អ្នកវិភាគនិងមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងព្រួយបារម្ភថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជំពាក់គុណក្រុមឧកញ៉ា ឬឈ្មួញធំៗមួយចំនួន ដែលមានកេរ្តិ៍ឈ្មោះមិនល្អរឿងក្នុងការរកស៊ីក្រោយទទួលបានប្រាក់ជំនួយបរិច្ចាគទ្រង់ទ្រាយធំជាថ្មីម្តងទៀតក្នុងកិច្ចការបោសសម្អាតមីននៅកម្ពុជា។ ពួកគាត់ថា ឈ្មួញទាំងនោះនឹងទទួលបានផលប្រយោជន៍ណាមួយជាថ្នូរនឹងការផ្ដល់ជំនួយប្រាក់កាសដល់រដ្ឋាភិបាលលោក ហ៊ុន សែន។
ក្រុមអ្នកវិភាគ និងមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងព្រួយបារម្ភថា រដ្ឋាភិបាលនឹងជាប់ជំពាក់គុណស្រ័យរបស់ក្រុមអ្នកមានលុយ ឧកញ៉ា និងឈ្មួញរកស៊ី បន្ទាប់ពីអ្នកទាំងនោះផ្ដល់ប្រាក់ជំនួយឧបត្ថម្ភនៅក្នុងការងារសម្អាតមីន តបតាមការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី។
អតីតតំណាងរាស្ត្របក្សសង្គ្រោះជាតិនៅអាមេរិក លោក អ៊ុំ សំអាន ឱ្យដឹងនៅថ្ងៃទី២ កក្កដាថា ការជួយឧបត្ថម្ភគាំទ្រពីសំណាក់អ្នកមានធនធានទៅកាន់រដ្ឋាភិបាលវាគឺជារឿងដែលល្អ ក៏ប៉ុន្តែនៅក្នុងរដ្ឋាភិបាលកម្ពុជាវាមិនដូច្នោះឡើយ។ លោកបន្តថា ចំពោះបណ្ដាប្រទេសសេរីនៅលើពិភពលោក អ្នកមានធនធានតែងជួយជ្រោមជ្រែងទៅកាន់រដ្ឋាភិបាលដោយសុទ្ធចិត្ត ផ្ទុយពីសប្បុរសជននៅកម្ពុជាដែលតែងតែរំពឹងទទួលបានលាភសក្ការៈត្រឡប់មកវិញនៅពេលបរិច្ចាគប្រាក់កាសទៅរដ្ឋាភិបាលម្ដងៗ។ លោកបន្ថែមថា លាភសក្ការៈនេះច្រើនតែជារបស់ទុច្ចរិត និងខុសច្បាប់ ដែលរដ្ឋាភិបាលបើកដៃឱ្យអ្នកជំនួញទាំងនោះអាចរកស៊ីដោយរលូន។ ទន្ទឹមគ្នានេះ លោក យល់ថា ការផ្តល់ជំនួយពីក្រុមឧកញ៉ាឬអ្នកជំនួញធំៗទ្រង់ទ្រាយធំជាថ្មីម្តងដល់រដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីយកទៅបោសសម្អាតមីននៅពេលនេះ ប្រាកដជាលោក ហ៊ុន សែន ផ្ដល់លាភសក្ការៈដល់ពួកគេវិញដែរ៖ «អានេះដូចគេនិយាយថា ឯងជួយអញ អញជួយឯង អាហ្នឹងជួយគ្នាទៅវិញទៅមក។ ពេលហ្នឹងខាងឧកញ៉ាជួយទៅលោក ហ៊ុន សែន ដល់ពេលក្រោយមកលោកហ៊ុន សែនជួយទៅ ខាងឧកញ៉ាវិញ តាមរយៈការទទួលផលប្រយោជន៍ដីសម្បទានសេដ្ឋកិច្ច លុបបឹង កាប់បំផ្លាញព្រៃឈើ ឬក៏របរទុច្ចរិតផ្សេងៗ ឬក៏អ្នកខ្លះអាចពាក់ព័ន្ធនឹងគ្រឿងញៀនក៏មានដែរ។ អាហ្នឹងយើងឃើញជាក់ស្ដែងអ៊ីចឹង»។
