ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំនៅកម្ពុជា លោក ផាទ្រីក ម័រហ្វី (Patrick Murphy) បានជួបពិភាក្សាការងារជាលើកដំបូងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរសៀលថ្ងៃទី២៣ ខែតុលា បន្ទាប់ពីលោកបានថ្វាយសារតាំងដល់ព្រះមហាក្សត្រខ្មែរ កាលពីថ្ងៃទី១៩ ខែតុលា កន្លងទៅ។ ទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកក៏ដូចធ្វីតធឺ (Twitter) របស់លោកឯកអគ្គរដ្ឋទូត បានឱ្យដឹងថា នៅក្នុងជំនួបជាលើកដំបូងនេះ លោកឯកអគ្គរដ្ឋទូត ម័រហ្វី និងលោក ហ៊ុន សែន បានពិភាក្សាពីកិច្ចគាំទ្រដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក ចំពោះប្រជាពលរដ្ឋកម្ពុជាបញ្ហាប្រជាធិបតេយ្យ និងអធិបតេយ្យភាព នៅកម្ពុជា។ ក្នុងជំនួបនោះដែរ លោក ម័រហ្វីក៏បានបញ្ជាក់ពីក្តីសង្ឃឹមរបស់លោកចំពោះជំហានបន្តបន្ទាប់ ដែលនឹងត្រូវធ្វើឡើងក្នុងរយ:ពេលប៉ុន្មានសប្ដាហ៍ និងខែខាងមុខនេះ ដើម្បីពង្រឹងចំណងទាក់ទងដ៏សំខាន់ រវាងប្រទេសទាំងពីរ។ អ្នកនាំពាក្យស្ថានទូតអាមេរិក អ្នកស្រី អ៊ីមមីលី ហ្សីប៊ើក (Emily Zeeberg) បានប្រាប់អាស៊ីសេរីថា ស្ថានទូតអាមេរិកមិនមានអ្វីត្រូវបញ្ជាក់បន្ថែមទាក់ទងនឹងជំនួបជាលើកដំបូងរវាងលោក ផាទ្រីក ម័រហ្វី និងលោក ហ៊ុន សែន នោះឡើយ។
អ្នកវិភាគនយោបាយ និងសង្គម ចង់ឃើញឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាថ្មី ធ្វើការងារស្ដារទំនាក់ទំនងរវាងប្រទេសកម្ពុជា និងអាមេរិក និងធ្វើជាស្ពានសម្រាប់ចរចារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងដើម្បីដោះស្រាយវិបត្តិនយោបាយ។ អ្នកវិភាគសង្គមលោក គឹម សុខ ដែលកំពុងរស់នៅភៀសខ្លួន បានថ្លែងប្រាប់អាស៊ីសេរីថា សហរដ្ឋអាមេរិកនឹងមិនបោះបង់ចោលកម្ពុជានោះទេ ហើយការងារជាអាទិភាពដំបូងៗរបស់លោកទូតគឺពង្រឹងនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ការជួយសម្របសម្រួលផ្នែកនយោបាយរវាងគណបក្សទាំងពីរឱ្យងាកមករកការចរចាគ្នាឡើងវិញ និងទប់ស្កាត់នូវឥទ្ធិពលរបស់ចិនមកលើប្រទេសកម្ពុជា។ ទោះជាបែបណាក្តី លោក គឹម សុខ លើកបញ្ជាក់ថា លោក ហ៊ុន សែន នឹងមិនបោះបង់ប្រទេសចិនហើយងាកមកក្រសោបសហរដ្ឋអាមេរិកនោះទេ ព្រោះចិនជាឆ្អឹងបង្អែកដែលមិនអាចខ្វះបាន សម្រាប់ការពារអំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យមាននិរន្តរភាពតទៅមុខទៀត៖ «អ្វីដែលសហរដ្ឋអាមេរិក ចង់បង្ហាញគឺកម្ពុជាមួយដែលត្រូវដោះស្រាយបញ្ហាជាមួយគ្នា ដែលសហរដ្ឋអាមេរិកនឹងព្យាយាមជួយជ្រោមជ្រែង ជួយសម្របសម្រួលមមនថ៥យថរង។ បើថាក្រុមលោកហ៊ុន សែនងាកមកសហរដ្ឋអាមេរិក ហើយបោះបង់ចិនចោលនោះមិនអាចទេ ពីព្រោះតែនយោបាយការពារអំណាចរបស់ ហ៊ុន សែន គឺពឹងផ្អែកធំណាស់ទៅប្រទេសចិន នយោបាយចិន និងលុយកាក់ចិនជាដើម។ ការសម្របសម្រួលណាមួយដែលឯកអគ្គរដ្ឋទូតអាមេរិកអាចធ្វើបាន កុំឱ្យប្រទេសកម្ពុជា ធ្លាក់កាន់តែជ្រៅទៅក្នុងកណ្ដាប់ដៃរបស់ចិន។
ទោះជាយ៉ាងនេះក្តី សារព័ត៌មានក្នុងស្រុកដែលស្និទ្ធនឹងរបបក្រុងភ្នំពេញបានស្រង់សំដីលោក ហ៊ុន សែន ដែលបានប្រាប់ទៅលោកទូតអាមេរិកថា ទំនាក់ទំនងរបស់កម្ពុជា និងអាមេរិក មិនមែនជាទំនាក់ទំនងដែលចាប់ផ្ដើមពីចំណុចសូន្យនោះទេ គឺជាទំនាក់ទំនងដែលបន្តនូវអ្វីដែលធ្លាប់មានពីមុនៗមក ហើយទំនាក់ទំនងនេះមានភាពល្អប្រសើរ។ សារព័ត៌មានផ្សាយបន្ថែមថា ក្នុងជំនួបនោះ លោក ហ៊ុន សែន ក៏បានស្នើទៅលោកទូតអាមេរិក ឱ្យមានក្រុមប្រណាំងទូកនៃអ្នកស្ម័គ្រចិត្ត ភីស ខប (Peace Corps) របស់អាមេរិក ចូលរួមនៅក្នុងពិធីបុណ្យអុំទូកក្នុងឆ្នាំនេះផងដែរ តែលោក ផាទ្រីក ម័រហ្វី (Patrick Murphy) មិនទាន់ផ្ដល់ចម្លើយច្បាស់លាស់នៅឡើយទេ ដោយលោកគ្រាន់តែប្រាប់ថា អាចឆ្នាំនេះ ឬឆ្នាំក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។