គណបក្សសង្គ្រោះជាតិអះអាងថា គំនិតផ្ដួចផ្ដើមស្ដីពីវប្បធម៌នយោបាយថ្មី នឹងមិនអាចដំណើរការទៅមុខបានឡើយ ដរាបណាកម្ពុជាមិនទាន់មានការផ្លាស់ប្ដូរមេដឹកនាំបច្ចុប្បន្នទេនោះ។ ពេលថ្មីៗនេះ បញ្ញវន្តមួយក្រុមបានអះអាងថា ពួកគេកំពុងរៀបចំសកម្មភាពបណ្ដុះវប្បធម៌នយោបាយថ្មី ដើម្បីបន្សាបវប្បធម៌នយោបាយចាស់ ដែលមានលក្ខណៈមិនស្អាតស្អំ និងកំពុងបង្កមហន្តរាយដល់សង្គមជាតិ។ របបលោក ហ៊ុន សែន មិនចាប់អារម្មណ៍នឹងរឿងនេះឡើយ ចំណែកពលរដ្ឋវិញ ចង់ឱ្យក្រុមបញ្ញវន្តជួយរកដំណោះស្រាយបញ្ហានយោបាយ ជាជាងគិតគូរពីរឿងនេះ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ទទួលស្គាល់ថា វប្បធម៌នយោបាយចាស់ ដែលមានលក្ខណៈហិង្សានិយម និងឧបាយកលទុច្ចរិត ដូចជា ការកាប់សម្លាប់ និងការចាប់ចងគ្នា ដូចពេលបច្ចុប្បន្ននេះ មិនមែនជាវប្បធម៌នយោបាយល្អឡើយ។ ក៏ប៉ុន្តែលោកថា រឿងរ៉ាវទាំងអស់នេះកើតចេញពីចរិតនយោបាយរបស់មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន។
លោកបន្តថា អ្នកកាន់អំណាចបច្ចុប្បន្នជាមនុស្សចាស់ ដែលទទួលឥទ្ធិពលពីរបបខ្មែរក្រហម និងលទ្ធិកុម្មុយនិស្ត ហើយធ្លាប់ទទួលបានអំណាចតាមរយៈការបង្ហូរឈាមគ្នា ដូច្នេះការរំពឹងថា អ្នកដឹកនាំសព្វថ្ងៃផ្លាស់ប្ដូរឥរិយាបថនយោបាយរបស់ខ្លួន មករកការជជែកពិភាក្សាគ្នាដោយសន្តិវិធីនោះ គឺជារឿងដែលពិបាកនឹងទៅរួច។ លោកបន្ថែមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែមានគំនិតរើសអើង និងចាត់ទុកអ្នកមានគំនិតផ្ទុយថា ជាខ្មាំងសត្រូវនៅឡើយ ដូច្នេះលោកជឿជាក់ថា វប្បធម៌នយោបាយថ្មីនេះ ទំនងជាមិនអាចធ្វើបានឡើយក្នុងបរិបទបែបនេះ៖ «មនុស្សស្ទើរតែទាំងអស់ គេចង់បានអ្វីដែលថ្មី។ គេចង់បានការជជែកគ្នា និយាយគ្នា ប៉ុន្តែអ្នកកាន់អំណាចហ្នឹងគេអត់ចង់បាន ព្រោះកាលណានិយាយគ្នា ជជែកគ្នាដោយស្មើភាព ប្រកួតប្រជែងដោយស្មើភាពគ្នា គេនឹងចាញ់។ អ៊ីចឹងហើយបានជាការប្រកួតប្រជែងនយោបាយនៅស្រុកខ្មែរហ្នឹង វាពោរពេញដោយល្បិច ហើយអ្នកបង្កើតល្បិចហ្នឹង គឺអ្នកដែលកាន់អំណាចទេ។ អ្នកដែលកាន់អំណាច អ្នកដែលបង្កើតល្បិចហ្នឹង ដើម្បីធ្វើយ៉ាងម៉េចយកតែឈ្នះ អ៊ីចឹងបានជាមានភាពចម្រូងចម្រាសផ្នែកនយោបាយមកដល់ថ្ងៃនេះ»។
