ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ជួប​ប្រជុំ​ជា​លើកដំបូង​ជាមួយ​លោក ហ៊ុន សែន

0:00 / 0:00

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី ប្រចាំ​នៅ​កម្ពុជា លោក ផាទ្រីក ម័រហ្វី (Patrick Murphy) បាន​ជួបពិភាក្សា​ការងារ​ជា​លើកដំបូង​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​តុលា បន្ទាប់ពី​លោក​បាន​ថ្វាយ​សារតាំង​ដល់​ព្រះមហាក្សត្រ​ខ្មែរ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា កន្លង​ទៅ។ ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក​ក៏​ដូច​ធ្វីតធឺ (Twitter) របស់​លោក​ឯកអគ្គរដ្ឋទូត បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​ជា​លើកដំបូង​នេះ លោក​ឯកអគ្គរដ្ឋទូត ម័រហ្វី និង​លោក ហ៊ុន សែន បាន​ពិភាក្សា​ពី​កិច្ច​គាំទ្រ​ដ៏​យូរអង្វែង​របស់​សហរដ្ឋ​អាមេរិក ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​បញ្ហា​ប្រជាធិបតេយ្យ និង​អធិបតេយ្យភាព នៅ​កម្ពុជា។ ក្នុង​ជំនួប​នោះ​ដែរ លោក ម័រហ្វីក៏បាន​បញ្ជាក់​ពី​ក្តី​សង្ឃឹម​របស់​លោក​ចំពោះ​ជំហាន​បន្តបន្ទាប់ ដែល​នឹង​ត្រូវ​ធ្វើឡើង​ក្នុង​រយ​:​ពេល​ប៉ុន្មាន​សប្ដាហ៍ និង​ខែ​ខាងមុខនេះ ដើម្បី​ពង្រឹង​ចំណងទាក់ទង​ដ៏​សំខាន់ រវាង​ប្រទេស​ទាំងពីរ​។ អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក អ្នកស្រី អ៊ីមមីលី ហ្សីប៊ើក (Emily Zeeberg) បាន​ប្រាប់​អាស៊ីសេរី​ថា ស្ថានទូត​អាមេរិក​មិន​មាន​អ្វី​ត្រូវ​បញ្ជាក់​បន្ថែម​ទាក់ទង​នឹង​ជំនួប​ជា​លើកដំបូង​រវាង​លោក ផាទ្រីក ម័រហ្វី និង​លោក ហ៊ុន សែន នោះ​ឡើយ។