លោកលើកឡើងដែរថា កិច្ចការបោសសម្អាតមីននេះ លោក ហ៊ុន សែន គួរតែស្នើសុំជំនួយពីក្រៅប្រទេស ឬប្រើប្រាស់ថវិកាជាតិ ជាជាងការអំពាវនាវរកជំនួយពីឈ្មួញរកស៊ី ឬអ្នកវិនិយោគនៅក្នុងប្រទេស។ លោកថា ការធ្វើបែបនេះនឹងបញ្ចៀសរដ្ឋាភិបាលពីការផ្ដល់ផលប្រយោជន៍ទុច្ចរិតណាមួយតបស្នង ទៅអ្នកជំនួញទាំងនោះវិញ។
ស្រដៀងគ្នានេះ អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន់ ចាន់ឡូត លើកឡើងថា ការផ្ដល់ជំនួយទៅកាន់រដ្ឋាភិបាលពីសំណាក់អ្នកជំនួញ វិនិយោគិនធំៗនៅក្នុងស្រុកដើម្បីជួយសម្រួលបន្ទុករដ្ឋាភិបាលគឺជាទង្វើមួយល្អ ប្រសិនបើការបរិច្ចាគនោះធ្វើឡើងដោយស្មោះត្រង់ មិនរំពឹងទទួលផលប្រយោជន៍អ្វីមួយមកវិញ។ លោកបន្តថា ប៉ុន្តែជាក់ស្ដែង រាល់ការបរិច្ចាគរបស់អ្នកមានធនធានចូលមកកាន់រដ្ឋាភិបាលកម្ពុជា គឺពួកគេតែងតែទទួលបានលាភសក្ការៈត្រឡប់ទៅវិញ តាមរយៈការអនុញ្ញាតឱ្យពួកគេពង្រីកអាជីវកម្មរកស៊ីដែលភាគច្រើនប៉ះពាល់ដល់ប្រជាពលរដ្ឋ។ លោកបារម្ភថា ប្រសិនបើវប្បធម៌អញជួយឯង ឯងជួយអញ នៅតែមានបន្តបែបនេះទៀត វានឹងធ្វើឱ្យប៉ះពាល់ដល់សង្គមធ្ងន់ធ្ងរ ជាពិសេសគឺភាពអយុត្តិធម៌រវាងពួកឈ្មួញ ជាមួយប្រជាពលរដ្ឋដែលជាជនរងគ្រោះ៖ «អ៊ីចឹងយើងមើលឃើញថា នៅពេលដែលអ្នកជំនួញ ជាមួយនឹងអ្នកដឹកនាំមានទំនាក់ទំនងគ្នាជិតស្និទ្ធបែបនេះវានាំផលវិបាកដល់សង្គមដែរ ជាពិសេសនៅកម្ពុជាយើងៗឃើញថានៅពេលដែលមានបញ្ហាប្រជាពលរដ្ឋចេញតវ៉ាអំពីការរំលោភបំពាន ឬក៏បញ្ហាដីធ្លី ឬបញ្ហាការងារជាដើមហ្នឹង យើងកម្រឃើញមានការដោះស្រាយឬក៏មានការដាក់ជាយន្តការណាមួយជាក់លាក់ពីរដ្ឋ ដើម្បីធ្វើការដោះស្រាយបញ្ហាជូនចំពោះប្រជាពលរដ្ឋ»។
