បក្ស​៥​គ្រោង​ជួបគ្នា​ជជែក​ពី​គម្រោង​រួបរួម

ដោយ សេក បណ្ឌិត
2022.08.10
Share on WhatsApp
Share on WhatsApp
បក្ស​៥​គ្រោង​ជួបគ្នា​ជជែក​ពី​គម្រោង​រួបរួម ថ្នាក់ដឹកនាំក្រៅរដ្ឋាភិបាលជួបគ្នាកន្លង​ទៅ ពិភាក្សា​ពីគម្រោង​រួបរួមគ្នា​ចងសម្ព័ន្ធភាព ដើម្បីចូលរួម​បោះឆ្នោត​ជាតិ២០២៣។
Photo Courtesy

មេដឹកនាំ​គណបក្ស​ចំនួន​៥ ដែល​មាន​បំណង​ចងសម្ព័ន្ធភាព​គ្នា គ្រោង​ជួបគ្នា​បន្ត​ទៀត​ដើម្បី​ពិភាក្សា ពី​រឿង​រួបរួម​គ្នា នៅ​ថ្ងៃទី​១១ ខែ​សីហា ខាងមុខ ដើម្បី​តតាំង​ជាមួយ​បក្ស​កាន់អំណាច​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២៣​ខាងមុខ​។ អ្នកឃ្លាំមើល​គាំទ្រ​ឲ្យ​មានការ​រួបរួម​គ្នា ទោះ​ក្នុង​រូបភាព​ណាមួយ​ក្ដី​ក៏​ជា​ការ​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ពលរដ្ឋ​ម្ចាស់​ឆ្នោត។

ខណៈ​គម្រោង​ចងសម្ព័ន្ធភាព​នៃ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំង​៥​មិនទាន់​ចេញ​រូបរាង​នៅឡើយ មេដឹកនាំ​គណបក្ស​មួយចំនួន​បង្ហាញ​ពី​រូបមន្ត​ផ្សេងៗ​ការ​ចង​សម្ព័ន្ធភាព​នេះ​។ ទោះ​យ៉ាងណា​មេដឹកនាំ​គណបក្ស​ទាំងនោះ នៅតែ​រក្សា​ជំហរ​នៃ​ការ​រួបរួម​គ្នា និង​កំពុង​ស្វះស្វែង​ធ្វើ​ការ​ជាមួយគ្នា ដោយ​រំពឹង​ថា សម្ព័ន្ធភាព​នេះ​អាច​កើតឡើង​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៣​ខាងមុខ។

ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថ្ងៃទី​៩ ខែ​សីហា ថា ពេលនេះ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ស្នើ​ជួប​គណបក្ស​ទាំងអស់​ជជែក​គ្នា​ពី​គម្រោង​នៃ​ការ​រួបរួម​នេះ​នៅ​ថ្ងៃទី​១១ ខែ​សីហា ខាងមុខ​។ លោក​ឲ្យ​ដឹង​ថា គណបក្ស​របស់​លោក​បាន​ចាត់ចែង​ក្រុម​ការងារ​រួចហើយ​សម្រាប់​ជំនួប​នេះ។ លោក អ៊ូ ច័ន្ទរ័ត្ន ដែល​ជា​អតីត​សមាជិកសភា​គណបក្ស​សង្គ្រោះជាតិ បាន​បញ្ចេញ​ទស្សនៈ​របស់​លោក​ផ្ទាល់​នៃ​ការ​រួបរួម​នេះ​ថា លោក​ចង់​ឲ្យ​ជ្រក​ក្រោម​ដំបូល​បក្ស​ថ្មី​មួយ​ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​ទាំង​៥​នេះ។ លោក​យល់ថា រូបមន្ត​នេះ​នឹង​ធ្វើ​ឲ្យ​គណបក្ស​ថ្មី​នោះ​មាន​កម្លាំង​ខ្លាំង ហើយ​រូបមន្ត​នេះ ពលរដ្ឋ​ក៏​ធ្លាប់​ស្គាល់​រួចហើយ​ដែរ គឺ​ការបង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស៖ «ខ្ញុំ​យល់ថា ប្រហែលជា​ប្រសើរ ប្រហែលជា​សំឡេង​នឹង​មូល​ឡើងវិញ​តែម្ដង ហើយ​ចូល​ក្រោម​ឆ័​ត្រ​មួយ​ក៏​អាច​ទាញ​បាន​សំឡេង​ច្រើន​គួរសម​ដែរ ប៉ុន្តែ នៅតែ​មាន​ភាព​ស្ទាក់ស្ទើរ​ពី​ម្ចាស់​ឆ្នោត​ទេ ប៉ុន្តែ បើ​ប្រកាស​ដូច​សង្គ្រោះ​ជាតិ អ៊ីចឹង មាន​ការ​ចូលរួម​ហើយ​បង្កើត​ទៅជា​គណបក្ស​ថ្មី​មួយ​សម្រាប់​ទាំងអស់គ្នា​ខ្ញុំ​ជឿ​ថា ម្ចាស់​ឆ្នោត​សប្បាយចិត្ត​នឹង​ចូលរួម​ការ​បោះឆ្នោត»