អ្នកវិភាគ​នយោបាយ និង​សង្គម ចង់​ឃើញ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ថ្មី ធ្វើ​ការងារ​ស្ដារ​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​អាមេរិក និង​ធ្វើជា​ស្ពាន​សម្រាប់​ចរចា​រវាង​គណបក្ស​កាន់អំណាច និង​គណបក្សប្រឆាំង​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​។ អ្នកវិភាគ​សង្គម​លោក គឹម សុខ ដែល​កំពុង​រស់នៅ​ភៀសខ្លួន បាន​ថ្លែងប្រាប់​អាស៊ីសេរី​ថា សហរដ្ឋអាមេរិក​នឹង​មិន​បោះបង់ចោល​កម្ពុជា​នោះ​ទេ ហើយ​ការងារ​ជា​អាទិភាព​ដំបូងៗ​របស់​លោក​ទូត​គឺ​ពង្រឹង​នូវ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ការ​ជួយ​សម្របសម្រួល​ផ្នែក​នយោបាយ​រវាង​គណបក្ស​ទាំងពីរ​ឱ្យ​ងាក​មក​រក​ការ​ចរចា​គ្នា​ឡើងវិញ និង​ទប់ស្កាត់​នូវ​ឥទ្ធិពល​របស់​ចិន​មក​លើ​ប្រទេស​កម្ពុជា​។ ទោះជា​បែប​ណា​ក្តី លោក គឹម សុខ លើក​បញ្ជាក់​ថា លោក ហ៊ុន សែន នឹង​មិន​បោះបង់​ប្រទេស​ចិន​ហើយ​ងាក​មក​ក្រសោប​សហរដ្ឋអាមេរិក​នោះ​ទេ ព្រោះ​ចិន​ជា​ឆ្អឹង​បង្អែក​ដែល​មិន​អាច​ខ្វះ​បាន សម្រាប់​ការពារ​អំណាច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​មាន​និរន្តរភាព​ត​ទៅ​មុខ​​ទៀត៖ «អ្វី​ដែល​សហរដ្ឋអាមេរិក ចង់​បង្ហាញ​គឺ​កម្ពុជា​មួយ​ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​ជាមួយគ្នា ដែល​សហរដ្ឋអាមេរិក​នឹង​ព្យាយាម​ជួយ​ជ្រោមជ្រែង ជួយ​សម្របសម្រួលមមនថ៥យថរង​។ បើ​ថា​ក្រុម​លោក​ហ៊ុន សែន​ងាក​មក​សហរដ្ឋអាមេរិក ហើយ​បោះបង់​ចិន​ចោល​នោះ​មិន​អាច​ទេ ពី​ព្រោះតែ​នយោបាយ​ការពារ​អំណាច​របស់ ហ៊ុន សែន គឺ​ពឹងផ្អែក​ធំ​ណាស់​ទៅ​ប្រទេស​ចិន នយោបាយ​ចិន និង​លុយកាក់​ចិន​ជាដើម។ ការ​សម្របសម្រួល​ណាមួយ​ដែល​ឯកអគ្គរដ្ឋទូត​អាមេរិក​អាច​ធ្វើ​បាន កុំ​ឱ្យ​ប្រទេស​កម្ពុជា ធ្លាក់​កាន់តែ​ជ្រៅ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ចិន។

ទោះជា​យ៉ាង​នេះ​ក្តី សារព័ត៌មាន​ក្នុងស្រុក​ដែល​ស្និទ្ធ​នឹង​របប​ក្រុងភ្នំពេញ​បាន​ស្រង់​សំដី​លោក ហ៊ុន សែន ដែល​បាន​ប្រាប់​ទៅ​លោក​ទូត​អាមេរិក​ថា ទំនាក់ទំនង​របស់​កម្ពុជា និង​អាមេរិក មិនមែន​ជា​ទំនាក់ទំនង​ដែល​ចាប់ផ្ដើម​ពី​ចំណុចសូន្យ​នោះ​ទេ គឺជា​ទំនាក់ទំនង​ដែល​បន្ត​នូវ​អ្វី​ដែល​ធ្លាប់​មាន​ពី​មុនៗ​មក ហើយ​ទំនាក់ទំនង​នេះ​មាន​ភាព​ល្អ​ប្រសើរ​។ សារព័ត៌មាន​ផ្សាយ​បន្ថែម​ថា ក្នុង​ជំនួប​នោះ លោក ហ៊ុន សែន ក៏បាន​ស្នើ​ទៅ​លោក​ទូត​អាមេរិក ឱ្យ​មាន​ក្រុម​ប្រណាំង​ទូក​នៃ​អ្នកស្ម័គ្រចិត្ត ភីស ខប (Peace Corps) របស់​អាមេរិក ចូលរួម​នៅ​ក្នុង​ពិធី​បុណ្យអុំទូក​ក្នុង​ឆ្នាំ​នេះ​ផង​ដែរ តែ​លោក ផាទ្រីក ម័រហ្វី (Patrick Murphy) មិនទាន់​ផ្ដល់​ចម្លើយ​ច្បាស់លាស់​នៅឡើយ​ទេ ដោយ​លោក​គ្រាន់តែ​ប្រាប់​ថា អាច​ឆ្នាំ​នេះ ឬ​ឆ្នាំក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។