អ្នកវិភាគ​បារម្ភ​ថា លោក ហ៊ុន សែន នឹង​ជំពាក់​គុណ​ឈ្មួញ​ក្រោយ​ទទួល​ប្រាក់​ជំនួយ

ដោយ ម៉ៅ សុធានី
2022.07.02
Share on WhatsApp
Share on WhatsApp
អ្នកវិភាគ​បារម្ភ​ថា លោក ហ៊ុន សែន នឹង​ជំពាក់​គុណ​ឈ្មួញ​ក្រោយ​ទទួល​ប្រាក់​ជំនួយ ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន អម​ដំណើរដោយលោក គិត ម៉េង ក្នុង​ពិធី​សម្ពោធ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២ ​​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨។
រូប៖ ​ហ្វេសប៊ុក​លោក ហ៊ុន សែន

អ្នកវិភាគ​និង​មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង​ព្រួយបារម្ភ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជំពាក់​គុណ​ក្រុម​ឧកញ៉ា ឬ​ឈ្មួញ​ធំៗ​មួយចំនួន ដែល​មាន​កេរ្តិ៍ឈ្មោះ​មិនល្អ​រឿង​ក្នុង​ការ​រក​ស៊ី​ក្រោយ​ទទួល​បាន​ប្រាក់​ជំនួយ​បរិច្ចាគ​ទ្រង់ទ្រាយ​ធំ​ជាថ្មី​ម្តង​ទៀត​ក្នុង​កិច្ចការ​បោសសម្អាត​មីន​នៅ​កម្ពុជា​។ ពួកគាត់​ថា ឈ្មួញ​ទាំងនោះ​នឹង​ទទួល​បាន​ផលប្រយោជន៍​ណាមួយ​ជា​ថ្នូរ​នឹង​ការ​ផ្ដល់​ជំនួយ​ប្រាក់កាស​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន។

ក្រុម​អ្នកវិភាគ និង​មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង​ព្រួយបារម្ភ​ថា រដ្ឋាភិបាល​នឹង​ជាប់ជំពាក់​គុណ​ស្រ័យ​របស់​ក្រុម​អ្នកមាន​លុយ ឧកញ៉ា និង​ឈ្មួញ​រកស៊ី បន្ទាប់ពី​អ្នក​ទាំងនោះ​ផ្ដល់​ប្រាក់​ជំនួយ​ឧបត្ថម្ភ​នៅក្នុង​ការងារ​សម្អាត​មីន តប​តាម​ការ​ស្នើសុំ​របស់​លោក​នាយករដ្ឋមន្ត្រី​។​

