ក្រុម​អ្នកឃ្លាំមើល​រិះគន់​ការ​ចំណាយ​លុយ​ជាតិ​ខ្ជះខ្ជាយ ជិត​១​លាន​ដុល្លារ ទិញ​ទឹក​ខ្មៅ

0:00 / 0:00

ក្រុម​អ្នកឃ្លាំមើល​រិះគន់​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ចំណាយ​លុយ​ជាតិ​ជិត ១​លាន​ដុល្លារ​ទិញ​ទឹកខ្មៅ​លាង​មិន​ជ្រះ មក​បម្រើការ​បោះឆ្នោត គឺ​ជា​ការ​ខ្ជះខ្ជាយ​លុយ​ជាតិ ព្រោះ​ការ​បោះឆ្នោត​នោះ មិន​បាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ឡើយ។ ទោះ​យ៉ាងណា​មន្ត្រី​បក្ស​កាន់​អំណាច ឆ្លើយតប​ថា អ្នក​រិះគន់​ការ​ចំណាយ​ប្រាក់​លើ​ការទិញ​ទឹកខ្មៅ​នេះ​គឺ​មាន​ចេតនា​ប្រឆាំង​ការ​បោះឆ្នោត។

អ្នកវិភាគ​និង​មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា ការ​បោះឆ្នោត​ដែល​គេ​អាច​ដឹង​មុន​ថា គណបក្ស​កាន់អំណាច​នឹង​ឈ្នះ​ការ​បោះឆ្នោត ព្រោះ​គ្មាន គណបក្ស​ដែល​ជា​គូប្រកួត​ប្រជែង​ចូលរួម​នោះ គ.ជ.ប មិន​គួរ​ចំណាយ​ថវិកា​ជាតិ​ច្រើន​ឥត​ប្រយោជន៍​ឡើយ​។ ពួកគេ​ថា រដ្ឋ​គួរ​ទុក​ប្រាក់​ជិត​១​លាន​ដុល្លារ យក​ទៅ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ អាច​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ យល់​ថា ការ​ចំណាយ​ជិត ១​លាន​ដុល្លារ សម្រាប់​ទិញ​ទឹក​ខ្មៅ​លុប​មិន​ជ្រះ​នេះ ជា​ការ​ចំណាយ​លុយ​ជាតិ​ឥតប្រយោជន៍ ព្រោះ​ការ​បោះឆ្នោត​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​។ លោក​បន្ត​ថា ការ​ចំណាយ​ប្រាក់​ដើម្បី​រៀបចំ​ការបោះឆ្នោត និង​លុយ​ជិត​១​លាន​ដុល្លារ​នៅ​ពេល​នេះ យក​ទៅ​ស្ដារ​ទឹកលូ​ដែល​កំពុង​លិច​ភ្នំពេញ​ល្អ​ជាង​យក​មក​បម្រើ​ការ​បោះឆ្នោត ដែល​លោក​រិះគន់​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។

លោក គឹម សុខ៖ «ប្រជាពលរដ្ឋ​ខ្លួន​គាត់​ផ្ទាល់ មហាជន​ត្រូវ​គេ​អុកឡុក​គ្រប់​បែបយ៉ាង​ដើម្បី​តែ​ផលប្រយោជន៍​គណបក្ស​ប្រជាជន​កម្ពុជា គូប្រកួត​ប្រជែង​នយោបាយ​ធំៗ មាន​គណបក្ស​ភ្លើងទៀន គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​គេ​ខ្ទប់​មិន​ឱ្យ​ចូលរួម​ប្រកួត​ស្មើមុខ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ហើយ​ចំណុច​មួយទៀត​ដែល​សំខាន់​បំផុត អត់​មាន​ការ​ចូលរួម​ពី​សហគមន៍​អន្តរជាតិ»។

ស្រដៀង​គ្នា​នេះ​ដែរ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​បាត់ដំបង ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​អូស្ត្រាលី (Australia) លោក ជា ជីវ យល់​ថា រដ្ឋ​គួរ​ទុក​លុយ​ជិត​មួយ​លាន​ដុល្លារ​នេះ​ចែក​ជូន​ពលរដ្ឋ​ល្អ​ក្រីក្រ​ជា​ការ​ល្អ​ជាង​ការ​យក​ទៅ​បម្រើការ​បោះឆ្នោត​។ លោក​បន្ត​ថា ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែកក្កដា គ្រាន់តែ​ជា​ការ​រៀបចំ​ដើម្បី​បង្គ្រប់កិច្ច​ប៉ុណ្ណោះ​ព្រោះ​គណបក្ស​កាន់អំណាច​នឹង​បន្ត​ឈ្នះ​ការ​បោះឆ្នោត​នេះ​ដដែល។

