក​ដី​ប្រទេស​កម្ពុជា។ លោក រ៉ុង ឈុន ត្រូវ​បាន​តុលាការ​ស្ថិត​នៅ​ក្រោម​បង្គាប់​បញ្ជា​របស់​លោក ហ៊ុន សែន បាន​ចាប់​ដាក់​ពន្ធនាគារ​ចំនួន​ពីរ​ដង​ពាក់ព័ន្ធ​រឿង​ព្រំដែន​កម្ពុជា​វៀតណាម។ កាល​ពី​ខែកក្កដា ឆ្នាំ២០២០ តុលាការ​បាន​ផ្ដន្ទាទោស លោក រ៉ុង ឈុន រយៈ​ពេល ២ឆ្នាំ​ម្ដង​ទៀត។ ប៉ុន្តែ លោក រ៉ុង ឈុន បាន​ជាប់​នៅ​ក្នុង​ពន្ធនាគារ​រយៈ​ពេល ១៥ខែ តុលាការ​ដោះលែង​វិញ ហើយ​ទោស​នៅ​សល់​ត្រូវ​ព្យួរ។

គិត​មក​ទល់​ពេល​នេះ មាន​គណបក្ស​ចំនួន១១ ដែល គ.ជប. ទទួល​ស្គាល់​ជា​ផ្លូវការ និង​គណបក្ស​ចំនួន ៩ទៀត កំពុង​ស្ថិត​ក្នុង​ការ​ត្រួតពិនិត្យ។

សភា​អឺរ៉ុប និង​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ទៀត​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ទាំង​ស្រុង​ពី​កម្ពុជា និង​ដាក់​សម្ពាធ​លើ​កម្ពុជា​ឱ្យ​កាន់តែ​ខ្លាំង ប្រសិន​បើ​ការ​បោះ​ឆ្នោត​ជាតិ​ខែកក្កដា ខាងមុខ ប្រព្រឹត្ត​ទៅ​មិន​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ឬ​ប្រសិន​បើ​នៅ​តែ​មិន​បើក​លំហ​សិទ្ធិ​សេរីភាព​នយោបាយ និង​បន្ត​រំលោភ​សិទ្ធិមនុស្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។