ជាមួយគ្នានេះ អ្នកវិភាគនយោបាយលោក គឹម សុខ ច្រានចោលនូវមតិដែលលើកឡើងថា ការផ្ដល់ផលប្រយោជន៍ឱ្យឈ្មួញអ្នករកស៊ីទាំងនោះគ្រាន់តែជាការតបស្នងដឹងគុណនូវអំពើល្អដែលពួកគេបរិច្ចាគធនធានផ្ទាល់ខ្លួនសម្រាប់ជួយរដ្ឋាភិបាល។ លោកបញ្ជាក់ថា បើគ្រាន់តែជាការដឹងគុណពិតមែននោះ រដ្ឋាភិបាលលោកហ៊ុន សែន មិនចាំបាច់ត្រូវប្រគល់ទ្រព្យសម្បត្តិជាតិខ្មែរ រួមទាំងធនធានធម្មជាតិ ឱ្យអ្នកទាំងនោះបំផ្លាញហិនហោចយកទៅធ្វើអាជីវកម្មនោះទេ។ លោកថា នេះគ្រាន់តែកិច្ចសហការរកស៊ីជាមួយគ្នារវាងពួកឈ្មួញ សេដ្ឋីទាំងនោះ ជាមួយក្រុមគ្រួសារលោក ហ៊ុន សែន តែប៉ុណ្ណោះ៖ «ខ្ញុំស្រាវជ្រាវមើលទៅមិនមែនលោក ហ៊ុន សែន ជំពាក់គុណអ្នកជំនួញ ឧកញ៉ា សេដ្ឋីទាំងអស់នោះទេ។ គឺលោក ហ៊ុន សែន រកស៊ីជាមួយអ្នកទាំងនោះតែម្ដង។ ហើយលុយវិភាគទានពីឧកញ៉ា សេដ្ឋីទាំងនោះ គ្រាន់តែជារូបភាពនៃជំនួយសប្បុរសធម៌ ឬក៏ការចូលរួមវិភាគទានដើម្បីបិទបាំងជំនួញសហការគ្នារវាងលោក ហ៊ុន សែន និងពួកគេតែប៉ុណ្ណោះ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងទៅប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីសុំការឆ្លើយតបជុំវិញការលើកឡើងបាននៅឡើយនោះទេនៅថ្ងៃសៅរ៍នេះ។
ការបារម្ភរបស់អ្នកវិភាគ និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអំពាវនាវដល់វិស័យឯកជននានា ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបោសសំអាតមីននៅកម្ពុជា ក្នុងពិធីទិវាមច្ឆជាតិដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១ កក្កដា នៅខេត្តបន្ទាយមានជ័យ។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីលោកទទួលបានរបាយការណ៍ពីស្ថានភាពគំរាមកំហែង ដោយគ្រាប់មីនចំពោះប្រជាពលរដ្ឋ៖ «ហើយខ្ញុំក៏សុំយកឱកាសនេះអំពាវនាវចំពោះវិស័យឯកជន ប្រសិនបើមានបំណង ខ្ញុំសូមអរគុណទុកជាមុន ដើម្បីទទួលយកការចូលរួមពីសំណាក់ វិស័យឯកជនរបស់យើង ជួយដោះមីននៅកន្លែងណា។ ឧទាហរណ៍ត្រូវការខ្លាំងកន្លែងខ្លះត្រូវការតែ ១០ម៉ឺនដុល្លា ( ១០០ , ០០០ ) តែប៉ុណ្ណឹងទេ»។
