មេឃុំចំណាលើជាប់ឆ្នោតមកពីគណបក្សភ្លើងទៀន ខេត្តកំពង់ធំ ប្តេជ្ញាបម្រើពលរដ្ឋឲ្យល្អ ស្មោះត្រង់ និងមិនប្រព្រឹត្តអំពើពុករលួយ ហើយអំពាវនាវឱ្យអាជ្ញាធរគណបក្សកាន់អំណាច ផ្តល់កិច្ចសហការល្អ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋឱ្យបានត្រឹមត្រូវ និងយុត្តិធម៌។ រីឯអ្នកនាំពាក្យគណក្សកាន់អំណាច លោក សុខ ឥសាន ផ្តាំឱ្យមេឃុំរូបនេះ កុំព្រួយបារម្ភក្នុងការបំពេញតួនាទី ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់នឹងផ្តល់កិច្ចសហការល្អ ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន។
មេឃុំចំណាលើ ស្រុកស្ទោង ប្រកាសជំហរថា នឹងប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចឱ្យក្លាយជាមេឃុំគំរូមួយ ដើម្បីបម្រើពលរដ្ឋ និងសង្គមជាតិ ប្រកបដោយស្មារតីស្មោះត្រង់តាមច្បាប់ ដោយមិនឱ្យម្ចាស់ឆ្នោតអស់សង្ឃឹមឡើយ។
មេឃុំជាប់ឆ្នោតមកពីគណបក្សភ្លើងទៀន លោក ញឹម សារ៉ុម ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៧ មិថុនាថា លោកនឹងបំពេញតួនាទីជាមេឃុំល្អ បម្រើពលរដ្ឋម្ចាស់ឆ្នោតប្រកបដោយការទទួលខុសត្រូវស្របតាមច្បាប់ និងផ្តល់កិច្ចសហការល្អជាមួយគណបក្សនយោបាយដទៃទៀត។
លោកថា ពលរដ្ឋរស់នៅឃុំចំណាលើ ភាគច្រើនរអ៊ូរទាំរឿងផ្លូវពិបាកធ្វើដំណើរ ហើយការផ្តល់សេវាសាធារណៈ របស់អាជ្ញាធរឃុំតែងតែយកកម្រៃពីពលរដ្ឋ ដែលធ្វើឱ្យពលរដ្ឋខ្លះមិនសប្បាយចិត្ត។ ហេតុនេះ លោកសន្យាថា នឹងលុបបំបាត់អំពើពុករលួយ ថ្នាក់មូលដ្ឋាន ដោយមិនយកកម្រៃពីពលរដ្ឋក្នុងការផ្តល់សេវារដ្ឋបាលនោះទេ។
លោកបន្ថែមថា បញ្ហាប្រឈមនៅមូលដ្ឋាន ក្នុងឃុំរបស់លោកគ្រប់គ្រង គឺផ្លូវខូចខាត ពិបាកធ្វើដំណើរ ហេតុនេះ លោកនឹងពិភាក្សាគ្នា រកមធ្យោបាយជួសជុលផ្លូវមួយចំនួន ដើម្បីសម្រាលការលំបាករបស់ពលរដ្ឋ៖ « នៅពេលដែលពួកខ្ញុំចូលកាន់ដំណែងនៅក្នុងឃុំ គិតថា ជាថវិកាមួយ ដែលជាថវិកា អភិវឌ្ឍន៍របស់ឃុំ គឺពួកខ្ញុំនឹងអភិវឌ្ឍន៍ដោយស្មោះត្រង់ ចំពោះបញ្ហាប្រព្រឹត្តអំពើពុករលួយ គឺពួកខ្ញុំនឹងមិនធ្វើជាដាច់ខាត » ។
មេឃុំវ័យ ៥២ឆ្នាំរូបនេះ ហាក់ព្រួយបារម្ភពីសុវត្ថិភាពខ្លះៗដែរ ខ្លាចក្រែងអាជ្ញាធរបក្សកាន់អំណាចធ្វើទុក្ខបុកម្នេញ ក្រោមហេតុផលមិនប្រក្រតីណាមួយ។ ប៉ុន្តែលោកតាំងចិត្តមុតមាំថា នឹងក្រាញននៀល ធ្វើជាមេឃុំល្អ មិនរើសអើងនិន្នាការនយោបាយ ដើម្បីពលរដ្ឋ និងសង្គមជាតិ។
លោក ញឹម សារ៉ុម ចង់ឃើញភូមិឃុំរបស់លោករីកចម្រើន ពលរដ្ឋមានជីវភាពធូរធា ប្រព័ន្ធធារាស្ត្រគ្រប់គ្រាន់ផ្លូវស្រួលធ្វើដំណើរ ហើយការផ្តល់សេវាសាធារណៈលឿនរហ័ស និងគ្មានអំពើពុករលួយ។
ឃុំចំណាលើស្រុកស្ទោង ខេត្តកំពង់ធំ មានគណបក្សនយោបាយ ៦ ចូលរួម គឺគណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀនគណបក្សសញ្ជាតិកម្ពុជាគណបក្សហ្វ៊ិនស៊ិនប៉ិច គណបក្សខ្មែរស្រឡាញ់ជាតិ និងគណបក្សខ្មែររួបរួមជាតិ។