អតីត​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​នៅ​អាមេរិក លោក អ៊ុំ សំអាន ឱ្យ​ដឹង​នៅ​ថ្ងៃទី​២ កក្កដា​ថា ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​អ្នកមាន​ធនធាន​ទៅ​កាន់​រដ្ឋាភិបាល​វា​គឺជា​រឿង​ដែល​ល្អ ក៏ប៉ុន្តែ​នៅក្នុង​រដ្ឋាភិបាល​កម្ពុជា​វា​មិន​ដូច្នោះ​ឡើយ​។ លោក​បន្ត​ថា ចំពោះ​បណ្ដា​ប្រទេស​សេរី​នៅ​លើ​ពិភពលោក អ្នក​មាន​ធនធាន​តែង​ជួយ​ជ្រោមជ្រែង​ទៅ​កាន់​រដ្ឋាភិបាល​ដោយ​សុទ្ធចិត្ត ផ្ទុយ​ពី​សប្បុរសជន​នៅ​កម្ពុជា​ដែល​តែងតែ​រំពឹង​ទទួល​បាន​លាភសក្ការៈ​ត្រឡប់​មក​វិញ​នៅ​ពេល​បរិច្ចាគ​ប្រាក់កាស​ទៅ​រដ្ឋាភិបាល​ម្ដងៗ​។ លោក​បន្ថែម​ថា លាភសក្ការៈ​នេះ​ច្រើនតែ​ជា​របស់​ទុច្ចរិត និង​ខុសច្បាប់ ដែល​រដ្ឋាភិបាល​បើកដៃ​ឱ្យ​អ្នកជំនួញ​ទាំងនោះ​អាច​រកស៊ី​ដោយ​រលូន​។ ទន្ទឹម​គ្នា​នេះ លោក យល់ថា ការ​ផ្តល់​ជំនួយ​ពី​ក្រុម​ឧកញ៉ា​ឬ​អ្នកជំនួញ​ធំៗ​ទ្រង់ទ្រាយ​ធំ​ជាថ្មី​ម្តង​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​យក​ទៅ​បោសសម្អាត​មីន​នៅ​ពេល​នេះ ប្រាកដជា​លោក ហ៊ុន សែន ផ្ដល់​លាភសក្ការៈ​ដល់​ពួកគេ​វិញ​ដែរ៖ «អានេះ​ដូច​គេ​និយាយ​ថា ឯង​ជួយ​អញ អញ​ជួយ​ឯង អាហ្នឹង​ជួយ​គ្នា​ទៅវិញទៅមក​។ ពេល​ហ្នឹង​ខាង​ឧកញ៉ា​ជួយ​ទៅ​លោក ហ៊ុន សែន ដល់ពេល​ក្រោយមក​លោក​ហ៊ុន សែន​ជួយ​ទៅ ខាង​ឧកញ៉ា​វិញ តាមរយៈ​ការ​ទទួល​ផលប្រយោជន៍​ដី​សម្បទាន​សេដ្ឋកិច្ច លុប​បឹង កាប់​បំផ្លាញ​ព្រៃឈើ ឬក៏​របរ​ទុច្ចរិត​ផ្សេងៗ ឬក៏​អ្នក​ខ្លះ​អាចពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ក៏មានដែរ​។ អាហ្នឹង​យើង​ឃើញជាក់ស្ដែង​អ៊ីចឹង»

លោក​លើកឡើង​ដែរ​ថា កិច្ចការ​បោសសម្អាត​មីន​នេះ លោក ហ៊ុន សែន គួរតែ​ស្នើសុំ​ជំនួយ​ពី​ក្រៅប្រទេស ឬ​ប្រើប្រាស់​ថវិកាជាតិ ជាជាង​ការ​អំពាវនាវ​រក​ជំនួយ​ពី​ឈ្មួញ​រកស៊ី ឬ​អ្នក​វិនិយោគ​នៅក្នុង​ប្រទេស​។ លោក​ថា ការ​ធ្វើ​បែបនេះ​នឹង​បញ្ចៀស​រដ្ឋាភិបាល​ពី​ការ​ផ្ដល់​ផលប្រយោជន៍​ទុច្ចរិត​ណាមួយ​តបស្នង ទៅ​អ្នកជំនួញ​ទាំងនោះ​វិញ។

