សង្គមស៊ីវិលថា កម្មវិធី​នយោបាយ​បក្ស​ប្រជាជន​ហាក់​ពុំ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​កសិករ និង​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ

0:00 / 0:00

សង្គម​ស៊ីវិល​លើកឡើង​ថា ការ​ដាក់​ចេញ​យុទ្ធសាស្ត្រ​ជួយ​ដល់​កសិករ និង​អ្នក​ប្រកប​របរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​របស់​បក្ស​ប្រជាជន​កម្ពុជា នឹង​មិន​ផ្តល់​ប្រយោជន៍​ដល់​ពលរដ្ឋ​នោះ​ទេ ពីព្រោះ​គោល​នយោបាយ​នេះ​មិន​ខុសពី​អាណត្តិ​ចាស់​ឡើយ​។ ប្រតិកម្ម​នេះ ធ្វើឡើង​ក្រោយពេល​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ដាក់ចេញ​គោល​នយោបាយ​ដោយ​ផ្ដោត​ជួយ​កសិករ និង​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​ដើម្បី​ស្វែងរក​សំឡេងឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧​ខាងមុខ​នេះ។

មេដឹកនាំ​សមាគម​ដែល​កំពុង​ធ្វើការ​ជាមួយ​កសិករ និង​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លើកឡើង​ថា​ពួកគេ​ហាក់​មិន​រំពឹង​ថា គោលនយោបាយ​អាណត្តិ​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ជា​ដុំ​កំភួន​ជូន​ពលរដ្ឋ​នៅក្នុង​វិស័យ​ទាំងនោះ​ឱ្យ​ប្រសើរ​ឡើង​នោះ​ទេ។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) លោក ថេង សាវឿន កត់សម្គាល់​ថា បក្ស​កាន់អំណាច​ដឹកនាំ​ប្រទេស​៦​អាណត្តិ​មក​នេះ កសិករ​នៅតែ​ជួប​បញ្ហា​វត្ថុធាតុដើម ដើមទុន និង​ត្អូញត្អែរ​ក្រោយ​ពេល​ប្រមូល​ផល​ម្តងៗ​ដោយសារ​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​នៅ​មាន​កម្រិត និង​មិនទាន់​ដោះស្រាយ​បញ្ហា​ឱ្យ​ចំ​គោលដៅ​នៅឡើយ។ លោក​យល់​ថា ការប្រកាស​ដាក់ចេញ​នូវ​គោល​នយោបាយ​ជួយ​ដល់​កសិករ​របស់​បក្ស​កាន់អំណាច​គ្រាន់តែ​ជា​យុទ្ធវិធី​ថ្មី​ទាក់ទាញ​សំឡេងឆ្នោត​ពី​កសិករ​នៅមុន​ការបោះឆ្នោត​តែប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា ការ​តាក់តែង​គោលនយោបាយ​យក​មក​បង្ហាញ​មិន​លំបាក​នោះ​ទេ​សម្រាប់​បក្សនយោបាយ តែ​បញ្ហា​សំខាន់​ត្រូវ​ពិនិត្យ​លើ​ការ​អនុវត្ត និង​ដំណោះស្រាយ​ជាក់ស្តែង​ថា តើ​ប្រសិទ្ធភាព​ដូច​ការ​អះអាង​នៅ​ពេល​មុន​ការ​បោះឆ្នោត​ឬទេ។

លោក ថេង សាវឿន៖ «អ្វី​ដែល​យើង​អាច​វាស់វែង​បាន​គឺ​ការ​អនុវត្ត​ជាក់ស្តែង និង​ទិដ្ឋភាព​ជាក់ស្តែង ការ​ឆ្លើយតប និង​ដំណោះស្រាយ យើង​ចង់ឱ្យ​ការ​គិត​របស់​អ្នក​នយោបាយ ក៏ដូចជា​ម្ចាស់​ឆ្នោត​គិត​លើ​ចំណុច​ទាំងអស់​ហ្នឹង​ទៅ ហើយ​ម្ចាស់​ឆ្នោត​ជា​អ្នក​សម្រេចចិត្ត ពី​ព្រោះ​ថា បណ្ដុំ​ព័ត៌មាន​នា​ពេល​បច្ចុប្បន្ន​នេះ គឺជា​លទ្ធភាព​មួយ​ជំរុញ​ឱ្យ​ម្ចាស់​ឆ្នោត​ធ្វើការ​សម្រេច​ចិត្តបាន»។

