អ្នកឃ្លាំមើលកម្ពុជា និង មន្ត្រីគណបក្សសង្គ្រោះជាតិរិះគន់ រដ្ឋាភិបាលដែលបន្តសង់វិមានឈ្នះ ឈ្នះ នៅខេត្តប៉ៃលិនថា ជាការដឹងគុណដល់វៀតណាម ដែលបានលើកបន្តុបលោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី តែប៉ុណ្ណោះ និងមិនមានប្រយោជន៍អ្វីដល់ពលរដ្ឋខ្មែរឡើយ។
ប្រតិកម្មនេះធ្វើឡើង ក្រោយពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បើកការដ្ឋានសាងសងស្តូបអនុស្សាវរីយ៍វិមាន ឈ្នះ ឈ្នះ នៅទឹកដីខេត្តប៉ៃលិន ថ្ងៃអាទិត្យ ទី៨ ខែឧសភា។
អ្នកឃ្លាំមើល និងមន្ត្រីគណបក្ស សង្គ្រោះជាតិរិះគន់ ថាការសាងសងវិមាន ឈ្នះ ឈ្នះរបស់ រដ្ឋាភិបាលដែលសាងសងសឹងគ្រប់រាជធានីខេត្តក្រុងទូទាំងប្រទេសកម្ពុជា ថាជាការខ្ជះខ្ជាយថវិកាជាតិដោយឥតប្រយោជន៍ព្រោះមិនមានសារៈប្រយោជន៍អ្វីដល់ពលរដ្ឋខ្មែរនិងសង្គមជាតិឡើយ។
មន្ត្រីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ថ្លែងថា របបលោក ហ៊ុន សែន គួរតែសាងសងដូចជា រូបសំណាក់ព្រះបាទជ័យវៈរ្ម័នទី៧ ឬ ព្រះ មហាក្សត្រខ្មែរ ឬវីរបុរសខ្មែរ ដែលស្នេហាជាតិ ការពារទឹកដី ល្អជាងបង្កើតវិមានឈ្នះ ឈ្នះដែរ។
លោកបញ្ជាក់ថា ការដែលរដ្ឋាភិបាលសង់ស្តូបអនុស្សាវរីយ៍បែបនេះ ជាការដឹងគុណវៀតណាម ដែលលើកបន្តុបក្រុមលោក ហ៊ុន សែន ឱ្យដឹកនាំកម្ពុជារហូតមកទល់សព្វថ្ងៃនេះ៖ « ឈ្នះតែក្រុមគ្រួសារលោក ហ៊ុន សែន និងបក្សពួករបស់គាត់ ហើយវិមានឈ្នះឈ្នះហ្នឹង មិនមែនសំរាប់ខ្មែរទាំងអស់ជាអ្នកឈ្នះនោះទេហើយវិមានឈ្នះឈ្នះនោះផងដែរក៏ជាការរំលឹកដឹងគុណទៅដល់វៀតណាមនោះទេហើយយើងដឹងហើយវៀតណាមបានឈ្លានពានទឹកដីខ្មែរយើងយកទឹកដីខ្មែរយើងនៅតាមព្រំដែនយកកម្ពុជាក្រោម ហើយអញ្ចឹងយើងដឹងគុណវៀតណាម មិនចេះចប់មិនចេះហើយគឺធ្វើអោយទឹកដីយើងកាន់តែរួមទៅៗអញ្ចឹងយើងឃើញជាក់ស្តែងក្នុងពេលកន្លងមកនេះ នៅក្នុងប្រវត្តិសាស្ត្រខ្មែរយើង»។
លោក អ៊ុំ សំអាន ថ្លែងបញ្ជាក់បន្ថែមថា វិមានឈ្នះឈ្នះហ្នឹងមិនមានតំណាងអោយខ្មែរជាអ្នកឈ្នះទេគឺតំណាងអោយវៀតណាមជាអ្នកឈ្នះ ព្រោះវៀតណាម បានយកទឹកដីខ្មែរតាមព្រំដែនការរំលឹកដឹងគុណវៀតណាម គឺវៀតណាមជាអ្នកឈ្នះហើយរចនាបទវិមានឈ្នះឈ្នះនេះគឺយកតាមរចនាបទស្តូបនៅប្រទេសវៀតណាមដូច្នេះរបរលោក ហ៊ុន សែន គួរតែឈប់សាងសងអ្វីដែលដឹងគុណវៀតណាមទៀតទៅ គួរសាងសងអ្វីដែលជានិមិត្តរូបរបស់ខ្មែរយើងវិញ។