ជុំវិញ​រឿង​នេះ​វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​បញ្ជាក់​ជំហរ​ស្ថាបនិក​គណបក្ស ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉ង សាំងកុមារ ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ​លោក គង់ មូនីកា ប្រធាន​គណបក្ស​កម្ពុជា​និយម លោក យ៉ែម ប៉ុញ្ញឬទ្ធិ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​០៩ ខែ​សីហា។

រីឯ អនុប្រធាន​និង​ជា​អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា ឲ្យ​ដឹង​ថា គណបក្ស​លោក​ស្វាគមន៍​រួបរួម​គ្នា​នៃ​គណបក្ស​ក្រៅ​រដ្ឋាភិបាល ក្នុង​ការ​រួម​កម្លាំង​គ្នា​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់អំណាច ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២៣​ខាងមុខ​។ ទោះ​យ៉ាងណា លោក​ថា សម្រាប់​គណបក្ស​របស់​លោក​មិន​ទាន់​បាន​គិតដល់​រូបមន្ត​នៃ​ការ​រួបរួម​គ្នា​នៅឡើយ​ទេ ប៉ុន្តែ លោ​កថា​គណបក្ស​ភ្លើងទៀន ស្វាគមន៍​គ្រប់​គណបក្ស​ណា​ដែល​ចង់​មក​រួមរស់​ក្រោម​ដំបូល​គណបក្ស​ភ្លើងទៀន៖ «គណបក្ស​ភ្លើងទៀន​មាន​មូលដ្ឋានគ្រឹះ​រឹងមាំ​ខ្លាំង​ដែល​យើង​អាច​ប្រមែប្រមូល​អាច​ធ្វើ​ជា​មូលដ្ឋាន​តស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​បានជា​ក្ដី​សង្ឃឹម​មួយ​ដែល​គណបក្ស​ផ្សេងៗ​ក៏​អាច​រួមគ្នា​ទៅ​ព្រោះ​យើង​មាន​មូលដ្ឋាន​របស់​យើង​ហើយ ហើយ​តស៊ូ​ទាំងអស់គ្នា​ទៅ»

គណបក្ស​ទាំង​៥​ដែល​មាន​ចងមិត្ត​នឹង​គ្នា​នេះ​ភាគច្រើន​ជា​គណបក្ស​ដែល​កើត​ចេញ​ពី​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ រួមមាន គណបក្ស​ភ្លើងទៀន គណបក្ស​កម្ពុជា​និយម គណបក្ស​កែទម្រង់​កម្ពុ​ជា គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​គណបក្ស​កើត​ចេញ​ពី​ជំនាញ​កសិកម្ម និង​អង្គការ​សង្គម​ស៊ីវិល។

ជុំវិញ​គម្រោង​ចងសម្ព័ន្ធ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​នេះ​ដែរ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន នៅតែ​និយាយ​ឌឺដង​ដដែលៗ​ថា ចាញ់​បូក​ចាញ់​នៅតែ​ចាញ់​ដដែល​។ លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ខិតខំ​អនុវត្ត​គោលនយោបាយ​របស់​ខ្លួន​ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​ពលរដ្ឋ​ម្ចាស់​ឆ្នោត៖ «អត់​មានរឿង​អី​ត្រូវ​បារម្ភ​ទេ យើង​ចង់បាន​គូប្រកួត​ប្រជែង​ដ៏​មាន​សក្ដានុពល ប៉ុន្តែ​យើង​អន់ចិត្ត​បន្តិច ព្រោះ​គាត់​អ្នក​ចាញ់​មួយ​បូក​នឹង​ចាញ់​មួយ​ទៅ​ចាញ់​ពីរ»

