មន្ត្រីសង្គមស៊ីវិលថា ការបង្ហាញភាពហ៊ឺហារបស់លោក ហ៊ុន សែន បង្ហាញពីភាពគ្មានឆន្ទៈគិតគូរដល់ពលរដ្ឋក្រីក្រ
2022.12.01

បើទោះបីជាកម្ពុជានៅតែជាប្រទេសកំពុងអភិវឌ្ឍ ហើយប្រជាពលរដ្ឋភាគច្រើនមានជីវភាពក្រីក្រនិង ក្បែរក្រីក្រក្ដី ក៏ប៉ុន្តែថ្នាក់ដឹកនាំរដ្ឋាភិបាល ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែសម្ញែងសម្ភារៈប្រណិតៗដែលមានតម្លៃថ្លៃ ដល់សាធារណជន។ មន្ត្រីអង្គការសង្គមស៊ីវិល និងយុវជនយល់ថា ទម្លាប់សម្ភារៈនិយមរបស់ថ្នាក់ដឹកនាំបែបនេះ គឺជាគំរូមិនល្អ ដែលមិនគិតគូរដល់ពលរដ្ឋក្រីក្រ។
ប្រៀបធៀបជាមួយប្រទេសជិតខាង កម្ពុជានៅតែជាប្រទេសក្រីក្រជាងគេក្នុងតំបន់ នេះបើគិតពីចំណូលជាមធ្យមប្រចាំឆ្នាំរបស់ពលរដ្ឋម្នាក់ៗដែរមានត្រឹមតែជិត ១ពាន់ ៦រយដុល្លារអាមេរិក (១,៥៩១ ដុល្លារអាមេរិក) តែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា លោក ហ៊ុន សែន ដែលបានដឹកនាំប្រទេសជិត ៤០ឆ្នាំមកហើយនោះ បែរជាសម្ញែងសម្ភារៈនិយម ដែលមានតម្លៃថ្លៃបែបអភិជន និងរស់នៅក្នុងជីវិតបែបអ្នកមានស្ដុកស្ដម្ភទៅវិញ។
ក្នុងតួនាទីជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែលមានប្រាក់ខែត្រឹមតែជាង ១០លានរៀល ឬប្រមាណ ២.៥០០ដុល្លារអាមេរិកនោះ ត្រូវបានគេមើលឃើញថា លោក និងសមាជិកគ្រួសារសាច់ញាតិរបស់លោក រស់នៅតាមបែបអភិជន ហើយមិនបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រឡើយ។ លោកហ៊ុន សែន ជារឿយៗតែងសម្ញែងសម្ភារៈដែលមានតម្លៃថ្លៃៗ មានដូចជាខ្សែក្រវ៉ាត់ ស្បែកជើង និងសំលៀកបំពាក់ ដែលមានតម្លៃចាប់ពីរាប់ពាន់ដុល្លារ ទៅដល់រាប់ម៉ឺនដុល្លារឯណោះ។ ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏ជាអ្នកឈ្លក់វង្វេងជាមួយនាឡិកាម៉ាកល្បីៗ ដែលមានតម្លៃរហូតដល់រាប់លានដុល្លារដែរ ដូចជាម៉ាក ផាថេក ហ្វីលីប (Patek Philip)តម្លៃ ១លាន ២សែនដុល្លារអាមេរិក (១,២០០,០០០ ដុល្លារអាមេរិក) និងម៉ាក រីឆាត មៀល (Rechard Mille Sapphire Dragon Tuorbilon) ដែលមានតែ ៥៥គ្រឿងលើពិភពលោក និងនាឡិកាថ្លៃៗផ្សេងទៀត តម្លៃសរុបដល់ទៅជាង ៩លានដុល្លារអាមេរិកឯណោះ។
