ក្រុមអ្នកតាមដានស្ថានការណ៍ និងអង្គការសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលត្រួតពិនិត្យឡើងវិញអំពីការផ្ដល់សញ្ជាតិ និងតួនាទី ជាន់ខ្ពស់ដល់ជនបរទេស។ ការអំពាវនាវនេះ ធ្វើឡើងក្រោយពីរបាយការណ៍ស៊ើបអង្កេតថ្មីមួយបង្ហាញថា ជនជាតិចិនម្នាក់ដែលធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ និងរឿងអាស្រូវពុករលួយកម្រិតអន្តរជាតិ បានក្លាយជាមន្ត្រីជាន់ខ្ពស់កម្ពុជា និងមានលិខិតឆ្លងដែនការទូតកាន់នៅក្នុងដៃ។ ទោះបីជាយ៉ាងណា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថ្លែងក្នុងន័យទូលាយថា ការផ្ដល់សញ្ជាតិ និងតួនាទីដល់ជនបរទេសនោះ ច្រើនតែធ្វើឡើងតាមនីតិវិធីត្រឹមត្រូវ។
កម្ពុជាក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន ហាក់បានក្លាយជាឋានសួគ៌សម្រាប់ជនបរទេស ជាពិសេសជនជាតិចិន ដែលមានប្រវត្តិប្រព្រឹត្តអំពើពុករលួយ ដើម្បីបន្តសកម្មភាព និងមុខជំនួញមិនត្រឹមត្រូវរបស់ពួកគេ។ មួយក្នុងចំណោមករណីជាច្រើនដែលវិទ្យុអាស៊ីសេរីបានរកឃើញ គឺបុរសម្នាក់មានឈ្មោះ វ៉ាង យ៉ាវហ៊ុយ (Wang Yaohui) បានប្រែធាតុរបស់ខ្លួនពីអ្នកជាប់ពន្ធនាគារក្នុងប្រទេសចិន ក្លាយជាមន្ត្រីការទូតកម្ពុជា។ អ្នកសង្កេតការណ៍ និងមន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា នេះជារឿងដ៏អាម៉ាស់ ដែលទាមទារឱ្យរដ្ឋាភិបាលកម្ពុជាស៊ើបអង្កេត និងបកស្រាយរឿងនេះឱ្យបានច្បាស់ជូនសាធារណជន។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត ថ្លែងថា ការផ្ដល់សញ្ជាតិ និងតួនាទីដល់ជនបរទេសដែលមានរឿងអាស្រូវពុករលួយខ្នាតធំបែបនេះបង្ហាញថា រដ្ឋាភិបាលកម្ពុជាកំពុងលើកទឹកចិត្តដល់ជនបរទេសដែលមានលុយ ឬនិយាយជាសាមញ្ញថា យកលុយជាធំ ជាជាងគិតពីច្បាប់ កេរ្តិ៍ឈ្មោះ និងមុខមាត់របស់ជាតិ។ លោកបន្តថា ការដែលសហគមន៍អន្តរជាតិដាក់ចំណាត់ថ្នាក់កម្ពុជាក្នុងបញ្ជីនៃប្រទេសមានអំពើពុករលួយខ្ពស់ និងស្ថិតក្នុងបញ្ជីហានិភ័យនៃក្រុមប្រទេសលាងលុយកខ្វក់ មួយផ្នែកក៏មកពីករណីបែបនេះដែរ៖ «ចិនជាប្រទេសកុម្មុយនីស្តផង ចិនបានអនុវត្តច្បាប់ទៅដល់បុគ្គលម្នាក់ហ្នឹងនៅក្នុងប្រទេសចិន មានន័យថា បុគ្គលម្នាក់ហ្នឹងជាបុគ្គលដែលអស់សាច់ហើយ។ វាគួរតែត្រូវបានកម្ពុជាសហការជាមួយអាជ្ញាធរចិនចាប់បញ្ជូនបុគ្គលហ្នឹងទៅប្រទេសចិនថែមទៅទៀត ប៉ុន្តែវាបែរជាមិនកើតឡើងនៅក្នុងរូបភាពបែបហ្នឹង បែរជាកម្ពុជាទទួលស្វាគមន៍យ៉ាងឱឡារិកថែមទៀតចំពោះបុគ្គលដែលមានកេរ្តិ៍ឈ្មោះមិនល្អហ្នឹង។ មួយទៀតខ្ញុំមើលឃើញថា វាឆ្លុះបញ្ចាំងថា កន្លងមកដែលអន្តរជាតិរិះគន់ចំពោះភាពអសកម្ម ឬភាពអវិជ្ជមាននានាទៅលើរដ្ឋាភិបាលហ្នឹង គឺជារឿងមួយដែលត្រឹមត្រូវ»។
ស្រដៀងគ្នានេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ថ្លែងថា ការផ្ដល់សញ្ជាតិ និងតួនាទីដល់ជនបរទេសដែលមានប្រវត្តិមិនល្អបែបនេះ ប៉ះពាល់ធ្ងន់ធ្ងរដល់មុខមាត់ប្រទេស។ ម្យ៉ាងវិញទៀត ករណីនេះឆ្លុះបញ្ចាំងពីភាពកម្សោយនៃការអនុវត្តច្បាប់សញ្ជាតិរបស់កម្ពុជា។ លោកយល់ថា ការទទួលបានសញ្ជាតិ លិខិតឆ្លងដែនការទូត និងមុខងារជាមន្ត្រីក្រសួងការបរទេសដោយជនជាតិចិនដែលមានប្រវត្តិមិនល្អបែបនេះ អាចមានពាក់ព័ន្ធនឹងអំពើពុករលួយ។ លោកបន្ថែមថា រដ្ឋាភិបាលគួរស៊ើបអង្កេតរឿងនេះ និងអនុវត្តតាមច្បាប់ ដើម្បីស្ដារកេរ្តិ៍ឈ្មោះ និងបំបាត់មន្ទិលសង្ស័យរបស់សាធារណជន៖ «វាជាភាពអាម៉ាស់ទៅដល់មុខមាត់របស់កម្ពុជា។ វាហាក់ដូចជាគេមើលមកកម្ពុជា គឺជាកន្លែងដែលផ្ដល់តួនាទី ផ្ដល់មុខងារឱ្យឧក្រិដ្ឋជនអ៊ីចឹង។ អ៊ីចឹងយើងគួរតែមានការប្រយ័ត្នប្រយែងក្នុងការផ្ដល់លិខិតឆ្លងដែនប្រភេទ [ ការទូត ] ហ្នឹងទៅដល់ជនបរទេសណាមួយ ឬក៏ឧក្រិដ្ឋជនទាំងអស់នេះឯង។ ហើយយើងដឹងហើយ អ្នកទាំងអស់នេះ បើយក [ លិខិតឆ្លងដែន ] ទៅប្រើប្រាស់ឱ្យមានបញ្ហា គឺបញ្ហាហ្នឹងនឹងប៉ះពាល់មកដល់មុខមាត់កម្ពុជាយើងហ្នឹងឯង អ៊ីចឹងគួរតែមានការប្រយ័ត្នប្រយែង ហើយពិនិត្យមើលឡើងវិញទៅ»។
ប្រតិកម្មរបស់អ្នកតាមដានស្ថានការណ៍ និងមន្ត្រីអង្គការសង្គមស៊ីវិលនេះ ធ្វើឡើងក្រោយពេលវិទ្យុអាស៊ីសេរីបានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតមួយ ដោយលាតត្រដាងករណីបុរសជនជាតិចិនម្នាក់ឈ្មោះ វ៉ាង យ៉ាវហ៊ុយ ធ្លាប់ពន្ធនាគារនៅប្រទេសចិន និងពាក់ព័ន្ធយ៉ាងជ្រៅក្នុងអំពើពុករលួយ តែបែរជាក្លាយជាមន្ត្រីការទូតកម្ពុជា និងធ្លាប់ធ្វើការផ្ទាល់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅវិញ។