ចំណែក​ប្រធាន​សមាគមនិស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ យល់​ថា ការ​តតាំង​ជាមួយ​គណបក្ស​កាន់អំណាច មានតែ​ការ​រួបរួម​គ្នា​ពី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទេ ទើប​ជា​មធ្យោបាយ​ល្អ​។ លោក​យល់​ថា គណបក្ស​ទាំងនោះ​គួរ​សិក្សា​ពី​គ្នា​រក​ចំណុច​រួម​មួយ ដើម្បី​បង្កើត​គោលនយោបាយ​រួម សម្រាប់​អនុវត្ត​រួមគ្នា ទោះ​ការ​រួបរួម​នោះ​ធ្វើឡើង​ក្នុង​កម្រិត​ណា​ក្ដី៖ «ចំពោះ​ខ្ញុំ ខ្ញុំ​មើលឃើញ​របៀប​គ្រប់គ្រង​បច្ចុប្បន្ន​មិន​អាច​ដើរ​ដូច​ពី​មិន​ទៀត​ទេ ដូច្នេះ​មានតែ​ប្រើ​វិធី​ថ្មី​យុទ្ធសាស្ត្រ​ថ្មី​គឺ​យើង​ប្រើការ​បង្រួបបង្រួម ប៉ុន្តែ បែងចែក​នូវ​កាតព្វកិច្ច​គណបក្ស​រៀងៗ​ខ្លួន​តែ​ក្នុង​គោលដៅ​តែមួយ​ខ្ញុំ​គិតថា មានតែ​វិធីសាស្ត្រ​ហ្នឹង​ដែល​អាច​ទៅ​រួច​ហើយ​ទាំងអស់​ហ្នឹង​ដែល​ខ្ញុំ​ហៅថា ការ​ឯកភាព​នយោបាយ»

កន្លងទៅ​គណបក្ស​មួយចំនួន​ដែល​ចង់​រួបរួម​គ្នា​នេះ​បាន​សិក្សា​រក​ឃើញ​រូបមន្ត​៣ ក្នុង​នោះ​រួមមាន​៖ ការចែក​ទីតាំង​ឈរជើង​ឈរ​បោះឆ្នោត ដោយ​ផ្ដល់​អាទិភាព​ទៅ​គណបក្ស​ណាមួយ​ដែល​សក្ដានុពល ដាក់​បញ្ជី​បេក្ខជន ប៉ុន្តែ​គណបក្ស​ផ្សេង​មិន​ដាក់​បញ្ជី​បេក្ខជន ឬក៏​ដាក់​បញ្ជី​ដែរ ប៉ុន្តែ មិន​ធ្វើការ​ឃោសនា​រក​សំឡេងឆ្នោត​នោះ​ទេ​។ ទី​២ គណបក្ស​សម្ព័ន្ធមិត្ត រួមគ្នា​ដាក់​ប្រមូល​បេក្ខជន​រៀងៗ​ខ្លួន ទៅ​ដាក់​ក្នុង​បញ្ជី​តែមួយ​នៅក្នុង​គណបក្ស​ណាមួយ​ដែល​មាន​សក្ដានុពល ដើម្បី​យក​ទៅ​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​និង​ទី​៣ គឺ​ការ​ច្របាច់​បញ្ចូល​គ្នា​នៃ​គណបក្ស​ទាំងនោះ​បង្កើត​ជា​គណបក្ស​ថ្មី​មួយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ក្រុម​អ្នក​វិទ្យាសាស្ត្រ រក​ឃើញ​ត្រី​កម្រ​ដែល​ជិត​ផុត​ពូជ​នៅ​ទន្លេ​មេគង្គ
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
ជំទប់​ទី​២​បក្ស​ភ្លើងទៀន​ខេត្ត​បាត់ដំបង​ចោទ​មេឃុំ​បក្ស​កាន់អំណាច​ថា រើសអើង​និន្នាការ​នយោបាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។