ដោយសារតែការឈ្លក់វង្វេងនឹងនាឡិកាដែលប្រណិត តាំងនៅជាទាហ៊ានខ្មែរក្រហម ក្នុងនាមជាប្រធានអាស៊ានប្ដូរវេនក្នុងឆ្នាំ២០២២នេះ លោក ហ៊ុន សែន ក៏បានបញ្ជាទិញផលិតនាឡិកាដៃតម្លៃជាង២ម៉ឺនដុល្លារ ចំនួន២៥គ្រឿង ចែកដល់ថ្នាក់ដឹកនាំដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងខែវិច្ឆិកា។ ការចំណាយថវិកាជាតិដ៏ច្រើនបែបនេះ ត្រូវបានគេមើលឃើញថា គឺជាការចំណាយដ៏ខ្ជះខ្ជាយ ខណៈកសិករដែលរងគ្រោះដោយសារទឹកជំនន់ក្នុងឆ្នាំ២០២២នេះជាង១០ម៉ឺនគ្រួសារ ប៉ុន្តែទទួលបានជំនួយគ្រាប់ពូជ និងអំណោយពីរដ្ឋាភិបាលបន្តិចបន្តួចត្រឹមតែជាង ២ម៉ឺនគ្រួសារតែប៉ុណ្ណោះ។
ចំណែកឯ ប្រពន្ធលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី ក៏ត្រូវបានគេមើលឃើញថា ឈ្លក់វង្វេងជាមួយសម្ភារៈនិយមដែរ ដោយកាលពីឆ្នាំ២០២១ ខណៈពេលប្រជាពលរដ្ឋកំពុងប្រឈមជីវភាពលំបាកនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ លោកស្រីបែរជាបង្ហាញសំលៀកបំពាក់ និងគ្រឿងអលង្ការដែលមានតម្លៃររាប់សិបម៉ឺនដុល្លារឯណោះ។ សម្ភារៈទាំងនោះរួមមាន អាវយឺតម៉ាក វ័រសាជី (Versace) មួយតម្លៃជិត៧រយ (៦៣០) ដុល្លារ និងខ្សែក្រវ៉ាត់ម៉ាក ហេមេស(Hemes) មួយតម្លៃជិត១ពាន់ (៨៤៥) ដុល្លារ និងគ្រឿងអលង្កាផ្សេងៗទៀតផងដែរ។
ជាមួយគ្នានេះ កូនៗរបស់លោក ហ៊ុន សែន ក៏មានទ្រព្យសម្បត្តិមិនតិចដែរ ដោយពួកគេបានទិញផ្ទះនៅសហរដ្ឋអាមេរិក (U.S) មានតម្លៃរាប់សែនដុល្លារតាំងពីឆ្នាំ២០០០ មកម្ល៉េះ។ កូនៗ ទាំងបួននាក់របស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលពេលនោះមានអាយុ ២៣ឆ្នាំ អ្នកស្រី ហ៊ុន ម៉ាណា ពេលនោះ អាយុ ២០ឆ្នាំ លោក ហ៊ុន ម៉ានិត ពេលនោះ អាយុ ១៩ឆ្នាំ និងលោក ហ៊ុន ម៉ានី ដែលពេលនោះមានអាយុមិនទាន់គ្រប់ ១៨ឆ្នាំស្រួលបួលផង ពួកគេបានទិញផ្ទះរួមគ្នាមួយខ្នង ក្នុងតំបន់ជាយក្រុងញូវយ៉ក ក្នុងតម្លៃទឹកប្រាក់សរុប ៥សែន ៥ម៉ឺនដុល្លារអាមេរិក (៥៥០.០០០)។
ផ្ទុយពីការលើកឡើងរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល ដែលតែងតែលើកឡើងថា អាទិភាពដ៏សំខាន់របស់រដ្ឋាភិបាលគឺកាត់បន្ថយភាពក្រីក្រ ប្រជាពលរដ្ឋតែងលើកឡើងថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យគម្លាតអ្នកមាន និងអ្នកក្រកាន់តែឆ្ងាយពីគ្នា ហើយមានតែគ្រួសារ និងបក្សពួកក្រុមឧកញ៉ា របស់លោក ហ៊ុន សែន តែប៉ុណ្ណោះ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីបកស្រាយអំពីរឿងនេះបានទេ នៅថ្ងៃទី៣០ ខែវិច្ឆិកា ដោយទូរស័ព្ទចូលប៉ុន្តែពុំមានអ្នកទទួល។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់ឃើញថា