មន្ត្រីសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំង ជំរុញទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរដោះស្រាយជម្លោះនយោបាយនៅកម្ពុជា ដោយការចរចា ដែលពាក្យចរចានេះ លោក ហ៊ុន សែន បានផ្ដល់អនុសាសន៍ទៅប្រធានាធិបតីអ៊ុយក្រែន (Ukraine) លោក វ៉ូឡូឌីមៀ ហ៊្សែលឡិនស្គី (Volodymyr Zelensky) ឱ្យដោះស្រាយបញ្ចប់សង្គ្រាមនៅប្រទេសនេះ។ ទោះយ៉ាងណា មន្ត្រីបក្សកាន់អំណាច ថា សង្គ្រាមនៅប្រទេសអ៊ុយក្រែន និងជម្លោះនយោបាយកម្ពុជា ជារឿងពីរដាច់ដោយឡែកពីគ្នា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលខកខានប្រើវប្បធម៌សន្ទនាជាមួយគណបក្សប្រឆាំងជាង ៥ឆ្នាំមកនេះ បានផ្ដល់អនុសាសន៍ទៅប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ៊្សែលឡិនស្គី ថា សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមនោះទេ។ ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំង ថាលោក ហ៊ុន សែន គួរដោះស្រាយជម្លោះនយោបាយក្នុងប្រទេសរបស់ខ្លួនបានរួចរាល់ជាមុនសិន មុននឹង ដោះផ្ដល់អនុសាសន៍ដល់ប្រទេសអ៊ុយក្រែន។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់ស្របថា សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមទេ ចំណែកជម្លោះនយោបាយ ក៏មិនអាចបញ្ចប់ដោយការប្រើប្រព័ន្ធតុលាការចោទប្រកាន់លើគូជម្លោះនោះដែរ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ចង់ឃើញ លោក ហ៊ុន សែន ប្រើយន្តការនៃការចរចា ដែលលោក ហ៊ុន សែន បានលើកឡើងក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន មកប្រើក្នុងឆាកនយោបាយកម្ពុជាវិញ។ លោកបន្តទៀតថា បើភាគីជម្លោះនយោបាយទាំងគណបក្សកាន់អំណាច និងបក្សប្រឆាំង តម្កល់ផលប្រយោជន៍ជាតិជាធំ នោះវិបត្តិនយោបាយក៏អាចរកផ្លូវចេញបានដែរ៖
« ចង់ឱ្យសម្ដេចអនុវត្តន៍គោលការណ៍ ដែលសម្ដេចបានលើកជាមួយ អ៊ុយក្រែន ហ្នឹងមកជាគោលការណ៍ដើម្បីដោះស្រាយផ្ទៃក្នុងរបស់កម្ពុជា យើងផងដែរ ព្រោះកម្ពុជា កាន់តែមានឧត្ដមភាពខ្ពស់ណា ធ្វើឱ្យសំឡេងរបស់ថ្នាក់ដឹកនាំជាមួយថ្នាក់ដឹកនាំពិភពលោក ដូចជាអ៊ុយក្រែន កាន់តែមានប្រសិទ្ធភាព ឧត្ដមភាព និងការសាទរពីគ្រប់អ្នកនយោបាយទាំងអស់ ព្រោះអ្វីដែលសម្ដេច កំពុងធ្វើជាមួយអ៊ុយក្រែន ត្រូវគេចាប់អារម្មណ៍ មើលជាច្រើន ចង់ស្ដាប់ ចង់លឺ ក៏ដូចជាបញ្ហាអាស៊ានដែរ»។
លោក រស់ សុដ្ឋា លើកឡើងថា កាគោរពស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ក៏ផ្ដល់ដំណោះស្រាយនយោបាយពេលនេះបានដែរ។ មន្ត្រីសង្គមស៊ីវិលលើកឡើងដូច្នេះក្រោយលោក ហ៊ុន សែន បានចែករំលែកបទពិសោធន៍របស់លោកទៅ ប្រធានាធិបតី អ៊ុយក្រែន ថា គ្មានសង្គ្រាមណាមួយអាចបញ្ចប់ដោយប្រើប្រាស់សង្គ្រោះនោះទេ។ លោក ហ៊ុន សែន អះអាងទៀតថា កម្ពុជាផ្ដល់សារសំខាន់នៃការចរចា និងដំណោះស្រាយដោយសន្តិវិធី។ លោកសង្ឃឹមថា ភាគីពាក់ព័ន្ធ រុស្ស៊ី និងអ៊ុយក្រែន នឹងរកដំណោះស្រាយគ្រប់ជ្រុងជ្រោយក្នុងការបញ្ចប់សង្គ្រាម ដើម្បីទទួលបានសុខសន្តិភាពមកវិញ។
