សង្គម​ស៊ីវិល​និយាយ​ថា​ សកម្មជន​បក្ស​ប្រឆាំង​​​ដែល​​មិន​ទាន់​បាន​ដោះ​លែង​ គឺ​ជា​រឿង​នយោបាយ​

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន ដែល​ចាប់​ខ្លួន​ដោយសារ​តែ​រឿង​នយោបាយ​នៅ​មិន​ទាន់​ត្រូវ​តុលាការ​ដោះ​លែង​នៅ​ឡើយ​ទេ។ មន្ត្រី​របប​ក្រុង​ភ្នំពេញ​បដិសេធ​ការ​លើក​ឡើង​នេះ។ ​

មន្ត្រី​សិទ្ធិមនុស្ស​ និង​ មេធាវី​ការពារ​ក្តី​ប្រាប់​អាស៊ី​សេរី​ថា នៅ​សល់​សកម្មជន​បក្ស​ប្រឆាំង​ជិត ២០នាក់​ផ្សេង​ទៀត​ ដែល​របប​ក្រុង​មិន​ទាន់​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​ក្រោយ​ពី​ប្រកាស​របស់​បុរស​ខ្លាំង​ខាង​ប្រើ​ប្រាស់​អំពើ​ហិង្សា​លោក​ ហ៊ុន សែន។

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​លោក​ ហ៊ុន សែន​ កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​កន្លងទៅ​បាន​​បញ្ជា​តុលាការ​ឲ្យ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​អោយ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ក្រោយ ក្រោយ​ពេល​រដ្ឋាភិបាល​រារាំង​លោក សម រង្ស៊ី មិន​ឲ្យ​ចូល​ស្រុក​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​កន្លង​ទៅ។

បន្ទាប់​ពី​លោក​ហ៊ុន សែន​ បាន​ចេញ​បញ្ជា​ផ្ទាល់​មាត់​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​ តុលាការ​បាន​សម្រេច​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​​ចំនួន ​៧៥​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​ តែ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។​ ប៉ុន្តែ​នៅ​មាន​សកម្ម ១៨​នាក់​ផ្សេង​ទៀត ​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​នៅ​ឡើយ។

អ្នក​នាំ​ពាក្យ​ក្រសួងយុត្តិធម៌​លោក​ ជិន ម៉ាលីន​ ប្រាប់​អាស៊ី​សេរី​ថា​ សកម្មជន​ដែល​តុលាការ​មិន​ទាន់​បាន​ដោះ​លែង ​ដោយ​សារ​តែ​​ពួកគេ​ខ្លះ​ត្រូវ​តុលាការ​កាត់​ឲ្យ​ជាប់​ទោស​ និង​ ​យ​ចំនួន​ទៀត​ចៅ​ក្រៅ​មិន​ទាន់​បិទ​ការ​ស៊ើប​អង្កេត​នៅ​ក្នុង​សំណុំ​រឿង​របស់​ពួកគេ​​នៅឡើយ៖ «​ ចំពោះ​អ្នក​ជាប់ឃុំ​ផ្សេងទៀត​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​នីតិវិធី​នៃ​ការ​ស៊ើបសួរ។ អ៊ីចឹង​កាល​ណា​ចៅ​ក្រម​បញ្ចប់​ការ​ស៊ើប​សួរ​ បាន​ន័យ​ថា​បិទ​ការ​ស៊ើបសួរ​ គឺ​ឈាន​ទៅ​ដល់​ការ​បើក​សវនាការ​ នេះ​ជា​នីតិ​វិធី​ច្បាប់​ដែល​ត្រូវ​អនុវត្ត​បន្ត​ទៀត »

សកម្មជន​បក្ស​ប្រឆាំង​ទាំង​១៨​នាក់​ ដែល​មិន​ទាន់​បាន​ដោះ​លែង​មាន​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ចំនួន​ ៨នាក់​ ភ្នំពេញ​ ១នាក់​ កំពង់ចាម​ ២នាក់​ សៀមរាប​ ១នាក់ ក្រុង​ព្រះស៊ីហនុ​ ៣នាក់​ បន្ទាយ​មាន​ជ័យ​១នាក់​ ខេត្ត​ត្បូង​ឃ្មុំ ១នាក់​ និង​ខេត្ត​កណ្ដាល ​១នាក់។

មេធាវី​ការពារ​ក្តី​សកម្មជន​គណបក្ស​ប្រឆាំង​លោក​ សំ សុគង់​ បញ្ជាក់​ថា​ កូន​ក្តី​របស់​លោក​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ផ្សេងៗ ​គ្នា​ពាក់​ព័ន្ធ​នឹង​រឿង​កាប់​ទន្ទ្រាន​ដី​ខុសច្បាប់​ បើក​បនល្បែង​ស៊ីសង​ខុស​ច្បាប់​ និង​ មួយ​ចំនួន​ទៀត​ពី​បទ​បរិហារ​កេរ្តិ៍​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