ប្រតិកម្មរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនេះ គឺជាការឆ្លើយតបទៅនឹងគំនិតផ្ដួចផ្ដើមរបស់បញ្ញវន្តមួយក្រុម ដែលចង់ឃើញកម្ពុជាមានការផ្លាស់ប្ដូរវប្បធម៌នយោបាយចាស់គំរិលពីការហែកហួរគ្នា ទៅជាការឯកភាពគ្នាដោះស្រាយបញ្ហាជាតិវិញ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា (TI Cambodia) លោក ព្រាប កុល ដែលជាអ្នកផ្ដួចផ្ដើមគំនិតចង់ឱ្យមានវប្បធម៌នយោបាយថ្មី អះអាងប្រាប់អាស៊ីសេរីថា អ្នកនយោបាយខ្មែរបានចោទប្រកាន់ មួលបង្កាច់ ជេរប្រមាថ និងប្រើពាក្យសម្តីបង្កឱ្យមានការស្អប់ ដែលវប្បធម៌នយោបាយបែបនេះ កំពុងរុញច្រានកម្ពុជាឱ្យធ្លាក់ទៅក្នុងគ្រោះថ្នាក់។ លោកថា វប្បធម៌នយោបាយបែបនេះ បន្សល់ទុក្ខពីសម័យខ្មែរក្រហម ឬសម័យមុននេះទៅទៀត ហើយដែលបច្ចុប្បន្ននេះនៅត្រូវបានប្រើប្រាស់ដោយគណបក្សកាន់អំណាច និងគណបក្សប្រឆាំង៖ «អ្នកនយោបាយដែលរងគ្រោះនោះ ហើយដែលប្រឈមនឹងការលំបាកសព្វបែបសព្វយ៉ាងនេះ ហើយប្រជាពលរដ្ឋដែលគាត់កំពុងតែប្រឈមនឹងការលំបាកនេះ គឺជាឥទ្ធិពលនៃវប្បធម៌នយោបាយចាស់ ដែលគាត់ជាជនរងគ្រោះ ហើយយើងចង់បង្កើតវប្បធម៌នយោបាយថ្មីមួយដែលយើងចង់ឱ្យអ្នកជំនាន់ក្រោយ ទៅថ្ងៃអនាគតទៅ កុំឱ្យខ្មែរយើងមានការរងគ្រោះដោយអយុត្តិធម៌ ឬក៏ជួបបញ្ហាផ្សេងៗតទៅទៀត»។
លោក ព្រាប កុល បញ្ជាក់ថា វប្បធម៌នយោបាយថ្មីនេះឈរលើគោលការណ៍សាមគ្គីជាតិ សុចរិតភាព ការអនុគ្រោះ ការជជែកគ្នាលើគោលនយោបាយ ការគោរពច្បាប់ និងគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដ។ លោកអះអាងថា លោក និងបញ្ញវន្តដទៃទៀត នឹងមិនបង្កើតគណបក្សនយោបាយ ដើម្បីសាបព្រួសវប្បធម៌នយោបាយថ្មីនេះឡើយ។ លោកថា ពួកលោកនឹងដើរតួនាទីជាអ្នកសម្របសម្រួលឱ្យមានការពិគ្រោះយោបល់ទូទាំងប្រទេស ដើម្បីទទួលយកមតិ និងការចង់បានរបស់ពលរដ្ឋអំពីវប្បធម៌នយោបាយថ្មីនេះ។
ទោះជាយ៉ាងណា វប្បធម៌នយោបាយថ្មីនេះ មិនទទួលបានការចាប់អារម្មណ៍ពីរបបលោក ហ៊ុន សែន ឡើយ។
