អ្នក​ឃ្លាំ​មើល​និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​រដ្ឋាភិបាល​ដែល​បន្ត​សង់​ស្តូប​វិមាន​ឈ្នះៗ​នៅ​ខេត្ត​ប៉ៃលិន​ថា​ជា​ការ​ដឹង​គុណ​ដល់​វៀតណាម

0:00 / 0:00

អ្នក​ឃ្លាំ​មើល​កម្ពុជា​ និង មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​រិះគន់​ រដ្ឋាភិបាល​ដែល​បន្ត​សង់​វិមាន​ឈ្នះ ឈ្នះ​ នៅ​ខេត្ត​ប៉ៃលិន​ថា​ ជា​ការ​ដឹង​គុណ​ដល់​វៀតណាម​ ដែល​បាន​លើក​បន្តុប​លោក​ ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី ​តែ​ប៉ុណ្ណោះ និង​មិន​មាន​ប្រយោជន៍​អ្វី​ដល់​ពលរដ្ឋ​ខ្មែរ​ឡើយ​។

ប្រតិកម្ម​នេះ​ធ្វើ​ឡើង ក្រោយ​ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ លោក​ ទៀ ​បាញ់​ បើក​ការដ្ឋាន​សាង​សង​ស្តូប​អនុស្សាវរីយ៍​វិមាន​ ឈ្នះ ឈ្នះ ​នៅ​ទឹក​ដី​ខេត្ត​ប៉ៃលិន​ ថ្ងៃអាទិត្យ​ ទី៨​ ខែឧសភា​។

អ្នក​ឃ្លាំ​មើល​ និង​មន្ត្រី​គណបក្ស​ សង្គ្រោះ​ជាតិ​រិះគន់ ​ថា​ការ​សាង​សង​វិមាន​ ឈ្នះ ​ឈ្នះ​របស់​ រដ្ឋាភិបាល​ដែល​សាង​សង​សឹង​គ្រប់​រាជ​ធានី​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​កម្ពុជា ថា​ជា​ការ​ខ្ជះខ្ជាយ​ថវិកា​ជាតិ​ដោយ​ឥត​ប្រយោជន៍​ព្រោះ​មិន​មាន​សារៈ​ប្រយោជន៍​អ្វី​ដល់​ពលរដ្ឋខ្មែរ​និង​សង្គម​ជាតិ​ឡើយ​។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ អ៊ុំ សំអាន​ ថ្លែង​ថា​ របប​លោក​ ហ៊ុន សែន​ គួរ​តែ​សាង​សង​ដូច​ជា​ រូប​សំណាក់​ព្រះ​បាទ​ជ័យវៈរ្ម័នទី៧​ ឬ​ ព្រះ មហាក្សត្រ​ខ្មែរ​ ឬ​វីរបុរស​ខ្មែរ​ ដែល​ស្នេហា​ជាតិ​ ការពារ​ទឹក​ដី ល្អ​ជាង​បង្កើត​វិមាន​ឈ្នះ​ ឈ្នះ​ដែរ។

លោក​បញ្ជាក់​ថា ​ការ​ដែល​រដ្ឋាភិបាល​សង់​ស្តូប​អនុស្សាវរីយ៍​បែប​នេះ ​ជា​ការ​ដឹង​គុណ​វៀតណាម​ ដែល​​លើក​បន្តុប​ក្រុម​លោក​ ហ៊ុន សែន​ ឱ្យ​ដឹកនាំ​កម្ពុជា​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ៖ « ឈ្នះតែក្រុមគ្រួសារលោក ហ៊ុន សែន និងបក្សពួករបស់គាត់ ហើយវិមានឈ្នះឈ្នះហ្នឹង មិនមែនសំរាប់ខ្មែរទាំងអស់ជាអ្នកឈ្នះនោះទេហើយវិមានឈ្នះឈ្នះនោះផងដែរក៏ជាការរំលឹកដឹងគុណទៅដល់វៀតណាមនោះទេហើយយើងដឹងហើយវៀតណាមបានឈ្លានពានទឹកដីខ្មែរយើងយកទឹកដីខ្មែរយើងនៅតាមព្រំដែនយកកម្ពុជាក្រោម ហើយអញ្ចឹងយើងដឹងគុណវៀតណាម មិនចេះចប់មិនចេះហើយគឺធ្វើអោយទឹកដីយើងកាន់តែរួមទៅៗអញ្ចឹងយើងឃើញជាក់ស្តែងក្នុងពេលកន្លងមកនេះ នៅក្នុងប្រវត្តិសាស្ត្រខ្មែរយើង​»។