ការសម្ញែងសម្ភារៈនិយម និងទ្រព្យសម្បត្តិរាប់លានដុល្លាររបស់ថ្នាក់ដឹកនាំប្រទេស គឺជារឿងមិនគួរកើតមានឡើយ ព្រោះប្រជាពលរដ្ឋជាច្រើន កំពុងរស់នៅក្នុងភាពក្រីក្រ ខ្វះអាហារបរិភោគ និងមានប្រជាពលរដ្ឋរាប់លាននាក់ ព្រាត់ប្រាសគ្រួសារ ទៅធ្វើការនៅបរទេសដើម្បីសងបំណុលធនាគារ។ លោកបន្ថែមថា ការសម្ញែងសម្ភារៈទំនើបដែលមានតម្លៃខ្ពស់របស់មន្ត្រីជាន់ខ្ពស់ដូចនេះ គឺជាគំរូមិនល្អ ដែលបង្កឱ្យមានទម្លាប់ប្រកួតប្រជែងគ្នាទៅលើសម្ភារៈនិយម និងមិនបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រ។
លោក ស៊ឹង សែនករុណា៖ «ពាក់ព័ន្ធនឹងរឿងបង្ហាញ និងសម្ញែងទ្រព្យសម្បត្តិអីទាំងអស់នេះ វានាំតែជាគំរូមិនល្អទៅដល់សង្គមទេ គួរតែបញ្ឈប់នូវអំពើទាំងអស់ហ្នឹង ហើយគិតគូរដល់ប្រយោជន៍របស់ប្រជាពលរដ្ឋ ដែលកំពុងតែរងទុក្ខ ជួបការលំបាក ជំពាក់បំណុលធនាគារ ភាពក្រីក្រ ចំណាកស្រុក អាហ្នឹងសុទ្ធតែជារឿងដែលយើងត្រូវគិតគូរ ស្ដារឱ្យប្រទេសជាតិយើងមានមុខមានមាត់ ឡើងវិញនៅលើឆាកអន្តរជាតិ មិនមែនដឹកនាំទៅយកតែមានបានខ្លួនឯង ក្រុមខ្លួនឯង គ្រួសារខ្លួនឯងអ៊ីចឹងទេ។
ជាមួយគ្នានេះ លោក ស៊ឹង សែនករុណា បន្ថែមថា គឺជារឿងមិនសមទំនង ខណៈប្រាក់ខែមន្ត្រីរាជការមានត្រឹមតែបន្តិចបន្តួច ប៉ុន្តែបែរជាមានទ្រព្យសម្បត្តិច្រើនដល់រាប់លានដុល្លារអាមេរិក។ លោកបន្តថា មន្ត្រីរាជការសាធារណៈ គួរតែបង្ហាញគំរូក្នុងការលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដើម្បីជួយប្រជាពលរដ្ឋក្រីក្រ ជាជាងធ្វើការដើម្បីភាពមានបាន តាមរយៈការប្រើប្រាស់តួនាទី អំណាចរបស់ខ្លួន ព្រោះពួកគេទទួលបានការគាំទ្រពីប្រជាពលរដ្ឋដែលបោះឆ្នោតឱ្យ។
លោក ស៊ឹង សែនករុណា៖ «វាជារឿងមួយដែលមិនសមគួរសម្រាប់ប្រទេសមួយដែលប្រកាន់របបប្រជាធិបតេយ្យ ដែលមានការគ្រប់គ្រងដឹកនាំដោយរដ្ឋាភិបាលនៃប្រទេសហ្នឹង ដែលជាប់ឆ្នោត ដោយសារតែការបោះឆ្នោតពីប្រជាពលរដ្ឋ តែប្រជាពលរដ្ឋបែរជាស្ថិតនៅក្នុងភាពក្រីក្រ ហើយអ្នកដឹកនាំ កាន់ការងារគ្រប់គ្រងរដ្ឋហ្នឹងបែរជា ក្លាយជាអ្នកមានទ្រព្យធន ហូរហ៊ា ហើយសម្ញែងនូវទ្រព្យសម្បត្តិ និងរបស់ទំនើបៗជាច្រើន វាជារឿងមួយដែលមិនសមគួរកើតឡើងក្នុងសង្គមប្រជាធិបតេយ្យទេ។