លោក វ៉ាង យ៉ាវហ៊ុយ ស្ថិតនៅក្នុងពិភពជំនួញដែលប្រឡាក់ប្រឡូកដោយរឿងអាស្រូវសូកប៉ាន់ ពុករលួយ និងធ្វើពាណិជ្ជកម្មលាក់មុខ។ ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ លោកមានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយខ្នាតធំជាច្រើនករណី។ ចន្លោះពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១១ ក្រុមហ៊ុនមួយរបស់លោកឈ្មោះ ហ្សុងហ៊ុយ (Zhonghui) បានធ្វើអាជីវកម្មរ៉ែទង់ដែងនៅប្រទេសហ្សំបៀ (Zambia) ស្ថិតក្នុងទ្វីបអាហ្វ្រិក ដោយមិនបានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) នោះឡើយ ហើយក្រុមហ៊ុននេះត្រូវបានគេរកឃើញថា បានសូកប៉ាន់មន្ត្រីនៃប្រទេសហ្សំបៀជាទឹកប្រាក់រាប់ម៉ឺនដុល្លារ។
ចូលមកដល់ខែមិថុនា ឆ្នាំ ២០១២ លោក វ៉ាង យ៉ាវហ៊ុយ ត្រូវបានអាជ្ញាធរចិនចាប់ឃុំខ្លួននៅទីក្រុងប៉េកាំងដើម្បីស៊ើបអង្កេតពាក់ព័ន្ធនឹងអំពើសូកប៉ាន់ និងការលាងលុយកខ្វក់។ កាសែត South China Morning Post រាយការណ៍ថា លោកបានផ្ដល់សំណូកដល់អនុប្រធានធនាគារកសិកម្មគ្រប់គ្រងដោយរដ្ឋអំណាចចិន ឈ្មោះ យ៉ាំង គុន (Yang Kun) ចំនួនជាង ៦សែនដុល្លារអាមេរិកចន្លោះពីឆ្នាំ ២០០៨ ដល់ឆ្នាំ២០១០ ហើយជាថ្នូរមកវិញ មន្ត្រីចិនរូបនោះបានរៀបចំប្រាក់កម្ចី ២២០ម្ភៃលានដុល្លារ ឱ្យក្រុមហ៊ុនរបស់លោក។ អនុប្រធានធនាគារកសិកម្មគ្រប់គ្រងដោយរដ្ឋអំណាចចិនរូបនោះបានសារភាពទោសកំហុស ហើយត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ ទោះជាយ៉ាងណា លោក វ៉ាង យ៉ាវហ៊ុយ មិនត្រូវបានចោទប្រកាន់នោះទេ ហើយអំឡុងពេលដែលគូកនរបស់លោក គឺលោក យ៉ាំង គុន ត្រូវបានគេដាក់ទោសនៅខែកុម្ភៈ ឆ្នាំ២០១៥ នោះ លោកបានទទួលសញ្ជាតិខ្មែរជិតមួយឆ្នាំទៅហើយ។
លោក វ៉ាង យ៉ាវហ៊ុយ ទទួលបានសញ្ជាតិខ្មែរជាផ្លូវការនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ ដោយមានលោក ហ៊ុន សែន ជាអ្នកលើកសំណើទៅព្រះមហាក្សត្រ។ លោកបានប្រើប្រាស់ឈ្មោះខ្មែរថា វណ្ណ សុខា (Wan Sokha)។ លោក វ៉ាង យ៉ាវហ៊ុយ ឬ វណ្ណ សុខា ត្រូវបានតែងតាំងជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅខែកក្កដា ឆ្នាំ ២០១៥ ហើយតាមរយៈតួនាទីនេះ លោកទទួលបានលិខិតឆ្លងដែនការទូត។ អ្នកស្រី ជឹង សុភាព ហៅយាយភូ ភរិយារបស់លោក ឡាវ ម៉េងឃិន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងជាម្ចាស់ក្រុមហ៊ុនស៊ូកាគូ (Shukaku Inc.) ដែលបូមខ្សាច់លុបបឹងកក់នោះ គឺជាបុគ្គលដែលត្រូវទាក់ទងសម្រាប់កិច្ចការបន្ទាន់របស់ លោក វ៉ាង យ៉ាវហ៊ុយ។
