គណបក្ស​នយោបាយ និង​អ្នកឃ្លាំមើល​ការបោះឆ្នោត​ជំរុញ​ឱ្យ គ.ជ.ប បន្ថែម​ការ​ស៊ើប​អង្កេត​បណ្ដឹង​លុប​បញ្ជី​ឈ្មោះ​បេក្ខជន​

0:00 / 0:00

គណបក្ស​នយោបាយ និង​អ្នកឃ្លាំមើល​ការបោះឆ្នោត​ជំរុញ​ឱ្យ គ.ជ.ប បន្ថែម​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ត្រឹមត្រូវ​ចំពោះ​បណ្ដឹង​របស់​ពលរដ្ឋ ដែល​នាំ​ឱ្យ​មាន​ការ​លុប​ឈ្មោះ​បេក្ខជន និង​លុប​បញ្ជី​ឈ្មោះ​បេក្ខជន​គណបក្ស​នយោបាយ​នៅ​តាម​បណ្ដា​ឃុំ សង្កាត់ មួយ​ចំនួន។ មក​ដល់​ពេល​នេះ គ.ជ.ប បាន​លុប​បញ្ជី​ឈ្មោះ​បេក្ខជន​តាម​ឃុំ សង្កាត់ មួយចំនួន​របស់​គណបក្ស​នយោបាយ​ចំនួន​៣។

មន្ត្រី​គណបក្ស​ទាំង​នោះ​អះអាង​ថា ​ការ​នេះ​អាច​ជា​យុទ្ធសាស្ត្រ​ជា​ប្រព័ន្ធ​របស់​អាជ្ញាធរ​​មូលដ្ឋាន​របស់​គណបក្ស​កាន់​អំណាច នៅ​ពេល​ដែល គ.ជ.ប ហាក់​ដូច​ជា​បាន​​ចូលរួម​​ចំណែក​តាម​រយៈ​សេចក្ដី​សម្រេច ដែល​មិន​បាន​ឆ្លងកាត់​ការស៊ើបអង្កេត​ឱ្យ​បាន​ត្រឹម​ត្រូវ​ពី​ភាព​ពាក់ព័ន្ធ​របស់​យុទ្ធសាស្ត្រ​នេះ។ តែ​ទោះ​ជា​យ៉ាងណា មន្ត្រី គ.ជ.ប បញ្ជាក់​ថា គ.ជ.ប អនុវត្ត​ការងារ​ទៅ​តាម​តួនាទី និង​ភារកិច្ច ដែល​ច្បាប់​កំណត់។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ឬ គ.ជ.ប រងការរិះគន់​ថា បាន​រួមគំនិតជាមួយ​អាជ្ញាធរមូលដ្ឋាន ដែលមកពីគណបក្សកាន់អំណាច​ក្នុង​ការ​លុបបញ្ជី​ឈ្មោះ​របស់​បេក្ខជន​គណបក្ស​នយោបាយក្រៅរដ្ឋាភិបាល។ មន្រ្តី​គណបក្ស​នយោបាយក្រៅរដ្ឋាភិបាលទាំងនោះ និង​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​បាន​​មើល​ឃើញ​ពី​ភាព​មិន​ប្រក្រតី​មួយចំនួន​នៅ​ក្នុង​ដំណើរការ​ជំនុំជម្រះ​ក្ដីរបស់ គ.ជ.ប។

