គ្រួសារអ្នកជំនាញកសិកម្ម លោក នី ណាក់ ដែលត្រូវជនមិនស្គាល់មុខព្រួតគ្នាវាយរហូតរងរបួសធ្ងន់បានដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរ ដើម្បីស្វែងរកជនបង្ក មកផ្ដន្ទាទោសតាមច្បាប់។ មន្ត្រីអង្គការសង្គមស៊ីវិលថា រដ្ឋាភិបាលគួរតែ ស្រាវជ្រាវស្វែងរកជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់ ដើម្បីបញ្ចប់វប្បធម៌និទ្ទណ្ឌភាព និងវប្បធម៌ហិង្សានិយមលើសកម្មជនសង្គមនៅកម្ពុជា ក្រោមការដឹកនាំនៃរដ្ឋាភិបាលថ្មីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។
មួយថ្ងៃក្រោយពីហេតុការណ៍វាយប្រហារកើតឡើង គ្រួសារលោក នី ណាក់ បានដាក់ពាក្យប្ដឹងទៅកាន់សមត្ថកិច្ច ដើម្បីស្វែងរកជនមិនស្គាល់មុខនៅថ្ងៃទី១៣កញ្ញា ក្នុងពេលសមត្ថកិច្ចមកសាកសួរពីរឿងរ៉ាវកើតឡើងដល់មន្ទីរពេទ្យ ដែលលោក នី ណាក់ កំពុងសម្រាកព្យាបាល។
គ្រួសារលោកនី ណាក់ អះអាងថា ស្ថានភាពរបួលរបស់លោក មិនគួរឲ្យព្រួយបារម្ភឡើយ ក្រោយពីស្កេនផ្នែកក្បាលរួចមក លទ្ធផលបង្ហាញថា មិនមានបញ្ហាដល់លលាដ៍ក្បាល ឬខួរក្បាលនោះទេ។ ក៏ប៉ុន្តែលោកនី ណាក់ នៅពុំទាន់អាចបរិភោគអ្វីបាននៅឡើយទេ ហើយនៅតែឈឺចាប់របួសត្រង់ក្បាល ភ្នែក ដៃ និងជើង។
ប្រពន្ធលោក នី ណាក់ គឺលោកស្រី សុខ ស៊ីណែត ប្រាប់អាស៊ីសេរីថា ស្ថានភាពប្ដីលោកស្រីមិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ ហើយលោកស្រីវិញ ក៏រងរបួសត្រង់ជើង ដៃ និងស្មាផងដែរ ដោយសារជនមិនស្គាល់មុខនោះ បានជិះម៉ូតូបុកលោកស្រី និងស្វាមី បណ្ដាលឲ្យដួល។ លោកស្រីបន្ថែមថា ក្រោយពីម៉ូតូដួល ជនមិនស្គាល់មុខទាំងនោះ ក៏បានវាយទៅលើលោកស្រីផងដែរ ពេលលោកស្រីចូលទៅឃាត់មិនឲ្យជនទាំងនោះវាយដំប្ដី។
លោកស្រី សុខ ស៊ីណែត៖ «និយាយទៅខាងប៉ូលិសគេមកដល់កន្លែងពេទ្យយើងតែម្ដង។ គេមកដល់ហើយសរសេរពាក្យបណ្ដឹងឲ្យយើងតែម្ដង។ គេទាក់ទងមកយើងថា ហេតុការណ៍មានបែបណា គេទាក់ទងភាគច្រើនគឺ ប៉ូលិសនៅសង្កាត់ព្រែកប្រាហ្នឹង»។
លោកស្រី ស៊ីណែត ឲ្យដឹងថានៅថ្ងៃកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុផ្ទាល់ ដើម្បីធ្វើកំណត់ហេតុ ចំពោះហេតុការណ៍ ដែលបានកើតឡើង ក៏ប៉ុន្តែសមត្ថកិច្ចលើកឡើងថា កាមេរ៉ាសុវត្ថិភាព នៅតំបន់នោះចាំងថ្ងៃ មិនអាចសម្គាល់មុខជនដៃដល់ទាំងនោះបានទេ ។ លោកស្រីស្នើដល់អាជ្ញាធរ ពន្លឿនការស្រាវជ្រាវស្វែងរកជនល្មើស ឲ្យទទួលទោសតាមច្បាប់។
លោកស្រី សុខ ស៊ីណែត៖ «ពួកគាត់និយាយថា កាមេរ៉ាហ្នឹងចាំង គេនិយាយអីចឹងហាណា៎ កាមេរ៉ាហ្នឹងរាងចាំង ចាំងពន្លឺម៉េចទេមើលវាមិនសូវច្បាស់គាត់និយាយអីចឹង។ ចា៎ មិនដឹងថា ជនល្មើសមុខយ៉ាងណាទេ ព្រោះអីជនល្មើសហ្នឹងពាក់មួកការពារទាំងអស់អីចឹងហាបង ។ ប៉ុន្តែគេមើលដឹងថា មានគ្នាប៉ុន្មាននាក់ ជិះម៉ូតូប៉ុន្មានគ្រឿង ហើយពេលវាព្រួតគ្នាវាយប្ដីខ្ញុំហើយហ្នឹងវាត្រឡប់ទៅខាងណាវិញអីចឹងហាណា គេដឹងថា គោលដៅវាទៅខាងណាវិញ គេនិយាយថា គេនឹងធ្វើតាមនីតិវិធីរបស់គេ គេនឹងឆែកកាមេរ៉ាតាមផ្លូវ ដែលជនល្មើស ដែលជនសង្ស័យត្រឡប់ទៅវិញ»។