ចំណែក ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ថ្លែង​ថា​បច្ចុប្បន្ន​អ្នក​ប្រកប​របរ​ក្រៅ​ព័ន្ធ​ភាគច្រើន​មាន​ជី​ភាព​ខ្វះខាត ដោយសារ​ពួកគេ​ពិបាក​រក​ប្រាក់​ចំណូល ដែល​អ្នកនយោបាយ​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​សម្រាប់​អាណត្តិ​ថ្មី​នេះ។ លោក​សាទរ​ចំពោះ​គោល​នយោបាយ​របស់​គណបក្ស​ប្រជាជន​ដែល​ផ្តល់​ប័ណ្ណ​ក្រីក្រ ឬ​ប័ណ្ណ​បេឡា​របប​សន្តិ​សង្គម​ឡើងវិញ ប៉ុន្តែ​លោក​យល់​ថា ប័ណ្ណ​ទាំងនេះ គ្រាន់តែ​ជា​ដំណោះស្រាយ​មួយ​ក្នុង​ចំណោម​បញ្ហា​ជាច្រើន​តែប៉ុណ្ណោះ ពីព្រោះ​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​ត្រូវការ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ស្តារ​មុខរបរ ផ្តល់​របប​ថែទាំ​សុខភាព​ទូទៅ និង​ជួយ​ជំរុញ​ឱ្យ​ពលរដ្ឋ​ដោះខ្លួន​ចេញ​អន្ទាក់​បំណុល​ធនាគារ​ជាដើម។

លោក វន់ ពៅ៖ «យើង​សូម​ឱ្យ​អ្វី​ដែល​លើកឡើង​ក្នុង​គោលនយោបាយ ឬ​សរសេរ​ក្នុង​ក្រដាស​បក្ស​នោះ គឺ​ត្រូវ​អនុវត្ត​ជាក់ស្តែង​តែម្តង យើង​មិន​ចង់​ឃើញ​លើក​នៅក្នុង​មហា​សន្និបាទ ឬ​គោល​នយោបាយ​របស់​បក្ស​ល្អឥតខ្ចោះ តែ​ការអនុវត្ត​ពិត​វា​នៅ​មាន​កម្រិត​អាហ្នឹង​នៅ​មាន​កម្រិត​ពិបាក​ហ្នឹង​ទទួល​យក​បាន ហើយ​បើសិនជា​អនុវត្ត​ដូចជា​ចែង​ក្នុង​គោលនយោបាយ​របស់​បក្ស​ជាពិសេស​បក្ស​កាន់អំណាច​ហ្នឹង​ខ្ញុំ​សាទរ​បើសិន​អនុវត្ត​បាន»។

ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់ពី​បក្ស​កាន់​អំណាច​ដាក់​ចេញ​គោល​នយោបាយ​ផ្ដោត​លើ​កសិករ និង​អ្នក​ប្រកប​របរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ និង​ក្នុង​ប្រព័ន្ធ​ដើម្បី​ស្វែងរក​ការ​គាំទ្រ​សម្រាប់​ការ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​បិទ​បញ្ចប់​មហាសន្និបាត​បក្ស កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែ​មករា ថា កម្មវិធី​នយោបាយ​នេះ មិន​ខុសពី​អាណត្តិ​ចាស់​នោះ​ទេ ដោយ​គណបក្ស​គ្រាន់តែ​ពង្រឹង និង​ជំរុញ​បន្ថែម​ទៀត​។ លោក​បញ្ជាក់​ថា គណបក្ស​ប្រជាជន​នឹង​ជួយ​ដល់​កសិករ​តាមរយៈ​បញ្ជូន​អ្នកជំនាញ​ដល់​ភូមិ​ឃុំ​បង្រៀន​បច្ចេកទេស​ផលិត ជួយ​ទុន រក​ទីផ្សារ​លក់​ផលិតផល​ជាដើម​។ លោក​បន្ត​ថា កម្មវិធី​មួយ​ទៀត​គណបក្ស​ក៏​ជួយ​ដល់​អ្នក​ប្រប​មុខ​របស់​ក្រៅ​ប្រព័ន្ធ​ដែរ ជុំវិញ​ការ​ផ្តល់​ប័ណ្ណ​បេឡា​របប​សន្តិ​សង្គម​(​ប.ស.ស) ឬ​ប័ណ្ណ​ក្រីក្រ​ដើម្បី​ជួយ​សម្រួល​ដល់​បញ្ហា​លំបាក​ផ្នែក​ជីវភាព។

