គណបក្ស​ភ្លើងទៀន ថា​ការ​សម្រេច​របស់ គ.ជ.ប ដែល​លុប​ឈ្មោះ​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ គឺ​ជា​រឿង​នយោបាយ

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​​គណបក្ស​ភ្លើងទៀន ថា​​ការ​​សម្រេច​​របស់ គ.ជ.ប ដែល​លុប​ឈ្មោះ​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​នេះ​១៤​នាក់ ចេញ​ពី​បញ្ជី​ទាំង​ស្រុង តាម​បណ្ដឹង​របស់​មន្ត្រី​​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់ គឺ​ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​នីតិវីធី។

ប្រធាន​ស្ដីទី​គណបក្ស​ភ្លើងទៀន​លោក ថាច់ សេដ្ឋា ថ្លែង​នៅ​មុន​ការផ្សាយ​នេះ​​បន្តិច​ថាការ​សម្រេច​របស់​​គណៈកម្មាធិការ​ជាតិ​​​រៀបចំ​ការបោះឆ្នោត ឬ គ.ជ.ប ដែល​លុប​ឈ្មោះ​បេក្ខជន​របស់​ខ្លួន​ឈរ​នៅ​សង្កាត់​ទួលស្វាយ​ព្រៃទី១ ខណ្ឌ​បឹងកេងកង ក្រុងភ្នំពេញ របស់​គណបក្ស​ភ្លើងទៀន គឺ​ជា​ការ​អនុវត្ត​មិន​ត្រឹមត្រូវ​ ហើយ​បង្ហាញ​ជំហរ​មិន​ឯករាជ្យ​របស់ គ.ជ.ប ដែល​លំអៀង​លើ​គណបក្ស​កាន់​អំណាច។

លោក​ថា បើ​សិនជា គ.ជ.ប រកឃើញ​ថា បេក្ខជន​របស់​គណបក្ស​ភ្លើង​ទៀន​៤​នាក់មិន​ទាន់​គ្រប់លក្ខខណ្ឌ គួរតែ​លុប​ឈ្មោះបេក្ខជន​តែ​៤​នាក់មិន​គួរ​រំលាយ​ឈ្មោះ​បេក្ខជន​១០​នាក់​ផ្សេង​ទៀតចេញ​បញ្ជី​ទាំង​ស្រុង​បែប​នេះ​ទេ។ លោក​ថា នេះ​ជា​ការ​សម្រេច​មិន​យុត្តិធម៌​៖ ​« រឿង​អី​ទៅ​យក​បណ្ដឹង​របស់​គូរ​ប្រជែង​គ្នា គាត់​ក្នុងនាម​បេក្ខជន ​ដែរ រឿង​អី​គាត់​ចង់​មាន​គណបក្ស​ទៅ​ប្រជែង​ជា​មួយ​ គាត់​មិន​ត្រូវ​កម្ចាត់​ដៃគូរ​មួយ​ទៀត រឿង​អី​ . . ទៅ​យក​បណ្ដឹង​របស់​ដៃ​គូ​មួយ​ទៀត​មក។ ឥឡូវ​គេ​បិទ​ផ្លូវ​តវ៉ា​ទៀត យើង​កំពុង​ជជែក​គ្នា​ដើម្បី​រក​មធ្យោបាយ​ទៀត​វា​ហួស​ហេតុ​ពេក​ បើ​សិន​ណា​ជា​នៅ​តែ​បន្ត​សកម្មភាព​បែប​ហ្នឹង​ក៏​យើង​គិត​ពិចារណា​ដែរ រឿង​ចូលរួម​បោះ​ឆ្នោត មិន​ចូលរួម​ បោះ​ឆ្នោត​អី​ហ្នឹង វា​បង្ហាញ​ការ​កៀប​សង្កត់​កាន់​តែ​ខ្លាំង កៀប​សង្កត់​តាម​ មូលដ្ឋាន​មិន ​អស់​ចិត្ត ឥឡូវ​មក​ប្រើ​ប្រាស់​ . . ប ទៀត ​អាហ្នឹង​ធ្វើ​ឲ្យ​ ប៉ះពាល់​ដល់​ការ​បោះឆ្នោត ​កាន់​តែធ្ងន់ធ្ងរ »

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ គ.ជ.ប បាន​សម្រេច​បិទ​ផ្លូវ​តវ៉ាលុប​ឈ្មោះ​បេក្ខជន​គណបក្ស​ភ្លើង​ទៀន​ ១៤​​រូប ចេញ​ពី​បញ្ជី​តាម​បណ្ដឹង​របស់​លោក ម៉ៅ មុន្នី បេក្ខជន​ក្រុម​ប្រឹក្សា​សង្កាត់​ទួលស្វាយ​ព្រៃ​ទី១​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

កាលពីថ្ងៃទី១៨ ខែមីនា ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ គ.ជ.ប ក៏​បាន​ចេញ​សេចក្តី​​​សម្រេច​ស្ថាពរ​បិទ​ផ្លូវ​តវ៉ា​ លុប​ឈ្មោះ​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ភ្លើង​ទៀន​ចំនួន ២០រូបចេញ​ពី​បញ្ជី​បេក្ខជន​ដំបូង​របស់​បក្ស​នេះដែរ។ គ.ជ.ប អះអាង​ថា បេក្ខជនទាំងនោះ ភាគច្រើនជា​បេក្ខជនឲ្យ​គេ​បំពេញ​ប្រវត្តិរូប​ជំនួស ដោយ​ខ្លួន​​មិន​​ចេះ​អាន និង​សរសេរ​អក្សរ​ខ្មែរ និង​បេក្ខជន​មិន​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ក្នុង​ឃុំ សង្កាត់​ដែល​ខ្លួន​មាន​បំណង​ឈរ​ឈ្មោះ​បោះ​ឆ្នោតជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។