គេមិនដឹងថា តើបុគ្គលដែលមានប្រវត្តិអាស្រូវដូច លោក វ៉ាង យ៉ាវហ៊ុយ នេះ អាចក្លាយទៅជាទីប្រឹក្សារបស់លោក ហ៊ុន សែន បានដោយរបៀបណានោះទេ។ ឯរឿងអ្នកស្រី ជឹង សុភាព មានឈ្មោះក្នុងបញ្ជីទំនាក់ទំនងទៅកាន់លោក វ៉ាង យ៉ាវហ៊ុយ នោះ ក៏មិនមានអ្នកណាដឹងច្បាស់ដែរ។ ក៏ប៉ុន្តែ អ្វីដែលគេដឹងច្បាស់នោះ គឺលោក វ៉ាង យ៉ាវហ៊ុយ និងអ្នកស្រី ជឹង សុភាព មានផលប្រយោជន៍ត្រួតស៊ីគ្នា ទាំងនៅកម្ពុជា និងនៅទ្វីបអឺរ៉ុប។
អ្នកស្រី ជឹង សុភាព គឺជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនមួយឈ្មោះ ចេដាប់ប៊ិលយូផែហ្កាស៊ឺស (JWPegasus) ដែលវិនិយោគលើវិស័យសំណង់នៅក្នុងប្រទេសស៊ីប (Cyprus)។ អ្នកវិនិយោគដំបូងគេ ៤នាក់នៃក្រុមហ៊ុន JWPegasus នេះ មាន ៣នាក់ ជាមនុស្សជិតស្និទ្ធនឹងលោក វ៉ាង យ៉ាវហ៊ុយ ក្នុងនោះក៏មានម្នាក់ទទួលបានសញ្ជាតិខ្មែរដែរ។ នៅខែកញ្ញា ឆ្នាំ២០១៦ កាសែតក្នុងស្រុករបស់ប្រទេសស៊ីបបានរាយការណ៍ថា មានមនុស្សមួយចំនួនបានដាក់ពាក្យស្នើសុំសញ្ជាតិស៊ីប ក្នុងនោះ រួមមាន អ្នកស្រី ជឹង សុភាព និងស្វាមី ព្រមទាំងកូន ២នាក់ លោក វ៉ាង យ៉ាវហ៊ុយ និងគូកនទាំង ៣នាក់នោះឯង។ ពួកគេទាំង៨ នាក់ សុទ្ធតែទទួលបានសញ្ជាតិស៊ីបត្រឹមខែកុម្ភៈ ឆ្នាំ២០១៧។
មកដល់ត្រឹមនេះ លោក វ៉ាង យ៉ាវហ៊ុយ លែងជាទីប្រឹក្សារបស់លោក ហ៊ុន សែន តទៅទៀតហើយ ហើយក៏លែងមានឈ្មោះអ្នកស្រី ជឹង សុភាព ជាបុគ្គលដែលត្រូវទាក់ទងនៅលើលិខិតឆ្លងដែនរបស់លោកតទៅទៀតដែរ។ នៅខែមករា ឆ្នាំ២០១៦ លោកទទួលបានលិខិតឆ្លងដែនការទូតថ្មីមួយទៀតជាមួយនឹងតួនាទីថ្មី គឺអនុប្រធានបេសកកម្ម (Minister-Counselor) នៃស្ថានទូតខ្មែរប្រចាំប្រទេសសិង្ហបុរី។ លោក វ៉ាង យ៉ាវហ៊ុយ ឬក៏ វណ្ណ សុខា នៅបន្តកាន់តួនាទីនេះនៅឡើយ រហូតមកទល់ពេលនេះ។