ក្រោយការអំពាវនាវរបស់ លោក ហ៊ុ សែន ភ្លាម ឧកញ៉ាជាច្រើនរូប ដែលរងការចោទប្រកាន់ថា ធ្វើ ជំនួញមិនសុចរិត រំលោភសិទ្ធិមនុស្ស អំពើពុករលួយ រឹបអូសដីធ្លី អំពើឃាតកម្ម និងបំផ្លិចបំផ្លាញធនធានធម្មជាតិជាដើម បានប្រកាសបរិច្ចាគថវិកាទ្រង់ទ្រាយធំដូចលើកមុនដែរ ដោយភាគច្រើនមានទឹកប្រាក់ចាប់ពី២០ម៉ឺនដុល្លារទៅ ១លានដុល្លារ។ កូនៗរបស់លោក ហ៊ុន សែន ក៏នាំគ្នាបរិច្ចាគថវិកា ១លានដុល្លារដែរ។ នេះគឺជាការបរិច្ចាគទ្រង់ទ្រាយធំជាលើកទី៤ហើយ បន្ទាប់ពីពួកគេ ទើបតែចូលរួមបរិច្ចាគថវិកាដល់រដ្ឋាភិបាលសម្រាប់ជួយជនរងគ្រោះដោយទឹកជំនន់ កាលពីខែតុលា និងចូលរួមបរិច្ចាគថវិកា ដើម្បីត្រៀមទិញវ៉ាក់សាំង កាលពីខែធ្នូ ឆ្នាំ២០២០ ព្រមទាំងការដោះស្រាយបញ្ហាកូវីដ កាលពីឆ្នាំ២០២១។ ឧកញ៉ាទាំងនេះ មានដូចជា៖ លោក គិត ម៉េង និងលោក លី យ៉ុងផាត់ គឺជាម្ចាស់បនល្បែង ជាម្ចាស់ ក្រុមហ៊ុនទូរទស្សន៍ និងមានក្រុមហ៊ុនមួយចំនួនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរបបលោក ហ៊ុន សែន ធ្វើឱ្យពលរដ្ឋរាប់ពាន់គ្រួសារ ត្រូវអស់ដី និងផ្ទះសម្បែងដោយសារការបណ្តេញចេញដោយបង្ខំ និងការបំផ្លិចបំផ្លាញធនធានធម្មជាតិ។ ក្រៅពីនេះលោក ពុង ឃាវសែ លោក សុខ គង់ លោក ហុង ពីវ ក្រុមហ៊ុន ជីបម៉ុងគ្រុប លោកឃុន សៀ លោក ឡៅ ម៉េងឃីន ព្រមទាំងភរិយារបស់លោក អ្នកស្រី ជឹង សុភាព ហៅយាភូ និងឧកញ៉ា ជាន់ថ្មីវ័យក្មេង ឡេង ណាវ៉ាត្រា ជាដើម រងការចោទថា ជាតួអង្គជាប់ពាក់ព័ន្ធនឹងការរំលោភយកដីធ្លីពលរដ្ឋ និងទ្រព្យសម្បត្តិសាធារណៈដូចជាភ្នំបឹង ទន្លេ សមុទ្រ តាមរយៈគម្រោងវិនិយោគរបស់ពួកគេ និងរងការចោទថា ជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់រួមទាំងក្តោបក្តាប់មុខជំនួញខុសច្បាប់ជាច្រើន។ ដោយឡែកលោក ថោង សារ៉ាត់ វិញមានជាប់ពាក់ព័ន្ធនឹងរឿងក្តីឃាតកម្មលើលោក អ៊ឹង ម៉េងជឺ ថៅកែហាងពេជ្រ កាលពីឆ្នាំ២០១៤ ហើយជាប់ពន្ធនាគាររយៈពេលខ្លីបំផុត។
មន្ត្រីគណបក្សសង្គ្រោះជាតិ និងអ្នកវិភាគ លើកឡើងថា ប្រសិនបើរដ្ឋាភិបាលថា មានថវិកាជាតិគ្រប់គ្រាន់ហើយនោះ គួរតែប្រើប្រាស់ថវិកាជាតិនោះ មិនត្រូវប៉ះពាល់ ឬពាក់ព័ន្ធជាមួយថវិការបស់អ្នកជំនួញនោះទេ។ ពួកគេជឿថា ឈ្មួញមួយចំនួន ផ្តល់ជំនួយបែបហុតទឹកសំឡឹងកាក ឬចង់បានផលតបស្នងពីរដ្ឋាភិបាលមកវិញ ដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។