លោក សុខ ឥសាន៖ «ឥឡូវនេះ​យើង​ជួយ​គាំពារ​ទាំងអស់​រហូតដល់​មហាសន្និបាត​ដែល​បាន​ធ្វើ​នេះ គឺថា​លើក​ទិសដៅ​ដើម្បី​ដាក់​ប្រភព​ទុន​រាប់​រយ​លាន​ដុល្លារ​ដើម្បី​ទទួល​ទិញ​កសិផល​មួយចំនួន​ដើម្បី​គាំពារ​កុំឱ្យ​តម្លៃ​កសិផល​ត្រូវ​បាន​ឈ្មួញ​កណ្តាល​បន្ទាប​ថ្លៃ​ដែល​ធ្វើ​ឱ្យ​កសិករ​យើង​រង​ផល​ប៉ះពាល់​ការ​លក់​កសិផល​នេះ​បាទ កន្លងទៅ​យើង​ធ្លាប់​ជួបប្រទះ​ហើយ ហើយ​យើង​យក​បញ្ហា​ប្រឈម​របស់​កសិករ​យក​មក​ធ្វើ​ដើម្បី​រក​វិធានការ​ដោះស្រាយ​ឱ្យ​បាន​សមស្រប»។

ទោះជា​យ៉ាងណា​ ​ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទោះបី​មានការ​ផ្លាស់ប្ដូរ​ក្បាល​ម៉ា​ស៊ី​ដឹកនាំ​ក្រសួងកសិកម្ម​ថ្មី​យ៉ាង​ណាក្តី ក៏​ប្រជាពលរដ្ឋ​នៅតែ​លើកឡើង​ពី​ទុក្ខ​កង្វល់​ជា​បន្តបន្ទាប់​ទាក់​បញ្ហា​កង្វះ​ទីផ្សារ​ចំពោះ​កសិផល តម្លៃ​ជី ថ្នាំ និង​សម្ភារៈ​កសិកម្ម​លើ​ទីផ្សារ​ឡើងថ្លៃ ហើយ​ពលរដ្ឋ​ជួប​ទុក្ខ​លំបាក​ជីវភាព​ប្រចាំថ្ងៃ​។ កន្លង​ទៅ​ប្រជាកសិករ និង​អ្នក​ប្រកបមុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​តែង​ស្នើ​ដល់​រដ្ឋាភិបាល រៀបចំ​គោលនយោបាយ​ជួយ​ស្ដារ​មុខរបរ និង​អាជីវកម្ម​ពួកគាត់​ឱ្យ​ប្រសើរ​ឡើងវិញ តាមរយៈ​ការ​ផ្តល់​សេវា​គាំពារ​សង្គម ធានា​នូវ​តម្លៃ​កសិកម្ម បញ្ចុះតម្លៃ​ថ្នាំ​និង​ជី​កសិកម្ម និង​ប្រេងសាំង​ជា​ចាំបាច់ ប៉ុន្តែ​មកដល់ពេលនេះ​រដ្ឋាភិបាល​មិនទាន់​មាន​ចំណាត់ការ​ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ។

អ្នកវិភាគ​នយោបាយ សង្កេត​ឃើញ​ថា នៅ​ពេលមុន​បោះឆ្នោត​ម្តងៗ គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​បង្ហាញ​គោលនយោបាយ ឬ​កម្មវិធី​នយោបាយ​យកចិត្តទុកដាក់​ចំពោះ​ក្រុម​គោលដៅ​ដែល​មាន​សំឡេងឆ្នោត​ច្រើន​ដូចជា​កសិករ កម្មករ អាជីវករ និង​យុវជន​ជាដើម ប៉ុន្តែ​ក្រោយ​ការបោះឆ្នោត​រួច​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​បក្ស​នេះ មិនបាន​យកចិត្តទុកដាក់​ដូច​ការសន្យា​ឡើយ​។ លើស​ពី​នេះ កន្លងទៅ​ពលរដ្ឋ​ណា​ដែល​ហ៊ាន​ងើប​តវ៉ា ឬ​ចេញ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល​វិញ​តែងតែ​រង​ការ​បង្ក្រាប ចោទប្រកាន់​ចាប់​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌ ដូច​ពាក្យស្លោក​មួយ​ពោល​ថា មុន​បោះឆ្នោត​សំពះ​ពេល​ឈ្នះ​ឆ្នោត​សំពង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។