អនុប្រធាន​គណបក្ស​ភ្លើងទៀនលោក ថាច់ សេដ្ឋា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មូលហេតុ​សំខាន់​ដែល​នាំ​ទៅ​លុប​ឈ្មោះ បេក្ខជន និង​បញ្ជី​ឈ្មោះ​បេក្ខជន​នៅ​តាម​ឃុំ សង្កាត់​នេះ​ គឺ​ដោយសារ​មាន​បណ្ដឹង​របស់​ពលរដ្ឋ ដែល​សង្ស័យ​ថា ​បេក្ខជន​មិន​ចេះ​អាន មិន​ចេះ​សរសេរ និង​មាន​បេក្ខជន​ខ្លះ​ប្ដឹង​ដក​ឈ្មោះ​ចេញ​ពី​បញ្ជី។ លោក​ថា​រឿង​នេះ​អាច​ជាប់​ពាក់​ព័ន្ធ​នឹង​យុទ្ធនាការ​ជា​ប្រព័ន្ធ​របស់​អាជ្ញាធរ​មូលដ្ឋាន​របស់​គណបក្ស​កាន់​អំណាច ក្នុង​ការ​គំរាម​កំហែង​ឱ្យ​បេក្ខជន​គណបក្ស​លោក ដកខ្លួន ឬ​ថា​ពួកគេ​មិន​បាន​បំពេញ​ឯកសារ​ដោយខ្លួនឯង​ជាដើម។

លោក​លើក​ឡើង​ទៀត​ថា ​នៅ​ពេល​ដែល គ.ជ.ប មិន​បាន​ស៊ើប​អង្កេត​រក​ឫស​គល់​បញ្ហា ដែល​កើត​ចេញ​ពី​ការ​ធ្វើទុក្ខ​បុកម្មេញ​ផ្នែក​នយោបាយ​នេះ​ទេ គ.ជ.ប នឹង​នៅ​តែ​ជាប់​ឈ្មោះ​ថា ​បាន​ចូលរួម​ធ្វើ​ឱ្យ​ការបោះឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​ពុំ​មែន​ជា​ការបោះ​ឆ្នោត ដែល​ត្រឹមត្រូវ សេរី និង​យុត្តិធម៌​ឡើយ៖ «យើង​នៅ​តាម​ដាន​បន្ត​ទាល់តែចប់​ទៅ​មើល​ តើរឿងរ៉ាវ​ហ្នឹង ​តើគេ​ចាត់ចែង​យ៉ាងមេច​ខ្លះ? គ.ជ.ប ហ្នឹង​ តើ​វាអាច​បង្ហាញ​នូវ​អព្យាក្រឹត្យ​របស់​ខ្លួន​ហ្នឹង​វា​បាន​កម្រិត​ប៉ុន្មាន? ព្រោះ​ដូច​កន្លង​មក​ហ្នឹង​​ប្ដឹង​ដូចលេង​សើចចឹង។ ប្ដឹង​ថា ​គេ​អត់​ចេះ​អក្សរ​ ដល់ហើយ​ម៉ោ​ថា ​គេ​អត់​ចេះ​យ៉ាងម៉េច​បើគេរៀន​ដល់​បរិញ្ញា​ប័ត្រ។ អីចឹង ​គឺ​ចេះ​តែ​ប្ដឹង​ឱ្យ​វ៉ល់​ចឹង​ហ្មង​ទៅ​ចឹង ហើយ គជប មិន​ស៊ើបអង្កេត​ទេ​ក៏​យក​មក​ដល់​សវនាការជំនុំ​ជម្រះ​អីចឹង​ទៅ។ ដូច​នៅ​ពោធិ៍សាត់​ចឹង​ គ្រាន់​តែ​ប្ដឹង​លុបឈ្មោះ​អីចឹង​ ប៉ូលីស​មាន​តួនាទី​អី​ទៅ​ហៅ​គេ​សាកសួរ​ ទៅ​ជាប៉ូលីស​ទៅវិញ មិនមែន​ជា​ គជប មិនមែន​ជា ប៉ិច​ (PEC)អី​វិញ? ធ្វើចឹង​វាដូចជា​បន្លំ បង្កូវ មិន​ដឹង​ថា​អំណាច​នៅ​ថ្នាក់​ណា​ទេ»

