អ្នក​វិភាគ​រិះគន់​លោក ហ៊ុន សែន ពាក់​ឯកសណ្ឋាន​នាយករដ្ឋមន្ត្រី​ចូលរួម​​ពិធី​​ព្រះមហាក្សត្រ

0:00 / 0:00

ប្រធាន​ព្រឹទ្ធសភានិង​ជា​មេ​បក្ស​កាន់អំណាច​ លោក ហ៊ុន សែន លោក​នៅ​តែ​ស្រឡាញ់​ឯកសណ្ឋាន​នាយករដ្ឋមន្ត្រី​ព្រោះ​ធ្លាប់​ស្លៀកពាក់​វា​យូរ​មក​ហើយដូច្នេះ​លោក​សុំ​គ្រង​ឯកសណ្ឋាន​នេះ​ទៅ​ចូលរួម​ខួប​២០​ឆ្នាំ​នៃ​រាជ​ពិធី​គ្រង​រាជ្យសម្បត្តិ​ព្រះមហាក្សត្រ។ អ្នកវិភាគ​និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ថាការណ៍​ដែល​លោក ហ៊ុន សែន ស្លៀកពាក់​ឬ​គ្រង​ឯកសណ្ឋាន​នាយករដ្ឋមន្ត្រី​ខុស​តួនាទី​បែប​នេះជា​ការ​មិន​ផ្ដល់​តម្លៃ​ឱ្យ​នាយករដ្ឋមន្ត្រី​ផ្លូវការ​មែនទែន​គឺ​លោក ហ៊ុន ម៉ាណែត និង​ព្រះ​រាជពិធី​របស់​ព្រះមហាក្សត្រ។

អ្នក​សង្កេតការណ៍​រិះគន់​ថា លោក ហ៊ុន សែន នៅតែ​មិន​ដាច់​អាល័យ​តួនាទី​នាយករដ្ឋមន្ត្រី​ដោយ​លោក​បាន​ពាក់​ឯកសណ្ឋាន​នាយករដ្ឋមន្ត្រីទៅ​ចូលរួម​ព្រះរាជ​ពិធី​គ្រង​រាជ្យសម្បត្តិ​ព្រះមហាក្សត្របើ​ទោះ​ជា​លោក​អស់​មុខតំណែង​នេះ​ជាង ១​ឆ្នាំ​មក​ហើយ​ក្ដី។មន្ត្រី​បក្ស​កាន់​អំណាច​ថ្លែង​ការពារ​លោក ហ៊ុន សែន ថា ការ​គ្រង​ឯកសណ្ឋាន​នាយករដ្ឋមន្ត្រី​មិន​ខុស​ទាស់​អ្វី​ទេព្រោះ​លោក ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ឱ្យ​ដឹង​ជា​មុន​ហើយ។

អ្នក​សិក្សា​ច្បាប់ និង​អភិបាល​កិច្ច​បែប​ប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត លើកឡើង​ថា ទាំងនេះ​ជា​ការ​បង្ហាញ​ពី​ឥរិយាបថ​មិន​ឱ្យ​តម្លៃ​ពិធី​ផ្លូវការ​របស់​ជាតិនៃ​ព្រះមហាក្សត្រ​និង​ជា​ការ​មើល​ងាយមើល​ស្រាល​ទៅ​នឹង​នាយករដ្ឋមន្ត្រី​ដែល​ជា​កូន​ប្រុស​របស់​ខ្លួន។លោក​រំលឹក​ថាកាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន លោក​ ហ៊ុន សែន បាន​ពាក់​វ៉ែនតា​ខ្មៅ​ឈរ​ថត​ក្នុង​ពិធី​ផ្លូវការ​ជាមួយ​អង្គ​ព្រះមហាក្សត្រថ្ងៃ​នេះ​លោក​ពាក់​ឯកសណ្ឋាន​នាយករដ្ឋមន្ត្រី​ទាំង​ដែល​លោក​ជា​ប្រធាន​ព្រឹទ្ធសភា។

លោក វ៉ន់ ចាន់ឡូត៖ «ការ​បង្ហាញ​នូវ​ឥរិយាបថ​ខ្លះ​ការ​គោរព និង​ឱ្យ​តម្លៃ​ទៅ​ដល់​ពិធី​ផ្លូវការ​របស់​ជាតិ​របស់​ព្រះមហាក្សត្រ​ ជា​ប្រធាន​ព្រឹទ្ធសភា គួរតែ​នូវ​ឯកសណ្ឋាន​ប្រធាន​ព្រឹទ្ធសភា ពុំគួរ​ប្រើ​ឯកសណ្ឋាន​នាយករដ្ឋមន្ត្រី​ទេ ហើយ​មួយ​ទៀត​ ជា​ការ​មើលងាយ​មើលស្រាល​ទៅ​នឹង​សមត្ថភាព​កូន​ប្រុស​របស់​ខ្លួន​ឯង​ដែល​កំពុង​តែ​កាន់​តួនាទី​ជា​នាយករដ្ឋមន្ត្រី»។