អ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ថ្លែងថា រដ្ឋធម្មនុញ្ញមានចែងច្បាស់អំពីរបបនយោបាយរបស់កម្ពុជារួចស្រេចទៅហើយ ហើយការដឹកនាំជាតិមួយ គឺឈរលើគោលការណ៍ច្បាប់ជាធំ មិនមែនពឹងលើអារម្មណ៍ដឹកនាំឡើយ៖ «ការពង្រឹងនីតិរដ្ឋ គឺយើងឈរលើច្បាប់។ យើងមិនឈរលើមនោសញ្ចេតនារបស់បុគ្គលណាមួយទេ។ យើងមានប្រព័ន្ធនយោបាយ គោលការណ៍នៃការដឹកនាំដែលផ្ដល់អំណាចឱ្យមហាជនខ្មែរ មិនមែនផ្ដល់អំណាចឱ្យមួយក្រុមដែលតាំងខ្លួនថា ជាបញ្ញវន្តនោះទេ»។
គំនិតផ្ដួចផ្ដើមស្ដីពីវប្បធម៌នយោបាយថ្មីនេះ ត្រូវបានលើកឡើងចំពេលដែលស្ថានការណ៍នយោបាយនៅកម្ពុជា មិនទាន់វិវឌ្ឍទៅរកភាពប្រសើរឡើងនៅឡើយទេ។ មកដល់ពេលនេះ របបក្រុងភ្នំពេញមិនបានបង្ហាញ ចេតនាពិតប្រាកដក្នុងការស្ថានការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើយ ទោះបីជាមេដឹកនាំនៃរបបនេះបានក្រសោបយកអំណាចរដ្ឋទាំងអស់មកកាន់កាប់ផ្ដាច់មុខតែម្នាក់ឯងរួចហើយក៏ដោយ។
អនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង ថ្លែងថា លោក ព្រាប កុល និងបញ្ញវន្តដទៃទៀត មិនគួរមានគំនិតថា គណបក្សសង្គ្រោះជាតិជាអ្នកចូលរួមសាបព្រោះវប្បធម៌នយោបាយហិង្សានិយម និងធ្វើឱ្យបែកបាក់ជាតិនោះឡើយ ព្រោះនេះជារឿងមិនត្រឹមត្រូវ។ លោកថា គណបក្សសង្គ្រោះជាតិប្រៀបបាននឹងជនរងគ្រោះដោយសារអំពើប្លន់យ៉ាងដូច្នេះដែរ។ នៅពេលត្រូវចោរប្លន់ ជនរងគ្រោះមានតែស្រែករកជំនួយ គ្មានអ្វីតបតនឹងចោរឡើយ ដូច្នេះគេគួរតែបន្ទោសចោរ ឬជួយចាប់ចោរ មិនមែនមកស្ដីបន្ទោសឱ្យជនរងគ្រោះបែបនេះទេ៖ «អ្វីដែលគណបក្សសង្គ្រោះជាតិទទួលបានពីប្រជាពលរដ្ឋ តាំងពីឆ្នាំ២០១៣ មកដល់ឆ្នាំ២០១៧ ត្រូវពួកផ្ដាច់ការ ពួក ហ៊ុន សែន ប្លន់យកអស់រលីង។ ចាប់ឪពុកគេ ចាប់ម្ដាយគេ មេគេដាក់គុក ហើយអ្នកផ្សេងចងចំណងដេរមាត់គេមិននិយាយ អ្នកនៅក្នុងស្រុក ហើយកូនចៅខ្ចាត់ខ្ចាយ។ យើងជាអ្នករងគ្រោះ យើងគ្រាន់តែស្រែកទាមទារចង់បានរបស់អ្វីដែលជារបស់យើងមកវិញ ដែលប្រជាពលរដ្ឋឱ្យហ្នឹងមកវិញ យើងអ្នករងគ្រោះទៅជាអ្នកខុស អាហ្នឹងខ្ញុំមិនដឹងយល់ថាម៉េចទេ អ្នកនិយាយហ្នឹង។ ព្រោះយើងត្រូវឆ្លុះបញ្ចាំងការពិតបែបហ្នឹង»។