គិត​ត្រឹម​ថ្ងៃ​ទី៣១ ខែមីនា គ.ជ.ប បាន​សម្រេច​លុប​បញ្ជី​ឈ្មោះ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ របស់​គណបក្ស​នយោបាយ​ចំនួន៣​ហើយ ក្នុង​នោះ​រួមមាន​ គណបក្ស​ភ្លើងទៀន​ គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ។ ក្នុង​នោះ​ដែរ គ.ជ.ប បាន​សម្រេច​លុប​បញ្ជី​ឈ្មោះ​បេក្ខជន​គណបក្ស​ភ្លើងទៀន​ចំនួន​៧ឃុំ សង្កាត់ គឺ​នៅ​សង្កាត់​ទួល​ស្វាយ​ព្រៃទី១ ក្នុង​ខណ្ឌ​បឹងកេងកង ​សង្កាត់​ផ្សារដើមគរ ក្នុង​ខណ្ឌ​ទួល​គោក សង្កាត់​មនោរម្យ ក្នុង​ខណ្ឌ​ដូនពេញ និង​សង្កាត់​ព្រែក​លាប ខណ្ឌ​ជ្រោយ​ចង្វារ និង​ឃុំ​កណ្ដៀង ក្នុង​ខេត្ត​ពោធិ៍សាត់ សង្កាត់​កំពង់​ចាម និង​សង្កាត់​បឹងកុក ក្នុង​ខេត្តកំពង់ចាម។ ក្រៅ​ពី​នេះ​ក៏​មាន​បេក្ខជន​នៅ​តាម​ឃុំ​ សង្កាត់ ​ជាច្រើន​ទៀត​របស់​គណបក្ស​នេះ​ត្រូវ គ.ជ.ប សម្រេច​លុបចេញ​ពី​បញ្ជី​ដែរ។ គ.ជ.ប ដដែល​ក៏​បាន​លុប​បញ្ជី​បេក្ខជន​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ​​នៅ​សង្កាត់​ផ្សារ​ធំ​ថ្មី​ទី៣ ខណ្ឌដូនពេញ និង​បញ្ជី​ឈ្មោះ​បេក្ខជន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រួម​ទាំង​លុប​ឈ្មោះ​បេក្ខជន​របស់​គណបក្ស​នេះ​ជាច្រើន​នាក់​ទៀត​ដែរ។

វិទ្យុអាស៊ី​សេរី​មិន​អាច​សុំ​ប្រតិកម្ម​តប​នឹង​រឿង​នេះ ពី​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​លោក ម៉ម សូណង់ដូ បាន​ទេ។

ប្រធាន​គណបក្ស​ឆន្ទៈខ្មែរ លោក គង់ មុនីកា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បេក្ខជន​របស់​គណបក្ស​លោក​មួយចំនួន​បាន​សម្រេច​ដកខ្លួន​ចេញ​ពី​ការបោះឆ្នោត​ភ្លាមៗ​បន្ទាប់​ពី​រង​ការគំរាម​កំហែង​ពី​អាជ្ញាធរ​មូល​ដ្ឋាន​របស់​គណបក្ស​កាន់​អំណាច។ លោក​ថា គ.ជ.ប ដែល​ជា​អាជ្ញា​កណ្ដាល​គួរ​តែ​បាន​ស៊ើប​អង្កេត និង​ផ្ដល់​យុត្តិធម៌​ដល់​គណបក្ស​នយោបាយ​តូចៗ ដែល​កំពុង​រង​ការគំរាម​កំហែង​ផ្នែក​នយោបាយ​ពី​គណបក្ស​កាន់អំណាច៖ «អ្វី​ដែល​យើង​បាន​ជជែក​ជាមួយ​បេក្ខជន​យើង​ហ្នឹងគឺ​ពួកគាត់​រងការកៀបសង្កត់ បំភិត​បំភ័យ​ពី​មេភូមិ។ គឺ​មេភូមិ​​នៅ​តាម​ឃុំ​សង្កាត់​ហ្នុង​ ​គឺ​ជា​អ្នក​ផ្ដល់​មធ្យោបាយ​​ដឹក​បេក្ខជន​យើង​ទៅ​លេខាធិការដ្ឋាន​រៀបចំការបោះឆ្នោត ដែល​ហៅ​កាត់​ សេច (SEC) ដើម្បី​ដាក់ពាក្យបណ្ដឹង​ដក​បេក្ខភាព​របស់​ខ្លួន​​ជា​ដើម។ វា​មាន​ចំណុច​ផ្សេងទៀត ដូចជា ​ការ​គំរាម​ថា ​នឹង​ដក​បណ្ណក្រីក្រ ឬ​មិនទទួល​បាន​ការឧបត្ថម្ភ​ទាក់ទង​នឹង​កូវីដ​ជាដើម ដែល​ទាំង​អស់នេះ​ជាបញ្ហា ដែល​យើង​ឃើញ​ថា ធ្វើ​ឡើងជា​លក្ខណៈប្រព័ន្ធ»