បើទោះបីជាលោក ហ៊ុន សែន ធ្លាប់បានលើកឡើងជារឿយៗថា មិនទុក្ខឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយក្ដី ប៉ុន្តែប្រជាពលរដ្ឋជាច្រើនបានបង្ខំចិត្តធ្វើចំណាកស្រុក ដើម្បីរកការងារធ្វើ។ ទោះជាយ៉ាងណា លោក ហ៊ុន សែន ក៏ធ្លាប់ធ្លោយមាត់ម្ដងៗដែរ អំពីការមិនយកចិត្តទុកដាក់ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រ ករណីនេះធ្លាប់កើតមានឡើងកាលពីរដូវកាលរាំងខ្ទប់នៃការរីករាលដាលជំងឺកូវីដ១៩ នៅចុងឆ្នាំ២០២០ ដោយកាលនោះ លោក ហ៊ុន សែន បានថ្លែងជាសាធារណៈថា «បើអ្នករត់ម៉ូតូឌុបក្ស័យធន លក់ម៉ូតូចាយសិនទៅ រដ្ឋាភិបាលគ្មានលទ្ធភាពជួយនោះទេ»។
របាយការណ៍ អង្គការឃ្លាំមើលពិភពលោក គ្លូបល វីនេស (Global Witness) ផ្សាយកាលពីឆ្នាំ២០១៦ បង្ហាញថា ត្រកូល "ហ៊ុន" កំពុងក្ដោបក្ដាប់សេដ្ឋកិច្ចធំៗរបស់កម្ពុជា ដោយអំពើពុករលួយ រំលោភអំណាច និងរំលោភសិទ្ធិមនុស្សដើម្បីការពារអំណាចរបស់លោក ហ៊ុន សែន ។ គ្រួសារត្រកូល "ហ៊ុន" បានកាន់កាប់ផ្ទាល់ ឬកាន់កាប់ដោយផ្នែកក្នុងក្រុមហ៊ុនជាច្រើនដែលមានដើមទុនចុះបញ្ជីជាង ២០០លានដុល្លារសហរដ្ឋអាមេរិក ហើយបានដាក់ភាគហ៊ុនជាមួយក្រុមហ៊ុនបរទេសដែលមានយីហោល្បីៗ។ ចំនួនទឹកប្រាក់ជាង ២០០លានដុល្លារនេះ ជាចំនួនទឹកប្រាក់ដែលដាក់ចេញឱ្យឃើញក្នុងក្រុមហ៊ុនរបស់ត្រកូល "ហ៊ុន" ដែលបានចុះបញ្ជីក្នុងក្រសួងពាណិជ្ជកម្ម ប៉ុន្តែអង្គការ គ្លូបល វីនេស អះអាងថា ពួកគេមានភាគហ៊ុនច្រើនជាងនេះ ប៉ុន្តែលាក់ព័ត៌មាន។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន អះអាងថា នាឡិការបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺបានមកពីមិត្តភក្ដិទិញឱ្យលោកទេ មិនមានគាត់ទិញដោយខ្លួនឯងឡើយ។ ដោយឡែកទាក់ទងជាមួយទ្រព្យសម្បត្តិលោក សុខ ឥសាន អះអាងថា លុយទាំងនោះគឺកើតចេញពីការរកស៊ីផ្ទាល់ខ្លួន លោកថា ទោះបីជាតំណាងរាស្ត្រ មិនមានសិទ្ធិឈរឈ្មោះជាអគ្គនាយក និងប្រធានក្រុមហ៊ុន ប៉ុន្តែតំណាងរាស្ត្រអាចឈរឈ្មោះជាក្រុមប្រឹក្សាភិបាល ដាក់ទុនរកស៊ីបានដែរ។
លោក សុខ ឥសាន៖ «ធ្វើរដ្ឋមន្ត្រី ធ្វើរដ្ឋលេខាធិការ ឬមួយធ្វើរដ្ឋសភា វាក៏ជាពលរដ្ឋដែរ អ៊ីចឹងមានសិទ្ធិចំពោះមុខច្បាប់ដូចគ្នា ធ្វើជំនួញបានតើសឱ្យតែជារឿងស្របច្បាប់ កុំឱ្យតែជួញដូរគ្រឿងញៀនអីខុសច្បាប់ អាហ្នឹងគេចាប់ហើយ»។