វិទ្យុអាស៊ីសេរី ពុំទាន់អាចទាក់ទងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា ដើម្បីសុំការឆ្លើយតបជុំវិញបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី១៣ កញ្ញា ។
ជុំវិញហេតុការណ៍ព្រួតវាយ លោកនី ណាក់ ដែលជាអ្នកជំនាញកសិកម្ម និងហ៊ានរិះគន់ភាពអសកម្មនៅក្នុងសង្គម កាលពីថ្ងៃទី១២ កញ្ញា ត្រូវបានមហាជន នៅក្នុងបណ្ដាញសង្គមសម្ដែងការសោកស្ដាយ ដែលមានជនមិនស្គាល់មុខបង្កើតគ្រោះថ្នាក់ចរាចរណ៍ និងចុះព្រួតគ្នាវាយសកម្មជនសង្គមទាំងកណ្ដាលថ្ងៃ ស្របពេលដែលរដ្ឋាភិបាល តែងតែអួតសរសើរការដឹកនាំ និងសរសេរពាក្យថា «អរគុណសន្តិភាព» គ្រប់ទីកន្លែង។
អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ បានបញ្ចេញមតិនៅលើការបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោក នី ណាក់ ឈ្មោះIMAN-KH ថា នៅមានមនុស្សសាហាវយ៉ាងហ្នឹង! សុំនគរបាលយើងរកចាប់ជនទាំងនោះឲ្យបានជាបន្ទាន់។
ក្រៅពីនោះ មហាជនភាគច្រើន បានប្រើរូបសម្រក់ទឹកភ្នែក បង្ហាញការចូលរួមសោកស្ដាយចំពោះករណីនេះ និងបានជូនពរឲ្យលោកនី ណាក់ឆាប់ជាសះស្បើយ។
ទោះជាយ៉ាងនេះក្ដី ប្រធានសមាគមការពារសិទ្ធិមនុស្សអាហុក(ADHOC)លោក នី សុខា មានប្រសាសន៍ថា ករណីនេះ មិនមែនជាលើកទី១នោះទេ ដែលជនមិនស្គាល់មុខប្រើប្រាស់អំពើហិង្សាលើសកម្មជនសង្គម សកម្មជននយោបាយជាដើម ហើយអាជ្ញាធរ ក៏នៅពុំទាន់រកឃើញជនបង្កទាំងនោះ ឲ្យមកទទួលទោសតាមច្បាប់បាននៅឡើយ។
លោក នី សុខា៖ «ជាការពិតវប្បធម៌និទ្ទណ្ឌភាព និទ្ទណ្ឌភាពមានន័យថា ជនដែលប្រព្រឹត្តមិនត្រូវបានយកមកផ្ដន្ទាទោស។ ប៉ុន្តែទោះយ៉ាងណាក៏ដោយយើងនៅតែគិតថា បញ្ហានេះ សមត្ថកិច្ចនៅតែបន្តការងារដើម្បីរុករកចាប់ជនប្រព្រឹត្តអីចឹង។ ប៉ុន្តែគ្រាន់តែថា យើងមើលឃើញរឿងករណីខ្លះមានរយៈពេលយូរហើយ ហើយដែលអត់មានពន្លឺនៃការស៊ើបអង្កេតឲ្យបានឃើញជនប្រព្រឹត្តណាមួយដើម្បីមកផ្ដន្ទាទោសទេ ។ អញ្ចឹងចង់មិនចង់វាធ្វើឲ្យ នេះជាសញ្ញាណមួយ ដែលបង្កឲ្យមានវប្បធម៌និទ្ទណ្ឌភាពនៅប្រទេសយើង»។
ប្រតិកម្មទៅនឹងអំពើឃោរឃៅនេះ នៅថ្ងៃទី១៣ កញ្ញា អង្គការ-សមាគមសង្គមស៊ីវិល និងចលនាសង្គម ចំនួន៤រួមមានសមាគមនិស្សិតបញ្ញាវន្តខ្មែរ (KSILA) សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) សមាគមបណ្ដាញយុវជនកម្ពុជា (CYN) និងចលនាមាតាធម្មជាតិ (MNC) ចេញសេចក្ដីថ្លែងការណ៍រួមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើហិង្សាពីសំណាក់ជនដៃដល់លើសកម្មជននយោបាយ និងសង្គម ដែលអំពើនេះជាអំពើអមនុស្សធម៌ និងរំលោភសិទ្ធិសេរីភាពជាមូលដ្ឋាន ក្នុងសង្គមប្រជាធិបតេយ្យ។ ពួកគេអំពាវនាវដល់រដ្ឋាភិបាល ឱ្យគោរពកាតព្វកិច្ចរបស់ខ្លួន ក្នុងការស្វែងរកជនដៃដល់ ដើម្បីយកមកអនុវត្តតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។