ទាក់ទង​នឹង​ដំណើរការ​​ជម្រះក្តី​របស់ គ.ជ.ប អំពី​បណ្ដឹង​ពលរដ្ឋ​សុំ​លុប​បញ្ជី​ឈ្មោះ​បេក្ខជន​គណបក្ស​នយោបាយ និង​ឈ្មោះ​បេក្ខជន​នេះ មន្ត្រី​តស៊ូ​មតិ និង​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ខុមហ្រ្វែល (COMFREL) លោក កន សាវាង្ស អះអាង​ថា ​លោក​នៅ​មិន​ទាន់អាច​វាយ​តម្លៃ​បាន​នៅ​ឡើយ​ថា​ តើ​ចំណាត់​ការ របស់ គ.ជ.ប នៅ​ពេល​នេះ គឺ​ជា​យុទ្ធសាស្ត្រ​ជា​ប្រព័ន្ធ ឬ​យ៉ាងណា​ទេ តែ​លោក​ទទួល​ស្គាល់​ថា​ មាន​ការ​រាយការណ៍​ថា​ អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​បាន​គំរាមកំហែង សកម្មជន ឬ​បេក្ខជន​គណបក្ស​ផ្សេង​ពី​គណបក្ស​កាន់​អំណាច​ ពិសេស​គណបក្ស​ភ្លើង​ទៀន។ លោក​សង្កេត​ឃើញ​ទៀត​ថា ​សវនាការ​របស់ គ.ជ.ប មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ពិសេស​ គឺ​ផ្ដោត​ទៅ​លើការ​សង្ស័យ​របស់​ពលរដ្ឋ ​ដើមបណ្ដឹង៖ « មិនគាំទ្រ​ទេ​ក្នុង​ការលុបបញ្ជី​នេះ​ទេ គឺ​ថា ​បើ​បេក្ខជន​ណា​ ដែល​គិត​ថា​មាន​បញ្ហា​ ហើយ​នៅ​ក្នុង​កំឡុង​ពេល​នេះ​ដោះស្រាយ​បាន​ ក៏​ដោះស្រាយ​ទៅ​តាម​នីតិវិធី បើអត់​ទេ​ក៏​ទុក​​អ្នក​នៅ​សល់​ដដែល​ទៅ​។ លើកលែង​តែ​បេក្ខជន​ទាំង​អស់​ហ្នឹង​មិន​មាន​ទើប​អាច​លុប​បញ្ចី​ចោល។ ឧបមា​ថា ៥នាក់​មាន​កំហុស​តែ​២ ហើយ​ទៅលុប​បញ្ជី​ចោល​វា​អយុត្តិធម៌​បន្តិច»

បើ​ទោះ​ជា​យ៉ាងណា​មន្ត្រី គ.ជ.ប ពន្យល់​ថា ការសម្រេច​របស់ គ.ជ.ប ផ្អែក​ទៅ​តាម​ច្បាប់​ដែល​តម្រូវ​ឱ្យ គ.ជ.ប ត្រូវ​អនុវត្ត​តាម។