លោក ជា ជីវ៖ «សូម្បីតែ​គណបក្ស​ភ្លើងទៀន ដែល​ទើបតែ​ទទួល​បាន​ការ​គាំទ្រ និង​បោះឆ្នោត​ឆ្នាំ​២០២២ កន្លង​ទៅ​ហើយ​នៅ​ឆ្នាំ​២០២៣ ក៏​ពុំ​ឱ្យ​គាត់​ចូលរួម​ការបោះឆ្នោត​ផង​ដែរ ដូច្នេះ ជឿជាក់​ថា ការ​បោះឆ្នោត​ខាងមុខនេះ គ្រាន់តែ​ជា​ការ​បោះឆ្នោត​បង្គ្រប់កិច្ច​ហើយ និង​បង្ហិន​ថវិកា​ជាតិ​តែប៉ុណ្ណោះ»។

ប្រតិកម្ម​របស់​អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង ធ្វើឡើង​ដូច្នេះ ក្រោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ចំណាយ​ថវិកាជាតិ​ជិត ១​លាន​ដុល្លារ​(៩១៦.៧៦០) ដុល្លារ ទិញ​ទឹកខ្មៅ​ជ្រលក់​ដៃ​សម្រាប់​បម្រើការ​បោះឆ្នោត ចំនួន​៥២.០០០​ដប ពី​ប្រទេស​ឥណ្ឌា​(India)។

ជុំវិញ​ការ​លើកឡើង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​គ.ជ.ប លោក ហង្ស ពុទ្ធា បាន​ទេ នៅ​ថ្ងៃទី​០៦ ខែ​កក្កដា។

ទោះ​យ៉ាងណា ប្រធាន គ.ជ.ប លោក ប្រាជ្ញ ច័ន្ទ ថ្លែង​អះអាង​ក្នុង​ពិធី​បង្ហាញ គុណភាព​ទឹកខ្មៅ​លុប​មិន​ជ្រះ​នៅ​ថ្ងៃទី​០៦ ខែកក្កដា ថា ការប្រើ​ទឹកខ្មៅ​នេះ​ដើម្បី​ធានា​ថា ការ​បោះឆ្នោត ខាងមុខ​ប្រកបដោយ​ភាព​ត្រឹមត្រូវ ស្មើភាព និង​យុត្តិធម៌ និង​ជា​សញ្ញា​បញ្ជាក់​ថា ប្រជា​ពលរដ្ឋ​បោះឆ្នោត​បាន​តែ​ម្ដង​ប៉ុណ្ណោះ។

រីឯ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់ថា អ្នក​ដែល​រិះគន់ ការ​ចំណាយ​ប្រាក់​លើ​ការទិញ​ទឹកខ្មៅ​នេះ​គឺ​មាន​ចេតនា​ប្រឆាំង​មិន​ឱ្យ​មានការ​បោះឆ្នោត​។ លោក​បន្ត​ទៀត​ថា បញ្ហា​ដែល​គណបក្ស​ភ្លើងទៀន មិនអាច​ចូលរួម​ការបោះឆ្នោត មក​ពី​មេដឹកនាំ​គណបក្ស​នេះ​មិន​បាន​បំពេញ​បែបបទ​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​របស់​គ.ជ.ប។

លោក សុខ ឥសាន៖ «អ្នក​ហ្នឹង​មាន​ចេតនា ចង់​បំផ្លាញ​ការ​បោះឆ្នោត​ដែល​ប្រព្រឹត្តទៅ​ដោយសារ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ហើយ​នេះ​ជា​ការ​អនុវត្ត​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ពួក​ប្រឆាំង​គេ​មិនដែល​ចង់​ឱ្យ​មាន​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ អ៊ីចឹង​បាន​ជា​ធ្វើ​អី គេ​ជំទាស់​រហូត គេ​វាយប្រហារ​មក​លើ​ដំណើរការ​ចែង​របស់​គ.ជ.ប ក៏​ដូច​របស់​រាជរដ្ឋាភិបាល​រហូត»។

ស្រដៀង​គ្នា​ទៅ​នឹង​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ប្រទេស​កាល​ពី​ឆ្នាំ​២០១៨ នៅ​ឆ្នាំ​២០២៣​នេះ រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់ និង គ.ជ.ប បិទ​មិន​ឱ្យ​គណបក្ស​ប្រឆាំង​ដែល​គូប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់អំណាច​អាច​ចូលរួម​ការបោះឆ្នោត​បាន​ឡើយ។ ពេល​នេះ​មេដឹកនាំ​គណបក្សប្រឆាំង​កំពុង​ធ្វើ​យុទ្ធនាការ​ឱ្យ​ពលរដ្ឋ​គូស​ខ្វែង​លើ​សន្លឹក​ចោល​ពេល​ទៅ​បោះឆ្នោត ដើម្បី​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត​ចំពោះ​ការបោះឆ្នោត​ដែល​គ្មាន​គណបក្ស​ភ្លើងទៀន​ចូលរួម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។