ក្នុងឆ្នាំ២០១៧ ពេលកំពុងកាន់តួនាទីជាអនុប្រធានបេសកកម្មនៃស្ថានទូតខ្មែរប្រចាំប្រទេសសិង្ហបុរី លោកបានបង្កើតក្រុមហ៊ុនយ៉ាងតិចចំនួនពីរ ដោយមួយក្នុងចំណោមនោះ គឺក្រុមហ៊ុន Asia Pacific Energy Holdings។ អ្នកស្រី ជឹង សុភាព គ្រប់គ្រងភាគហ៊ុន ៤០% នៃក្រុមហ៊ុនមួយនេះ ខណៈភាគហ៊ុន ៦០% ទៀតទំនងជារបស់លោក វ៉ាង យ៉ាវហ៊ុយ។ ក្រុមហ៊ុនAsia Pacific Energy Holdings គឺជាក្រុមហ៊ុនសាជីវកម្មមេនៃក្រុមហ៊ុន Cambodian Natural Gas Corp Ltd ដែលទទួលបានសិទ្ធិផ្ដាច់មុខរយៈពេល ១០ឆ្នាំពីរដ្ឋាភិបាលលោក ហ៊ុន សែន សម្រាប់ការនាំចូល និងចែកចាយឧស្ម័នធម្មជាតិរាវនៅកម្ពុជា។
ជាងនេះទៅទៀត នៅចុងឆ្នាំ២០១៧ ដដែលនោះ លោក វ៉ាង យ៉ាវហ៊ុយ ត្រូវបានគេជឿថា បានទិញភាគហ៊ុនជិត ២៥% របស់ក្លឹបបាល់ទាត់ ប៊ឺមីងហ៊ែម ស៊ីធី (Birmingham City) ស្ថិតក្នុងលីគអាជីពលំដាប់ទីពីរនៅប្រទេសអង់គ្លេស។ ថ្វីដ្បិតតែការទិញភាគហ៊ុននោះមិនឃើញមានឈ្មោះ លោក វ៉ាង យ៉ាវហ៊ុយ យ៉ាងណាក្ដី ក៏ភស្តុតាងជាច្រើនបង្ហាញថា ម្ចាស់ក្រុមហ៊ុនដែលទិញក្លឹបបាល់ទាត់ Birmingham City នោះ គឺជាមនុស្សជំនិតដែលតែងឈរឈ្មោះជាម្ចាស់កម្មសិទ្ធិឱ្យលោកជានិច្ច។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក វ៉ាង យ៉ាវហ៊ុយ និងអ្នកស្រី ជឹង សុភាព ដើម្បីសាកសួររឿងនេះបាននៅឡើយទេ។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ថ្លែងថា ការផ្ដល់សញ្ជាតិ និងលិខិតឆ្លងដែនការទូតដល់លោក វ៉ាង យ៉ាវហ៊ុយ ហាក់មានភាពមិនប្រក្រតី ពីព្រោះបុរសចិនរូបនេះមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយអន្តរជាតិ។ លោកថា រដ្ឋាភិបាលកម្ពុជាគួរតែបើកការស៊ើបអង្កេតរឿងនេះ ដើម្បីជម្រះមន្ទិលសង្ស័យទាំងឡាយ និងដើម្បីអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ៖ « ខ្ញុំមានការព្រួយបារម្ភ ព្រោះយោងតាមរបាយការណ៍ផ្សេងៗហ្នឹង គឺឃើញថា បុគ្គលហ្នឹងគាត់អាចជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗនៅក្រៅប្រទេស រួមទាំងប្រទេសចិនដែរ។ ជាប់ពាក់ព័ន្ធទាំងរឿងស៊ីសំណូកសូកប៉ាន់ ពុករលួយជាដើម ហើយស្ថិតនៅក្នុងការស៊ើបអង្កេតរបស់អាជ្ញាធរបរទេសច្រើន ហើយដោយឡែកគាត់បែរជាទទួលបានសញ្ជាតិកម្ពុជាទៅវិញ។ អ៊ីចឹងខ្ញុំគិតថា នេះជាការបារម្ភមួយសម្រាប់កម្ពុជាយើង ដែលយើងមានការជាប់ពាក់ព័ន្ធទៅនឹងបុគ្គលដែលមានការសង្ស័យក្នុងការជាប់ពាក់ព័ន្ធបទឧក្រិដ្ឋបរទេសផ្សេងៗ»។