ស្រដៀង​គ្នា​នេះ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន់ ចាន់ឡូត លើកឡើង​ថា ការ​ផ្ដល់​ជំនួយ​ទៅកាន់​រដ្ឋាភិបាល​ពី​សំណាក់​អ្នកជំនួញ វិនិយោគិន​ធំៗ​នៅក្នុង​ស្រុក​ដើម្បី​ជួយ​សម្រួល​បន្ទុក​រដ្ឋាភិបាល​គឺជា​ទង្វើ​មួយ​ល្អ ប្រសិនបើ​ការ​បរិច្ចាគ​នោះ​ធ្វើឡើង​ដោយ​ស្មោះ​ត្រង់ មិន​រំពឹង​ទទួលផល​ប្រយោជន៍​អ្វីមួយ​មកវិញ​។ លោក​បន្ត​ថា ប៉ុន្តែ​ជាក់ស្ដែង រាល់​ការ​បរិច្ចាគ​របស់​អ្នកមាន​ធនធាន​ចូល​មក​កាន់​រដ្ឋាភិបាល​កម្ពុជា គឺ​ពួកគេ​តែងតែ​ទទួល​បាន​លាភសក្ការៈ​ត្រឡប់​ទៅវិញ តាមរយៈ​ការ​អនុញ្ញាត​ឱ្យ​ពួកគេ​ពង្រីក​អាជីវកម្ម​រកស៊ី​ដែល​ភាគច្រើន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​។ លោក​បារម្ភ​ថា ប្រសិនបើ​វប្បធម៌​អញ​ជួយ​ឯង ឯង​ជួយ​អញ នៅតែ​មាន​បន្ត​បែបនេះ​ទៀត វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម​ធ្ងន់ធ្ងរ ជាពិសេស​គឺ​ភាព​អយុត្តិធម៌​រវាង​ពួក​ឈ្មួញ ជាមួយ​ប្រជាពលរដ្ឋ​ដែល​ជា​ជនរងគ្រោះ៖ «អ៊ីចឹង​យើង​មើលឃើញ​ថា នៅ​ពេល​ដែល​អ្នក​ជំនួញ ជាមួយនឹង​អ្នកដឹកនាំ​មាន​ទំនាក់ទំនង​គ្នា​ជិតស្និទ្ធ​បែបនេះ​វា​នាំ​ផលវិបាក​ដល់​សង្គម​ដែរ ជាពិសេស​នៅ​កម្ពុជា​យើងៗ​ឃើញថា​នៅពេល​ដែល​មាន​បញ្ហា​ប្រជាពលរដ្ឋ​ចេញ​តវ៉ា​អំពី​ការ​រំលោភបំពាន ឬក៏​បញ្ហា​ដីធ្លី ឬ​បញ្ហា​ការងារ​ជាដើម​ហ្នឹង យើង​កម្រ​ឃើញ​មានការ​ដោះស្រាយ​ឬក៏​មានការ​ដាក់​ជា​យន្តការ​ណាមួយ​ជាក់លាក់​ពី​រដ្ឋ ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​ជូន​ចំពោះ​ប្រជាពលរដ្ឋ»

ជាមួយ​គ្នា​នេះ អ្នកវិភាគ​នយោបាយ​លោក គឹម សុខ ច្រានចោល​នូវ​មតិ​ដែល​លើកឡើង​ថា ការ​ផ្ដល់​ផលប្រយោជន៍​ឱ្យ​ឈ្មួញ​អ្នក​រកស៊ី​ទាំងនោះ​គ្រាន់តែ​ជា​ការ​តបស្នង​ដឹងគុណ​នូវ​អំពើ​ល្អ​ដែល​ពួកគេ​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​សម្រាប់​ជួយ​រដ្ឋាភិបាល​។ លោក​បញ្ជាក់​ថា បើ​គ្រាន់តែ​ជា​ការ​ដឹងគុណ​ពិតមែន​នោះ រដ្ឋាភិបាល​លោក​ហ៊ុន សែន មិន​ចាំបាច់​ត្រូវ​ប្រគល់​ទ្រព្យសម្បត្តិ​ជាតិខ្មែរ រួម​ទាំង​ធនធាន​ធម្មជាតិ ឱ្យ​អ្នក​ទាំងនោះ​បំផ្លាញ​ហិនហោច​យក​ទៅ​ធ្វើ​អាជីវកម្ម​នោះ​ទេ​។ លោក​ថា នេះ​គ្រាន់តែ​កិច្ចសហការ​រកស៊ី​ជាមួយគ្នា​រវាង​ពួក​ឈ្មួញ សេដ្ឋី​ទាំងនោះ ជាមួយ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន តែប៉ុណ្ណោះ៖ «ខ្ញុំ​ស្រាវជ្រាវ​មើលទៅ​មិនមែន​លោក ហ៊ុន សែន ជំពាក់​គុណ​អ្នកជំនួញ ឧកញ៉ា សេដ្ឋី​ទាំងអស់​នោះ​ទេ​។ គឺ​លោក ហ៊ុន សែន រកស៊ី​ជាមួយ​អ្នក​ទាំងនោះ​តែម្ដង​។ ហើយ​លុយ​វិភាគទាន​ពី​ឧកញ៉ា សេដ្ឋី​ទាំងនោះ គ្រាន់តែ​ជា​រូបភាព​នៃ​ជំនួយ​សប្បុរសធម៌ ឬក៏​ការចូលរួម​វិភាគទាន​ដើម្បី​បិទបាំង​ជំនួញ​សហការ​គ្នា​រវាង​លោក ហ៊ុន សែន និង​ពួកគេ​តែប៉ុណ្ណោះ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ទៅ​ប្រធាន​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក ផៃ ស៊ីផាន ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​ការ​លើកឡើង​បាន​នៅឡើយ​នោះ​ទេ​នៅ​ថ្ងៃ​សៅរ៍​នេះ។