អគ្គលេខាធិការ​រង គ.ជ.ប លោក សោម សូរីដា បាន​លើកឡើង​នូវ​បទដ្ឋាន​ច្បាប់​មួយ​ចំនួន ដែល គ.ជ.ប យក​មក​ជា​អំណះអំណាង សម្រេច​ក្ដី​លុបឈ្មោះ និង​បញ្ជី​ឈ្មោះ​គណបក្ស​នីមួយៗ ក្នុង​នោះ​រួមមាន ច្បាប់​ស្ដីពី​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ បទបញ្ជា និង​នីតិវិធី​មួយ​ចំនួន​ទៀត។ លោក​សង្កត់​ធ្ងន់​ថា ​ការសម្រេច​លុប​បញ្ជី​បេក្ខជន​របស់​គណបក្ស​នយោបាយ ​គឺ​ដោយសារ​តែ​បាន​រក​ឃើញ​ពី​ចំណុច​ផ្ទុយ​ពី​ច្បាប់​របស់​បញ្ជី​ទាំងនោះ៖ « ពេល​ដែល​ការអង្កេត​បាន​ផ្ដល់​នូវ​ភស្ដុតាង​គ្រប់​គ្រាន់​ ដែល​ថា​ បេក្ខជន​ពិតមិនគ្រប់​លក្ខខណ្ឌ ដូច​ជា​មិនចេះអាន មិនចេះ​សរសេរ​ អីចឹង​យើង​លុប តែ​បេក្ខជន​ទេ។ ប៉ុន្តែ​​ក្នុង​ករណី​ដែល​មាន​ភស្ដុតាង​​ ឯកសារ​គ្រប់​គ្រាន់​ដែល​ថា បេក្ខជន​ម្នាក់​ ឬច្រើន​នាក់ គាត់​មិនចេះ​អាន​ មិនចេះ​សរសេរ ប៉ុន្តែ​មាន​ឯកសារ​មួយនៅ​ក្នុង​ចំណោម​កសារចំនួន​៦ គឺ​ការបំពេញ​ដោយ​ផ្ទាល់​ដៃ​នូវប្រវត្តិរូប​របស់​បេក្ខជន និង​សេចក្ដី​ប្រកាស​របស់​បេក្ខជន​មាន អីចឹង​​វាអាច​មាន​ការក្លែង​បន្លំ​ឯកសារ​នោះ ជា​បេក្ខជន​ពិតជាមិនបាន​បំពេញ​ប្រវត្តិរូប និង​សេចក្ដី​ប្រកាស​​ឈរឈ្មោះ​ជាបេក្ខជន​ ហើយ​ស្នាម​មេដៃ ឬ​ហត្ថលេខាពិតជា​មិនមែន​ជា​របស់​គាត់​ ហេតុ​នេះ​វាផ្ទុយ​ពី​អង្គច្បាប់​នៅ​ក្នុង​មាត្រា​៤២ ដែល​បេក្ខជន​ត្រូវ​ចុះហត្ថលេខា​ ដោយ​ផ្ទាល់​ដៃ បំពេញ​ដោយ​ផ្ទាល់​ដៃ»

ទាក់ទង​នឹង​ការរិះគន់​ថា គ.ជ.ប មិន​បាន​ស៊ើប​អង្កេត​ឱ្យ​បាន​ម៉ត់ចត់​មុន​នឹង​បញ្ជូន​សំណុំ​រឿង​មក​ជំនុំ​ជម្រះ ឬ​ផ្អែក​ទៅ​លើ​ការសង្ស័យ​របស់​ពលរដ្ឋ លោក សូរីដា ពន្យល់​ថា គ.ជ.ប បាន​ស៊ើបអង្កេត និង​សាកសួរ​សាមី​ជន​ផ្ទាល់​នៅ​តាម​មូលដ្ឋាន រួម​នឹង​ការ​ផ្ទៀងផ្ទាត់​ប្រវត្តិរូប​បេក្ខជន ដែល​រង​បណ្ដឹង​នោះ​ផង៖ «នៅពេល​មាន​បញ្ហា​កើត​ឡើង​ពី​ភាព​មិនប្រក្រតី​​ជាបេក្ខជន​ក្ដី ឬ​ក៏​ជា​បញ្ជី​បេក្ខជន​ក្ដី​ ស្ថាប័ន​ដោះស្រាយ​វិវាទ​​បោះ​ឆ្នោត​នៅ​ក្នុង​ដំណាក់​កាល​​បិទ​ផ្សាយ​បញ្ជី​បេក្ខជន​ដំបូង​​នេះ​ គឺ​អត់​មាន​ថ្នាក់​គណកម្មាធិការរាជធានីខេត្ត ឬ​ឃុំ​ សង្កាត់​ទេ បណ្ដឹង​នោះ​ គឺ​ប្ដឹង​ត្រង់​មក គ.ជ.​ ប»