លោក​ អ៊ុំ សំអាន​ ថ្លែង​បញ្ជាក់​បន្ថែម​ថា ​វិមាន​ឈ្នះ​ឈ្នះ​ហ្នឹង​មិន​មាន​តំណាង​អោយ​ខ្មែរ​ជា​អ្នក​ឈ្នះ​ទេ​គឺ​តំណាង​អោយ​វៀតណាម​ជា​អ្នក​ឈ្នះ ​ព្រោះ​វៀតណាម​ បាន​យក​ទឹក​ដី​ខ្មែរ​តាម​ព្រំដែន​ការ​រំលឹក​ដឹង​គុណ​វៀតណាម​ គឺ​វៀតណាម​ជា​អ្នក​ឈ្នះ​ហើយ​រចនា​បទ​វិមាន​ឈ្នះ​ឈ្នះ​នេះ​គឺ​យក​តាម​រចនា​បទ​ស្តូប​នៅ​ប្រទេស​វៀតណាម​ដូច្នេះ​របរ​លោក​ ហ៊ុន សែន​ គួរ​តែ​ឈប់​សាង​សង​អ្វី​ដែល​ដឹង​គុណ​វៀតណាម​ទៀត​ទៅ​ គួរ​សាង​សង​អ្វី​ដែល​ជា​និមិត្ត​រូប​របស់​ខ្មែរ​យើង​វិញ​។

ប្រតិកម្ម​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​​បែប​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក ទៀ បាញ់ ​បាន​បើក​ការដ្ឋាន​សង់​ស្តូប​អនុស្សាវរីយ៍​ វិមាន​ឈ្នះ ​ឈ្នះ​ នៅ​ខេត្ត​ប៉ៃលិន​ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែឧសភា។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទងរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក ទៀ បាញ់ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​ពី​ការ​សង់​វិមាន​ឈ្នះ​ ឈ្នះ​ នេះ​បាន​ទេ​នៅ​ថ្ងៃទី​៨​ខែឧសភា​ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។​ ប៉ុន្តែលោក​ ទៀ បាញ់ ​បាន​បង្ហាញ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក​នៅ​រសៀល​ថ្ងៃ​ទី​៨​ ខែឧសភា​ថា ​ពិធី​បើក​ការដ្ឋាន​សាង​សង់​ស្តូប​ឈ្នះ​ឈ្នះ​នៅ​ខេត្ត​ប៉ៃលិន​បាន​ចាប់​ផ្តើម​ដំណើរ​ជា​ផ្លូវ​ការ​ហើយ​ដោយ​ការ​ចូល​រួម​អបអរសាទរ​ពី​សំណាក់​មន្ត្រីរាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ និង​ប្រជាជន​ ជាង​២​ពាន់​នាក់​ ២០៨៩នាក់​។

