មេដឹកនាំគណបក្សចំនួន៥ ដែលមានបំណងចងសម្ព័ន្ធភាពគ្នា គ្រោងជួបគ្នាបន្តទៀតដើម្បីពិភាក្សា ពីរឿងរួបរួមគ្នា នៅថ្ងៃទី១១ ខែសីហា ខាងមុខ ដើម្បីតតាំងជាមួយបក្សកាន់អំណាចក្នុងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។ អ្នកឃ្លាំមើលគាំទ្រឲ្យមានការរួបរួមគ្នា ទោះក្នុងរូបភាពណាមួយក្ដីក៏ជាការផ្ដល់ក្ដីសង្ឃឹមដល់ពលរដ្ឋម្ចាស់ឆ្នោត។
ខណៈគម្រោងចងសម្ព័ន្ធភាពនៃគណបក្សក្រៅរដ្ឋាភិបាលទាំង៥មិនទាន់ចេញរូបរាងនៅឡើយ មេដឹកនាំគណបក្សមួយចំនួនបង្ហាញពីរូបមន្តផ្សេងៗការចងសម្ព័ន្ធភាពនេះ។ ទោះយ៉ាងណាមេដឹកនាំគណបក្សទាំងនោះ នៅតែរក្សាជំហរនៃការរួបរួមគ្នា និងកំពុងស្វះស្វែងធ្វើការជាមួយគ្នា ដោយរំពឹងថា សម្ព័ន្ធភាពនេះអាចកើតឡើងមុនការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។
ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ឲ្យវិទ្យុអាស៊ីសេរីដឹងថ្ងៃទី៩ ខែសីហា ថា ពេលនេះគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ស្នើជួបគណបក្សទាំងអស់ជជែកគ្នាពីគម្រោងនៃការរួបរួមនេះនៅថ្ងៃទី១១ ខែសីហា ខាងមុខ។ លោកឲ្យដឹងថា គណបក្សរបស់លោកបានចាត់ចែងក្រុមការងាររួចហើយសម្រាប់ជំនួបនេះ។ លោក អ៊ូ ច័ន្ទរ័ត្ន ដែលជាអតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ បានបញ្ចេញទស្សនៈរបស់លោកផ្ទាល់នៃការរួបរួមនេះថា លោកចង់ឲ្យជ្រកក្រោមដំបូលបក្សថ្មីមួយដែលបង្កើតឡើងដោយគណបក្សទាំង៥នេះ។ លោកយល់ថា រូបមន្តនេះនឹងធ្វើឲ្យគណបក្សថ្មីនោះមានកម្លាំងខ្លាំង ហើយរូបមន្តនេះ ពលរដ្ឋក៏ធ្លាប់ស្គាល់រួចហើយដែរ គឺការបង្កើតគណបក្សសង្គ្រោះជាតិ ដែលជាការច្របាច់បញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស៖ «ខ្ញុំយល់ថា ប្រហែលជាប្រសើរ ប្រហែលជាសំឡេងនឹងមូលឡើងវិញតែម្ដង ហើយចូលក្រោមឆ័ត្រមួយក៏អាចទាញបានសំឡេងច្រើនគួរសមដែរ ប៉ុន្តែ នៅតែមានភាពស្ទាក់ស្ទើរពីម្ចាស់ឆ្នោតទេ ប៉ុន្តែ បើប្រកាសដូចសង្គ្រោះជាតិ អ៊ីចឹង មានការចូលរួមហើយបង្កើតទៅជាគណបក្សថ្មីមួយសម្រាប់ទាំងអស់គ្នាខ្ញុំជឿថា ម្ចាស់ឆ្នោតសប្បាយចិត្តនឹងចូលរួមការបោះឆ្នោត»។
ជុំវិញរឿងនេះវិទ្យុអាស៊ីសេរីមិនអាចសុំបញ្ជាក់ជំហរស្ថាបនិកគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ ប្រធានគណបក្សឆន្ទៈខ្មែរលោក គង់ មូនីកា ប្រធានគណបក្សកម្ពុជានិយម លោក យ៉ែម ប៉ុញ្ញឬទ្ធិ បាននៅឡើយទេ នៅថ្ងៃទី០៩ ខែសីហា។