លោក សោម សូរីដា គូសបញ្ជាក់​ថា គ.ជ.ប អនុវត្ត​តាម​ច្បាប់ ហេតុ​នេះ​ពលរដ្ឋ​ម្ចាស់​ឆ្នោត អាច​វាយ​តម្លៃ​ការងារ​របស់ គ.ជ.ប បាន​ដោយ​ផ្ទៀង​ផ្ទាត់​រវាង​ច្បាប់​ចែង និង​សកម្មភាព គ.ជ.ប។

យ៉ាង​នេះ​ក្តី​ចំពោះ​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត លោក កន សាវាង្ស មើលឃើញ​ថា​ បទដ្ឋាន​ច្បាប់ ដែល គ.ជ.ប លើកឡើង​ពុំ​បាន​ផ្ដល់​លទ្ធភាព​ទៅ​ឱ្យ គ.ជ.ប លុប​បញ្ជី​​ឈ្មោះ​បេក្ខជន​គណបក្ស​នយោបាយ​ឡើយ។ លោកថា ​​សេចក្ដី​សម្រេច​​របស់​ស្ថាប័ន​នេះ​អាច​រំលោភ​ទៅលើ​សិទ្ធិ​សេរីភាព​ផ្នែក​​នយោបាយ​៖ «ខ្ញុំនៅ​តែពិនិត្យ​ថា​អង្គ​ស្មារតី​នៃ​ច្បាប់​ដូច​ជាមិន​បាន​ចែង​លម្អិត​អំពី​បញ្ហា​ហ្នឹង​ទេ ដូចជាអត់មាន​ចង្អុល​បង្ហាញ​ឱ្យ​ទៅ​លុប​បញ្ជី បែប​ហ្នឹង​ទេ។ ទី២ វា​ប៉ះពាល់​សិទ្ធិ​ផ្នែក​នយោបាយ​របស់​​ប្រជាពលរដ្ឋ ដែល​​មាន​ធានា​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ ហើយ​មែនទែន​ទៅ គ.ជ.ប ហ្នឹង​ធានា​នៅនូវ​អព្យាក្រឹត្យ​ក្នុង​ការរៀបចំ​ហ្នឹង​ថែម​ទៀត បើសិន​ជា គ.ជ. ប​ ធ្វើ​មិន​ក្នុង​ន័យ​ឯករាជ្យ​ទេ​នោះ គឺ​ការដោះស្រាយ​មិនអាច​នឹង​ទទួល​យក​បាន​ទេ​ហើយ ក្នុង​ក្រសែ​ភ្នែក​សាធារណៈជន​​ពីការ​ប្រកួតប្រជែង​ហ្នឹង​គឺ​គេ​មិន​ងាយ​នឹង​ទុកចិត្ត»

ស្រប​ពេល​ដែល គ.ជ.ប នឹង​បន្ត​សវនាការ​ជំនុំ​ជម្រះ​បណ្ដឹង​ពលរដ្ឋ ដែល​ស្នើ​សុំ​លុប​បញ្ជី​ឈ្មោះ​បេក្ខជន និង​បញ្ជី​បេក្ខជន​គណបក្ស​នយោបាយ​ត​ទៀត​នេះ​ មន្រ្តី​គណបក្ស​ឆន្ទៈខ្មែរ និង​គណបក្ស​ភ្លើង​ទៀន​នឹង​បន្ត​តាមដាន​រឿង​នេះ​តទៅទៀត​ដែរ។ មន្ត្រី​គណបក្ស​ភ្លើង​ទៀន​​ថា​មក​ដល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​សម្រេច​ថា​នឹង​ចូលរួម ឬ​មិន​ចូលរួម​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា​ខាង​មុខ​នេះ​ឬ​យ៉ាងណា​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។