កន្លង​មក​​លោក​ ទៀ បាញ់​ អះ​អាង​ថា ​នយោបាយ​ ឈ្នះ ឈ្នះ​ គឺ​ជា​គោល​ដៅ​ធ្វើ​ឲ្យ​រលាយ​អង្គការ​ចាត់​តាំងរបស់​ខ្មែរ​ក្រហម​ និង​ជា​នយោបាយ​គ្មាន​អ្នក​ឈ្នះ​ គ្មាន​អ្នក​ចាញ់​ដែល​លោក ហ៊ុន សែន បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៤​ ក្រោយ​ពី​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ឆ្នាំ​១៩៩១​។ ចំពោះ​និយម​ន័យ​នៃ​នយោបាយ​ឈ្នះ ​ឈ្នះ​វិញ ក៏​បាន​ចែង​ពី​ខ្លឹមសារ​ល្អ​ ដែល​ជា​ការ​កំណត់​យុទ្ធ​សាស្ត្រ​សម្រាប់​បញ្ចប់​សង្គ្រាម​ផ្ទៃក្នុង និង​ជា​ការ​ស្វែងរក​សន្តិភាព​សម្រាប់​សង្គម​កម្ពុជា​ទាំងមូល ក្នុង​ការ​បង្កើត​ឲ្យ​មាន​ជំនឿ​ចិត្ត​លើ​គ្នា​ទៅវិញទៅមក ពោល​គឺ ខ្មែរ​គ្រប់​ភាគី​ត្រូវ​ទទួលស្គាល់​ថា នៅ​ក្នុង​ការ​ធ្វើ​សង្គ្រាម​បំផ្លិច​បំផ្លាញ​ ប្រាកដ​ជា​មិន​មាន​អ្នកឈ្នះ​នោះ​ទេ ហើយ​ការ​ចង​អាឃាត​ព្យាបាទ​គ្នា ក៏​មិន​អាច​នាំមក​នូវ​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​បាន​ដែរ។

ទោះ​ជា​យ៉ាង​ណា​អ្នក​ឃ្លាំ​មើល​កម្ពុជា​លោក​ រ៉ុង ឈុន​ ថ្លែង​ថា​ ការ​សង់​ស្តូប​អនុស្សាវរីយ៍​របស់​រដ្ឋាភិបាល​នេះ​ជាការ​កេង​ចំណេញ​នយោបាយ​ ប្រជាភិថុតិ​ដើម្បី​ស្វែង​រក​ការ​គាំ​ទ្រ​សំរាប់​ គណបក្ស​កាន់​អំណាច​ហើយ​ផ្សព្វផ្សាយ​ទៅ​ដល់​ប្រជាពលរដ្ឋ​៖ «ពាក្យ​ឈ្នះ​ ឈ្នះ​មាន​អត្ថន័យ​ច្រើន​យ៉ាង​ ថា​តើ​ឈ្នះ​ទៅ​លើ​អ្វី ? ការ​ឈ្លាន​ពាន​ពី​បរទេស​ ឬ​គោល​បំណង​អ្វី? កម្ពុជា​យើង​ចង់​បាន​អោយ​វា​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​មាន​លទ្ធិ​ប្រជាធិបតេយ្យ ហើយ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​យើង​មិន​ត្រូវ​ធ្វើ​បាប​ឬ​មួយ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​ដៃ​គូរ​យើង​ទេ​ប៉ុន្តែ​កន្លង​មក​ហ្នឹង​យើង​ឃើញ​តែង​តែ​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់​អ្នក​នយោបាយ​ដាក់​ពន្ធនាគារ​ហើយ​និង​សកម្មជន​អី​ជា​បន្ត​បន្ទាប់​ហ្នឹង»

លោក​ រ៉ុង​ ឈុន​ ថា​ទស្សនៈ​របស់​លោក​គឺ​ការ​ប្រកួត​ប្រជែង​ឈ្នះ​ចាញ់​ដោយ​សារ​ការ​ប្រើប្រាស់​កម្លាំង​បាយ​ និង​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់​ តុលាការ​ យក​មក​បង្ក្រាប​ដៃគូ ​ហើយ​ចាត់​ទុក​ថា​ឈ្នះ​ឈ្នះ​នោះ​ទេ​គឺ​គ្រាន់​តែ​ឈ្នះ​បុគ្គល​មួយ​ចំនួន​តូច​ប៉ុន្តែ​សំរាប់​ជាតិ​ទាំង​មូល​វិញ​ វា​មិន​មែន​ជា​រឿង​ឈ្នះ​នោះ​ទេ​ វា​ជា​រឿង​ចាញ់​ទៅ​វិញ​ទេ​ ព្រោះ​វា​ធ្វើ​អោយ​ពលរដ្ឋ​រងទុក្ខ​លំបាក​សព្វ​បែប​យ៉ាង​ហើយ​គេ​ថ្កោល​ទោស​មក​លើ​អ្នក​កាន់​អំណាច​។