លោក​បញ្ជាក់​ថា​ លោក​កំពុង​ជំរុញ​អោយ​តុលាការ​ពន្លឿន​រឿង​ក្តី​នេះ ចំពោះ​កូន​ក្តី​របស់​លោក​ ដែល​តុលាការ​មិន​ទាន់​បាន​បិទ​បញ្ចប់​ការ​ស៊ើប​អង្កេត៖ « សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ជាប់ឃុំ​ ហើយ​មិន​ទាន់​ត្រូវ​បាន​ដោះ​លែង​ហ្នឹង​គឺ​ដោយ​សារ​តែ​ពួកគាត់​មួយ​ចំនួន​ហ្នឹង​គឺ​ត្រូវ​បាន​កាត់​ទោស​ហើយ​ ការ​កាត់​ទោស​ហ្នឹង​មាន​សាលក្រម​រួច​ហើយ​។​អ្នក​ខ្លះ​ក៏​គាត់​បាន​កាត់​ទោស​ហើយ​ ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ឧទ្ធរណ៍។ អ្នក​ខ្លះ​ទៀត​សំណុំ​រឿង​ត្រូវ​បាន​បិទ​ការ​ស៊ើប​សួរ​ហើយ​តុលាការ​ចេញ​ដីកា​ចេញ​ដីកា​ដំណោះ​ស្រាយ​ហើយ​បញ្ជូន​សំណុំ​រឿង​ទៅ​ជំនុំជម្រះ​ហើ​សំណុំ​រឿង​នេះ​ស្ថិត​នៅ​ក្នុង​ដៃ​ចៅ​ក្រម​ជំនុំជម្រះ »

នៅ​មុន​ពេល​ដែល​លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​វិល​ចូល​មាតុ​ប្រទេស​កាល​ពី​​ថ្ងៃ​ទី៩ វិច្ឆិកា​កន្លង​ទៅ​នេះ។​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ទូទាំង​ប្រទេស​ជាបន្តបន្ទាប់​ចំនួន​ ៨៨​នាក់​ និង​ចំនួន ២០០​នាក់​ផ្សេង​ទៀត ​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះ​ហៅ​ពី​បទ​រួម​គំនិត​ក្បត់។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត​បាន​ហៅ​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​កន្លង​មក​ថា ​ជា​រឿង​នយោបាយ​ជាង​ការ​អនុវត្តន៍​នីតិ​វិធី​ផ្លូវ​ច្បាប់ ដោយ​សារ​តែ​ពួកគេ​បាន​ចូល​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក​ សម រង្ស៊ី។​

លោក​បញ្ជាក់​ថា​ នេះ​ជា​យុទ្ធសាស្ត្រ​របស់​អ្នកនយោបាយ​ដើម្បី​ធ្វើការ​បង្ក្រាប​និង​ទប់ស្កាត់​កុំ​អោយ​មាន​ការ​គាំទ្រ​ច្រើន​ចំពោះ​គណបក្ស​ប្រឆាំង​សោយ​សារ​តែ​អ្នក​នយោបាយ​គេ​ធ្វើ​យ៉ាង​ណា​ដើម្បី​យក​ឈ្នះ​ដៃ​គូ​ប្រកួត​ប៉ុណ្ណោះ៖ « បើ​យើង​មើល​ទៅ​ជា​ទិដ្ឋភាព​នយោបាយ ហើយ​ការ​ចាប់​ខ្លួន​ ការ​ឃុំ​ខ្លួន​ដោយ​សំអាង​ទៅ​លើ​បទ​ល្មើស​ផ្សេងៗ​នេះ​វា​គ្រាន់​តែ​ជា​វិធាន​ការណ៍​មួយ​ដើម្បី​ជា​ការ​ទប់ស្កាត់​និង​គំរាម​កំហែង​ដើម្បី​កុំ​ឲ្យ​មាន​ការ​គាំទ្រ​ទៅ​លើ​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ក្នុង​ការ​វិល​ត្រឡប់​ចូល​មក​ស្រុក​ខ្មែរ​វិញ » ។​

ក្រៅពី​មិន​ទាន់​ដោះ​លែង​សកម្មជន​បក្ស​ប្រឆាំង ១៨នាក់​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏​កំពុង ស្វះស្វែង​តាម​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​រួម​ទាំង​លោក សម រង្ស៊ីផង ដោយ​មិន​ព្រម​បន្ធូរ​បន្ថយ​ស្ថានភាព​នយោបាយ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។