ប្រតិកម្មរបស់មន្ត្រីគណបក្សសង្គ្រោះជាតិបែបនេះធ្វើឡើងក្រោយពេល រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ បានបើកការដ្ឋានសង់ស្តូបអនុស្សាវរីយ៍ វិមានឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី៨ ខែឧសភា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ ដើម្បីសុំអត្ថាធិប្បាយជុំវិញពីការសង់វិមានឈ្នះ ឈ្នះ នេះបានទេនៅថ្ងៃទី៨ខែឧសភា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ប៉ុន្តែលោក ទៀ បាញ់ បានបង្ហាញនៅក្នុងហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃទី៨ ខែឧសភាថា ពិធីបើកការដ្ឋានសាងសង់ស្តូបឈ្នះឈ្នះនៅខេត្តប៉ៃលិនបានចាប់ផ្តើមដំណើរជាផ្លូវការហើយដោយការចូលរួមអបអរសាទរពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជន ជាង២ពាន់នាក់ ២០៨៩នាក់។
កន្លងមកលោក ទៀ បាញ់ អះអាងថា នយោបាយ ឈ្នះ ឈ្នះ គឺជាគោលដៅធ្វើឲ្យរលាយអង្គការចាត់តាំងរបស់ខ្មែរក្រហម និងជានយោបាយគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ដែលលោក ហ៊ុន សែន បានបង្កើតឡើងនៅឆ្នាំ១៩៩៤ ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។ ចំពោះនិយមន័យនៃនយោបាយឈ្នះ ឈ្នះវិញ ក៏បានចែងពីខ្លឹមសារល្អ ដែលជាការកំណត់យុទ្ធសាស្ត្រសម្រាប់បញ្ចប់សង្គ្រាមផ្ទៃក្នុង និងជាការស្វែងរកសន្តិភាពសម្រាប់សង្គមកម្ពុជាទាំងមូល ក្នុងការបង្កើតឲ្យមានជំនឿចិត្តលើគ្នាទៅវិញទៅមក ពោលគឺ ខ្មែរគ្រប់ភាគីត្រូវទទួលស្គាល់ថា នៅក្នុងការធ្វើសង្គ្រាមបំផ្លិចបំផ្លាញ ប្រាកដជាមិនមានអ្នកឈ្នះនោះទេ ហើយការចងអាឃាតព្យាបាទគ្នា ក៏មិនអាចនាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិបានដែរ។
ទោះជាយ៉ាងណាអ្នកឃ្លាំមើលកម្ពុជាលោក រ៉ុង ឈុន ថ្លែងថា ការសង់ស្តូបអនុស្សាវរីយ៍របស់រដ្ឋាភិបាលនេះជាការកេងចំណេញនយោបាយ ប្រជាភិថុតិដើម្បីស្វែងរកការគាំទ្រសំរាប់ គណបក្សកាន់អំណាចហើយផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ៖ «ពាក្យឈ្នះ ឈ្នះមានអត្ថន័យច្រើនយ៉ាង ថាតើឈ្នះទៅលើអ្វី ? ការឈ្លានពានពីបរទេស