ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​រដ្ឋាភិបាល លោក ហ៊ុន សែន ​ថា ដឹក​នាំ​ប្រទេស​កាន់​តែ​ផ្ដាច់​ការ បន្ទាប់​ពី​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ៥ឆ្នាំ​មក​នេះ

មន្ត្រី​គណបក្ស​ប្រឆាំង លើកឡើង​ថា រយៈពេល ៥ឆ្នាំ​ដែល​កម្ពុជា​ស្ថិត​ក្រោមការ​ដឹកនាំ​របស់ លោក ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​បែប​ជិះ​សេះ​លែង​ដៃ​ដែល​បាន​បង្ក​ទុក​លំបាក​ដល់​ប្រជាពលរដ្ឋ​ជា​បន្ត​បន្ទាប់។ ប្រតិកម្ម​របស់​មន្ត្រី​បក្ស​ប្រឆាំង​បែប​នេះ ធ្វើ​ឡើង​ក្នុង​ឱកាស​ខួប ៥ឆ្នាំ​នៃ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ​ចាត់​ទុក​ថា កម្ពុជា​បាន​ធ្លាក់​ចូល​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ផ្ដាច់​ការ​ទាំង​ស្រុង។

មន្ត្រី​គណបក្ស​ប្រឆាំង លើក​ឡើង​ថា រយៈ​ពេល ៥ឆ្នាំ​កន្លង​មក​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​តែ​បន្ត​ពង្រឹង​អំណាច​បែប​ផ្ដាច់ការ ប្រកាន់​បក្ខ​ពួក​និយម គាប​សង្កត់​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ បិទ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ពលរដ្ឋ រំលោភ​សិទ្ធិ​មនុស្ស និង​ចាប់​ខ្លួន​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ដាក់​គុក​ឥត​ឈប់​ឈរ។

មន្ត្រី​ជាន់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​ភៀស​ខ្លួន​ទៅ​រស់​នៅ​សហរដ្ឋអាមេរិក លោក អ៊ុំ សំអាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា​ថា ទោះ​បី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រម្លាយ ៥ឆ្នាំ​មក​ហើយ​ក្ដី ប៉ុន្តែ​សម្រាប់​ជន​ផ្ដាច់​ការ​នៅ​តែ​ភ័យ​ខ្លាច​បាត់បង់​អំណាច​ដោយ​សារ​តែ​ការ​មិន​ទុក​ចិត្ត​ខ្លួន​ឯង ហើយ​ពលរដ្ឋ​នៅ​តែ​ហ៊ាន​តស៊ូ​មតិ​ទាមទារ​សេរីភាព បើ​ទោះ​បី​ពួកគេ​រង​ការ​បង្ក្រាប​ពី​កម្លាំង​លោក ហ៊ុន សែន យ៉ាង​ណា​ក្ដី។

លោក អ៊ុំ សំអាន លើក​ឡើង​បន្ត​ថា ហេតុ​ផល​សំខាន់​ដែល​លោក ហ៊ុន សែន រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​សារ​លោក ហ៊ុន សែន មើល​ឃើញ​ថា គណបក្ស​ប្រឆាំង​មួយ​នេះ​អាច​ជា​ឆ្អឹង​ទទឹង​ករ​ដល់​ការ​ក្រាញ​អំណាច និង​ផែនការ​ផ្ទេរ​អំណាច​ត​កូន​ត​ចៅ​របស់​លោក ហ៊ុន សែន៖

«បន្ទាប់​ពី​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង គឺ​លោក ហ៊ុន សែន ចង់​កាន់​អំណាច​ផ្ដាច់​ការ​ត​វង្ស​ត្រកូល​ដូច​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង​តែ​ម្ដង គឺ​ការ​ដឹក​នាំ​ប្រទេស​ហ្នឹង​មាន​ការ​បោះ​ឆ្នោត​ដែរ ប៉ុន្តែ ការ​បោះ​ឆ្នោត​ហ្នឹង គ្រាន់​តែ​ជា​ការ​បោះ​ឆ្នោត​បង្គ្រប់​កិច្ច ការ​បោះឆ្នោត​ក្លែង​ក្លាយ មិន​មែន​ជា​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​មាន​ការ​រួម​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ ដែល​អាច​ប្រកួត​ប្រជែង​យក​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទេ»។

តុលាការ​កំពូល​នៃ​របប​ក្រុង​ភ្នំពេញ​បាន​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧ តាម​បំណង​របស់​លោក ហ៊ុន សែន ដោយ​ចោទ​ប្រធាន​គណបក្ស​ប្រឆាំង​នេះ​គឺ លោក កឹម សុខា ថា​ក្បត់​ជាតិ។ តុលាការ​កំពូល ក៏​បាន​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១៨នាក់ មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥ឆ្នាំ។ ក្រោយ​មាន​ការ​រម្លាយ​ប្រជាធិបតេយ្យ​មក រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏​មិន​ខ្លាច​ញញើត​ក្នុង​បង្ក្រាប​សំឡេង​ប្រឆាំង​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​អំណាច​លោក​នោះ​ដែរ។ រដ្ឋាភិបាល​ឯក​បក្ស​មួយ​នេះ​រង​ការ​រិះគន់​ជា​បន្ត​បន្ទាប់​ថា បាន​ដឹក​នាំ​ប្រទេស​ប្រាស​ចាក​ពី​គន្លង​ប្រជាធិបតេយ្យ និង​ស្មារតី​កិច្ច​ព្រមព្រៀង​ទីក្រុង​បារីស៍។ ការ​ដឹក​នាំ​ដោយ​មាន​បក្ស​តែ​មួយ​បែប​នេះ​ហើយ ដែល​ធ្វើ​ឱ្យ លោក ហ៊ុន សែន កាន់​តែ​ក្ដោបក្ដាប់​អំណាច​ពេញ​ដៃ និង​ដឹកនាំ​ប្រទេស​កាន់​តែ​ផ្ដាច់ការ​ក្នុង​ការ​បង្ក្រាប​សំឡេង​អ្នក​នយោបាយ​ប្រឆាំង រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ សកម្មជន​សង្គម ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ ដ្បិត​តួអង្គ​ទាំង​នេះ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ទាមទារ​យុត្តិធម៌​សង្គម និង​លើក​ស្ទួយ​ប្រជាធិបតេយ្យ។

ទាក់​ទង​នឹង​រឿង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បក​ស្រាយ​ថា កម្ពុជា​មាន​ប្រជាធិបតេយ្យ និង​សន្តិភាព ហើយ​កម្ពុជា​ក៏​គ្មាន​វិបត្តិ​នយោបាយ​ជាប់​គាំង​ដែល​តម្រូវ​ឱ្យ​រដ្ឋាភិបាល​ចរចា​ដោះស្រាយ​វិបត្តិ​នយោបាយ និង​ស្ដារ​ប្រជាធិបតេយ្យ​នោះ​ដែរ៖

«ដូច្នេះ​ហើយ​ការ​រម្លាយ​ទោះ​ខួប​ប៉ុន្មាន​ឆ្នាំ​ក៏​ដោយ ការ​រម្លាយ​អតីត​គណបក្ស​ប្រឆាំង​គឺ​ដោយ​តុលាការ​កំពូល​កម្ពុជា ដែល​មាន​សាល​ដីកា​ស្ថាពរ និង​បិទ​ផ្លូវ​តវ៉ា​ហើយ។ ដូច្នេះ គ្មាន​សង្ឃឹម​ថា រស់​ឡើង​វិញ​ទេ ទោះ​បី​ប៉ុន្មាន​ឆ្នាំ​ក៏​ដោយ ទៅ​មុខ​ទៀត​ក៏​ដោយ​ក៏​អត់​គឺ​អត់​មាន​រស់​ឡើង​វិញ​ជា​ដាច់​ខាត»។

ទោះ​បី​ជា​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​រូប​នេះ ប្រឹង​ប្រែង​ថ្លែង​ការពារ​រដ្ឋាភិបាល អំពី​ការ​បិទ​បាំង​ពី​ស្ថានភាព​នៃ​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្ដី ក៏​សហគមន៍​ជាតិ និង​អន្តរជាតិ តែង​តែ​វាយ​តម្លៃ​ថា កម្ពុជា​គ្មាន​ការ​គោរព​សិទ្ធិ​ត្រឹមត្រូវ​តាម​ស្រប​ច្បាប់​រដ្ឋធម្មនុញ្ញ​នោះ​ទេ។ រដ្ឋាភិបាល​លោក ហ៊ុន សែន តែង​ដាក់​ចេញ​នូវ​ចំណាត់​ការ​បង្ក្រាប​យ៉ាង​ទៀងទាត់ និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ទៅ​លើ​ក្រុម​សកម្មជន​គណបក្ស​ប្រឆាំង សកម្មជន​សង្គម មន្ត្រី​សង្គម​ស៊ីវិល ពលរដ្ឋ​ប្រើ​សិទ្ធិ​ប្រមូល​ផ្តុំ​ជួប​ជុំ​ដោយ​សន្តិវិធី និង​ការ​បង្ក្រាប​ស្ថាប័ន​សារព័ត៌មាន​ដែល​មិន​ចំណុះ​ជាមួយ​នឹង​រដ្ឋាភិបាល​ជាដើម។

ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ទូទៅ (GSP) សម្រាប់​កម្ពុជា​បាន​ផុត​សុពល​ភាព​កាល​ពី​ដំណាច់​ឆ្នាំ២០២០ កន្លង​ទៅ ដោយ​សហរដ្ឋអាមេរិក​មិន​ទាន់​បន្ត​ឱ្យ​កម្ពុជា​វិញ​នៅ​ឡើយ​ទេ គិត​មក​ដល់​នេះ។ ចំណែក​ឯ ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​គ្រប់​មុខ​ទំនិញ​ទាំង​អស់ លើក​តែ​អាវុធ ឬ​ហៅ​ថា (EBA) ក៏​ត្រូវ​បាន​សហភាព​អឺរ៉ុប​កាត់​ផ្ដាច់ ២០ភាគ​រយ​ដែរ។ ហេតុ​ផល​ដែល​កម្ពុជា​បន្ត​ទទួល​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​បែប​នេះ ដោយ​តែ​កម្ពុជា​ក្រោម​ការ​ដឹក​នាំ ដោយ​លោក ហ៊ុន សែន បាន​បង្ក​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស «ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ» និង​ការ​រម្លាយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នេះ​ឯង។

ទាក់ទង ខួប ៥ឆ្នាំ​នៃ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ដែរ អគ្គ​លេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក ពិនិត្យ​ឃើញ​ថា លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បច្ចុប្បន្ន ហាក់​ដើរ​ថយ​ក្រោយ ខណៈ​សកម្មជន​សង្គម និង​នយោបាយ​ត្រូវ​រដ្ឋាភិបាល​បង្ក្រាប និង​ចាប់​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល ពិចារណា​ស្ដារ​ប្រជាធិបតេយ្យ​នៅ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ២០២៣ ខាង​មុខ តាម​ស្នើ​សុំ​អាមេរិក ដែល​អាច​ឱ្យ​កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​សេដ្ឋកិច្ច និង​បញ្ចៀស​ទណ្ឌកម្ម​ផ្សេងៗ​ពី​សហគមន៍​អន្តរជាតិ៖

«ស្រប​ពេល​ដែល​បច្ចុប្បន្ន​នេះ សកម្មជន​នយោបាយ​នៅ​តែ​បន្ត​ជាប់​ឃុំ​នៅ​ឡើយ មិន​ត្រឹម​តែ​ប៉ុណ្ណោះ សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ នៅ​តែ​រួម​តូច អ៊ីចឹង​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នេះ គឺ​នៅ​តែ​មិន​អាច​ដើរ​ទៅ​មុខ​បាន មាន​ន័យ​ថា នៅ​តែ​ដើរ​ថយ​ក្រោយ ហើយ​អាច​ធ្លាក់​ផុង​ទៅ​នឹង​របប​មួយ​ដែល​គេ​ហៅ​ថា របប​ផ្ដាច់​ការ​ទៅ​ទៀត»។

អំឡុង​ពេល​ប្រធានាធិបតី​អាមេរិក​មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លោក (Joseph R. Biden) បាន​ថ្លែង​សារ​ដ៏​កម្រ​ទល់​មុខ​លោក ហ៊ុន សែន ស្នើ​ឱ្យ​កម្ពុជា​រក្សា​អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី​ពី​ឥទ្ធិពល​ចិន ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ និង​ដោះលែង​អ្នក​ទោស​នយោបាយ។ ជា​មួយ​គ្នា​នេះ អង្គការ​សហ​ប្រជា​ជាតិ តែង​តែ​ដាស់​តឿន​ដល់​រដ្ឋាភិបាល លោក ហ៊ុន សែន ជា​ញឹក​ញប់​ថា លំហ​សេរី​ភាព​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល សិទ្ធិ​ចូល​រួម​ជីវភាព​នយោបាយ សំឡេង​បក្ស​ប្រឆាំង និង​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​ជាដើម គឺជា​គ្រឹះ​ដ៏​សំខាន់​ក្នុង​ប្រទេស​ប្រកាន់​របប​លទ្ធិ​ប្រជាធិបតេយ្យ ដើម្បី​ឱ្យ​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​តម្លាភាព និង​ទទួល​បាន​សន្តិភាព​ពិត​ប្រាកដ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។