លទ្ធផលបណ្ណោះអាសន្នរបស់គជប បន្ទាប់ពីរាប់សន្លឹកឆ្នោត បង្ហាញថា គណបក្សភ្លើងទៀនទទួលបានសំឡេង ២.២៨៥សំឡេង ហើយគណបក្សប្រជាជនកម្ពុជាទទួលបាន ១.៧៨៩សំឡេង ក្នុងចំណោម ៩អាសនៈ។
កាលពីឆ្នាំ២០១៧ ក្នុងអាណត្តិទី៤ គណបក្សសង្គ្រោះជាតិទទួលបានជ័យជម្នះ ក្នុងឃុំនេះ ដោយជាប់ឆ្នោតជាមេឃុំ។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីលោក ឡយ ឡែម អតីតមេឃុំចំណាលើ បាននៅឡើយទេ នៅថ្ងៃទី៧ មិថុនា។
លោក ឡយ ឡែម អតីតជាមេឃុំជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិ ហើយនៅគ្រាដែលរដ្ឋាភិបាលរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ អតីតមេឃុំរូបនេះ បានចុះចូល រួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច ដើម្បីទទួលដំណែងជាមេឃុំ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរមកពីគណបក្សកាន់អំណាច នឹងមិនរើសអើងនិន្នាការនយោបាយជាមួយគណបក្សនយោបាយដទៃទៀតទេ ព្រោះរបៀបធ្វើការរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ឋិតក្រោមច្បាប់ស្តីពីរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលតម្រូវឱ្យយកមតិភាគច្រើន។
លោកផ្តាំទៅមេឃុំមកពីគណបក្សភ្លើងទៀន កុំព្រួយបារម្ភ ក្នុងការបំពេញតួនាទី ដោយអាជ្ញាធរមកពីគណបក្សកាន់អំណាចនឹងសហការល្អ ក្រោមការត្រួតពិនិត្យ និងតាមដានពីក្រសួងមហាផ្ទៃ៖ « សមាសភាពមកពីគណបក្សប្រជាជនមិន ដែលមានចិត្តចង្អៀតចង្អល់ជាមួយបងប្អូនគណបក្សដទៃទៀតទេ។ ខ្ញុំជឿជាក់ថា ក្រុមប្រឹក្សាឃុំសង្កាត់ទោះបីមានចម្រុះគណបក្សនៅតែសហការគ្នា មិនមានបញ្ហាអីទេ កុំឱ្យព្រួយបារម្ភអី » ។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ផ្តល់ទស្សនៈថា មេឃុំរូបនេះត្រូវតែមានផែនការល្អិតល្អន់ ច្បាស់លាស់ ដើម្បីធ្វើឱ្យមានភាពប្រសើរឡើង ក្នុងឃុំរបស់ខ្លួន។ លោកថា ពលរដ្ឋអាចនឹងរង់ចាំមើលថា តើមេឃុំរូបនេះ អនុវត្តតួនាទី និងភារកិច្ចស្របតាមការប្តេជ្ញាចិត្តរបស់ខ្លួនបានទេ ប្រសិនបើបរាជ័យ ពលរដ្ឋអាចនឹងបោះឆ្នោតទម្លាក់គាត់វិញ នៅអាណត្តិក្រោយ៖ « មេឃុំបក្សណាល្អ ឬបក្សណាមិនល្អទេ ការអនុវត្តការងារ ស៊ីសងទៅលើគាត់ធ្វើ និងស៊ីសងយើងមើលថា តើគាត់ធ្វើឆ្លុះបញ្ចាំងដូចការសន្យាអត់ និងឆ្លុះបញ្ចាំងសេចក្តីត្រូវការរបស់ពលរដ្ឋអត់ នៅមូលដ្ឋាននេះ ជារឿងសំខាន់ » ។
លទ្ធផលបណ្ដោះអាសន្នប្រកាសដោយ គ.ជ.ប កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា នៅខេត្តកំពង់ធំ គណបក្សភ្លើងទៀន ឈ្នះតំណែងជាមេឃុំ មានឃុំ៣ រួមមាន ឃុំចំណាលើនៅស្រុកស្ទោង ឃុំដូង និងឃុំក្រយានៅស្រុកប្រាសាទបល្ល័ង្គ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។