ប្រតិកម្ម​នេះធ្វើ​ឡើង​ក្រោយ​ពេល​ប្រធាន​ព្រឹទ្ធសភា​ លោក​ ហ៊ុន សែន សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី​២៩ខែ​តុលា​ ថា​លោក​សុំ​ពិធីការ​ពាក់​ឯកសណ្ឋាន​នាយករដ្ឋមន្ត្រី​មិន​ពាក់​ឯកសណ្ឋាន​ប្រធាន​ព្រឹទ្ធសភា​ទេក្នុង​ការ​ចូលរួម​ខួប​២០​ឆ្នាំ​នៃ​ការ​ឡើង​គ្រង​រាជសម្បត្តិ​ព្រះមហាក្សត្រ។អតីត​នាយករដ្ឋមន្ត្រី​រូប​នេះ​លើក​ហេតុផល​ថាព្រោះ​ឯកសណ្ឋាន​នាយករដ្ឋមន្ត្រី​លោក​ធ្លាប់​ពាក់​យូរ​ឆ្នាំ​ហើយ។

ព្រះរាជ​ពិធី​គម្រប់​ខួប ២០​ព្រះវស្សា​នៃ​ការ​គ្រង​រាជសម្បត្តិ​របស់​ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម​ សីហមុនី​នៅ​ថ្ងៃ​ទី​២៩ខែ​តុលាដែល​ជា​ថ្ងៃ​ទី​២​នេះ ក៏​មានការ​ចូលរួម​ថ្វាយ​ព្រះពរ​ ពី​ប្រធាន​រដ្ឋសភាលោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ធំៗ​របស់​ជាតិ​ផ្សេង​ទៀត។

ទាក់ទង​រឿង​នេះអ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ ឥសាន លើកឡើង​ថាបើ​ទោះ​ជា​លោក ហ៊ុន សែន ពាក់​ឯកសណ្ឋាន​នាយករដ្ឋមន្ត្រី​ក្ដី​ក៏​មិន​ខុស​ទាស់​អី​ដែរ ព្រោះ​លោក​ប្រកាស​ជា​សាធារណៈ​ឱ្យ​ដឹង​រួច​ហើយ។លោក​បន្ត​ថា ប្រសិនបើ​លោកហ៊ុន សែន លួច​ស្លៀកពាក់​ឯកសណ្ឋាន​នាយករដ្ឋមន្ត្រី​ទៅ​ចូលរួម​ពិធី​នេះទើប​ជា​ការ​ខុសឆ្គង។

លោក សុខ ឥសាន៖ «ឥឡូវ​បើ​គាត់​(លោក ហ៊ុន សែន)សុំ​ជា​សាធារណៈ​ហើយ​មាន​ខុស​ទាស់​អី​ កុំ​ឱ្យ​តែ​ស្លៀក​ចែវ​ចូល​វាំង​ហ្នឹង​វា​ខុស»។

មន្ត្រីរាជការ​ឬ​ប្រមុខ​ស្ថាប័ន​របស់​ជាតិ​នៅ​ពេល​ចូលរួម​ពិធី​ផ្លូវការ​របស់​ជាតិតែង​មាន​ឯកសណ្ឋាន​ស្លៀកពាក់​ទៅតាម​មុខ​ដំណែង​និង​ស្ថាប័ន​របស់​ខ្លួន។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ លោក ម៉ន ផល្លា រិះគន់​ថានេះ​ការ​បង្ហាញ​ថា លោក ហ៊ុនសែន នៅតែ​មិន​ដាច់​អាល័យ​តួនាទី​នាយករដ្ឋមន្ត្រី​បើ​ទោះ​កូន​ប្រុស​របស់​ខ្លួន​បាន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ជំនួស​លោក​ក្ដី។លោក​យល់​ថា លោក ហ៊ុន សែន នៅតែ​ដឹកនាំ​រដ្ឋាភិបាលនៅ​ពី​ក្រោយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត និង​មិន​ផ្ដល់​តម្លៃ​ឱ្យ​លោក ហ៊ុន ម៉ាណែត។

លោក ម៉ន ផល្លា៖ «ខ្ញុំ​យល់ថា ពិធីការ​ទាំងអស់​នោះ​មិន​មាន​អ្នកណា​ហ៊ាន​ក្អក​ជាមួយ​លោក ហ៊ុន សែន ព្រោះ​លោក ហ៊ុន សែន គឺជា​បុគ្គល​ដែល​ចិត្ត​ឆេវឆាវ​ហើយ​គាត់​ធ្លាប់​មាន​បាតដៃ​ប្រឡាក់​ឈាម​ផង បច្ចុប្បន្ន​កូន​របស់​គាត់​គ្រាន់តែ​ជា​និមិត្ត​រូប​ទេ តាម​ពិត​គឺ​គាត់​ទេ​ដែល​ជា​អ្នក​​បញ្ជា​នៅក្នុង​ក្របខ័ណ្ឌ​របស់​រដ្ឋាភិបាល»។

ត្បិត​លោក ហ៊ុន សែន​បាន​ផ្ទេរ​ដំណែង​នាយករដ្ឋមន្ត្រី​ទៅ​កូន​របស់​លោកជាង​មួយ​ឆ្នាំ​ហើយ​ក្ដីក៏​លោក​នៅ​តែ​បង្ហាញ​សកម្មភាព​លូកដៃ​ចូល​ការងារ​នាយករដ្ឋមន្ត្រីដូច​ជាការ​បញ្ជា​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​បង្ក្រាប​បក្ស​ប្រឆាំងបញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ពលរដ្ឋបញ្ជា​ឱ្យ​តុលាការ​ចោទ​ប្រកាន់​លើ​សកម្មជន​សង្គម​និង​លូក​ដៃ​ចូល​ជ្រៅ​ក្នុង​កិច្ចការ​របស់​នាយករដ្ឋមន្ត្រី​ជា​ច្រើន​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។