មន្ត្រីជាន់ខ្ពស់គ.ជ.បស្នើទៅគណបក្សនយោបាយ និងពលរដ្ឋរក្សាភាពស្ងប់ស្ងាត់រង់ចាំទទួលយកការប្រកាសលទ្ធផលបោះឆ្នោតឃុំសង្កាត់នាថ្ងៃទី២៦ ខែមិថុនា នេះ។ ការប្រកាសនេះ ខណៈបក្សកាន់អំណាចទទួលលទ្ធផលដាច់គេក្នុងការបោះឆ្នោតនេះ។ មន្ត្រីសង្គមស៊ីវិល បារម្ភថា អាចនឹងមានការប្រកាន់និន្នាការនយោបាយ ក្នុងការបំពេញការងារបេក្ខជនឈ្នះឆ្នោតទាំងនោះ។
បើគ្មានការប្រែប្រួល គ.ជ.ប នឹងប្រកាលលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅថ្ងៃអាទិត្យទី២៦ ខែមិថុនា ដែលនឹងចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងទំព័រហ្វេសប៊ុកផ្លូវការរបស់គ.ជ.ប។ ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិល ចង់ឲ្យស្ថាប័នបោះឆ្នោតមួយនេះចេះរៀនសូត្រពីកំហុសរបស់ខ្លួន ដែលកើតមាននាពេលកន្លងមក ដើម្បីផ្ដល់ការជឿជាក់ដល់គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែង។
អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ឲ្យដឹងថា ក្នុងចំណោមគណបក្សនយោបាយទាំង១៧ចូលរួមបោះឆ្នោតមានគណបក្សចំនួន៩ទទួលកៅអីក្រុមប្រឹក្សាឃុំសង្កាត់។ លោកឲ្យដឹងទៀតថា បេក្ខជនក្រុមប្រឹក្សាឈ្នះឆ្នោតទាំងអស់មានជាង១ម៉ឺននាក់ ហើយគណបក្សប្រជាជនកម្ពុជា មានអ្នកជាប់ឆ្នោតច្រើនជាងគេ បន្ទាប់មកគឺគណបក្សភ្លើងទៀន៖ «ការប្រកាសលទ្ធផលនេះក៏ផ្សាភ្ជាប់ជាមួយនឹងដំណែងក្នុងក្រុមប្រឹក្សាឃុំសង្កាត់ទទួលបានដោយគណបក្សសាមីរៀងៗដោយមានការគាំទ្រពីប្រជាពលរដ្ឋផងដែរ»។
លោក ហង្ស ពុទ្ធា ឲ្យដឹងទៀតថា តាមនីតិវិធី ក្រោយ គ.ជ.ប ប្រកាសលទ្ធផលបោះឆ្នោតផ្លូវនេះរួចហើយ គ.ជ.ប នឹងបញ្ជូនលទ្ធផលនេះទៅក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃមានរយៈពេល២ ពីសប្ដាហ៍ ដើម្បីរៀបចំឲ្យបេក្ខជនជាប់ឆ្នោតទូទាំងប្រទេសចូលបំពេញការងារ។
ទាក់ទងរឿងនេះដែរ អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស រំពឹង គ.ជ.ប នឹងរៀនសូត្រពីកំហុសបច្ចេកទេសដែលកើតឡើងក្នុងពេលបោះឆ្នោតកាលពីថ្ងៃទី៥ មិថុនា កន្លងទៅ។ ចំពោះការបំពេញការងាររបស់បេក្ខជនជាប់ឆ្នោត មន្ត្រីឃ្លាំមើលការបោះឆ្នោតរូបនេះ ក៏បង្ហាញក្ដីបារម្ភថា អាចនឹងមានការរើសអើងផ្នែកនយោបាយ។ លោក កន សាវាង្ស លើកឡើងដូច្នេះ ក្រោយពេលលោកសង្កេតឃើញថា បេក្ខជនជាប់ឆ្នោតមួយចំនួន របស់គណបក្សភ្លើងទៀន កំពុងរងការធ្វើទុក្ខបុកម្នេញ ដូចជាជាប់បណ្ដឹងនៅតុលាការ ហើយបេក្ខជនចំនួនទៀតដែលមានអតីតភាពជាមន្ត្រីរាជការត្រូវបានក្រសួងសាមីរបស់ខ្លួនលុបឈ្មោះចេញពីស្ថាប័ន៖ «ការដកក្របខណ្ឌអីមិនមែនជារឿងមួយដែលល្អទេ អ្វីដែលយើងមើលយើងតាមដានកន្លងមកយើងមើលឃើញ មានការព្រួយបារម្ភ ជារឿងមួយដែលសំខាន់ណាស់បើអ៊ីចឹងការងារនេះមានការរើសអើងហើយ បើសិនមិនមានការបែងចែកឲ្យច្បាស់លាស់ទេ យោគយល់គ្នាទេ ភាពរើសអើង នឹងធ្វើឲ្យពិបាកក្នុងការធ្វើកិច្ចការងារក្នុងក្រុមប្រឹក្សានេះហើយបាទ»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការយល់ឃើញពីអនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បានទេនៅថ្ងៃទី២៥ ខែមិថុនា។
ចំណែក បេក្ខជនជាប់ឆ្នោតគណបក្សភ្លើងទៀន លោក ខឿន វីរ៉ាត់ ឲ្យវិទ្យុអាស៊ីសេរីដឹងថា លោកនឹងបម្រើពលរដ្ឋឲ្យអស់សមត្ថភាព និងព្យាយាមធ្វើការងារជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់មកពីគណបក្សផ្សេងទៀតដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយ។ លោកស្នើទៅសមាជិកក្រុមប្រឹក្សាឃុំមកពីគណបក្សផ្សេងទៀត គួរតម្កល់ប្រយោជន៍ពលរដ្ឋធំជាងប្រយោជន៍បក្សទើបធ្វើឲ្យភូមិឃុំមានការអភិវឌ្ឍ៖ «យើងមើលប្រសិនគណបក្សកាន់អំណាចពិតជាមានសុចរិតភាព នៅក្នុងការធ្វើការងារជាមួយគ្នាដើម្បីបម្រើប្រជាពលរដ្ឋមែន គួរតែមានវប្បធម៌សន្ទនានៅថ្នាក់មូលដ្ឋាន បែងចែកអំណាចនៅក្នុងការដឹកនាំឃុំសង្កាត់អនុវត្តឲ្យតែត្រូវតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ទៅគឺគ្រប់គ្រាន់សម្រាប់យើងដែលជាគណបក្សទទួលបានសំឡេងភាគតិចនៅក្នុងមូលដ្ឋានហើយ»។
បេក្ខជនឈ្នះឆ្នោតឃុំសង្កាត់អាណត្តិទី៥នេះ មានជាងមួយម៉ឺនមួយពាន់ នាក់ (១១៦២២)។ ពួកគេ នឹងចូលបំពេញការងាររបស់ខ្លួន ក្នុងឃុំសង្កាត់ទូទាំងប្រទេសឃុំ សង្កាត់ចំនួនមួយពាន់ប្រាំមួយរយហុកសិបពីរ(១.៦៥២) នាពេលខាងមុខដ៏ខ្លី។
សេចក្ដីប្រកាសព័ត៌មានរបស់គជប កាលពីថ្ងៃទី២៤ ខែមិថុនា ឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈដាច់គេគឺជាង ៩ពាន់អាសនៈ( ៩៣៧៦)។ អ្នកទី២ គឺគណបក្សភ្លើងទៀនបានទទួលបានជាងជិត ២ពាន់អាសនៈ(២.១៩៨) គណបក្សហ៊្វុនស៊ិនប៉ិច បាន១៩អាសនៈ ខ្មែររួបរួមជាតិបាន១៣អាសនៈ ប្រជាធិបតេយ្យមូលដ្ឋានបាន ៦អាសនៈ គណបក្សខ្មែរស្រលាញ់ជាតិ បាន៥អាសនៈ គណបក្សយុវជនកម្ពុជាបាន ៣អាសនៈ និងចុងប៉ូចគេគឺ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សកម្ពុជានិយមបានម្នាក់ ១អាសនៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។