ជុំវិញរឿងនេះដែរ យុវជនតាមដានការអភិវឌ្ឍសង្គម និងនយោបាយ លោក លី ចាន់ដារ៉ាវុត យល់ឃើញថា ក្នុងនាមជាអ្នកដឹកនាំរដ្ឋាភិបាល លោក ហ៊ុន សែន មិនគួរសម្ញែងទ្រព្យសម្បត្តិ ឬសម្ភារៈដែលមានតម្លៃរហូតដល់រាប់លានដុល្លារនោះទេ ព្រោះការសម្ញែងបែបនេះគឺជាគំរូអាក្រក់ ដែលឆ្លុះបញ្ចាំងថាអ្នកនយោបាយមិនបានខ្វល់ខ្វាយពីសុខទុក្ខប្រជាពលរដ្ឋក្រីក្រីឡើយ។ ជាមួយគ្នានេះ លោកបន្ថែមថា អ្នកនយោបាយគួរតែយកអតីតប្រធានាធិបតី អ៊ុយរ៉ាហ្គាយ (Uraguay ) លោក ចូសេ មូជីការ (Jose Mojica) ជាគំរូ ដោយលោកបានបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន៩០ភាគរយ ដើម្បីជួយដល់ប្រជាសហគមន៍របស់គាត់ ហើយគាត់រស់នៅតាមបែបជីវភាពសាមញ្ញ នឹងទទួលបានការគោរព និងសរសើរពីប្រជាពលរដ្ឋក្នុងប្រទេសលើសលប់។ លោក លី ចាន់ដារ៉ាវុត បន្ថែមថា ក្នុងនាមជាអ្នកនយោបាយ គួរគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជាធំ ជាជាងយកអំណាចដើម្បីធ្វើអាជីវកម្ម ហើយត្រេកត្រអាលជាមួយភាពមានបាន ដែលប្រាសចាកពីនិយមន័យធម្មជាតិជាអ្នកនយោបាយ។
លោក លី ចាន់ដារ៉ាវុត៖ «បើសិនជាយើងនិយាយពីការដឹកនាំនយោបាយ យើងគួរតែយកវាទៅជាចំណង់ ការដែលយើងចង់ឃើញប្រជាជនគាត់រស់នៅស្រណុកសុខស្រួល ចាកផុតពីភាពក្រីក្រ។ កាលណាយើងគិតថា យើងដឹកនាំនយោបាយ ដើម្បីតែមានបាន ងាយស្រួលបង្កើតប្រព័ន្ធមួយដែលធ្វើឱ្យមានអំពើពុករលួយខ្លាំងទៅ ខ្លួនឯងទទួលផលចំណេញពីហ្នឹង ខ្ញុំគិតថា ប្រទេសជាតិហ្នឹងគេចមិនផុតទេពីការរលាយ។ រលាយធនធានធម្មជាតិផង ប្រជាជនកាន់តែក្រីក្រផង ហើយវាបង្កើតវិសមភាពសង្គមដូចរាល់ថ្ងៃអ៊ីចឹង បានន័យថាអ្នកមានចេះតែមានទៅ មានឡានរ៉លរ៉យ (Rolls Royce) ពីរបីជិះតែឯងទៅ អាហារហូបចុកមិនអស់ទៅ ដល់ពេលអ្នកក្រ ក្ររហូតអត់មានបាយហូបអ៊ីចឹងទៅ»។
ប្រទេសកម្ពុជា នៅតែបន្តជាប់ចំណាត់ថ្នាក់អាក្រក់ជាងប្រទេសនានា ក្នុងតំបន់ និងនៅលើពិភពលោកខាងប្រព្រឹត្តិអំពើពុករលួយ។ អង្គការតម្លាភាពអន្តរជាតិ (Transparency International) បានចេញរបាយការណ៍វាយតម្លៃពីតម្លាភាព កាលពីខែមករាថា កម្ពុជាទទួលបានពិន្ទុ ២១ លើ១០០ពិន្ទុ និងមានចំណាត់ថា្នក់លេខរៀងទី១៥៧ ក្នុងចំណោម១៨០ប្រទេស។ ចំណាត់ថ្នាក់នេះមានន័យថា កម្ពុជាមានអំពើពុករលួយអាក្រក់ជាងគេ ប្រៀបធៀបជាមួយប្រទេសនៅក្នុងតំបន់អាស៊ាន(ASEAN)។ របាយការណ៍នេះ សបញ្ជាក់ឱ្យយើងដឹងកាន់តែច្បាស់ថា មន្ត្រីរាជការ និងអ្នកមានអំណាចភាគច្រើន បានប្រើប្រាស់តួនាទីរបស់ខ្លួន ដើម្បីទទួលបានលាភសក្ការៈ ទ្រព្យធន ធ្វើជាអ្នកមានតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។