លោករំឭកថា គណបក្សសង្គ្រោះជាតិ ធ្លាប់បានសាកល្បងវប្បធម៌សន្ទនា ដែលស្រដៀងគ្នានឹងវប្បធម៌នយោបាយថ្មីនេះរួចទៅហើយ ក៏ប៉ុន្តែត្រូវបរាជ័យដោយសារតែលោក ហ៊ុន សែន មានបង្កប់ឧបាយកលទុច្ចរិត ដើម្បីរក្សាអំណាចរបស់ខ្លួន។ លោកសង្កត់ធ្ងន់ថា គណបក្សសង្គ្រោះជាតិមិនយកខ្មែរណាជាសត្រូវឡើយ ហើយក៏គ្មានគំនិតគុំកួន ឬសកសឹកក្រុមមេដឹកនាំបច្ចុប្បន្ននេះដែរ។ លោកបន្ថែមថា គណបក្សសង្គ្រោះជាតិស្វាគមន៍ និងអបអរសាទរ ប្រសិនបើក្រុមលោក ព្រាប កុល អាចទៅបញ្ចុះបញ្ចូលរបបលោក ហ៊ុន សែន ឱ្យបញ្ឈប់វប្បធម៌នយោបាយចាស់គំរឹលនេះចោលបាន។
ពលរដ្ឋមួយរូបនៅខេត្តតាកែវបញ្ចេញយោបល់ថា វប្បធម៌នយោបាយថ្មីនេះ ហាក់ដូចជាមិនមានអ្វីថ្មីឡើយ ពោលគឺគ្រាន់តែច្បិចយកគោលការណ៍ប្រជាធិបតេយ្យមកប្រើ និងហៅថា ជាវប្បធម៌នយោបាយថ្មីប៉ុណ្ណោះ។ ពលរដ្ឋដដែលបន្តថា គំនិតនេះមិនសូវខុសគ្នាពីអ្វីដែលលោក កឹម សុខា ធ្លាប់បានធ្វើកាលលោកនៅជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នោះទេ។ លោកជឿជាក់ថា ក្នុងបរិបទនៃការរឹតត្បិតសិទ្ធិសេរីភាពដូចបច្ចុប្បន្ន គំនិតផ្ដួចផ្ដើមនេះនឹងមិនអាចធ្វើបាននោះឡើយ ហើយបើអាចធ្វើបានមែន ទាល់តែមានភ្លើងខៀវពីរបបក្រុងភ្នំពេញ ដើម្បីឱ្យជួយលម្អសួនប្រជាធិបតេយ្យរបស់ខ្លួន៖ «អង្គការទាំងអស់ដែលចុះធ្វើហ្នឹង ហ៊ានធានាថា ក្រោយពីពលរដ្ឋបញ្ចេញមតិ ទស្សនៈ យោបល់ហើយហ្នឹង យកទៅដោះស្រាយដោយវិធីណា ហើយពួកគាត់មានសុវត្ថិភាពដែរ ឬទេ ? នេះជាទស្សនៈដែលខ្ញុំឆ្ងល់ រឿងទីមួយ។ រឿងទីពីរ បើគាត់ចង់សាបព្រួសទាំងអស់នេះ គួរតែគាត់ប្រមូលអ្នកនយោបាយទាំងពីរគណបក្សហ្នឹង ឱ្យដើរតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យដែលមានស្រាប់ជាខ្នាតអន្តរជាតិហ្នឹងទៅ គឺល្អហើយ»។
ពលរដ្ឋរូបនេះបន្ថែមថា អ្វីដែលក្រុមបញ្ញវន្តគួរធ្វើនោះ គឺជួយរកដំណោះស្រាយនយោបាយរវាងគណបក្សកាន់អំណាច និងបក្សប្រឆាំង ដែលអូសបន្លាយមកទល់នឹងពេលបច្ចុប្បន្ន។ លោកជឿជាក់ថា បើអាចរកដំណោះស្រាយនយោបាយបាន ឬមួយក៏កម្ពុជាមានការផ្លាស់ប្ដូរមេដឹកនាំ វប្បធម៌នយោបាយថ្មីរបស់ក្រុមលោក ព្រាប កុល នេះ នឹងអាចដំណើរការទៅមុខបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។