រដ្ឋាភិបាល​ណូវែលហ្សេឡង់ដ៍ នឹង​បន្ត​តាម​ដាន​ករណី​លោក កឹម សុខា

0:00 / 0:00

ឯកអគ្គរាជទូត​ប្រទេស​ណូវែលហ្សេឡង់ដ៍ (New Zealand) លើក​ឡើង​ថា រដ្ឋាភិបាល​ប្រទេស​មួយ​នេះ នឹង​បន្ត​តាមដាន​ការ​វិវឌ្ឍ ចំពោះ​ករណី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលាការ​របប​ក្រុង​ភ្នំពេញ រំលាយ​ចោល គឺ​លោក កឹម សុខា។ ការ​បញ្ជាក់​ជំហរ​បែប​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ឯកអគ្គរាជទូត ប្រទេស​ណូវែលហ្សេឡង់ដ៍ បាន​ទៅ​ជួប​សួរ​សុខ​ទុក្ខ លោក កឹម សុខា នៅ​ក្នុង​ផ្ទះ​របស់​លោក ស្ថិត​នៅ​ខណ្ឌ​ទួល​គោក ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែ​ធ្នូ។

ឯកអគ្គរាជទូត​ប្រទេស​ណូវែលហ្សេឡង់ដ៍ ទទួល​បន្ទុក​ប្រទេស​កម្ពុជា ថៃ និង​ឡាវ គឺ​លោក តា​ហា ម៉ាក់ហ្វឺសាន់ (Taha Macpherson) អះអាង​ថា រដ្ឋាភិបាល​ប្រទេស​ណូវែលហ្សេឡង់ដ៍ នឹង​បន្ត​តាម​ដាន ការ​វិវឌ្ឍ​ចំពោះ​សំណុំ​រឿង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​តុលាការ​កម្ពុជា​គ្រោង​ជំនុំ​ជម្រះ​នៅ​ពាក់​​កណ្ដាល​ខែ​ក្រោយ​នេះ។

ចំណែក​នាយ​ខុទ្ទកាល័យ លោក កឹម សុខា គឺ​លោក មុត ចន្ថា វិញ សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក​ថា លោក កឹម សុខា បង្ហាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​ប្រទេស​ណូវែលហ្សេឡង់ដ៍ ដែល​បាន​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ជួយ​គាំទ្រ​ដល់​ដំណើរ​ការ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ការ​ទទួល​ជួប​ជា​មួយ​អ្នក​ការ​ទូត​បរទេស​ជា​បន្ត​បន្ទាប់​គ្នា​នេះ គឺ​បន្ទាប់​ពី​តុលាការ​របប​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា អនុញ្ញាត​ឱ្យ​លោក កឹម សុខា មាន​សេរីភាព​អាច​ធ្វើ​ដំណើរ​បាន​​នៅ​ក្នុង​ប្រទេស​បាន ប៉ុន្តែ​មិន​ឱ្យ​ហួស​ពី​ព្រំ​ប្រទល់​ដែន​របស់​កម្ពុជា​ឡើយ ហើយ​ក៏​មិន​ឲ្យ​លោក​ធ្វើ​សកម្មភាព​នយោបាយ​បាន​នោះ​ដែរ។ ក្រៅ​ពី​នេះ តុលាការ​បាន​តម្រូវ​ឱ្យ​លោក​ឆ្លើយ​តប​នឹង​ការ​កោះ​ហៅ​ពី​គ្រប់​សមត្ថកិច្ច។

តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា កាយវិការ​របស់​អ្នក​កាទូត ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ទាំង​នេះ បង្ហាញ​ថា ពួកគេ​នៅ​តែ​គាំទ្រ និង​ទទួល​ស្គាល់​លោក កឹម សុខា ជា​មនុស្ស​ស្អាតស្អំ​គ្មាន​ទោស​កំហុស និង​ជា​អ្នក​នយោបាយ​សំខាន់​មួយ​រូប ក្នុង​ការ​ចូលរួម​ដំណើរ​ការ​កសាង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ « កាយវិការ​របស់​ស្ថានទូត​នីមួយៗ នេះ គឺ​ថា ជា​ការ​ចូលរួម​ជំរុញ ដើម្បី​ឲ្យ​កម្ពុជា​យើង ត្រូវ​តែ​ស្តារ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ ទាក់ទង នឹង​ការ​រំលោភ​បំពាន ចាប់តាំងពីឆ្នាំ២០១៧មក ដែល​គេ​មើល​ឃើញ​ថា ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ ត្រូវ​បាន​ធ្លាក់​ចុះ »

ទោះ​ជា​យ៉ាង​ណា ចៅក្រម​ស៊ើបសួរ​​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធី បាន​សម្រេច​បញ្ជូន​​សំណុំ​រឿង​សន្ទិដ្ឋិភាព ឬ​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស​របស់​លោក កឹម សុខា ដែល​​ជា​សំណុំ​រឿង​មាន​ចរិត​នយោបាយ និង​​ធ្វើ​ឡើង​តាម​​ការ​ចង់​បាន​​របស់​លោក ហ៊ុន សែន ​ទៅ​ជំនុំ ​​ជម្រះ​​ថ្ងៃ​ទី១៥ មករា ខែ​ក្រោយ​នេះ។

រហូត​មក​ដល់​ពេល​នេះ មាន​ឯក​អគ្គ​រដ្ឋ​ទូត​បរទេស​ជាង ១០ហើយ ដែល​បាន​បណ្ដាក់​គ្នា​ចូល​ជួប​សួរសុខទុក្ខ លោក កឹម សុខា រួម​មាន ​ឯក​អគ្គ​រដ្ឋទូត​បារាំង សហរដ្ឋ​អាមេរិក អាល្លឺម៉ង់ អូស្ត្រាលី សហភាព​អឺរ៉ុប ជប៉ុន ​អង់គ្លេស ប្រទេស​ស្វីស ស៊ុយអែត ហ្វាំងឡង់ បែលហ្ស៊ិក និង​ប្រទេស​ណូវែលហ្សេឡង់ដ៍។ តំណាង​រដ្ឋាភិបាល​នៃ​ប្រទេស​សេរី​ធំៗ ទាំង​នេះ នៅ​តែ​ជំរុញ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ តាម​រយៈ​ការ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា និង​ដោះលែង​ជន​ទាំង​ឡាយ​ណា​ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត ក្នុង​នោះ​រួម​មាន​អ្នក​សារ​ព័ត៌មាន សកម្មជន​សង្គម​ស៊ីវិល ព្រម​ទាំង​អ្នក​គាំទ្រ និង​​សមាជិក​គណបក្ស​ប្រឆាំង​ផង​ដែរ។ ប្រទេស​ទាំង​នោះ​សង្កត់​ធ្ងន់​ថា មាន​តែ​ធ្វើ​តាម​អនុសាសន៍​របស់​ពួក​គេ​នេះ​ទេ ទើប​មាន​ប្រយោជន៍​សម្រាប់​កម្ពុជា​ទាំង​វិស័យ​អភិបាលកិច្ច និង​សេដ្ឋកិច្ច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។