កន្លង​មក​ប្រទេស​កម្ពុជា​ធ្លាប់​ទទួលរង​ការរិះគន់​ច្រើន​ពាក់ព័ន្ធ​​ការ​សាង​សង​វិមាន​ឈ្នះ​ ឈ្នះ​នេះ​។ ​វិមាន​ឈ្នះ​ ឈ្នះ​ ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា​ រួម​ទាំង​មេ​ដឹក​នាំ​ទី​ក្រុងភ្នំពេញ​ លោក​ ហ៊ុន សែន​ ផង​ មាន​មោទនភាព​ខ្លាំង​បំផុត​ ដែល​បាន​សាងសង់​វិមាន​នេះ​ឡើង​ នៅ​ក្នុង​សម័យ​របស់​លោក ​ថា​ជា​និមិត្ត​រូប​សន្តិភាព​ក្រោយ​ពី​បាន​ផ្ដួល​រលំ​របប​ខ្មែរ​ក្រហម​បាន​ជោគ​ជ័យ។

អ្នក​វិភាគ​លើក​ឡើង​ថា ​ការ​សាង​សង់​វិមាន​ ឈ្នះ​ ឈ្នះ ​នេះ​ជា​ការ​ចង់​បង្ហាញ​ឲ្យ​ពលរដ្ឋ​ និង​ សហគមន៍​អន្តរជាតិ​មើល​ឃើញ​ពី​ស្នា​ដៃ​របស់​គណបក្ស​កាន់​អំណាច​ ដឹក​នាំ​ប្រទេស​ ទទួល​បាន​ ជ័យ​ជំនះ​ពី​មួយ​ដំណាក់​កាល​ទៅ​មួយ​ដំណាក់​កាល​ក្រោម​រូបភាព​គោល​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក​ ហ៊ុន សែន​ ដែល​ជា​ស្នា​ដៃ​មួយ​ដ៏​អាក្រក់​សម្រាប់​បន្សល់​ទុក​ឲ្យ​ ក្មេង​ជំនាន់​ ក្រោយ​ថ្វីត្បិត​នយោបាយ​ឈ្នះ​ឈ្នះ​នេះ​ចែង​ពី​ខ្មែរ​គ្រប់​ភាគី​ឈ្នះ​ទាំង​អស់​គ្នា​ក្ដី​ផ្ទុយ​ទៅ​វិញ​នយោបាយ​នេះ​បង្កប់​នូវ​ភាព​ពិស​ពុល​កម្ទេច​ខ្មែរ​គ្នា​ឯង​ធ្វើ​ឲ្យ​ក្រុម​បក្ស​ប្រឆាំង​និង​អ្នក​រង​គ្រោះ​ដី​ធ្លី​ស្ទើរ​ពេញ​មួយ​នគរ​រង​ការ​ឈឺ​ចាប់​ ក្រោម​រូប​ភាព​អភិវឌ្ឍន៍​ផ្សេងៗ​។ លើស​ពី​នេះ​ទៀត ក្រុម​បក្ស​ពួក​ លោក ហ៊ុន សែន ​ដែល​ជា​អ្នក​ទទួល​បាន​ជ័យ​ជំនះ​នោះ​ រស់​នៅ​លើ​ ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ តាម​រយៈ​ ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ និង​តួនាទី​ ឋានៈ​ បុណ្យស័ក្ដិ​ ដែល​ធ្វើ​ឲ្យ​មាន​គម្លាត​អ្នក​មាន​ អ្នក​ក្រ និង​អំពើ​យុត្តិធម៌​នៅ​ក្នុង​សង្គម​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។