ការ​បារម្ភ​របស់​អ្នកវិភាគ និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ធ្វើឡើង​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន​នានា ឱ្យ​ចូល​រួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​បោសសំអាត​មីន​នៅ​កម្ពុជា ក្នុង​ពិធី​ទិវា​មច្ឆជាតិ​ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១ កក្កដា នៅ​ខេត្តបន្ទាយមានជ័យ​។ ការ​អំពាវនាវ​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក​ទទួល​បាន​របាយការណ៍​ពី​ស្ថានភាព​គំរាមកំហែង ដោយ​គ្រាប់មីន​ចំពោះ​ប្រជាពលរដ្ឋ៖ «ហើយ​ខ្ញុំ​ក៏​សុំ​យក​ឱកាស​នេះ​អំពាវនាវ​ចំពោះ​វិស័យ​ឯកជន ប្រសិនបើ​មានបំណង ខ្ញុំ​សូម​អរគុណ​ទុកជាមុន ដើម្បី​ទទួលយក​ការចូលរួម​ពី​សំណាក់ វិស័យ​ឯកជន​របស់​យើង ជួយ​ដោះ​មីន​នៅ​កន្លែង​ណា​។ ឧទាហរណ៍​ត្រូវការ​ខ្លាំង​កន្លែង​ខ្លះ​ត្រូវការ​តែ ១០​ម៉ឺន​ដុល្លា​(១០០,០០០) តែ​ប៉ុណ្ណឹង​ទេ»