ឬគោលបំណងអ្វី? កម្ពុជាយើងចង់បានអោយវាមានការគោរពសិទ្ធិមនុស្សមានលទ្ធិប្រជាធិបតេយ្យ ហើយមានការបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌យើងមិនត្រូវធ្វើបាបឬមួយធ្វើទុក្ខបុកម្នេញទៅលើដៃគូរយើងទេប៉ុន្តែកន្លងមកហ្នឹងយើងឃើញតែងតែមានការរំលាយគណបក្សសង្គ្រោះជាតិចាប់អ្នកនយោបាយដាក់ពន្ធនាគារហើយនិងសកម្មជនអីជាបន្តបន្ទាប់ហ្នឹង»។
លោក រ៉ុង ឈុន ថាទស្សនៈរបស់លោកគឺការប្រកួតប្រជែងឈ្នះចាញ់ដោយសារការប្រើប្រាស់កម្លាំងបាយ និងប្រើប្រាស់ប្រព័ន្ធច្បាប់ តុលាការ យកមកបង្ក្រាបដៃគូ ហើយចាត់ទុកថាឈ្នះឈ្នះនោះទេគឺគ្រាន់តែឈ្នះបុគ្គលមួយចំនួនតូចប៉ុន្តែសំរាប់ជាតិទាំងមូលវិញ វាមិនមែនជារឿងឈ្នះនោះទេ វាជារឿងចាញ់ទៅវិញទេ ព្រោះវាធ្វើអោយពលរដ្ឋរងទុក្ខលំបាកសព្វបែបយ៉ាងហើយគេថ្កោលទោសមកលើអ្នកកាន់អំណាច។
កន្លងមកប្រទេសកម្ពុជាធ្លាប់ទទួលរងការរិះគន់ច្រើនពាក់ព័ន្ធការសាងសងវិមានឈ្នះ ឈ្នះនេះ។ វិមានឈ្នះ ឈ្នះ ត្រូវគណបក្សប្រជាជនកម្ពុជា រួមទាំងមេដឹកនាំទីក្រុងភ្នំពេញ លោក ហ៊ុន សែន ផង មានមោទនភាពខ្លាំងបំផុត ដែលបានសាងសង់វិមាននេះឡើង នៅក្នុងសម័យរបស់លោក ថាជានិមិត្តរូបសន្តិភាពក្រោយពីបានផ្ដួលរលំរបបខ្មែរក្រហមបានជោគជ័យ។
អ្នកវិភាគលើកឡើងថា ការសាងសង់វិមាន ឈ្នះ ឈ្នះ នេះជាការចង់បង្ហាញឲ្យពលរដ្ឋ និង សហគមន៍អន្តរជាតិមើលឃើញពីស្នាដៃរបស់គណបក្សកាន់អំណាច ដឹកនាំប្រទេស ទទួលបាន ជ័យជំនះពីមួយដំណាក់កាលទៅមួយដំណាក់កាលក្រោមរូបភាពគោលនយោបាយឈ្នះឈ្នះរបស់លោក ហ៊ុន សែន ដែលជាស្នាដៃមួយដ៏អាក្រក់សម្រាប់បន្សល់ទុកឲ្យ ក្មេងជំនាន់ ក្រោយថ្វីត្បិតនយោបាយឈ្នះឈ្នះនេះចែងពីខ្មែរគ្រប់ភាគីឈ្នះទាំងអស់គ្នាក្ដីផ្ទុយទៅវិញនយោបាយនេះបង្កប់នូវភាពពិសពុលកម្ទេចខ្មែរគ្នាឯងធ្វើឲ្យក្រុមបក្សប្រឆាំងនិងអ្នករងគ្រោះដីធ្លីស្ទើរពេញមួយនគររងការឈឺចាប់ ក្រោមរូបភាពអភិវឌ្ឍន៍ផ្សេងៗ។ លើសពីនេះទៀត ក្រុមបក្សពួក លោក ហ៊ុន សែន ដែលជាអ្នកទទួលបានជ័យជំនះនោះ រស់នៅលើ ទ្រព្យសម្បត្តិស្ដុកស្ដម្ភ តាមរយៈ ការប្រព្រឹត្តិអំពើពុករលួយ និងតួនាទី ឋានៈ បុណ្យស័ក្ដិ ដែលធ្វើឲ្យមានគម្លាតអ្នកមាន អ្នកក្រ និងអំពើយុត្តិធម៌នៅក្នុងសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។