រដ្ឋសភា អនុម័តជាផ្លូវការនូវគណៈរដ្ឋមន្ត្រីថ្មី ដែលមានលោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់លោក ហ៊ុន សែន ឡើងធ្វើជានាយករដ្ឋមន្ត្រី បន្តពីលោក។ នេះជាការផ្លាស់ប្ដូរអំណាចជា ប្រវត្តិសាស្ត្រមួយនៅកម្ពុជា បន្ទាប់ពីលោក ហ៊ុន សែន កាន់អំណាចជានាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ ប៉ុន្តែត្រូវបានគេប្រៀបធៀបថា ការផ្លាស់ប្ដូរអំណាចនេះមិនខុសពីផ្ទេរអំណាចតពូជនៅប្រទេស កូរ៉េខាងជើងនោះទេ។
លើសពីនេះ បើទោះបីជា លោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីថ្មីក៏ដោយ ប៉ុន្តែអ្នកឃ្លាំមើល អះអាងថា លោក ហ៊ុន សែន នៅតែមានអំណាចដ៏កំពូលដដែល ដើម្បីជួយជ្រោមជ្រែងកូនរបស់លោក។
ក្រោយទទួលបានការគាំទ្រពីសមាជិករដ្ឋសភាដែលជាភាគច្រើនលើសលប់មកពីបក្សកាន់អំណាចនោះ លោក ហ៊ុន ម៉ាណែត ដែលឡើងកាន់អំណាចតាមជើងខោឪ បានថ្លែងសារអរគុណឪពុករបស់លោក គឺលោក ហ៊ុន សែន ដែលបានផ្តល់ទំនុកចិត្តឲ្យលោកក្លាយជាអ្នកដឹកនាំបន្តវេន។ លោកក៏មិនភ្លេចលើកសរសេរការដឹកនាំរបស់ឪពុករបស់លោកដែរ ថា ជាមេដឹកនាំដ៏ឆ្លាត និងខ្លាំងពូកែ ខណៈសហគមន៍ជាតិ និងអន្តរជាតិ ចាត់ទុកថា លោក ហ៊ុន សែន ជាមេដឹកនាំផ្ដាច់ការហិង្សានិយម ពុករលួយ និងរំលោភសិទ្ធិមនុស្ស ដើម្បីរក្សាអំណាចតពូជ។
សមាជិកគណៈរដ្ឋមន្ត្រីថ្មីមិនខុសពីព័ត៌មានបានបែកធ្លាយកាលពីពេលកន្លងទៅនេះទេ ក្នុងនោះមានឧបនាយករដ្ឋមន្ត្រី ១០រូប និងទេសរដ្ឋមន្ត្រី ១៨រូប និងរដ្ឋមន្ត្រី ២២រូបទៀត ដែលសុទ្ធតែជាកូនចៅ និងសាច់ញាត់របស់មន្ត្រីកំពូលៗនៃបក្សកាន់អំណាច។ ក្នុងពេលជាមួយគ្នានេះ រដ្ឋសភាក៏បានបោះឆ្នោតជាកញ្ចប់ជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភាថ្មី ក្នុងនោះអ្នកស្រី ឃួន សុដារី ជាប្រធានរដ្ឋសភា លោក ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា និងលោក វង សូត ដែលជាកូនប្រសាអតីតប្រធានរដ្ឋសភា លោក ហេង សំរិន ជាអនុប្រធានទី២ រដ្ឋសភា។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។