ឆ្លើយតបរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងថា លោកមិនធ្លាប់ដឹង និងមិនធ្លាប់ស្គាល់ទីប្រឹក្សារបស់លោក ហ៊ុន សែន ដែលមានឈ្មោះ វ៉ាង យ៉ាវហ៊ុយ ឬ វណ្ណ សុខា នេះទេ។ ក៏ប៉ុន្តែលោកអះអាងថា ជាទូទៅ ការតែងតាំងទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីត្រូវធ្វើឡើងស្របតាមនីតិវិធីត្រឹមត្រូវ។ នៅពេលអាស៊ីសេរីសួរថា តើរដ្ឋាភិបាលនឹងស៊ើបអង្កេតករណីនេះដែរ ឬទេ? លោក ផៃ ស៊ីផាន បង្វែរសំណួរនេះទៅក្រសួងមហាផ្ទៃ និងក្រសួងការបរទេសវិញ៖ «នៅក្នុងករណីនេះ ខ្ញុំអត់ដឹងទេ ប៉ុន្តែជាទូទៅមុននឹងអ្នកណាស្នើសុំទៅជាទីប្រឹក្សារបស់សម្ដេច របស់រដ្ឋមន្ត្រីណាម្នាក់ ទាល់តែមានការពិនិត្យមើលថា តើជននោះធ្លាប់ធ្វើពិរុទ្ធជនដែរឬទេ ? ត្រូវសុំសំបុត្រថ្កោលទោស អាហ្នឹងជាទូទៅ។ [ សំណួរ៖ ឯកឧត្តម ! ខាងអង្គការសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលគួរមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ចំពោះការផ្ដល់សញ្ជាតិខ្មែរដល់ជនបរទេស ជាពិសេសការដែលគាត់បានសញ្ជាតិហើយ គាត់បានទទួលឋានៈជាទីប្រឹក្សា ឬក៏ឋានៈអ្វីក្នុងជួររដ្ឋាភិបាលទៀតដើម្បីបញ្ចៀសនូវបញ្ហាទាំងអស់ហ្នឹង។ តើចំណុចនេះរដ្ឋាភិបាលនឹងពិចារណាយ៉ាងម៉េចវិញ ?] អាហ្នឹងទាល់តែសួរទៅខាងក្រសួងមហាផ្ទៃ តើលក្ខខណ្ឌនៃទីប្រឹក្សាហ្នឹងគេមានលក្ខខណ្ឌអ្វីខ្លះ ទីមួយ។ ទីពីរ រឿងទទួលបានលិខិតឆ្លងដែនការទូតហ្នឹង សួរខាងក្រសួងការបរទេស។ ប៉ុន្តែមុននឹងគេចេញឱ្យហ្នឹង គេប្រយ័ត្នប្រយែងណាស់ គេស៊ើបអង្កេតមើលត្រឹមត្រូវរបស់គេណាស់»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ដើម្បីសុំការបកស្រាយរឿងនេះបានទេ ដោយទូរស័ព្ទចូលជាច្រើនដង តែពុំមានអ្នកទទួល។
ទោះជាយ៉ាងណា អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត ថ្លែងថា អាជ្ញាធរកម្ពុជាមិនគួរផ្ដល់សញ្ជាតិខ្មែរដល់លោក វ៉ាង យ៉ាវហ៊ុយ នេះ តាំងតែពីដំបូងមកម្ល៉េះ ពីព្រោះបុគ្គលរូបនេះមានប្រវត្តិមិនល្អឡើយ។ លោកជឿថា ជនជាតិចិនរូបនេះប្រាកដជាប្រើប្រាស់សញ្ជាតិ និងលិខិតឆ្លងដែនការទូតខ្មែរ ដើម្បីធ្វើអាជីវកម្មទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន ដូច្នេះរដ្ឋាភិបាលកម្ពុជាគប្បីពិនិត្យករណីនេះ និងអនុវត្តវិធានការនានា ដូចជា ការដកហូតសញ្ជាតិ និងបណ្ដេញចេញពីកម្ពុជា ជាដើម៖ «កាលណាប្រើប្រាស់សញ្ជាតិចិនហើយ គឺមិនអាចទៅរកស៊ីបានទេ។ ខ្ញុំគិតថា ចិនចំណុចនេះ ក៏គេមានការអនុវត្តតឹងតែងដែរចំពោះជនទាំងឡាយណាដែលប្រព្រឹត្តអំពើពុករលួយ។ អ៊ីចឹងហើយខ្ញុំគិតថា បុគ្គលហ្នឹងគឺនឹងប្រើប្រាស់ឈ្មោះជាខ្មែរ សញ្ជាតិជាខ្មែរ ដើម្បីទៅរកស៊ី។ អ៊ីចឹងយើងមើលឃើញពីរចំណុចហ្នឹង ដែលថាទីមួយ [ រដ្ឋាភិបាល ] កម្ពុជាមានការបំពានទៅលើច្បាប់ខ្លួនឯងផង និងទីពីរ [ រដ្ឋាភិបាល ] កម្ពុជាបានធ្វើឱ្យអាប់ឱនកិត្តិយស ដោយសារតែបុគ្គលដែលជាជនល្មើសនៅក្នុងប្រទេសមួយ ហើយបានប្រើប្រាស់ឈ្មោះ និងសញ្ជាតិកម្ពុជាដើម្បីទៅរកស៊ីជាមួយបណ្ដាប្រទេសដទៃហ្នឹង»។
រដ្ឋាភិបាលលោក ហ៊ុន សែន បានរងការរិះគន់ជាបន្តបន្ទាប់ទាក់ទងនឹងការផ្ដល់សញ្ជាតិ និងលិខិតឆ្លងដែនដល់ជនបរទេសមួយចំនួន ដែលមានប្រវត្តិមិនល្អ ដូចជា ជនប្រព្រឹត្តអំពើពុករលួយ និងឧក្រិដ្ឋជន ជាដើម។ ម្យ៉ាងវិញទៀត ជនបរទេសដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមេដឹកនាំកម្ពុជាអាចទទួលបានលិខិតឆ្លងដែនការទូត ដើម្បីប្រើប្រាស់សម្រាប់ការធ្វើដំណើរ និងធ្វើពាណិជ្ជកម្មបានដោយសេរីទៀតផង។ ជាឧទាហរណ៍ អតីតនាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ា់ត់ (Yingluck Shinawatra) ធ្លាប់មានប្រវត្តិកាន់លិខិតឆ្លងដែនការទូតរបស់កម្ពុជា ដើម្បីធ្វើដំណើរ និងចុះបញ្ជីជាអគ្គនាយកក្រុមហ៊ុនសាជីវកម្មមួយកន្លែងនៅទីក្រុងហុងកុង (Hong Kong) កាលពីខែសីហា ឆ្នាំ២០១៨។
ទាក់ទងនឹងករណីរបស់លោក វ៉ាង យ៉ាវហ៊ុយ នេះវិញ ការលាក់បាំងព័ត៌មាន គួបផ្សំនឹងការជាប់ជំពាក់របស់បុគ្គលរូបនេះទៅនឹងរឿងអាស្រូវពុករលួយខ្នាតធំយ៉ាងតិចចំនួនពីរផងនោះ នាំឱ្យមានចំណោទពីរយ៉ាងទៅកាន់រដ្ឋាភិបាល លោក ហ៊ុន សែន។ ទីមួយ តើហេតុអ្វីបានជាមេដឹកនាំកម្ពុជាមានភាពបើកចំហរចំពោះជនអាថ៌កំបាំងប្រភេទនេះ? និងទីពីរ តើក្រុមមេដឹកនាំសព្វថ្ងៃអនុញ្ញាតឱ្យជនទាំងនេះមានឥទ្ធិពលដល់កម្រិតណាដើម្បីទិញដូរនៅក្នុងប្រទេសកម្ពុជា?៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។