ក្រោយ​ការ​អំពាវនាវ​របស់ លោក ហ៊ុ សែន ភ្លាម ឧកញ៉ា​ជាច្រើន​រូប ដែល​រង​ការ​ចោទ​ប្រកាន់​ថា ធ្វើ ជំនួញ​មិន​សុចរិត រំលោភសិទ្ធិ​មនុស្ស អំពើពុករលួយ រឹបអូស​ដីធ្លី អំពើ​ឃាតកម្ម និង​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ជាដើម បាន​ប្រកាស​បរិច្ចាគ​ថវិកា​ទ្រង់ទ្រាយ​ធំ​ដូច​លើក​មុន​ដែរ ដោយ​ភាគច្រើន​មាន​ទឹកប្រាក់​ចាប់ពី​២០​ម៉ឺន​ដុល្លារ​ទៅ ១​លាន​ដុល្លារ​។ កូនៗ​របស់​លោក ហ៊ុន សែន ក៏​នាំគ្នា​បរិច្ចាគ​ថវិកា ១​លាន​ដុល្លារ​ដែរ​។ នេះ​គឺជា​ការ​បរិច្ចាគ​ទ្រង់ទ្រាយ​ធំ​ជា​លើក​ទី​៤​ហើយ បន្ទាប់ពី​ពួកគេ ទើបតែ​ចូលរួម​បរិច្ចាគ​ថវិកា​ដល់​រដ្ឋាភិបាល​ស​ម្រាប់​ជួយ​ជនរងគ្រោះ​ដោយ​ទឹកជំនន់ កាលពី​ខែតុលា និង​ចូលរួម​បរិច្ចាគ​ថវិកា ដើម្បី​ត្រៀម​ទិញ​វ៉ាក់សាំង កាលពី​ខែ​ធ្នូ ឆ្នាំ​២០២០ ព្រមទាំង​ការ​ដោះស្រាយ​បញ្ហា​កូវីដ កាលពី​ឆ្នាំ​២០២១​។ ឧកញ៉ា​ទាំងនេះ មាន​ដូចជា​៖ លោក គិត ម៉េង និង​លោក លី យ៉ុងផាត់ គឺជា​ម្ចាស់​បន​ល្បែង ជា​ម្ចាស់ ក្រុមហ៊ុន​ទូរទស្សន៍ និង​មាន​ក្រុមហ៊ុន​មួយចំនួន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​របប​លោក ហ៊ុន សែន ធ្វើ​ឱ្យ​ពលរដ្ឋ​រាប់ពាន់​គ្រួសារ ត្រូវ​អស់​ដី និង​ផ្ទះសម្បែង​ដោយសារ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ និង​ការ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​។ ក្រៅ​ពី​នេះ​លោក ពុង ឃាវសែ លោក សុខ គង់ លោក ហុង ពីវ ក្រុមហ៊ុន ជីបម៉ុង​គ្រុប លោក​ឃុន សៀ លោក ឡៅ ម៉េងឃីន ព្រមទាំង​ភរិយា​របស់​លោក អ្នកស្រី ជឹង សុភាព ហៅ​យា​ភូ និង​ឧកញ៉ា ជាន់​ថ្មី​វ័យក្មេង ឡេង ណាវ៉ាត្រា ជាដើម រង​ការ​ចោទ​ថា ជា​តួអង្គ​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​យក​ដីធ្លី​ពលរដ្ឋ និង​ទ្រព្យសម្បត្តិ​សាធារណៈ​ដូចជា​ភ្នំ​បឹង ទន្លេ សមុទ្រ តាមរយៈ​គម្រោង​វិនិយោគ​របស់​ពួកគេ និង​រង​ការ​ចោទ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ការ​លាង​លុយកខ្វក់​រួម​ទាំង​ក្តោប​ក្តាប់​មុខ​ជំនួញ​ខុសច្បាប់​ជាច្រើន​។ ដោយឡែក​លោក ថោង សារ៉ាត់ វិញ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ក្តី​ឃាតកម្ម​លើ​លោក អ៊ឹង ម៉េងជឺ ថៅកែ​ហាង​ពេជ្រ កាល​ពី​ឆ្នាំ​២០១៤ ហើយ​ជាប់​ពន្ធនាគារ​រយៈពេល​ខ្លី​បំផុត។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកវិភាគ លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​ថា មាន​ថវិកាជាតិ​គ្រប់គ្រាន់​ហើយ​នោះ គួរតែ​ប្រើប្រាស់​ថវិកាជាតិ​នោះ មិន​ត្រូវ​ប៉ះពាល់ ឬ​ពាក់ព័ន្ធ​ជាមួយ​ថវិកា​របស់​អ្នក​ជំនួញ​នោះ​ទេ​។ ពួកគេ​ជឿ​ថា ឈ្មួញ​មួយចំនួន ផ្តល់​ជំនួយ​បែប​ហុត​ទឹក​សំឡឹង​កាក ឬ​ចង់បាន​ផល​តបស្នង​ពី​រដ្ឋាភិបាល​មកវិញ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​និង​ប្រជាពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។