សេចក្ដីប្រកាសព័ត៌មាន ក្រសួងការបរទេសចុះកាលពីថ្ងៃទី១ ខែវិច្ឆិកា ឱ្យដឹងថា លោក ហ៊ុន សែន ក៏បានសន្យាថា លោកនឹងបញ្ជូនអ្នកជំនាញទៅជួយដោះមីន នៅប្រទេសអ៊ុយក្រែន ហើយលោកក៏គ្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសនេះក្នុងពេលវេលាសមរម្យនាពេលខាងមុខផងដែរ។ ក្រសួងការបរទេសឱ្យដឹងទៀតថា ភាគីលោក វ៉ូឡូឌីមៀ ហ៊្សែលឡិនស្គី បានស្នើសុំថ្លែងសន្ទរកថា តាមប្រព័ន្ធ វីដេអូ ក្នុងប្រជុំកំពូលអាស៊ាននិងពេលខាងមុខ។ ទោះយ៉ាងណាលោក ហ៊ុន សែន មិនទាន់ឆ្លើយតបនៅឡើយទេ លោកថា លោកនឹងយកសំណើនេះ ទៅជជែកជាមួយប្រទេសសមាជិកអាស៊ានផ្សេងទៀតជាមុនសិន។ សំណើរបស់ភាគី អ៊ុយក្រែន បែបនេះ ស្របពេលដែលប្រទេសកម្ពុជាដែលជាប្រធានអាស៊ានប្ដូរវេននឹងរៀបចំកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ ១៣ខែវិច្ឆិកាខាងមុខនេះ។
ចំណែកលោក វ៉ូឡូឌីមៀ ហ៊្សែលឡិនស្គី បានសរសេរសារលើបណ្ដាញទំនាក់ទំនងសង្គមធ្វីតធើ(Twitter) របស់លោកដែរថា លោកអរគុណលោក ហ៊ុន សែន ដែលជាប្រធានអាស៊ានប្ដូរវេន ដែលបានគាំទ្រ អធិបតេយ្យភាព និងបូរណភាពទឹកដី របស់អ៊ុយក្រែន។
កន្លងមក រដ្ឋាភិបាល លោក ហ៊ុន សែន បានបោះឆ្នោតនៅអង្គការសហប្រជាជាតិ ថ្កោលទោសប្រទេសរុស្ស៊ីចំនួនពីរដងរួចមកហើយប្រឆាំងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី លើទឹកដីអ៊ុយក្រែននេះ។
ទាក់ទងរឿងនេះ ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំខេត្តបាត់ដំបង ដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក ជា ជីវ យល់ថា ការដែលលោក ហ៊ុន សែន ព្យាយាមលើកឡើងពីការរកដំណោះស្រាយសង្គ្រាមនៅអ៊ុយក្រែនពេលនេះ គ្រាន់ជាល្បិច ដើម្បីអាចឱ្យលោក ហ៊ុន សែន មានលេសអួតអាងក្នុងប្រជុំកំពូលអាស៊ាន នាពេលខាងមុខថា លោកមានឆន្ទៈចង់ដោះស្រាយជម្លោះ។ លោក ជា ជីវ ស្នើទៅលោក ហ៊ុន សែន គួរក្លាហាន ហ៊ានដោះស្រាយជម្លោះនយោបាយកម្ពុជា ដែលបានអូសបន្លាយជាង ៥ឆ្នាំជាមុនសិន មុននឹងដើរដោះស្រាយជម្លោះនៅក្រៅប្រទេស៖ « មិននឹងប្រាប់ ប្រធានាធិបតី អ៊ុយក្រែន គួរតែសម្ដេច នាយកគាត់ត្រូវដោះស្រាយវិបត្តិផ្ទៃក្នុងរបស់ប្រទេសសិន ជាពិសេសពាក់ព័ន្ធ ទៅនឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ហើយនិងការផ្ដល់សិទ្ធិសេរីភាពដល់គណបក្សជំទាស់ ឱ្យបើកលំហសេរីភាព ក្នុងការតស៊ូមតិ»។
ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចោទប្រកាន់ថា ក្រុមមេដឹកនាំគណបក្សប្រឆាំង គឺជាអ្នកសម្លាប់វប្បធម៌សន្ទនា។ លោកលើកឡើងទៀតថា វិបត្តិនយោបាយនៅកម្ពុជា ខុសគ្នាពីសង្គ្រាមនៅអ៊ុយក្រែន ដូច្នេះការដោះស្រាយក៏ខុសគ្នាដែរ៖
« ជម្លោះ នយោបាយ ហើយនិងជម្លោះសង្គ្រាមទៅវិញទៅមកអត់មានឈ្នះ អត់មានចាញ់នោះ វាខុសគ្នា ពីព្រោះបញ្ហាដែលថា ជម្លោះនយោបាយនៅកម្ពុជា តាមពិតជាការឡាំប៉ា របស់ក្រុមប្រឆាំង ដែលផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ»។
រដ្ឋាភិបាល លោក ហ៊ុន សែន បានរម្លាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ ដែលជម្លោះនយោបាយនេះ ធ្វើឱ្យសកម្មជនបក្សប្រឆាំងរាប់សិបនាក់ ជាប់ពន្ធនាគារ ហើយមេដឹកនាំគណបក្សនេះមួយចំនួនទៀតបានភៀសខ្លួនចេញក្រៅប្រទេស រត់គេចពីការចាប់ខ្លួន។ ទោះយ៉ាងណា រយៈពេលជាង ៥ឆ្នាំមកនេះ លោក ហ៊ុន សែន មិនដែលប្រកាសបើកផ្លូវចរចាជាមួយគណបក្សប្រឆាំងម្ដងណាឡើយ ប៉ុន្តែលោកមានតែការប្រើប្រព័ន្ធតុលាការចោទប្រកាន់បន្ថែមលើអ្នកទាំងនោះជា ច្រើនករណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។