រីឯ អនុប្រធាននិងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ឲ្យដឹងថា គណបក្សលោកស្វាគមន៍រួបរួមគ្នានៃគណបក្សក្រៅរដ្ឋាភិបាល ក្នុងការរួមកម្លាំងគ្នាប្រកួតប្រជែងជាមួយបក្សកាន់អំណាច ក្នុងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។ ទោះយ៉ាងណា លោកថា សម្រាប់គណបក្សរបស់លោកមិនទាន់បានគិតដល់រូបមន្តនៃការរួបរួមគ្នានៅឡើយទេ ប៉ុន្តែ លោកថាគណបក្សភ្លើងទៀន ស្វាគមន៍គ្រប់គណបក្សណាដែលចង់មករួមរស់ក្រោមដំបូលគណបក្សភ្លើងទៀន៖ «គណបក្សភ្លើងទៀនមានមូលដ្ឋានគ្រឹះរឹងមាំខ្លាំងដែលយើងអាចប្រមែប្រមូលអាចធ្វើជាមូលដ្ឋានតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យបានជាក្ដីសង្ឃឹមមួយដែលគណបក្សផ្សេងៗក៏អាចរួមគ្នាទៅព្រោះយើងមានមូលដ្ឋានរបស់យើងហើយ ហើយតស៊ូទាំងអស់គ្នាទៅ»។
គណបក្សទាំង៥ដែលមានចងមិត្តនឹងគ្នានេះភាគច្រើនជាគណបក្សដែលកើតចេញពីអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ រួមមាន គណបក្សភ្លើងទៀន គណបក្សកម្ពុជានិយម គណបក្សកែទម្រង់កម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលគណបក្សកើតចេញពីជំនាញកសិកម្ម និងអង្គការសង្គមស៊ីវិល។
ជុំវិញគម្រោងចងសម្ព័ន្ធគណបក្សក្រៅរដ្ឋាភិបាលនេះដែរ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅតែនិយាយឌឺដងដដែលៗថា ចាញ់បូកចាញ់នៅតែចាញ់ដដែល។ លោកថា គណបក្សប្រជាជនកម្ពុជា កំពុងខិតខំអនុវត្តគោលនយោបាយរបស់ខ្លួនដើម្បីបង្កើនទំនុកចិត្តដល់ពលរដ្ឋម្ចាស់ឆ្នោត៖ «អត់មានរឿងអីត្រូវបារម្ភទេ យើងចង់បានគូប្រកួតប្រជែងដ៏មានសក្ដានុពល ប៉ុន្តែយើងអន់ចិត្តបន្តិច ព្រោះគាត់អ្នកចាញ់មួយបូកនឹងចាញ់មួយទៅចាញ់ពីរ»។
ចំណែកប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ យល់ថា ការតតាំងជាមួយគណបក្សកាន់អំណាច មានតែការរួបរួមគ្នាពីគណបក្សក្រៅរដ្ឋាភិបាលទេ ទើបជាមធ្យោបាយល្អ។ លោកយល់ថា គណបក្សទាំងនោះគួរសិក្សាពីគ្នារកចំណុចរួមមួយ ដើម្បីបង្កើតគោលនយោបាយរួម សម្រាប់អនុវត្តរួមគ្នា ទោះការរួបរួមនោះធ្វើឡើងក្នុងកម្រិតណាក្ដី៖ «ចំពោះខ្ញុំ ខ្ញុំមើលឃើញរបៀបគ្រប់គ្រងបច្ចុប្បន្នមិនអាចដើរដូចពីមិនទៀតទេ ដូច្នេះមានតែប្រើវិធីថ្មីយុទ្ធសាស្ត្រថ្មីគឺយើងប្រើការបង្រួបបង្រួម ប៉ុន្តែ បែងចែកនូវកាតព្វកិច្ចគណបក្សរៀងៗខ្លួនតែក្នុងគោលដៅតែមួយខ្ញុំគិតថា មានតែវិធីសាស្ត្រហ្នឹងដែលអាចទៅរួចហើយទាំងអស់ហ្នឹងដែលខ្ញុំហៅថា ការឯកភាពនយោបាយ»។
កន្លងទៅគណបក្សមួយចំនួនដែលចង់រួបរួមគ្នានេះបានសិក្សារកឃើញរូបមន្ត៣ ក្នុងនោះរួមមាន៖ ការចែកទីតាំងឈរជើងឈរបោះឆ្នោត ដោយផ្ដល់អាទិភាពទៅគណបក្សណាមួយដែលសក្ដានុពល ដាក់បញ្ជីបេក្ខជន ប៉ុន្តែគណបក្សផ្សេងមិនដាក់បញ្ជីបេក្ខជន ឬក៏ដាក់បញ្ជីដែរ ប៉ុន្តែ មិនធ្វើការឃោសនារកសំឡេងឆ្នោតនោះទេ។ ទី២ គណបក្សសម្ព័ន្ធមិត្ត រួមគ្នាដាក់ប្រមូលបេក្ខជនរៀងៗខ្លួន ទៅដាក់ក្នុងបញ្ជីតែមួយនៅក្នុងគណបក្សណាមួយដែលមានសក្ដានុពល ដើម្បីយកទៅប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជានិងទី៣ គឺការច្របាច់បញ្ចូលគ្នានៃគណបក្សទាំងនោះបង្កើតជាគណបក្សថ្មីមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។